សហព្រះរាជអាជ្ញាជាតិ និងសហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម មានទស្សនៈផ្ទុយគ្នាអំពីសំណុំរឿង ០០៣ ពាក់ព័ន្ធនឹងករណីលោក មាស មុត។ នេះបើយោងតាមសេចក្ដីប្រកាសរបស់សាលាក្ដីខ្មែរក្រហមអំពីសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នារបស់សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ ចេញផ្សាយថ្ងៃទី ៣០ ខែវិច្ឆិកានេះ ដែល VOA ទទួលបាន។
សេចក្ដីប្រកាសរបស់សាលាក្ដីខ្មែរក្រហមបានបញ្ជាក់ថា សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ បានដាក់ដីកាសន្និដ្ឋានស្ថាពររៀងៗខ្លួនអំពីសំណុំរឿង ០០៣ ពាក់ព័ន្ធនឹងកិច្ចស៊ើបអង្កេតលើលោក មាស មុត កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ដោយស្នើឲ្យសហចៅក្រមស៊ើបអង្កេតពិចារណាថាតើគួរបញ្ជូនជនត្រូវចោទទៅជំនុំជម្រះ ឬក៏យ៉ាងណានោះ។
សហព្រះរាជអាជ្ញាជាតិនៅតែប្រកាន់ជំហររបស់ខ្លួនដដែលថា «មានតែជនជាប់ចោទដែលសាលាក្ដីខ្មែរក្រហមបានកាត់ទោសកន្លងមកតែប៉ុណ្ណោះ ដែលជាមេដឹកនាំជាន់ខ្ពស់ និងជាអ្នកទទួលខុសត្រូវខ្ពស់បំផុតសម្រាប់ឧក្រិដ្ឋកម្មនានាដែលប្រព្រឹត្តិឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលស្ថិតនៅក្នុងយុត្តាធិការបុគ្គលនៃសាលាក្ដីខ្មែរក្រហម»។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់សហព្រះរាជអាជ្ញាជាតិ។
ប៉ុន្តែ សហព្រះរាជអាជ្ញាអន្តរជាតិបានអះអាងថា លោកមាស មុត «គឺជាបុគ្គលម្នាក់ដែលស្ថិតក្នុងចំណោមបុគ្គលនៃ «ជនទាំងឡាយដែលទទួលខុសត្រូវខ្ពស់បំផុត» ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តិនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ» និង «ស្ថិតក្រោមយុត្តាធិការបុគ្គលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា»។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់សហព្រះរាជអាជ្ញាអន្តរជាតិ។
នៅក្នុងសេចក្ដីថ្លែងការណ៍នីមួយៗរបស់សហព្រះរាជអាជ្ញាទាំងពីរ សហព្រះរាជអាជ្ញាជាតិបានបញ្ជាក់ថា ការនាំខ្លួនលោកមាស មុត មកជំនុំជម្រះ «នឹងមិនបម្រើជាប្រយោជន៍ដល់អំពើយុត្តិធម៌នោះទេ។ ប្រសិនបើលោកត្រូវបានចោទប្រកាន់ នឹងមានការបែកបាក់ផ្នែកនយោបាយនៅក្នុងប្រទេស និងអាចកើតមានចលាចលសង្គមធ្ងន់ធ្ងរ»។
ផ្ទុយមកវិញ សហព្រះរាជអាជ្ញាអន្តរជាតិបានអះអាងថា ការកាត់ទោសលោក មាស មុត «នឹងមិនប៉ះពាល់ដល់ការផ្សះផ្សាជាតិ ស្ថិរភាព សន្តិភាព ឬសន្តិសុខជាតិនៅកម្ពុជាឡើយ» ដោយ «កិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ឲ្យមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏រង្គាលចំពោះសកម្មភាពរបស់ពួកគេ នឹងបង្កើនទំនុកចិត្តសាធារណជនឲ្យមានជំនឿយ៉ាងមុតមាំថា បុគ្គលដ៏មានឥទ្ធិពលមិនអាចគេចវេះជារៀងរហូតពីការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មនានាឡើយ និងថាយុត្តិធម៌នឹងត្រូវសម្រេចបាន»។
សាលាក្ដីខ្មែរក្រហមបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសថា៖ «ដូចគ្នាទៅនឹងជនត្រូវចោទ និងជនជាប់ចោទទាំងអស់នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែរ [លោក] មាស មុត នៅតែរក្សាការសន្មតថា គ្មានទោសដដែល ដែលវានឹងត្រូវអស់ តែនៅពេលណាដែលពិរុទ្ធភាពរបស់គាត់ត្រូវបានរកឃើញនៅពេលសវនាការ និងត្រូវបានតម្កល់តាមរយៈបណ្ដឹងសារទុក្ខណាមួយប៉ុណ្ណោះ»៕