សភាពការណ៍​បោះឆ្នោត​នៅ​ខេត្ត​តាកែវ

សមាជិក​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត​មួយ​រូប​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

សភាពការណ៍​ជា​ទូទៅ​នៅ​ថ្ងៃ​បោះឆ្នោត​ប្រចាំ​ខេត្ត​តាកែវ​មាន​លក្ខណៈ​ល្អ​ប្រសើរ​និង​ពុំ​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ឬ​អំពើ​ហិង្សា​គួរ​ឱ្យ​កត់​សម្គាល់​ទេ​នៅ​ថ្ងៃ​នេះ។ នេះ​បើ​តាម​ការ​អះអាង​ពី​អ្នក​សង្កេតការណ៍​នៅ​មូលដ្ឋាន។

តាំង​ពី​ព្រលឹម​ស្រាងៗ ប្រជាពលរដ្ឋ​នៅ​ស្រុក​បាទី​ ខេត្ត​តាកែវ​ភាគ​ច្រើន​បាន​នាំ​គ្នា​ទៅ​បោះឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​នានា​នៅ​ទូទាំង​ស្រុក​នេះ។ មណ្ឌល​បោះឆ្នោត​ជា​ទូទៅ​ក្នុង​ស្រុក​នេះ​មាន​ដំណើរការ​ជា​ធម្មតា និង​ពុំ​មាន​ភាព​មិន​ប្រក្រតី​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ។ នេះ​បើ​តាម​អ្នក​សង្កេតការណ៍​និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​មូលដ្ឋាន។

លោក សូត្រ ទុំ ជា​អ្នក​សង្កេតការណ៍​ម្នាក់​របស់​អង្គការ​បណ្តាញ​និស្សិត​ប្រជាធិបតេយ្យ​កម្ពុជា​នៅ​មណ្ឌល​បឋម​សិក្សា​បន្ទាយ​ត្រាវ​ក្នុង​ស្រុក​បាទី។

«អ្នក​ខ្លះ​គាត់​អត់​យក​អត្ត​សញ្ញាណប័ណ្ណ។ អ្នក​ខ្លះ​ទៀត​បាត់​អត្ត​សញ្ញាណប័ណ្ណ​មាន​តែ​ចុង​សន្លឹក។ អត់​មាន​អ្នក​តវ៉ា​ទេ។ ការ​គ្រប់គ្រង​នៅ​ទី​នេះ​ឃើញ​មាន​ភាព​រលូន​ត្រឹមត្រូវ​ល្អ»។

លោក សុង ហៀរ អ្នក​សង្កេតការណ៍​ពី​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​បឋម​សិក្សា​ពុត​ស ក៏​បាន​ថ្លែង​ថា មាន​ប្រជាពលរដ្ឋ​ប្រហែល​ជា​១០​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​សរុប​ជាង​៦០០​នាក់​ក្នុង​មណ្ឌល​នេះ ដែល​មាន​បញ្ហា​មិន​បាន​បោះឆ្នោត។

«ខុស​នាម​ត្រកូល​ហើយ​និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត។ អញ្ចឹង​គាត់​អត់​ទាន់​បាន​បោះឆ្នោត​ទេ​គឺ​ចាំ​លោក​ប្រធាន​ប្រជុំ​គ្នា​សិន។ អត់​មាន​បញ្ហា​អ្វី​ទេ គឺ​សុវត្ថិភាព​ល្អ​ប្រសើរ»។

ស្រុក​បាទី​មាន​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។ មណ្ឌល​បោះឆ្នោត​ដែល​រៀបចំ​ឡើង​នៅ​តាម​សាលារៀន​និង​វត្ត​អារាម​នានា។ មន្ត្រី​គ.ជ.ប តំណាង​គណបក្ស​ប្រកួត​ប្រជែង និង​អ្នក​សង្កេតការណ៍​របស់​អង្គការ​ក្នុង​ស្រុក និង​កង​កម្លាំង​សន្តិសុខ​មាន​វត្តមាន​នៅ​ទៅ​នេះ។

ប៉ុន្តែ​បរិយាកាស​ល្អ​បែប​នេះ​ប្រហែល​ជា​មិន​គ្រប់​មណ្ឌល​បោះឆ្នោត​ក្នុង​ស្រុក​ទាំង​អស់​ក្នុង​ខេត្ត​នេះ​ទេ។ ជា​ឧទាហរណ៍​នៅ​មណ្ឌល​បោះឆ្នោត​មួយ​នៅ​ស្រុក​ព្រៃ​កប្បាស​ មាន​ប្រជាពលរដ្ឋ​ប្រហែល​២០​ភាគរយ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ចំនួន​ប្រហែល​៥.០០០​នាក់​ពុំ​មាន​សិទ្ធិ​បោះឆ្នោត។ នេះ​បើ​តាម​លោក​កង ប៊ុនឡេង ជំទប់​ទី​១​កូតា​ពី​គណបក្ស​សម រង្ស៊ី​ប្រចាំ​ស្រុក​នេះ។ លោក​អះអាង​ថា​ កាល​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១២ ពួកគេ​ទាំង​នោះ​មាន​សិទ្ធិ​បោះឆ្នោត​ជា​ធម្មតា។

«គាត់​អត់​បាន​បោះ​ដោយសារ​គាត់​ខុស​ទិន្នន័យ​មួយ​ក្នុង​ចំណោម​ទិន្នន័យ​ទាំងអស់។ ឧទាហរណ៍​គាត់​ខុស​នាម​ត្រកូល ប៉ុន្តែ​ឈ្មោះ​គាត់​ត្រូវ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​គាត់ត្រូវ​ជាដើម។ ខ្ញុំ​សង្កេត​ឃើញ​ថា ភាគ​ច្រើន​ជា​សកម្មជន​គណបក្ស​ប្រឆាំង»។

អ្នកស្រី សេង សុន្ធារី មន្ត្រី​ខុមហ្វ្រែល​ប្រចាំ​ខេត្ត​តាកែវ ថ្លែង​ថា បរិយាកាស​បោះឆ្នោត​ជា​ទូទៅ​នៅ​ខេត្ត​នេះ​ពុំ​មាន​ភាព​មិន​ប្រក្រតី​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ។

«មាន​តិច​តួច​ដូចជា​គាត់​រក​ឈ្មោះ​មិន​ឃើញ គាត់​មិន​យល់​ពី​នីតិវិធី ដូចជា​ពេល​មក​បោះឆ្នោត គាត់​អត់​យក​អត្ត​សញ្ញាណ​បណ្ណ​មក។ គាត់​យក​តែ​បណ្ណ​ព័ត៌មាន។ ហើយ​គាត់​ចេះ​តែ​ស្រែក​ថា គេ​អត់​ឱ្យ​បោះ។ គេ​ម៉េច​នឹង​ឱ្យ​បោះ បើ​គាត់​អត់​មាន​អត្តសញ្ញាណប័ណ្ណ​និង​សៀវភៅ​គ្រួសារ​អញ្ចឹង»។

ខេត្ត​តាកែវ​មាន​ប្រាំបី​អសនៈ​ក្នុង​ចំណោម​១២៣​អសនៈ​នៅ​ទូទាំង​ខេត្ត​ក្រុង៕