ក្រសួង​​​អប់រំ​​​ដាក់​វិធាន​​ពង្រឹង​គុណភាព​​​​ប្រឡង​​​បញ្ចប់​​​ថ្នាក់​​​ទី​​​១២

សិស្ស​ស្រី​ម្នាក់​នៅ​វិទ្យាល័យ​ស្រុក​កំពង់​ត្រាច​ខេត្ត​កំពត។

គឺ​ជា​ដំណឹងដ៏អាក្រក់​មួយសម្រាប់​បេក្ខជន​ដែល​មាន​ចេតនា​លួច​ចម្លង​ក្នុង​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឬ​ការ​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ចាប់​ពី​ឆ្នាំ​សិក្សា​២០១៤​នេះ។ ផ្ទុយទៅវិញ​វាជា​ដំណឹង​ល្អ​សម្រាប់​បេក្ខជន​ដែល​ប្រឹងប្រែង​រៀន​សូត្រ​ដោយ​សមត្ថភាព​ខ្លួន​ឯង​សម្រាប់​ការ​ប្រឡង​ដែល​ទទួល​រង​ការ​រិះ​គន់​យ៉ាង​ច្រើន​ឆ្នាំ​មក​ហើយ​នេះ។​

ក្រសួងអប់​រំ យុវជន​និង​កីឡា​ទើប​តែ​ចេញ​បទ​បញ្ញត្តិ​យ៉ាង​តឹងរ៉ឹង​មួយនៅ​ក្នុង​សប្តាហ៍​នេះ​ដោយ​ព្រមាន​ទុកជាមុន​ថា ​បេក្ខជន​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ណា​ដែល​ប្រព្រឹត្ត​ការ​លួយ​ចម្លងក្នុង​ពេល​កំពុង​ប្រឡង ​បេក្ខជន​នោះ​នឹង​ត្រូវ​ទទួល​បាន​ពិន្ទុសូន្យ​ជា​ស្វ័យ​ប្រវត្តិ ​ហើយ​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​បន្ទប់​ប្រឡង​សម្រាប់វិញ្ញាសារ​នេះ។​

បទ​បញ្ញតិ្ត​នេះ ​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​របស់​ក្រសួង​អប់រំ​ បាន​ចែង​ថា​ ជនណា​ដែល​មាន​បំណង​លួច​ចម្លង​ដោយ​យក​ជាប់​នឹង​ខ្លួន​នូវ​សៀវភៅ​ឯកសារ​ឬ​សំណៅ​ឯកសារ​ចូល​ក្នុង​បន្ទប់​ប្រឡង ​ជនណា​ដែល​លាក់​ជាប់​នឹង​ខ្លួន​នូវ​សៀវភៅ ​ឯកសារ​ឬ​សំណៅ​ឯកសារ​ឬ ​ទូរស័ព្ទ​ដៃ​និង​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​តម្រូវ​ឲ្យ​ប្រគល់​ឯកសារ​ទាំង​នោះ​ជូន​គណៈ​មេ​ប្រយោគ​ប្រចាំមណ្ឌល​ប្រឡង ​ឬ​បន្ទប់​ប្រឡង​ដោយ​មិន​មាន​ការ​ធានា​អំពី​ការ​បាត់​បង់​ឡើយ។​ ហើយ​ក្នុង​ករណី​ដែល​បេក្ខជន​ប្រឡង​មិន​ប្រគល់​ឯកសារ​ដូច​មាន​ចែង​ខាង​លើ​នេះ​ទេ ​បេក្ខជន​នោះ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រឡង​និង​ត្រូវ​កំណត់​ឲ្យ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ។​

​មួយ​វិញ​ទៀត​ក្រសួង​អប់រំ​កំណត់​ថា ​ការ​យក​បន្ទាត់​ដែល​មាន​សរសេរ​រូបមន្ត ​ការ​ចម្លង​រូបមន្ត ​ការ​សរសេរ​លើ​បាតដៃ ​លើ​ភ្លៅ ​ការ​សរសេរ​លើ​ស្បែកជើង ​ឬ​កន្សែង​ជូត​មុខ ​ការ​អើត​មើល​សន្លឹក​កិច្ច​ការ​របស់​បេក្ខជន​ប្រឡង​ផ្សេង​ទៀត ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​បន្ទប់​ប្រឡង ​ការ​អង្គុយ​ខុស​លេខ​តុ​ដោយ​ពុំមាន​ការ​អនុញ្ញត​ ការ​រំកិល​ទៅ​អង្គុយ​កៀក​គ្នា ​ប្តូរ​សន្លឹក​កិច្ចការ​គ្នា​ ឬ​ការ​បង្ក​លទ្ធភាព​ឲ្យ​អ្នក​ដទៃ​ចម្លង ​សុទ្ធតែ​ជា​អំពើ​ដែល​ត្រូវ​ហាម​ឃាត់​ក្នុង​ពេល​ប្រឡង ​ហើយ​នឹង​ទទួល​រង​ការ​ពិន័យ។

លោក ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ ចាប់​ពី​ឆ្នាំ​នេះ​ត​ទៅ​ ក្រសួងនឹង​សហការ​ជាមួយអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​សង្កេត​ការណ៍​និង​ដាក់​ពិន័យ​មន្ត្រី អនុរក្ស ឬ​គណៈ​មេប្រយោគ​ដែល​ទទួល​សំណូក​នា​ពេល​ប្រឡង ដើម្បី​ឱ្យ​ការ​រឹត​បណ្តឹង​នេះ​បាន​ជោគជ័យ។​

«អង្គភាព​នឹង​មាន​អ្នក​ដើរ​ត្រួត​ពិនិត្យ​កិច្ចការ​នេះ ហើយ​អង្គភាព​ពិនិត្យ​មើល​ទាំង​អស់​លើ​បទ​បញ្ញត្តិ​ទាំង​ឡាយ ដែល​ពាក់ព័ន្ធ​ហ្នឹង​ការ​អនុវត្ត។ ដូច្នេះ​អង្គភាព​តឹង​ណាស់ ទាំង​ផ្លូវ​ច្បាប់ ទាំង​ផ្លូវ​រដ្ឋបាល។ ដល់​ពេល​ហ្នឹង​យើង​សហការ​គ្នា​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​រឿង​ហ្នឹង​កើត​ឡើង»។​

ការ​ប្តេជ្ញារឹត​បន្តឹងការ​ប្រឡង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ប្រឡង​បញ្ចប់​ការ​សិក្សា​ទុតិយភូមិនា​ពេល​កន្លង​មក ដែល​រង​ការ​រិះគន់​អំពី​ការ​លួច​ចម្លង​និង​ការ​សូក​ប៉ាន់​នា​ពេល​ប្រឡង និង​ការ​បែក​ធ្លាយ​វិញ្ញាសារ​ប្រឡង​ជា​ដើម។ ការ​ប្រឡង​បញ្ចប់​ទុតិយភូមិនៅ​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​សីហា។​

កាល​ពី​ឆ្នាំ​២០១៣ក្នុងចំណោមសិស្ស​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ចំនួន​ជាង​១២​ម៉ឺន​នាក់ មាន​៨៥​ភាគរយ​បាន​ប្រឡង​ជាប់។​

​លោករ៉ុង ឈុន​ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជាឯករាជ្យ សាទរ​ចំពោះ​ចំណាត់ការ​ថ្មី​នេះ ប៉ុន្តែ​លោក​ស្នើ​ឱ្យ​ក្រសួង​គិត​គូរ​ប្រាក់​បៀវត្សរ៍​គ្រូ​បង្រៀន​ឱ្យ​បាន​សមរម្យ​ដែរ សម្រាប់​ការ​អនុវត្ត​ផែនការ​នេះ​មាន​ប្រសិទ្ធិ​ភាព។​

«សម្រាប់​ផែនការ​របស់​លោក​រដ្ឋ​មន្ត្រី​ថ្មី សមាគម​យើង​គឺ​សាទរ ប៉ុន្តែ​សួរ​ថា​ វិធានការ​នេះ​មាន​ប្រសិទ្ធិ​ភាព​ទេ។​ យើង​រង់ចាំ​មើល​ទាំង​អស់​គ្នា។ យើង​ឃើញ​មាន​របត់​ថ្មី​ដែល​ឱ្យ​សង្គម​ស៊ីវិល សមាគម​ចូល​រួម​សង្កេតការណ៍។ ការ​ពង្រឹង​គុណភាព​អប់រំ​ជា​ការ​ល្អ​ហើយ ប៉ុន្តែ​ត្រូវ​តែ​គិត​គូរ​ពី​ប្រាក់​បៀវត្សរ៍​គ្រូ​បង្រៀន​ដែរ ទើប​វា​អាច​ទៅ​រួច»។​

លោក កែម​ ឡី អ្នក​វិភាគ​សង្គម​ម្នាក់ ថ្លែង​ថា ​ក្រសួង​អប់រំ​នា​ពេល​កន្លង​មក​បាន​ដាក់​វិធានការស្រដៀង​នេះ​ច្រើន​រួច​មក​ហើយ ប៉ុន្តែ​មិន​សូវ​បាន​ជោគជ័យ​ ដោយ​សារ​អវត្តមាន​យន្តការ​រឹត​បន្តឹង​និង​ត្រួត​ពិនិត្យ​ដែល​មាន​ប្រសិទ្ធិភាព។​

«តាម​ពិត​ក្រសួង គាត់​មាន​វិធានការច្រើន ប៉ុន្តែ​វិធានការ​ដែល​ទទួល​បាន​ជោគជ័យ​ទាល់​តែ​វិធានការ វា​ជា​វិធានការច្បាប់។ មាន​ការ​ដាក់​ទោស​ទណ្ឌ​ ព្រហ្មទណ្ឌ​តាម​ច្បាប់​ពុក​រលួយ​ជា​ដើម។ ទី​ពីរ​ បទ​បញ្ជា​ដែល​ទទួល​បាន​ជោគជ័យ​ទាល់​តែ​មាន​យន្តការ​អនុវត្ត​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ថ្នាក់​មូលដ្ឋាន។ ទី​បី​អ្នក​ដែល​ត្រួត​ពិនិត្យ​ការ​ប្រឡង​ហ្នឹង​មាន​ភាព​ស្អាតស្អំ​ប៉ុណ្ណា មិន​លូកលាន់​លុយ​កាក់។ ទី​បួន​វិធានការ​មិន​សូវ​មាន​ប្រសិទ្ធិភាព​ដោយ​សារ​ពុំ​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​ចូលរួម​សង្កេត​ការណ៍»។​

លោក កែម ឡី បន្ថែម​ថា ​ការ​លួច​ចម្លង​គ្នា​ក្នុង​ពេល​ប្រឡង​នឹង​ធ្វើ​ឱ្យ​មាន​ការ​បាក់​ទឹក​ចិត្ត​ដល់​អ្នក​ប្រឹងប្រែង និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គុណភាព​អប់រំ​នៅ​កម្ពុជា៕