អង្គការ​ឃ្លាំ​មើល​​ការបោះឆ្នោត​​​លាត​​ត្រដាង​​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​ «ស» ​និង​​ថ្ងៃ​បោះឆ្នោត

កញ្ញា​ គង់ រ៉ាវីន អ្នក​សម្រប​សម្រួល​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​ខុមហ្រ្វែល

វ៉ាស៊ីនតោន៖ គ្រាន់តែ​ក្នុង​ខេត្តជាង​១០​ប៉ុណ្ណោះ​ អង្គការ​ឃ្លាំ​មើល​ការបោះឆ្នោត​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជាង​១០,០០០​ករណី។ ភាព​មិន​ប្រក្រតី​ទាំង​នោះ​កើត​ឡើង​នៅ​ថ្ងៃ​«ស»​ និង​ថ្ងៃ​បោះ​ឆ្នោត។ ក្រុម​អ្នក​សង្កេត​ការណ៍ ​នឹង​ធ្វើ​ការ​វាយ​តម្លៃ​រួម​គ្នា​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទៀត​ ក្រោយពី​ពួក​គេ​បញ្ចប់​ការ​អង្កេត​និង​ប្រមូល​ភស្តុតាង​នៃ​ភាព​មិន​ប្រក្រតី​ចប់​សព្វ​គ្រប់។

អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ឯករាជ្យ​មួយ​ឈ្មោះ​ខុមហ្វ្រែល​បាន​រក​ឃើញ​ថា ភាព​មិន​ប្រក្រតី​ជា​បឋម​ក្នុង​ខេត្ត​ចំនួន​តែ​១៣​ប៉ុណ្ណោះ​មាន​ដល់​ទៅ​ចំនួន​១០.៨២៨​ករណី។ ​ករណី​ទាំង​នេះ​កើត​ឡើង​នៅ​ថ្ងៃ​«ស»​និង​ថ្ងៃ​បោះឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត។

គេ​គ្មាន​ឃើញ​ការ​បញ្ជាក់​លម្អិត​ថា​ ភាព​មិន​ប្រក្រតី​ទាំង​នោះ​មាន​អ្វី​ខ្លះ​ទេ។ ​ប៉ុន្តែ ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ខុមហ្រ្វែល​បាន​បង្ហាញ​ថា​ថ្ងៃ​«ស»​ មាន​១៩២​ករណី ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​មាន១០៣៩៨​ករណី​និង​ក្នុង​អំឡុង​ ពេល​រាប់​សន្លឹក​ឆ្នោត​មាន​ចំនួន​២៣៧​ករណី។ ​គេ​រក​ឃើញ​ករណី​ទាំង​នេះ​ក្នុង​ការិយាល័យ​ជាង​២០៥៩​ក្នុង​ចំណោម​៥៦០០​ការិយាល័យ​នៅ​ក្នុង​ខេត្ត​ចំនួន​១៣។

កញ្ញា​គង់ រ៉ាវីន ​អ្នក​សម្រប​សម្រួល​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​ខុមហ្រ្វែល​ បាន​អះអាង​ថា៖

«ករណី​សំខាន់​បំផុត​ ដែល​កើតឡើង​ច្រើន​បំផុត​ហ្នឹង​គឺ​ទាក់ទង​នឹង​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ បាន​ន័យ​ថា​ ប្រជា​ពលរដ្ឋ​ដែល​គាត់មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ហ្នឹង​ ដែល​គាត់​ធ្លាប់​បោះ​ឆ្នោត​ពីមុន​ហ្នឹង​ គាត់​បាន​ទៅដល់​ការិយាល័យ​ដែរ​ តែ​គាត់​អត់ឃើញ​ឈ្មោះ​គាត់​នៅ​ក្នុង​បញ្ជី​បោះឆ្នោត។​ ហើយ​មួយ​ទៀត​ឈ្មោះ​របស់​គាត់​ត្រូវបាន​គេ​បោះឆ្នោត​រួច។ ហើយ​មួយ​ទៀត​ទាក់ទង​នឹង​ឈ្មោះ​ខុស​ទិន្ន័យ ​ដែល​ធ្វើឲ្យ​គាត់​អត់​អាច​បោះឆ្នោត​បាន។​ ក្នុង​ករណី​បែប​ហ្នឹង​ឃើញ​មាន​ច្រើន»។​

កញ្ញា​រ៉ាវីន​បាន​អះអាង​ថា​ ចំពោះ​ពេល​រាប់​សន្លឹក​ឆ្នោត​មាន​ការ​រារាំង​មិន​ឲ្យ​គណ បក្ស​នយោបាយ​និង​អ្នក​សង្កេត​ការណ៍​អង្កេត​មើល​សោរ​ឃ្លុំ​ ឬសន្លឹក​ឆ្នោត​ជា​ ដើម។ ​អង្គការ​ខុមហ្រ្វែល​ និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើនរួម​គ្នា​បង្កើតជា​ក្រុម​មួយ​មានឈ្មោះថា​ ​«បន្ទប់​ស្ថាន​ការណ៍»​នោះ​ នឹង​ធ្វើការ​វាយ​តម្លៃការ​បោះ​ឆ្នោត​ក្រោយ​ពេល​ដែល​ពួកគេ​ ប្រមូល​បាន​ភស្តុតាង​អំពី​ភាព​មិន​ប្រក្រតី​ទាក់ទង​នឹង​ការ​បោះឆ្នោត​ចប់​សព្វគ្រប់​ ហើយ​បញ្ចប់​ការ​អង្កេតបញ្ហា​រឿង​បោះ​ឆ្នោត​នានា​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។​

គ.ជ.ប.​បាន​ប្រកាស​លទ្ធផល​ជាផ្លូវការ​ដំបូង​កាលពី​ថ្ងៃ​ទី១២​ ខែសីហា​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត​ តែ​គណបក្ស​ជំទាស់​គឺ​គណបក្ស​ សង្គ្រោះ​ជាតិ​បាន​ច្រានចោល​លទ្ធផល​នោះ​ ដោយ​បញ្ជាក់​ថា​ខ្លួន​ទេ​ ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​ថ្ងៃទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣។​

គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ដាក់​ពាក្យ​បណ្តឹង​តវ៉ា​ទៅ​គ.ជ.ប.អំពី​រឿង​ភាព​មិន​ប្រក្រតី​ទាំង​នោះ។​

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កំពុង​ដោះ​ស្រាយ​បណ្តឹង​របស់​គណ បក្ស​សង្គ្រោះ​ជាតិ​ ដែល​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​និង​បណ្តឹង​ពី​ភាព​ មិន​ប្រក្រតី​ក្នុង​ខេត្ត​ចំនួន​១៥។ ​លោកទេព​ នីថា​ ​អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះឆ្នោត​ ពុំ​បាន​អះអាង​ថា​ តើ​បណ្តឹង​របស់​គណបក្ស​ជំទាស់​ទាំង​នោះ​ពិត​ជា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​លទ្ធផល​បោះ​ឆ្នោត​ឬ​យ៉ាងណា​ទេ​ តែ​លោក​បាន​អះអាង​ថា​ បណ្តឹង​ខ្លះ​ត្រូវ​រក​ឃើញ​ថា​ ជា​បណ្តឹង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមាន​ថា ​ប្រសិន​បើ​គ.ជ.ប.​មិន​ដោះស្រា​ឋយ​ដោយ​សន្តិវិធី​ និង​តម្លាភាព​ទេ​នោះ​ នោះ​ពួក​គេ​នឹង​ធ្វើ​បាតុកម្ម​អហិង្សា​ទាមទារ​យុត្តិធម៌៕