ចំណូល​ពី​ទេសចរណ៍​កើន​ដល់​ជាង​៣​ពាន់​លាន​ដុល្លារ ខណៈ​អង្គរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វត្ត​​​​​​​​​​​​នៅ​តែ​ជា​​គោលដៅ​ទី១

រូបឯកសារ៖ អ្នក​ទេសចរណ៍​ប្រមូល​ផ្តុំ​គ្នា​​​ដើម្បី​ថត​រូប​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ ក្នុង​អំឡុង​ពេល​ថ្ងៃ​រះ​នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥។

​របាយការណ៍​សង្ខេប​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀម​រាប​ បាន​ឲ្យដឹង​ថា​ ក្នុង​រយៈពេល​ ១២​ខែ​ ឆ្នាំ​ ២០១៧​ ភ្ញៀវ​ទេសចរ​​សរុប​មាន​ចំនួន​ ៥,​៥៤៣,៤៣៤​នាក់​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺ​កើន​៩,៩៣​ ភាគរយ​ បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​ ២០១៦។

ចំនួន​ទេសចរ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​ ​បាន​កើន​ឡើង​ដល់​ទៅ​៥លាន​៦​សែន​នាក់​ នៅ​ក្នុង​ឆ្នាំ​២០១៧​ ​គឺ​កើន​ជិត​១២​ភាគ​រយ​ធៀប​នឹង​ឆ្នាំមុន​ ហើយ​បាន​ទាញ​យកចំណូល​រួម​ដែល​មាន​ប្រមាណ​ ​៣,៦​ ​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ​គឺ​កើន​ប្រមាណ​១៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៦។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នៅ​ក្រសួង​ទេសចរណ៍ និង​អាជ្ញាធរ​អប្សរា​ ​ដែល​ជា​អង្គភាព​អភិរក្ស​ ​និង​អភិវឌ្ឍន៍​តំបន់​ឧទ្យាន​ទេសចរណ៍​ប្រាសាទ​អង្គរ​វត្ត​នៅ​ខេត្ត​សៀម​រាប។​

​អង្គភាព​ទាំងពីរ ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា​ ​នៅ​តែ​ឈរ​នៅ​លំដាប់​ទី​មួយ​សម្រាប់​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ ​និង​ជា​គោលដៅ​ទេសចរណ៍​ទី៨​របស់​ពិភព​លោក។​ ​ចំនួន​ភ្ញៀវ​ទេស​ចរ​ចិន ​បាន​ឈរ​នៅ​លំដាប់​កំពូល​ ​ធៀប​នឹង​ចំនួន​ទេស​ចរ​មក​ពី​ប្រទេស​ផ្សេងទៀត។​

លោក​ ​គង់ សុភារក្ស​ ​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួង​ទេសចរណ៍​ ​បាន​បញ្ជាក់​ប្រាប់​ VOA​ ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ការ​បង្កើត​គោល​ដៅ​ទេសចរណ៍​កម្ពុជា​ថ្មីៗ​ ​និង​ការ​សម្រួល​បែបបទ​ធ្វើ​ដំណើរ​ផ្សេង​ទៀត​ ​បាន​ញ៉ាំង​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ចំនួន​ភ្ញៀវ​ទេស​ចរ​មកកាន់​កម្ពុជា។​

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ៖​

«កំណើន​ទេសចរ​មែនទែន​ទៅ​ វា​ទី​មួយ​ គឺ យើង​ផ្អែក​មក​លើ​ គេ​ហៅថា​ផលិត​ផល​ទេសចរណ៍​ដែរ​ ​បាទ​ផលិត​ផល​ទេសចរណ៍​ដូច​អូន​មាន​ប្រសាសន៍​មិញ​ គឺថា​មាន​ប្រាសាទ​អង្គរ​វត្ត មាន​ព្រៃ​ព្រឹក្សា​ ​ជ្រោះ​ធម្មជាតិ​អី​ហ្នឹង។ ហ្នឹង​ជា​ការ​ទាក់​ទាញ​ទេសចរ​មួយ​ដែរ​អា​ហ្នឹង​បាទ។​ ​បាទ​ទីពីរ​ទៀត​ គឺ​យើង​បាន​ន័យ​ថា​ ​សម្រួល​បែប​បទ​នៃ​ការ​ធ្វើ​ដំណើរ​រវាង​ប្រទេស​ជិត​ខាង​ ឬ​ក៏​ប្រទេស​ក្នុង​តំបន់​យើង​ហ្នឹង​ គឺ​បាន​ន័យ​ថា​ វា​មិន​មានការ​លំបាក។ ឧទាហរណ៍ ​យើង​មាន​ VISA on Arrival ​ឬ​ក៏​យើង​មាន​ ​ជើង​ហោះហើរ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ ដូចជា​ប្រភេទ​គេ​ហៅ​ថា​ ប្រភេទ​យន្តហោះ​ low cost carrier​ ​(LCC)​ ​ហ្នឹង​ ប្រភេទ​យន្ត​ហោះ​ហ្នឹង​គឺ​មាន​ការ​ហោះ​ច្រើន​ ដូចជា​ Air Asia ​ហើយ​ហ្នឹង​ Jet Star អី​ហ្នឹង​ ​ដែល​គាត់​ហោះ​មក​ស្រុក​ខ្មែរ​យើង​កើន​ច្រើន​ ដូច្នេះ​ដែល​នាំ​ឲ្យ​យើង​មើល​ឃើញ​ថា ជំរុញ​នូវ​កំណើន​ទេសចរ​ហ្នឹង​បាទ»។​

ភ្ញៀវ​ទេសចរ​ចិន​ បាន​កើន​ដល់​ ​១,២ លាន​នាក់​ ​គឺ​មាន​កំណើន​ស្មើ​នឹង​៤៦​ភាគរយ​ ​ខ្ពស់​ជាង​ចំនួន​ភ្ញៀវ​ទេសចរ​ឯទៀត។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ​គង់ សុភារក្ស។​

មន្ត្រី​ទទួល​បន្ទុក​ស្ថិតិ​ទេសចរណ៍​រូប​នេះ​ ​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ បើ​គិត​ពី​ឆ្នាំ​២០១៣​មក​ ​រហូត​ដល់​ឆ្នាំ​២០១៨​នេះ​ ​ចំនួន​ភ្ញៀវ​ទេសចរ​ បាន​កើន​ជាមធ្យម​ក្នុង​កម្រិត​ ​៩,៥ភាគរយ ហើយ​ថា​ កំណើន​នេះ ​នឹង​បន្ត​កើន​ទៅ​មុខ​ទៀត​ដោយ​សារ​ក្រសួង​ទេសចរណ៍​ ​បាន​ខិតខំ​ផ្សព្វផ្សាយ​គោល​ដៅ​ទេសចរណ៍កម្ពុជា​ទៅ​ក្រៅ​ប្រទេស​ ​អភិវឌ្ឍន៍​ ផលិតផល​ទេសចរណ៍​តាម​ស្តង់​ដារ​ដែល​ភ្ញៀវ​អាច​ទទួល​យក​បាន​ ​និង​រៀបចំ​បដិសណ្ឋារកិច្ច​ និង​សេវាកម្ម​ផ្សេងៗ ទទួល​ភ្ញៀវ​ឲ្យ​បាន​ល្អ​ប្រសើរ​ និង​ប្រកប​ដោយ​សុវត្ថិភាព​ក៏​ដូចជា​ ​ការ​បន្ត​ឲ្យ​មាន​ចលនា​ទីក្រុង​ស្អាត​ និង​ធ្វើ​ឲ្យ​ផ្ទះ​សំណាក់​ និង​មាន​សណ្ឋាគារ​មាន​ស្តង់​ល្អ​ដើម្បី​ផ្គាប់​ចិត្ត​ភ្ញៀវ​ទេសចរ។​

លោក​ ​គង់ សុភារក្ស​ ​អះអាង​ថា​ ​កំណើន​ភ្ញៀវ​ទេសចរ​ម​ក​ទស្សនា​ប្រទេស​កម្ពុជា​ នឹង​នៅ​តែ​បន្ត​កើន​ឡើង​នៅ​ក្នុង​ឆ្នាំ​បោះឆ្នោត​ជាតិ​ដ៏​សំខាន់​នៅ​ឆ្នាំ​ ២០១៨នេះ។​ ​លោក​ថា ហើយ​ភ្ញៀវ​ទេស​ចរ​ចិន​ ​នៅ​តែ​បន្ត​នាំមុខ​ ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ផ្សេង​ទៀត​ ដោយសារ​តែ​មាន​កំណើន​នៃ​ការ​ហោះហើរ​ដោយ​ផ្ទាល់និង​ប្រយោល​ពី​ប្រទេស​ចិន​មក​កាន់​រាជ​ធានី​ភ្នំពេញ​ ក្រុង​ព្រះ​សីហនុ​ និង​ខេត្តសៀមរាប​នៅ​ក្នុង​ប្រទេសកម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​មើល​ទៅ​នៅ​ក្នុង​ឆ្នាំ​ ​២០១៨​ ហ្នឹង​ យើង​រក្សា​នូវ​កំណើន​ទេសចរ​ដដែល​ និយាយ​ចឹង​ណា៎ ខ្ញុំ​គិត​ថា​ ទោះបីជា​មានការ​បោះ​ឆ្នោត​អី វា​មិន​ជា​បញ្ហា​សម្រាប់​អ្នក​ទេសចរ​ទេ​ និយាយ​ទៅ។​ ​ការ​បោះឆ្នោត​វា​ជា​រឿង​ធម្មតា​ នៃ​ប្រទេស​នីមួយៗ​ តែង​តែ​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​សាកល​អីៗ​ចឹង​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ កំណើន​ទេសចរ​ វា​នៅ​រក្សា​នូវ​កំណើន​ដដែល​»។​

​របាយការណ៍​សង្ខេប​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀម​រាប​ បាន​ឲ្យដឹង​ថា​ ក្នុង​រយៈពេល​ ១២​ខែ​ ឆ្នាំ​ ២០១៧​ ភ្ញៀវ​ទេសចរសរុប​មាន​ចំនួន​ ៥,​៥៤៣,៤៣៤​នាក់​ គឺ​កើន​៩,៩៣​ ភាគរយ​ បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​ ២០១៦។

របាយការណ៍​បាន​ឲ្យដឹង​ថា​ ភ្ញៀវ​ទេសចរ​ចិន​បាន​ឈរ​នៅ​លេខ​រៀង​ទី​មួយ​ ដោយ​តាម​ពី​ក្រោយ​ដោយ​ភ្ញៀវ​ទេសចរ​ កូរ៉េ​ អាមេរិក​ អង់គ្លេស​ ជប៉ុន​ បារាំង​ អូស្ត្រាលី​ អាល្លឺម៉ង់​ ថៃ​ និង​វៀតណាម។ ភ្ញៀវ​ទេសចរ​មក​ពី​តំបន់​មជ្ឈិម​បូព៌ា​ ក៏​មាន​វត្តមាន​លើ​ទឹកដី​ប្រាសាទ​បុរាណ​ខេត្ត​សៀម​រាប​ផង​ដែរ។​

គ្រា​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា​ បាន​បន្ត​កើន​ឡើង​ ​សួន​ឧទ្យាន​ប្រាសាទ​អង្គរវត្ត​ ​ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ ជា​សំណង់​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​ និង​ជា​ទិសដៅ​ទេសចរណ៍​លំដាប់​ទី៨​ ​នៅ​ជុំវិញ​ពិភពលោក។​

ប្រាសាទ​អង្គរវត្ត​បាន​ទទួល​ចំណាត់​លេខ​១​ ​ជា​សំណង់​ប្រវត្តិសាស្ត្រ​បួន​ឆ្នាំ​ជាប់​គ្នា​ បើ​ផ្អែក​តាមគេហទំព័រ​ផ្ដោត​លើ​តំបន់​បុរាណ​ និង​ប្រវត្តិសាស្ត្រ​នៅ​ទូទាំង​សាកលលោក​ ឈ្មោះ​ថា​ ArchaeoMadness។​ ​នេះ​បើ​តាម​អត្ថបទ​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ របស់​អាជ្ញាធរ​ជាតិ​អប្សរា​កាល​ពី​ដើម​ខែ​មករា​ ឆ្នាំ​២០១៨។​

ទំព័រ​ហ្វេស​ប៊ុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«នេះ​ជា​មោទនភាព​មួយ​របស់​ជាតិ​ខ្មែរ​យើង​ទាំងមូល​ ដែល​អង្គរវត្ត​របស់​កម្ពុជា​ទទួល​បាន​ការ​គាំទ្រ​ពី​បណ្ដា​ប្រជាជន​ជុំវិញ​ពិភពលោក។ ​ក្នុង​នាម​ស្ថាប័ន​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ ​អាជ្ញាធរ​ជាតិ​អប្សរា សូម​ចូល​រួម​អបអរ​សាទរ​ និង​សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ​បន្ត​ចូលរួម​ថែរក្សា​ ការពារ​នូវ​បេតិកភណ្ឌ​របស់​ដូនតា​យើង​ឲ្យ​បាន​ខ្លាំងក្លា​ដើម្បី​ភាព​គង់​វង្ស​យូរ​អង្វែង​តទៅ»។​

ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយ​តប​ទៅ​នឹងកំណើន​ហោះហើរ​ពី​ប្រទេស​បណ្ដា​ប្រទេស​នា​នា​មក​កាន់​កម្ពុជា​ រដ្ឋាភិបាល​កម្ពុជា​ទើបតែ​បាន​បើកភ្លើង​ខៀវ​ឲ្យ​មាន​ការ​សាង​សង់​ព្រលានយន្តហោះ​ថ្មីមួយ បន្ថែម​លើ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ដែល​មាន​ស្រាប់​នៅ​រាជធានី​ដ៏​ចំណាស់​មួយ​នេះ។​

គម្រោង​សង់​អាកាសយានដ្ឋាន​ថ្មី​នេះ គឺ​ផ្ដើម​ចេញពី កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិ​ការណ៍​ហិរញ្ញប្បទាន​ ​សម្រាប់​គម្រោង​អាកាសយានដ្ឋាន​ភ្នំពេញ​(ថ្មី)​ប្រទេស​កម្ពុជា​ដែល​រដ្ឋាភិបាល​កម្ពុជា​ និង​ចិន​បាន​ព្រមព្រៀង​គ្នា​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ជាច្រើន​ផ្សេង​ទៀត​ ​នៅ​ពេល​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន​ លោក​ ​លី ខឺឈាង​ ​(Li Keqiang)​ ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​កាល​ពីដើម​ខែ​មករា។

តាម​សេចក្តី​រាយការណ៍​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ​គម្រោង​នេះ​ ​នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ ១,៥​ពាន់​លាន​ដុល្លារ​ ​ហើយ​និង​នៅ​ត្រូវ​សង់​លើ​ផ្ទៃដី​២​,៦០០​ហិកតា​ ក្នុង​ខេត្ត​កណ្ដាល​ ​ស្ថិត​នៅ​ចម្ងាយ​៣០គីឡូម៉េត្រ​ពី​រាជធានី​ភ្នំពេញ។​

នៅ​ក្នុង​របាយការណ៍​ចុងក្រោយ​ស្ដីពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​ធនាគារ​ពិភពលោក​ ​បាន​ចាត់​ទុក​ថាវិស័យ​ទេសចរណ៍ ជា​កត្តា​ចាំបាច់​មួយ​សម្រាប់​រក្សា​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ដែល​ធនាគារ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិកមួយ​នេះ​ បាន​ព្យាករណ៍​ថា​ នឹង​កើន​ក្នុង​កម្រិត​ ៦.៩​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៨នេះ។​

ដោយ​សារ​ទេសចរណ៍​ជា​វិស័យ​ដែល​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា​ ​ធនាគារ​ពិភពលោក​ ក៏បាន​ស្នើ​ឲ្យ​ធ្វើ​កំណែទម្រង់​មួយ​ចំនួន រួមមាន​ អភិវឌ្ឍ​តំបន់​អភិរក្ស​ទេសចរណ៍​ ជាមួយ​នឹង​ផលិត​ផល​មាន​តម្លៃ​ខ្ពស់​ អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​តភ្ជាប់​ ​ដោយ​សារ​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទាប​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គោក​ ​ការ​ដោះស្រាយ​បញ្ហា​ធ្លាយ​ចំណូល​ទេសចរណ៍​ និង​ការ​ពង្រីក​ និង​លើក​កម្ពស់​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ជាដើម៕