ក្រុមមន្ត្រីសង្កេតការណ៍ក្នុងប្រទេសកម្ពុជាបាននិយាយថា ការចរចារឿងកំណែទម្រង់ការបោះឆ្នោតជួបបញ្ហាប្រទាញប្រទង់ខ្លះ ទោះជាគណបក្សទាំងពីរបានធ្វើការតាក់តែងសេចក្តីព្រាងរដ្ឋធម្មនុញ្ញទាក់ទងនឹងការកែទម្រង់ការបោះឆ្នោតហើយក្តី។ បញ្ហាទាំងនោះរួមទាំងរឿងសញ្ជាតិពីររបស់សមាជិកគណៈកម្មការជាតិរៀបចំការបោះឆ្នោតថ្មី បញ្ហាគ្រួសារនិយម និងបញ្ហាជ្រើសរើសប្រធានគ.ជ.ប.ថ្មីជាដើម។
គណបក្សទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានព្រមព្រៀងគ្នាថា នឹងកែទម្រង់ការបោះឆ្នោតឲ្យមានលក្ខណៈសេរីនិងយុត្តិធម៌មែន តែអ្នកតាមឃ្លាំមើលស្ថានការណ៍នយោបាយខ្លះបានកត់សម្គាល់ថា បញ្ហាយ៉ាងតិចបី ដែលគេដឹងថា នៅមានការប្រទាញប្រទង់គ្នា និងអាចដាក់ជូនមេដឹកនាំគណបក្សទាំងពីរសម្រេចគឺការមិនចង់ឲ្យសមាជិកគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មានសញ្ជាតិពីរ ការមិនដាក់បញ្ចូលសាច់ញាតិដែលមានទាក់ទងនឹងមេដឹកនាំគណបក្សទាំងពីរ ហើយនឹងការជ្រើសរើសប្រធានគ.ជ.ប.ជាដើម។ នេះជាការអះអាងរបស់លោកបណ្ឌិតលោក ពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះនីចហ្វ៊ិច។
«អ្វីដែលទុកឲ្យមេដឹកនាំទាំងពីរសម្រេចនោះគឺការសម្រេចតែងតាំងប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី តើជាអ្នកណា? អាហ្នឹងជាចំណុចសំខាន់មួយ។ ហើយមួយទៀតពាក់ព័ន្ធនឹងសញ្ជាតិពីររបស់សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ក៏នៅតែជាបញ្ហាមន្ទិល។ ហើយមួយទៀតអ្នកដែលជាប់ខ្សែស្រឡាយ សាច់ញាតិរបស់បេក្ខជនតំណាងរាស្ត្រ ឬក៏មេបក្ស អនុប្រធានបក្សនោះក៏អាចជាបញ្ហាត្រូវពិភាក្សាគ្នាបន្ថែមទៀតដែរ»។
គណបក្សទាំងពីរបានបញ្ចប់វិបត្តិនយោបាយកាលពីថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០១៤ បន្ទាប់ពីជាប់គាំងដំណើររយៈពេល១ឆ្នាំ ក្រោយការបោះឆ្នោតកាលពីឆ្នាំ២១០៣ ដែលមានការចោទប្រកាន់ពីការគៃបន្លំសន្លឹកឆ្នោតដ៏ធ្ងន់ធ្ងរនោះ។ បន្ទាប់មកគណបក្សទាំងពីរបានព្រមព្រៀងគ្នាលើបញ្ហាមួយចំនួនទាក់ទងនឹងការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណបក្សទាំងពីរបានសម្រេចជ្រើសរើសសមាជិកគ.ជ.ប.តាមរូបមន្ត៤បូក៤ បូកនឹង១ ដោយមានន័យថា គណបក្សនីមួយៗជ្រើសរើសសមាសភាពបួនរូបម្ខាង ហើយគណបក្សទាំងពីរត្រូវជ្រើសរើសសមាសភាពទី៩ដោយការព្រមព្រៀងគ្នាជាឯកឆន្ទ។ ឥស្សរជនមួយរូបនោះត្រូវបានជ្រើសរើសរួចហើយគឺលោកស្រីពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ដែលគេចាត់ទុកថា ជាជនឯករាជ្យ។ ក្រុមការងារទាំងពីរនៅតែបន្តជួបប្រជុំគ្នាជាហូរហែលើបញ្ហាផ្សេងទៀត ដែលបញ្ហាទាំងនោះត្រូវគេរំពឹងថា នឹងដាក់បញ្ចូលក្នុងសេចក្តីព្រាងរដ្ឋធម្មនុញ្ញដែលគេរំពឹងថា សភានឹងពិភាក្សាអនុម័តនៅខែតុលាខាងមុខ។
លោកពុទ្ធា ហង្សបានអះអាងថា ទំនុកចិត្តរវាងគណបក្សទាំងពីរក្រោយការ បញ្ចប់វិបត្តិនយោបាយដែលគាំងដំណើរមួយឆ្នាំជារឿងសំខាន់ក្នុងការបន្តការកែទម្រង់ការបោះឆ្នោត តែក្រុមពលរដ្ឋមានការភ្ញាក់ផ្អើល នៅពេលមានសង្គ្រាមពាក្យសម្តីរវាងមេដឹកនាំគណបក្សជំទាស់គឺលោកកឹម សុខា អនុប្រធានសភាទី១ និងមេដឹកនាំគណបក្សគ្រប់គ្រងប្រទេសគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែនទាក់ទងនឹងការដក ឬកម្រិតមុខតំណែងគ្នាទៅវិញទៅមកនោះ។
«ជាការព្រួយបារម្ភទៅវិញទេ នៅពេលដែលនាយករដ្ឋមន្ត្រីខ្មែរ និងអនុប្រធានសភាមានការប្រឈមពាក្យសម្តីជាមួយគ្នា ធ្វើឲ្យប្រជាពលរដ្ឋមានការមន្ទិល ថាតើគណបក្សទាំងពីរនៅមានការកាច់កុងគ្នាអីតទៅទៀត?»
ក្រុមអ្នកសង្កេតការណ៍ ដែលចង់បានច្បាប់បោះឆ្នោតមួយមានលក្ខណៈសេរី និងយុត្តិធម៌ត្រឹមត្រូវនោះ បានបញ្ជាក់ថា ការតាក់តែងច្បាប់ និងការជ្រើសរើសសមាសភាពឲ្យបានល្អនឹងក្លាយជារឿងពិបាកសម្រាប់ការសម្រេចចិត្តរបស់មេដឹកនាំគណបក្សទាំងពីរ ជាពិសេសប្រធានគ.ជ.ប.ថ្មី។ នេះជាការអះអាងរបស់លោកគុល បញ្ហា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយទៀតឈ្មោះខុមហ្រ្វែល។
«ទោះបីគណបក្សទាំងពីរចង់បានឥទ្ធិពលទៅលើប្រធានហ្នឹងក្តី ក៏ប្រហែលជាមានបញ្ហាដែរ ប្រសិនបើនៅតែប្រទាញប្រទង់ថា ម្នាក់ៗចង់បានឥទ្ធិពលទៅលើរឿងរើសប្រធានគ.ជ.ប.ហ្នឹង។ រឿងហ្នឹងប្រហែលមិនចេញទេ»។
លោកផ្តល់យោបល់ដែរថា មានវិធីខ្លះដែលអាចទទួលយកបានទាំងអស់គ្នាគឺគណបក្សទាំងពីរស្រុះស្រួលជ្រើសរើសអ្នកឯករាជ្យម្នាក់ដែលគណបក្សទាំងពីរបានព្រមព្រៀងហើយឲ្យធ្វើជាប្រធាន ឬក៏សមាជិកគ.ជ.ប.ទាំងអស់ត្រូវសម្រេចខ្លួនគេក៏ជាលទ្ធភាពមួយដែរ។ នៅមានលទ្ធភាពច្រើនទៀតដែរដូចជាថា គណបក្សទាំងពីរបង្កើតយន្តការត្រួតពិនិត្យគ្នាទៅវិញទៅមកដល់មូលដ្ឋាន តាមរយៈគណបក្សមួយជាប្រធាន គណបក្សមួយទៀតជាអគ្គលេខាធិការ ឬក៏គណបក្សប្រជាជនជាប្រធាន ហើយគណបក្សសង្គ្រោះជាតិជាអនុប្រធានជាដើម។
លោកសុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ និងជាអ្នកវិភាគមួយរូប បានអះអាងថា ច្បាប់ប្រទេសកម្ពុជាមានការចែងច្បាស់លាស់ហើយចំពោះបញ្ហាសញ្ជាតិពីរ ហើយបញ្ហាដាក់បញ្ចូលខ្សែស្រឡាយនោះជារឿងកើតឡើងដដែលៗក្នុងប្រទេសកម្ពុជា ទាំងក្នុងគណបក្សជំទាស់និងគណបក្សគ្រប់គ្រងប្រទេស។
«ជាការណ៍ពិត នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញបានចែងច្បាស់ថា បើសិនជាគាត់មានសញ្ជាតិខ្មែរពីកំណើត គាត់អាចឈរបាន ទោះបីគាត់មានសញ្ជាតិពីរក៏ដោយ។ រឿងហ្នឹងគឺជាបញ្ហាមួយ។ បញ្ហាទីពីរ ទាក់ទងទៅនឹងបញ្ហាបងប្អូននេះ គឺជាទម្លាប់ គេហៅថា ផ្នត់គំនិតរបស់អាស៊ី ហើយកម្ពុជារឿងបងប្អូនខ្សែស្រឡាយហ្នឹងគឺមិនអាចកាត់ផ្តាច់បានទេ»។
ការព្រួយបារម្ភអំពីរឿងនេះកើតឡើងដោយសារតែគេអាចដឹងថា មានបេក្ខជនសមាជិកគ.ជ.ប.ខ្លះដែលមានដើមកំណើតខ្មែរ តែចូលសញ្ជាតិបរទេស ហើយនឹងមានការជាប់សាច់ញាតិមេដឹកនាំគណបក្សនយោបាយដែរ ទោះជាគេមិនទាន់បានបញ្ចេញអត្តសញ្ញាណឲ្យដឹងជាផ្លូវការក្តី។
ទោះជាយ៉ាងណាក្តី លោកសុខ ទូចបានបន្ថែមថា លោកចង់ឲ្យគេផ្តោតការយកចិត្តទុកដាក់បង្កើតយន្តការគ.ជ.ប.ដ៏ល្អមួយ ជាជាងការជ្រើសរើសសមាសភាព ដែលជារឿងសំខាន់បន្ទាប់នោះ។
ក្រុមការងារបច្ចេកទេសនៃគណបក្សទាំងពីរគ្រោងនឹងជួបប្រជុំគ្នាជាថ្មីនៅចុងខែកញ្ញានេះ ដើម្បីអ្វីមួយដែលគេអះអាងថា មានគោលបំណងបញ្ចប់បញ្ហាសេសសល់ មុនពេលសភាចាប់ផ្តើមកិច្ចប្រជុំនៅខែតុលា។ គណបក្សទាំងពីរក៏នឹងបន្តពិភាក្សាលើបញ្ហាផ្សេងៗទៀតទាក់ទងនឹងសេចក្តីព្រាងច្បាប់បោះឆ្នោតដែលត្រូវចែងលម្អិតពីតួនាទី និងការទទួលខុសត្រូវ ឬនីតិវិធីនានាសម្រាប់ការអនុវត្តពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាននោះ៕