កម្ពុជា​​របូត​ចំណាត់​ថ្នាក់​លេខ១​នៅ​អាស៊ាន​ផ្នែក​សេរីភាព​សារ​ព័ត៌​មាន

ស្លាកសញ្ញា​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters ​sans ​frontière)។

​ក្នុង​ស្ថិតិ​ចំណាត់​ថ្នាក់​សាកល​ថ្មី​ដែល​ចេញ​ផ្សាយ​ដោយ ​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters ​sans ​frontière) ​កម្ពុជា​មិន​មែន​ជា​ប្រទេស​ឈរ​លំដាប់​លេខ​មួយ​ផ្នែក​សារ​​ព័ត៌មាន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ទៀត​ទេ។​

កាល​ពី​ថ្ងៃ​ពុធ ​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង ​បាន​ចេញ​សន្ទស្សន៍​សាកលស្ដីពី​សេរីភាព​សារ​ព័ត៌មាន​ ដែល​ក្នុង​នោះ​ប្រទេស​កម្ពុជា ​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ចំនួន​បួន​លេខ ​ដល់​លេខ​រៀង​ទី​១៣២​ពិភពលោក​ ក្នុង​ចំណោម​ប្រទេស​ជិត​១៨០​ដែល​ត្រូវ​បាន​សិក្សា។

កាលពី​ដើម​ខែ​មេសា​នេះ ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដ៏​វែង​អន្លាយ​មួយ ​ក្រសួង​ការ​បរទេស​កម្ពុជា ​បានព្រលះ​ជាកញ្ចប់​ទៅ​លើ​គណបក្ស​ជំទាស់ ​សង្គម​ស៊ីវិល ​និង​បណ្ដាញ​សារ​ព័ត៌មាន​ធំៗ​នៅ​កម្ពុជា ​ថាមានគម្រោងជាសមូហភាព​ក្នុង​ការ​ប៉ុនប៉ងវាយប្រហារ​ មួលបង្កាច់ ញុះញង់ ចង់ឱ្យមានការផ្លាស់ប្ដូររបបដោយបង្ខំនៅកម្ពុជា។

ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ ​ក្រសួង​ការ​បរទេសបាន​ពោល​សរសើរ​អំពី​លំហ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ ថា​មាន​លក្ខណៈ​សេរី​ និង​ល្អ​ដាច់​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​នាំ​ឱ្យ​សារ​ព័ត៌មាន​ធំៗ​មាន​ជា​អាទិ៍ ​កាសែតភ្នំពេញ​ប៉ុស្ដិ៍ ​កាសែត​ដឺ​ខេមបូឌា​ដេលី ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ (VOA) និង​វិទ្យុ​អាស៊ី​សេរី​ អាច​រិះ​គន់​មួល​បង្កាច់ដោយ​គ្មាន​មូលដ្ឋាន​ ទៅ​លើ​រាជ​រដ្ឋាភិបាល​ បាន​ដោយ​សេរី​ និង​គ្មាន​ការ​ត្រួត​ពិនិត្យ​មុន​បោះ​ផ្សាយ។

ក៏​ប៉ុន្តែ​ក្នុង​ស្ថិតិ​ចំណាត់​ថ្នាក់​សាកល​ថ្មី​ដែល​ចេញ​ផ្សាយ​ដោយ ​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters ​sans ​frontière) ​កម្ពុជា​មិន​មែន​ជា​ប្រទេស​ឈរ​លំដាប់​លេខ​មួយ​ផ្នែក​សារព័ត៌មាន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ទៀត​ទេ។​

កាល​ពី​ថ្ងៃ​ពុធ ​អង្គការ​សារ​ព័ត៌មាន​សាកលលោក ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ប៉ារីស​មួយ​នេះ ​បានបន្ថយចំណាត់​ប្រទេស​កម្ពុជា​ចំនួន​៤លេខ ​ពី​លេខ​១២៨ ​ក្នុង​ឆ្នាំ​២០១៦ ​មក​លេខ​១៣២ ​ក្នុង​ឆ្នាំ​២០១៧​នេះ​ ក្នុងចំណោមប្រទេស​១៧៨ ដែល​ត្រូវបាន​សិក្សា។​

ការណ៍​នេះ​បាន​នាំ​ឱ្យ​កម្ពុជា​របូត​ចំណាត់​ថ្នាក់​ជា​ប្រទេស​ល្អ​ឯក​នៅ​ក្នុង​ចំណោម​បណ្ដា​សមាជិក​អាស៊ានខណៈ​ដែល​ប្រទេស​ឥណ្ឌូណេស៊ី ​ប្រទេស​ហ្វីលីពីន ​និង​ប្រទេសមីយ៉ាន់ម៉ា ​បាន​ហក់​មក​ឈរ​ខាង​មុខ​ប្រទេសកម្ពុជា ​នៅ​ចំណាត់​ថ្នាក់​ ​ទី១២៤ ​ទី១២៧ ​និងទី១៣១។

លោក ​Benjamin ​Ismail ​នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ របស់​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ បាន​ប្រាប់​VOA​តាម​សារ​អេឡិកត្រូនិច​ថា ​ទំនាក់ទំនង​រវាង​ឥស្សរ​ជន​នយោបាយ​ក្នុង​អំណាច​ និង​កម្មសិទ្ធិ​ករ​នៃ​បណ្ដាញ​ឃោសនា​ព័ត៌មាន​សោតទស្សន៍​នៅក្នុង​កម្ពុជា ​បាន​ក្លាយ​ជា​កាតាលីករ​នៃ​ការ​«ឃ្លាំ​មើល​យ៉ាង​ជិត​ដិត»​ពី​រដ្ឋ​អំណាច​មក​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

លោក​ Benjamin ​Ismail​ បាន​សរសេរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«ការ​ប្រមូល​ផ្ដុំ​នៃ​កម្មសិទ្ធិ​ភាព​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន បាន​ក្លាយ​ជា​បន្សុំ​យ៉ាង​សម​ល្មម​បំផុត​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ចាប់​ពិរុទ្ធ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ចំណោម​អ្នក​សារ​ព័ត៌មាន»។

លោក Benjamin Ismail នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ របស់​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន។

លោក Benjamin Ismail ​បាន​លើក​បន្ថែម​អំពី​ករណី​ដែល​ក្រុម​គ្រួសារ​បុត្រា​បុត្រី​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន ​បាន​ធ្វើការ​វាយ​ប្រហារ​ជា​ពាក្យ​សម្ដី​មក​លើ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ​និង​កាសែត​ដឺខេមបូឌា​ដេលី ​ថា​ បាន​ធ្វើ​កិច្ច«សហការ​ដ៏​ល្អ»​ជាមួយ​អង្គការ​ Global​ Witness ​«ដើម្បី​បំផ្លាញ​ដល់​កិត្តិយស​គ្រួសារ​ត្រកូល​ហ៊ុន»។​

កាល​ពី​ខែ​កក្កដា ​កាសែត​ជា​ភាសា​អង់គ្លេស​ទាំង​ពីរ​បាន​ចេញ​ផ្សាយ​ព្រម​គ្នា​នូវ​ការ​ចេញ​ផ្សាយ​របស់​ខ្លួន​អំពីរបាយការណ៍​ថ្មី​របស់​អង្គការ​ Global​ Witness ​ដែល​បាន​រៀបរាប់​លម្អិត​ អះ​អាង​អំពី​ជំនួញ​ដែល​កាន់​កាប់ដោយ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី។​

ក្រៅ​តែ​ពី​លើក​ឡើង​អំពី​ភាព​ញឹក​ញយ​នៃ​ការ​អនុវត្ត ​និង​បក​ស្រាយ​ច្បាប់​យក​ទៅ​ធ្វើ​ជា​បទ​ចោទ​បរិហារកេរ្តិ៍​ និង​នាំ​ឱ្យប៉ះ​ពាល់​ដល់​មុខ​មាត់​ប្រទេស ​ករណី​ឃាតកម្ម​លើ​អ្នក​អត្ថាធិប្បាយ​នយោបាយ ​បណ្ឌិត ​កែម ​ឡី ​ដែល​តែង​ផ្ដល់នូវ​សំឡេង​វិភាគ​លើ​បញ្ហា​នយោបាយ ​និង​បញ្ហា​សុខុមាល​ភាព​សង្គម ដល់បណ្ដាញសារព័ត៌មាន​ក្នុង​ស្រុក ​និង​បរទេស​ជា​ចម្រុះ ​និង​ដោយ​មិន​រើសអើងក៏​ត្រូវ​បាន​ លោក Benjamin Ismail លើកឡើងជាបញ្ហាប្រឈមនៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ដែរ។​

លោក ​Benjamin​ Ismail ​បាន​សរសេរ​ប្រាប់​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖

«ចរិត​អមិត្ត​របស់​រដ្ឋាភិបាល​ចំពោះ​បណ្ដាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ ​បាន​កើន​ឡើង​នៅ​ក្នុង​ឆ្នាំ២០១៦។​ អ្នក​កាសែត​អាច​នឹង​ត្រូវ​បង់​តម្លៃ​យ៉ាង​ខ្ពស់ ​បើ​សិន​ជា​ពួក​គេ​ហ៊ាន​រាយការណ៍​ព័ត៌មាន​ទាក់ទង​នឹងការ​កាប់បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ​ការ​នេសាទ​ខុស​ច្បាប់ ​និង​ការ​បំផ្លិចបំផ្លាញ​សម្បត្តិ​ធនធាន​ធម្មជាតិ​ដទៃ​ទៀត»។​

មន្ត្រី​អង្គការ​អន្តរជាតិ​រូប​នេះ​បាន​បន្ត​ថា៖​

«បន្ថែម​ពី​ភាព​រ៉ាំរ៉ៃ​និង​អត្រា​ខ្ពស់​នៃ​អំពើ​ពុក​រលួយ​នៅ​បណ្ដា​ស្ថាប័ន​នៃ​ប្រទេស​កម្ពុជា​ បាន​បង្ក​ជា​ផល​វិបាក​ជា​ស្ថានភាព​លំបាក​សម្រាប់​អ្នក​ផ្ដល់​ព័ត៌មាន​ ដែល​អាច​ពើប​ប្រទះ​នឹង​ការ​គំរាម​កំហែង​ (ផ្នែក​វិជ្ជាជីវៈ, ​ផ្នែក​រូប​រាង​កាយ, ​និង​ផ្នែក​ច្បាប់)​ នៅ​ពេល​ដែល​ពួក​គាត់​ព្យាយាម​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​សាធារណជន»។

លោក ​អ៊ុក ​គឹមសេង ​អ្នក​នាំ​ពាក្យ ​និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ បាន​និយាយ​ថា​ បញ្ហា​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា ​មិន​មាន​អ្វី​ជា​ការ​ព្រួយ​បារម្ភ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ ​ហើយ​ថា​ គុណភាព​វិជ្ជា​ជីវៈនៃសេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​អ្នក​សារព័ត៌មាន​កម្ពុជា​មាន​ការ​កើន​ឡើង​លំដាប់។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​រូប​នេះ​ថ្លែង​ប្រាប់ VOA ថា៖​

«សម្រាប់​ខ្ញុំ ​ខ្ញុំ​គិត​ថា ​អ្នក​ដែល​កត់​ត្រា​ហ្នឹង ​គាត់​ចេះ​តែ​កត់​ទៅ ​កត់​ពី​រឿង​អី ​កត់​ពី​រឿង​អី ​គាត់​មិន​បាន​ដឹងស្ថានភាព​ពិត​ដែល​កើត​ឡើង​នៅ​កម្ពុជា​ទេ ​ប៉ុន្តែ​សម្រាប់​ខ្ញុំ ​ខ្ញុំ​គិត​ថា ​ទាំង​អស់​គ្នា ​ទាំង​អ្នក​សារ​ព័ត៌មានបោះពុម្ភ​ ទាំង​វិទ្យុ ​ទាំង​ទូរទស្សន៍ ​ទាំង​អនឡាញ ​យើង​ឃើញ​ថា ​យើង​បាន​ធ្វើ​ការងារ​គ្រប់​យ៉ាង​ តាម​ដែល​យើងកំណត់​ថា​អ្វី​ជា​សេរី​ភាព​សារ​ព័ត៌មាន»។​

លោក​អនុរដ្ឋលេខាធិការ​រូប​នេះ ​បាន​បន្ត​ទៀត​ថា ​ក្នុង​កាល​វេលា​ថ្មីៗ​នេះ​ ​មិន​មាន​អ្នក​សារ​ព័ត៌មាន​ណា​ម្នាក់ ​ត្រូវបាន​ចោទ​ប្រកាន់ ​ឬ​ផ្ដន្ទា​ទោស ​ដោយ​សារ​ការ​រាយការណ៍​ព័ត៌មាន​របស់​ខ្លួន​នោះ​ទេ។

យ៉ាង​ណា​ក្ដី កាល​ពី​ឆ្នាំ២០០៩ ​និពន្ធនាយក ​និង​អ្នក​រាយ​ការណ៍​ព័ត៌មាន​នៃ​កាសែត ​ដឺខេមបូឌា​ដេលី​ ត្រូវ​បានតុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទា​ទោស​ពី​បទ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដែល​មាន​ខ្លឹម​សារ​បរិហារ​កេរិ៍្ត។ ​នៅ​ឆ្នាំ​ដដែលចាងហ្វាងកាសែត​«ខ្មែរ​ម្ចាស់​ស្រុក»​លោក ​ហង្ស ​ចក្រា ​ដែល​គាំទ្រ​គណបក្ស​ជំទាស់ ​ត្រូវបានកាត់ទោសពីបទបរិហារកេរ្តិ៍​ និង​ត្រូវ​ជាប់​ទោស​ទណ្ឌ​ដល់​ពន្ធនាគារ​ទៀត​ផង ​ដោយសារសេចក្ដី​រាយ​ការណ៍​ព័ត៌មាន​ក្នុង​កាសែត​លោក។ ​

ថ្មីៗ​នេះ​ទៀត​សោត​ លោក ​ហួត ​ឃីនវុទ្ធី ​ហៅ ​ជុន ​ច័ន្ទបុត្រ ​នាយក​រង​ផ្នែក​ផ្សាយ​ជា​ខេមរភាសា នៃ​វិទ្យុ​អាស៊ីសេរី ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចូល​ទៅ​សាកសួរក្នុង​នាម​ជា«ជន​សង្ស័យ»ក្នុងករណីដែលអាជ្ញាធរចោទលោកថា ​បាន«ផ្ដល់​សេចក្ដី​ប្រកាស​ដោយ​ភូត​កុហក ​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ»។​

លោក ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដោយសារ​ការ​បន្លំ​ខ្លួន​ចូលយក​ព័ត៌មាន​ពី​ក្នុង​ពន្ធនាគារ កាលពី​ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។ (រូបថត​ដកស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក Chun Chanboth Vuthy Huot)

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃពុធ​ វិទ្យុ​អាស៊ី​សេរី​បាន​បដិសេធការ​ចោទនេះ ​និងបានហៅ​ចំណាត់ការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​នាយក​រង​ផ្នែក​ផ្សាយ​ជា​ខេមរ​ភាសា​របស់​ខ្លួន​ថា​មាន​ «ចេត​នាបំភិតបំភ័យ» ​និង​«ធ្វើ​ទុក្ខ​បុក​ម្នេញ»​មក​លើ​អ្នក​កាសែត​ជើង​ចាស់​រូប​នេះ ​និង​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ដទៃ​ទៀត ​ខណៈការ​បោះ​ឆ្នោត​ខិត​មក​ដល់។​

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក ​ដែល​កម្ពុជា​បង្វិល​ខ្លួន​ទៅ​រក​បន្ទាត់​នយោបាយ​ប្រជាធិបតេយ្យ ​សេរី​ពហុនិយម ​មានអ្នក​សារ​ព័ត៌មាន​ចំនួន​១៣​នាក់​ត្រូវ​បាន​សម្លាប់​ ក្រោម​មូល​ហេតុ​ផ្សេងៗ​ពី​គ្នា ​ក៏​ប៉ុន្តែ​មិន​មាន​ជន​ដៃ​ដល់ណា​ម្នាក់​ត្រូវ​បាន​យក​មក​ផ្ដន្ទា​ទោស​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​នោះ​ទេ។​

ករណី​ចុង​ក្រោយ​នៃ​ឃាតកម្ម​លើ​អ្នក​សារ​ព័ត៌មាន ​នៅ​ក្នុង​ឆ្នាំ​២០១២ ​ដែល​អ្នក​កាសែត​បរិស្ថាន​ ហង្ស ​សេរីឧត្ដម ​ត្រូវ​បាន​សម្លាប់​នៅ​ខេត្ត​រតនគីរី​ និង​អ្នក​កាសែត​រាយការណ៍​បទ​ល្មើស​ព្រៃឈើ​ តាំង​ ទ្រី ​ត្រូវ​បានសម្លាប់​នៅ​ខេត្ត​ក្រចេះ ​ក្នុង​ឆ្នាំ​២០១៤ ​ជា​ឆ្នាំ​ដដែល​ដែល ​អ្នក​សារ​ព័ត៌មាន​អំពី​បទ​ល្មើស​នេសាទ ​សួន​ ចាន់ ​ត្រូវ​បាន​វាយ​ស្លាប់​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

លោក ​មឿន ​ឈានណារិទ្ធិ ​អ្នក​ឃ្លាំ​មើល​ការ​វិវឌ្ឍ​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា ​បាន​លើក​ឡើង​សម្ដែង​ជាក្ដី«បារម្ភ​យ៉ាង​ខ្លាំង»​ថា ​ការ​ធ្លាក់​ចំណាត់​ថ្នាក់​នៅ​លើ​សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មានសាកល​នេះ​អាចបង្ហាញថាលទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុងតែ​មាន​ដំណើរ​រអាក់រអួល។​

អ្នក​ឃ្លាំ​មើល​រូប​នេះ​បាន​បន្ត​ទៀត​ថា ​ការណ៍​ដែល​សេរីភាព​សារព័ត៌មាន​មាន​ការ​ធ្លាក់​ពិន្ទុ​បែប​នេះ ​អាច​បង្ក​ជាផល​ប៉ះ​ពាល់​ដល់​ផ្នែក​ផ្សេង​ទៀត​របស់​សង្គម​ មិន​មែន​ត្រឹម​តែ​វិស័យ​សារ​ព័ត៌មាន ​និង​សុខុមាល​ភាព​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​អនុវត្ត​នីតិរដ្ឋ​ និង​ការ​វិនិយោគ​របស់​ឯកជន​ផង​ដែរ។​

«ការណ៍​ដែល​យើង​មិន​ឃើញ​មាន​ការ​វាយ​ប្រហារ ​លើ​រូប​រាង​កាយ​ក៏​ដោយ ​លើ​ផ្នែក​ផ្លូវ​ច្បាប់​ក៏​ដោយ​មិនមែនបាន​ន័យ​ថា​សេរីភាព​សារ​ព័ត៌មាន​នៅកម្ពុជា​របស់​យើង​មាន​ភាព​ល្អប្រសើរ​នោះ​ទេ ​យើង​អាច​ថា​ អ្នក​សារព័ត៌មាន​របស់​យើង​ មាន​ការ​រាង​ចាល​ ឬ​ក៏​រារែក ​ក្នុង​ការផលិត ឬ​ក៏​សរសេរ​ព័ត៌មាន​ដែល​ទាក់​ទងទៅ​នឹងបញ្ហារសើប​ផ្សេងៗ ​បញ្ហា​ចម្រូងចម្រាស ​ដូចជា​អំពើ​ពុករលួយ ​ការ​កាប់​ព្រៃឈើ ​ការ​រំលោភ​យក​ដីធ្លី ​អំពើអយុត្តិធម៌ដទៃ​ទៀត ​ទាក់​ទង​នឹង​មន្ត្រី​ដែល​មាន​អំណាច​ និង​ឈ្មួញ​ដែល​មាន​អំណាច​ជា​ដើម»។​

តាម​តួ​លេខ​របស់​រដ្ឋាភិបាល​ គិត​ត្រឹម​ខែ​មេសា​នេះ ​កម្ពុជា​មាន​គ្រឹះ​ស្ថាន​បោះ​ពុម្ភ​ផ្សាយ​សារ​ព័ត៌មាន​ចំនួន ​៨០០។ ​គ្រឹះស្ថាន​បោះ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រមាណ​៧០ ទូរទស្សន៍​ចំនួន​២២​ស្ថានីយ៍ ​វិទ្យុ​ចំនួន៣៣០​ស្ថានីយ៍ ​និង​មាន​សមាគម​អ្នក​កាសែត​ជិត​៤០​សមាគម។​

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន ​បាន​រិះ​គន់​ជា​ញឹក​ញយ​ដល់​ការផ្សាយព័ត៌មានរបស់បណ្ដាញផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​រិះ​គន់​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​របស់​លោក ​ហើយ​លោក​បាន​លើក​សរសើរពី​បណ្ដាញផ្សព្វផ្សាយ​ផ្សេង​ទៀត​ដែល​តែង ​សរសើរ​ពី​ការ​ដឹក​នាំ​របស់​លោក ​រួម​មាន​អង្គភាព​ Fresh​ News​ ជា​ដើម។​

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​កម្មពិធី​បុណ្យ​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧។ (រូបថត​ដកស្រង់​ចេញ​ពី​ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី)

កាល​ពី​ឆ្នាំ​ទៅ​មិញ​ ក្រសួង​ព័ត៌មាន​បាន​បង្គាប់​បញ្ជា​ឱ្យ​បណ្ដាញ​ផ្សព្វ​ផ្សាយ​នានា​នៅ​កម្ពុជា ​ហៅ​ឈ្មោះ​ឥស្សរជន​នយោបាយ​នានា ​នៅ​កម្ពុជា​តាម​ឋានានុក្រម​ដែល​ប្រទាន​ដោយ​ព្រះ​មហាក្សត្រ ​បើ​មិន​ដូច្នោះ​ទេ ​ត្រូវ​ប្រឈម​នឹង​ការ​ព្យួរ​អាជ្ញាប័ណ្ណ​ ក៏​ប៉ុន្តែ​លោក ​ហ៊ុន​ សែន ​បាន​បញ្ជា​ឱ្យ​លុប​ចោល​សេចក្ដី​បង្គាប់​នេះ ​នា​ពេល​ក្រោយ​មក។

លោក ​អ៊ុក​ គឹមសេង ​បាន​បន្ត​ប្រាប់ VOA ​ថា៖​

«ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ​នៅ​កម្ពុជា​យើង​ខំ​ប្រឹង​ប្រែង ​ធ្វើ​យ៉ាង​ណា​ឱ្យបរិយាកាស​នេះ ​កាន់​តែ​ល្អ​ប្រសើរ​ តែ​ប៉ុណ្ណឹង​ទេ។ ​ទោះ​បី​បាន​ប្រសើរ​ដល់​កម្រិត​ណា​អី​កម្រិត​ណា ​ទាំង​អស់គ្នា ​ជា​អ្នក​វាស់​វែង ​ពិសេស​អ្នក​ធ្វើការ​ផ្ទាល់​[ផ្នែក​សារ​ព័ត៌មាន]​នៅ​កម្ពុជា​ហ្នឹង ​ត្រូវ​តែ​ដឹង​ថា ពួក​គាត់កំពុង​ធ្វើ​អីបាន ​ហើយ​មាន​ការ​ហាម​ឃាត់​របៀប​ម៉េច​ខ្លះ ​ដែល​ពួក​គាត់​យល់​ថា​មិន​សម​ស្រប​នោះ»។​

ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​អង្គការ​យូណេស្កូ ​ក្រសួង​ព័ត៌មាន​ និង​ភាគី​ពាក់​ព័ន្ធ​នានា ​បាន​នឹង​កំពុង​រៀបចំតាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​ដែល​ធានា​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​រវាង​ស្ថាប័នរដ្ឋ​ជាមួយ​នឹង​សាធារណជន​ និង​អ្នក​សារ​ព័ត៌មាន។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​អម​ការ​ចេញ​ផ្សាយ​ចំណាត់​ថ្នាក់​សាកល​ថ្មី​ផ្នែក​សេរីភាព​សារ​ព័ត៌មាន​នេះ ​អង្គការ​អ្នកសារ​ព័ត៌មាន​គ្មាន​ព្រំដែន​ ក៏​បាន​លើក​ឡើង​ពី​ការ​ធ្លាក់​ចុះជា​សាកល​នៃ​សេរីភាព​លើ​វិស័យ​សារព័ត៌មាន​ជា​សាកល​ផង​ដែរ ​ដែល​ទាក់ទង​យ៉ាង​ស្អិត​រមួត​ជាមួយ​នឹង​ភាព​ឡើង​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។​

សម្រាប់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ​ចំណាត់​ថ្នាក់​លេខ​មួយ​ផ្នែក​សារ​ព័ត៌មាន​នៅ​ឆ្នាំ​នេះ​បាន​ទៅ​លើ​ប្រទេស​ន័រវែស​ រី​ឯ​ប្រទេស​កូរ៉េ​ខាងជើង​វិញ ​បាន​ទទួល​ចំណាត់​ថ្នាក់​ចុង​ប៉ូច​គេ​ ហៅ​មិន​ឮ៕