ធនាគារ​ពិភពលោក​ថា​ សេដ្ឋកិច្ច​កម្ពុជា​អាច​ងើប​ឡើង​វិញ​បាន​ទៀង​ទាត់​ ​អាស្រ័យ​លើ​ពិពិធកម្ម​ និង​ការ​វិនិយោគ​ក្នុង​ស្រុក

រូបឯកសារ៖ គ្រួសារមួយធ្វើដំណើរតាមម៉ូតូកាត់ការដ្ឋានសំណង់អគារខ្ពស់ស្កឹមស្កៃ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/វីអូអេ)

កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ ឆ្នាំ​២០២១​ ត្រូវ​បាន​ព្យាករ​ថា​កើន​ត្រឹម​២,២​ភាគ​រយ​ ហើយ​ការ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ងើប​ឡើង​បន្ថែម​ទៀត​បាន​នោះ​ គឺ​អាស្រ័យ​លើ​ការ​បង្កើន​ផលិតភាព​ ពិពិធកម្ម​(ភាព​ចម្រុះ) និង​ការ​ដាក់​ទុន​វិនិយោគ​ក្នុងស្រុក។​ នេះ​បើតាម​ការ​ប្រកាស​របស់​ធនាគារ​ពិភព​លោក​ដែល​បាន​ចេញផ្សាយ​របាយ​ការណ៍​បច្ចុប្បន្ន​ភាព​ស្តីពី​សេដ្ឋកិច្ច​កម្ពុជា​កាល​ពីថ្ងៃចន្ទ។​

បើតាម​សេចក្តី​ប្រកាស​របស់​ធនាគារ​ពិភពលោក​ដែល​វីអូអេ​បាន​ទទួល​កាលពី​ថ្ងៃទី​៣១​ខែ​មករា​ឆ្នាំ​២០២២​ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា​ ដែល​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​ដោយសារ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩។ ​ ប៉ុន្តែ​ប្រទេស​នេះ​ អាច​ស្តារ​សេដ្ឋកិច្ច​ឱ្យ​មាន​កំណើន​ទៀង​ទាត់​ឡើង​វិញ​ បាន​តាម​រយៈ​ការ​បង្កើន​ផលិត​ភាព​របស់​ក្រុមហ៊ុន​ និង​ពលករ​ ពង្រីក​ពិពិធភាព​ ឬ​ភាពចម្រុះ​នៃ​ផលិត​កម្ម​សម្រាប់​ផ្នែក​នាំ​ចេញ​ និង​ចាត់វិធាន​ការ​នានា​ឈាន​ទៅ​ជំរុញ​ ការ​វិនិយោគ​ក្នុង​ស្រុក​ថែម​ទៀត។​

ប្រធាន​គ្រប់​គ្រង​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​ អ្នកស្រី​ម៉ារីយ៉ាម​ សាលីម​ (Maryam Salim) ​ត្រូវ​បាន​គេស្រង់​សម្តី​ក្នុង​ន័យ​ដើម​ថា៖ ​«ការងាក​ទៅ​រក​គន្លង​ផ្លូវ​ឆ្ពោះ​ទៅ​មាន​កំណើន​ដោយ​ចីរភាព​វិញ​ ចាំបាច់​ត្រូវ​ការ​របៀប​វារៈ​កែទម្រង់​ប្រកប​ដោយ​មហិច្ឆតា​មួយ ​ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្កើន​សមត្ថភាព​របស់​ក្រុមហ៊ុន​ពលករ​ និង​ក្រុម​គ្រួសារ​នៅ​កម្ពុជា​ ពង្រឹង​បទបញ្ញត្តិ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​សកម្មភាព​បំភ្លៃ​ លើ​ទីផ្សារ​ និង​កែលម្អ​បរិយាកាស​ធ្វើ​ធុរកិច្ច​ និង​ការ​វិនិយោគ​ថែម​ទៀត​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ទ្រទ្រង់​ដល់​កំណើន​ប្រកប​ដោយ​គុណភាព»។​

អ្នកស្រី​បន្ថែម​ថា៖​ «ចំណាត់​ការ​គោល​នយោបាយ​រយៈ​ពេល​ខ្លី​និង​មធ្យម​មួយ​ចំនួន​អាច​មាន​ប្រយោជន៍​ដល់​យុទ្ធ​សាស្ត្រ​ស្តារ​សេដ្ឋកិច្ច​ ហើយ​តាម​រយៈ​នោះ​ វា​នឹង​អនុញ្ញាត​ឱ្យ​កម្ពុជា​អាច​កសាង​សេដ្ឋកិច្ច​បាន​មក​វិញ​កាន់​តែ​រឹងមាំ​ថែម​ទៀត​ នៅ​ក្រោយ​សម័យ​មាន​វិបត្តិ​កូវីដ១៩»។​

បន្ថែម​លើ​នេះ​របាយ​ការណ៍​របស់​ធនាគារ​ពិភពលោក​ដែល​មាន​ចំណង​ជើងថា៖​«ការ​អភិវឌ្ឍ​មាន​ភាព​ធន់៖ យុទ្ធសាស្ត្រ​សម្រាប់​ធ្វើ​ពិពិធកម្ម​លើ​គំរូ​កំណើន​សេដ្ឋកិច្ច»​ បាន​កត់​សម្គាល់​ថា​ជំងឺ​រាតត្បាត​ជាដើម​ចម​ធំ​ធ្វើ​ឱ្យ​ទិន្នផល​សេដ្ឋកិច្ច​ធ្លាក់​ចុះ​យ៉ាង​សម្បើម​ ប៉ុន្តែ​ការ​ពឹង​ផ្អែក​ទៅ​លើ​ផលិត​ផល​ ទីផ្សារ​ និង​ធនធាន​ហិរញ្ញប្បទាន​ដែល​មាន​មូលដ្ឋាន​តូច​ចង្អៀត​ ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ខ្វះ​ជំហរ​រឹង​មាំ​សម្រាប់​ទប់​ទល់​ទៅ​នឹង​ការ​អង្រួន​ដែល​កើត​មាន​ចំពោះ​សេដ្ឋកិច្ច។​

ការ​ចេញ​ផ្សាយ​របាយ​ការណ៍​ថ្មី​ចុង​ក្រោយ​របស់​ធនាគារ​ពិភពលោក​ កើត​មាន​ឡើង​ក្រោយ​រដ្ឋាភិបាល​ កាលពី​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០២១​ បាន​ប្រកាស​ជា​ផ្លូវ​ការ​ដាក់​ឱ្យ​អនុវត្ត​នូវ​«ក្របខណ្ឌ​យុទ្ធ​សាស្ត្រ​និង​កម្មវិធី​ស្តារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​រស់​នៅ​ជាមួយ​កូវីដ១៩​ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១-២០២៣»។

បើតាម​បទ​បង្ហាញ​របស់​អនុ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​លោក​ហួត ពុំ​ ធ្វើ​ឡើង​ក្នុង​ពេល​ប្រកាស​ឱ្យ​អនុវត្ត​ក្របខណ្ឌ​យុទ្ធ​សាស្ត្រ​ខាង​លើ​នោះ សសរ​ស្តម្ភ​សំខាន់ៗ​បី​ត្រូវ​បាន​រំលេច​ឡើង​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ដែល​រួមមាន​ការ​ស្តារ​ឡើង​វិញ​ ការ​កែទម្រង់​ និង​ការ​កសាង​ភាព​ធន់​ ដើម្បី​ទប់​ទល់​នឹង​ជំងឺ​កាច​សាហាវ​ ឬ​វិបត្តិ​ស្រដៀង​គ្នា​នឹង​កូវីដ១៩​ ដែល​អាច​នឹង​ផ្ទុះ​ឡើង​នាពេល​អនាគត។​

លោក ​ហួត ពុំ ​បាន​ផ្តល់​ការ​ពន្យល់​បន្ថែម​ថា៖ ​«ដើម្បី​ឱ្យ​សេដ្ឋកិច្ច​យើង​មាន​ភាព​រឹង​មាំ​ យើង​ត្រូវ​កសាង​ គឺ​ភាព​ធន់​នៃ​សេដ្ឋកិច្ច​របស់​យើង​ទប់​ទល់​ជាមួយ​នឹង​ជំងឺ​កាច​សាហាវ​នានា​ដែល​អាច​មាន។​យើង​មិន​ដឹង​ថាតើមាន​កូវីដ១៩​ ហើយ​បន្ទាប់​មក​មាន​ជំងឺ​កាច​សាហាវ​ដទៃ​ផ្សេង​ទៀត​ ឬ​ក៏​មាន​វិបត្តិ​សេដ្ឋកិច្ច​ ឬ​វិបត្តិ​ស្អីៗ​ ដែល​កើត​ឡើង។​ ប៉ុន្តែ​សួរ​ថាតើ​យើង​អាច​មាន​សេដ្ឋកិច្ច​មួយ​រឹង​មាំ ​លុះត្រា​តែ​យើង​មាន​ភាព​ធន់។​ អ៊ីចឹង​ដើម្បី​ឱ្យ​មាន​ភាព​ធន់​បាន​ទប់​ទល់​ជាមួយ​នឹង​កត្តា​ដែល​មាន​ឥទ្ធិពល​មក​លើ​សេដ្ឋកិច្ច​យើង​ លុះត្រា​តែ​យើង​អាច​ពង្រឹង​នូវ​ការ​ត្រៀម​ខ្លួន...ហើយ​នឹង​ការ​ឆ្លើយតប។ ​ សំខាន់​គឺ​ថា​ យើង​ត្រៀម​ខ្លួន​បាន​ប៉ុនណា​ ហើយ​ថា​ តើ​យើង​មាន​យន្តការ​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​កាច​សាហាវ​ក៏ដូច​ជា​វិបត្តិ​ផ្សេង​ៗ​ក្នុង​កម្រិត​ណា»។

នៅ​ក្នុង​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​ស្តីពី​ការ​អភិវឌ្ឍ​មាន​ភាព​ធន់​កាលពី​ដំណាច់​ខែ​មករា​ ឆ្នាំ​២០២២ ​ ធនាគារ​ពិភព​លោក​បាន​លើក​ឡើង​ថា​ កម្ពុជា​ធ្លាប់​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា​ជា​មធ្យម​៧,៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ ចាប់​ពី​ឆ្នាំ​១៩៩៥​ ដល់​ឆ្នាំ​២០១៩​ប៉ុន្តែ​អត្រា​នេះ​បាន​ស្រុត​ចុះ​យ៉ាង​គំហុក​អស់​ចំនួន​១០,១​ភាគរយ​ ធ្វើ​ឱ្យ​ទំហំ​សេដ្ឋកិច្ច​រួម​មាឌ​អស់​ ឬ​ដក​៣,១​ភាគ​រយ​ក្នុង​ឆ្នាំ​២០២០​ មុន​នឹង​រើប​ឡើង​វិញ​សន្សឹមៗ​ រហូត​បាន​កំណើន​២,២​ភាគរយ​នា​ដំណាច់​ឆ្នាំ​កន្លង​ទៅ។​

ធនាគារ​ពិភពលោក​បាន​មើល​ឃើញ​ពីកង្វះ​ពិពិធកម្ម​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​ ស្រប​ពេល​សេដ្ឋកិច្ច​កម្ពុជា​បាន​ចាប់​ផ្តើម​រើប​ឡើង​វិញ។ ​ ធនាគារ​បាន​ពន្យល់​បន្ថែម​ថា​ការ​វិនិយោគ​ទៅ​លើ​ធនធាន​មនុស្ស​ ការ​ធ្វើ​ឱ្យ​មាន​ការ​បែង​ចែក​ធន​ធាន​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ផល​តាម​រយៈ​ការ​កែលម្អ​សមត្ថភាព​ស្ថាប័ន​ទីផ្សារ​ និង​ការ​បង្កើន​ការ​គ្រប់​គ្រង​ការ​វិនិយោគ​សាធារណៈ​ ​ទាំង​អស់​នេះ​ស្ថិត​ក្នុង​ចំណោម​ជម្រើស​ដែល​អាច​ជួយ​ជំរុញ​ផលិត​ភាព​ក្នុង​សេដ្ឋ​កិច្ច។​

សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា​ធនាគារ​ពិភពលោក​បាន​រក​ឃើញ​ថា​ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ​ ផលិត​ផល​ចំនួន​ប្រាំ​មុខ​ មាន​វិស័យ​កាត់​ដេរ​ស្បែក​ជើង​ អង្ករ​ ដំឡូងមី​ និង​ទេសចរណ៍​ មាន​ទំហំ​៨០​ភាគរយ​នៃ​ទំហំ​នាំចេញ​សរុប​របស់​កម្ពុជា​ ប៉ុន្តែ​ក្នុង​នោះ​មាន​ទីផ្សារ​ធំ​តែពីរ​ប៉ុណ្ណោះ​ គឺ​សហភាព​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​ ដែល​ស្រូប​យក​៦៩​ភាគរយ​នៃ​បរិមាណ​ទំនិញ​នាំចេញ​ទាំង​នោះ៕