ការ​ចរចា​លើ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​មិន​ឈាន​ទៅ​មុខ

លោក ព្រំ សុខា នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​​សុន ឆ័យ​​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ក្រោយ​ការ​ចរចា​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ។

ជំនួប​បិទ​ទ្វារ​រវាង​គណៈកម្មការ​ចម្រុះ​មកពី​ ​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​មិន​មាន​លទ្ធផល​តាម​ការ​រំពឹង​ទុក​ទេ​ដោយ​សារ​តែ​ភាគី​ទាំង​ពីរ​មិន​ទាន់​រក​ចំណុច​ត្រូវ​គ្នា​ពាក់​ព័ន្ធ​នឹង​កំណែ​ទម្រង់​ការបោះ​ឆ្នោត។​

បន្ទាប់​ពី​ជំនួប​ជាង​៣​ម៉ោង​កន្លះ​នៅ​ឯវិមាន​ព្រឹទ្ធសភា គណៈកម្មការ​ចម្រុះ​មក​ពី​គណបក្ស​គូ​ជម្លោះ​ទាំង​ពីរ​មិន​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​ដូច​លើក​មុនៗ​ទេ​ក៏ប៉ុន្តែ​បាន​បង្ហាញ​ជំហរ​ថា​គណបក្ស​ទាំង​ពីរ​នឹង​ជួប​គ្នា​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​១៧​ខែមីនា​ខាង​មុខនេះ​ដើម្បី​ពិភាក្សា​លើ​កំណែ​ទម្រង់​ការបោះ​ឆ្នោត​ដែល​នៅ​សេសសល់។​

លោក​ សុន ឆ័យ តំណាង​ក្រុម​ការងារ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ប្រាប់​ក្នុង​អង្គសន្និសីទ​កាសែត​ថា​ជំនួប​ថ្ងៃ​នេះ​គណបក្ស​សង្គ្រោះជាតិ​បាន​ស្នើឱ្យ​ពិនិត្យ​ជា​គោល​ការណ៍​លើ​កំណែ​ទម្រង់​ការបោះ​ឆ្នោត។ ​ចំណែក​ឯ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ដាក់​ស្នើ​មួយ​ចំណុច​ដែរ​ពាក់​ព័ន្ធ​នឹង​សុច្ចរិតភាព​ និង​ អព្យាក្រិតភាព​ នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល។​

ទាំង​លោក​ សុន ឆ័យ​ និង​ លោក​ ប៊ិន ឈិន ​តំណាង​ក្រុម​ការងារ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ចំណុច​ដែល​បាន​ព្រមព្រៀង​គ្នា​ទេ​ដោយ​គ្រាន់​តែ​បាន​បញ្ជាក់​ថា​ដើម្បី​កំណែ​ទម្រង់​លើ​ប្រព័ន្ធ​បោះ​ឆ្នោត​និង​មាន​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​នាពេល​ខាង​មុខ​ដើម្បី​ស្នើ​សុំ​យោបល់​ពី​អង្គការ​សង្គម​ស៊ីវិល​ចូល​រួម។​

លោក​ សុន ឆ័យ​ និយាយ​ថា៖ «នៅ​ពេល​ណា​ដែល​យើង​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​និង​ធ្វើ​វេទិការ​សិក្ខាសាលា​សាធារណៈ​នោះ​គឺ​យើង​អាច​នឹង​ចាប់​អារម្មណ៍​ទៅ​លើ​ចំណុច​ដែល​យើង​នឹង​ទទួល​យក​ការ​ផ្តល់​និង​មតិ​យោបល់​និង​សំណើរ​ផ្សេងៗ»។​

គណៈ​កម្មការ​ចម្រុះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​សមាសភាព​ម្ខាងៗ​ចំនួន​៦រូប​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​បាន​ព្រម​ព្រៀង​គ្នា​ចំនួន​បី​ចំណុច​ធំៗ​ទាក់​ទិន​នឹង​ការ​សិក្សា​និង​រៀបចំ​ក្រប​ខណ្ឌ​កំណែ​ទម្រង់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។​

នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​រួមគ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចែក​ជូន​ក្រុម​អ្នក​កាសែត​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំនោះ​គណបក្ស​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​ថា​នឹង​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​និង​បញ្ជីឈ្មោះ​អ្នក​បោះ​ឆ្នោត​ដើម្បី​ធានា​និង​ការពារ​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​គ្រប់​រូប។​

គណបក្ស​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ថា​នឹង​បង្កើត​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ​និង​ក្រប​ខណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ផ្សេងៗ​ដែល​មាន​ដូច​ជា៖​ ការ​កែទម្រង់​ស្ថាប័ន​រៀបចំ​បោះ​ឆ្នោត​ យន្តការ​នៃ​ការ​ដោះ​ស្រាយ​វិវាទ​នៃ​ការ​បោះឆ្នោត​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​និង​មធ្យោបាយ​ផ្សព្វផ្សាយ​សម្រាប់​គណបក្ស​នយោបាយ​ជាដើម។

លោក​ ប៊ិន ឈិន​ តំណាង​ក្រុម​ការងារ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា​ការ​ពិភាក្សា​គ្នា ​២​ ឬ​៣​ថ្ងៃ​និង​១០​ថ្ងៃ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ក៏​ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​ធ្វើ​យ៉ាង​ណា​ដើម្បី​បាន​លក្ខខណ្ឌ​មួយ​ដែល​គ្រប់​គ្រាន់​និង​ចាំបាច់។​

លោក​និយាយ​ថា៖ ​«ក្នុង​ប្រធាន​បទ​ទាំង​អស់​ហ្នឹង​បើ​យើង​ពិភាក្សា​ថ្ងៃ​ច័ន្ទ​មិន​ចប់​យើង​បន្ត​ទៅ​ទៀត​ពីព្រោះ​ថា​យើង​ត្រូវ​ធ្វើ​កិច្ចការ​ឱ្យ​បាន​ច្បាស់​លាស់​ ពេល​វេលា​យូរ​ប៉ុន្តែ​យើង​និយាយ​គ្នា​បាន​ច្បាស់​យើង​មិន​ប្រថុយ​ប្រថាន​ទេ»។​

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​បាន​អង្គុយ​បែរ​ខ្នង​ដាក់​គ្នា​ជាច្រើន​ខែ​មក​ហើយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨​ខែកក្កដា។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាន់​ជំហរ​ទាមទារឱ្យ​កំណែ​ទម្រង់​ការបោះ​ឆ្នោត​និង​ទាមទារឱ្យ​បោះ​ឆ្នោត​ឡើង​វិញ​ក៏ប៉ុន្តែ​ការទាមទារ​នេះ​គណៈកម្មការ​ចម្រុះ​នៃ​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​លើ​ចំណុច​មួយ​ចំនួន​ហើយ​តែ​ដំណើរ​ការ​ចរចា​មិន​ទាន់​បាន​បិទ​បញ្ចប់​នៅ​ឡើយ​ទេ៕