ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ៖​ សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្តីពី​សិទ្ធិ​ជន​ពិការ​មិន​ស្រប​បទដ្ឋាន​អន្តរជាតិ

រូបឯកសារ៖ ជនពិការម្នាក់​កំពុង​ធ្វើ​ដំណើរ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ កាល​ពី​នៅ​ថ្ងៃ​អង្គារ បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ឡើង​វិញ​នូវ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​ស្តី​ពី​សិទ្ធិ​ជន​ពិការ។ អង្គការ​ទាំង​នេះ បាន​និយាយ​ថា​ពួក​ខ្លួន​មើល​ឃើញ​បញ្ញត្តិ​ជាច្រើន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ មិន​ស្រប​នឹង​បទដ្ឋាន​សិទ្ធិ​មនុស្ស​និង​ច្បាប់​អន្តរជាតិ ហើយ​ថែម​ទាំង​ដាក់​ទោស​ទណ្ឌ​និង​រើសអើស​ជន​ពិការ​ថែម​ទៀត​ផង។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស ​Human Rights Watch (HRW) ដែល​មាន​ទីស្នាក់​ការ​ធំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃ​ ទី​២៧​ ខែ​មេសា​ថា ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​ បាន​ប្រើ​ប្រាស់​ភាសា​ស្រពេចស្រពិល​ដែល​បង្ក​ឲ្យ​មាន​ការ​មាក់ងាយ​និង​រើសអើង​ជន​ពិការ​ ជា​ជាង​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​សិទ្ធិ​ស្មើ​ភាពចំពោះ​ការ​សិក្សា ការងារ និង​ការ​រស់នៅ​ដោយ​ឯករាជ្យ​ជាដើម។

អ្នក​នាង Kriti Sharma​ អ្នក​ជំនាញ​ខាង​សិទ្ធិ​ជន​ពិការ​នៃ​អង្គការHRW បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះថា៖ «កម្ពុជា​ត្រូវ​ការ​ច្បាប់​ស្តី​ពី​សិទ្ធិ​ជនពិការ​ជា​យូរ​មក​ហើយ ប៉ុន្តែ​សេចក្តី​ព្រាង​ច្បាប់​នេះ ចាំបាច់​ត្រូវ​តែ​ទម្លាក់​ចោល​នូវ​ភាសា​រើសអើង​និង​គាំទ្រ​សិទ្ធិ​ក្នុង​ការ​បញ្ចូល​ជនពិការ​ទៅ​ក្នុង​សង្គម​ គឺ​មិនមែន​ផាត់​ពួកគេ​ចេញ​ទេ»។

កាល​ពី​សប្តាហ៍​មុន អ្នក​រាយការណ៍​ពិសេស​ពីរ​រូប​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​សិទ្ធិ​ជន​ពិការ​ ក៏​បាន​ហៅ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​ថា​មិន​បាន​អនុលោម​តាម​អនុសញ្ញាអន្តរជាតិស្តី​ពី​សិទ្ធិ​ជន​ពិការ​ដោយសារ​វាដាក់​ទោសទណ្ឌ​និង​ពិន័យ​ទៅ​លើ​ជនពិការ​ថែម​ទៀត​ផង។​

ប៉ុន្តែ តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស បាននិយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ឆ្លើយ​តប​នឹង​អ្នក​រាយការណ៍​ពិសេស​ទាំង​ពីរ​នាក់​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​មេសាថា សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ មិន​បាន​ដាក់​បន្ទុក​ទៅ​លើ​ជន​ពិការ​ទេ តែ​ផ្ទុយ​ទៅ​វិញ​ វា​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​ពីជន​គ្រប់​រូប​ក្នុង​ការ​ធានា​សិទ្ធិ​ជន​ពិការ​ ដើម្បី​ធ្វើ​ឲ្យ​គុណភាព​ជីវិត​របស់​ពួកគេ​ប្រសើរ​ឡើង។

កម្ពុជាបាន​អនុម័ត​ច្បាប់​មួយ​ស្តីពី​សិទ្ធិ​ជន​ពិការ​កាល​ពី​ឆ្នាំ​២០០៩ ​និង​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ជន​ពិការនៅ​ឆ្នាំ​២០១២ ប៉ុន្តែ​នៅ​ខែ​មេសា​ឆ្នាំ​២០២០ រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ផ្តើម​ពិនិត្យ​ច្បាប់​នេះ​ឡើង​វិញ​ដើម្បី​ធ្វើ​វិសោធនកម្ម ប៉ុន្តែ​បាន​សម្រេច​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​ទាំង​ស្រុង​តែ​ម្តង។ នេះ​បើ​យោង​តាម​អង្គការ​សហ​ប្រជាជាតិ៕