ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនពិការ​កម្ពុជា​ទទូច​ឲ្យ​អ្នក​នយោបាយ​ដាក់​បញ្ហ​ជនពិការ​ក្នុង​គោល​នយោបាយ​គណបក្ស


រូប​ឯកសារ៖ ស្ត្រី​ជន​ពិការ​ម្នាក់​បោះឆ្នោត​នៅ​វត្ត​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
រូប​ឯកសារ៖ ស្ត្រី​ជន​ពិការ​ម្នាក់​បោះឆ្នោត​នៅ​វត្ត​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

ក្រុម​ជន​ពិការ​កម្ពុជា​ត្អូញត្អែរ​ថា​ ពួក​គេ​ត្រូវ​បាន​អ្នក​នយោបាយ​បំភ្លេច​ចោល​ ហើយ​មិន​មាន​គណបក្ស​នយោបាយ​ណា​មួយ​ដាក់​បញ្ហា​របស់​ពួក​គេ​ចូល​ក្នុង​គោល​នយោបាយ​របស់​បក្ស​នោះ​ទេ​ សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នេះ។​ ក៏​ប៉ុន្តែ​ គណបក្ស​នយោបាយ​ធំៗ​នៅ​កម្ពុជា ​អះអាង​ប្រាប់ VOA ថា​ពួក​គាត់​មិន​បាន​បំភ្លេច​ជន​ពិការ​ចោល​នោះ​ទេ។​

ការ​ដោះស្រាយ​បញ្ហា​របស់ជន​ពិការ​ នៅតែ​មិនមែន​ជា​អាទិភាព​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ នា​អាណត្តិ​ទី​៤។ នេះ​បើ​យោង​តាម​បទ​បង្ហាញ​មួយ​នៅ​ក្នុង​សិក្ខា​សាលា​សាធារណៈ​មួយ ​ដែល​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ​ក្នុង​សិក្ខាសាលា​ស្ដីពី​គោលការណ៍​ណែនាំ​សម្រាប់​ស្វែង​រក​មតិ​គាំទ្រ ដើម្បី​សិទ្ធិ​ជន​ពិការ​នៅ​កម្ពុជា​ លោក ងិន សៅរ័ត្ន នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជន​ពិការ​កម្ពុជា​ បាន​លើក​ថា​ គោលនយោបាយ​សម្រាប់​ជន​ពិការ​ ត្រូវ​បាន​គេ​បំភ្លេច​ចោល​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​នា​អាណត្តិ​ទី៤​នេះ។

លោក​បន្ត​ថា ​មិន​មាន​គណបក្ស​នយោបាយ​ណា​មួយ​ដែល​ដាក់​បញ្ចូល​បញ្ហា​ជន​ពិការ​ក្នុង​គោល​នយោបាយ​ និង​របៀបវារៈ​របស់​គណបក្ស​ខ្លួន​នោះ​ទេ។

លោក ងិន សៅរ័ត្ន​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា៖​

«គ្រប់​គណបក្ស​ហ្នឹង​អត់​ទាន់​បាន​ដាក់​របៀបវារៈ​ អំពី​ពិការភាព​ចូល​ក្នុង​ការ​ឃោសនា​បោះឆ្នោត​នៅ​ឡើយ​ទេ ដោយសារ​មើល​ឃើញ​ចំនួន​តិច អ្នក​នយោបាយ​ឲ្យ​តម្លៃ​ជន​ពិការ​ទាប​មែនទែន។ អត់​ដូច​សំឡេង​របស់​ស្ត្រី​ និង​យុវជន​ ឃើញ​ទិន្នន័យ​ច្រើន​ទាក់ទាញ​អ្នក​នយោបាយ​ចង់​បាន​ការ​គាំទ្រ​ពី​ពួកគាត់»។

សិក្ខាសាលា​ស្តី​ពីគោលការណ៍​ណែនាំ​ សម្រាប់​ស្វែងរក​មតិគាំទ្រ​ ដើម្បី​សិទ្ធិ​ជនពិការ​ ក្នុងរាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
សិក្ខាសាលា​ស្តី​ពីគោលការណ៍​ណែនាំ​ សម្រាប់​ស្វែងរក​មតិគាំទ្រ​ ដើម្បី​សិទ្ធិ​ជនពិការ​ ក្នុងរាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

សិក្ខាសាលា​ស្ដីពី​គោលការណ៍​ណែនាំ សម្រាប់​ធ្វើការ​ស្វែង​រក​មតិ​គាំទ្រ ដើម្បី​សិទ្ធិ​ជន​ពិការ​នៅ​កម្ពុជា ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ជន​ពិការ​កម្ពុជា​ បាន​ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល​ពេញ​មួយថ្ងៃ​កាល​ពី​ថ្ងៃ​ចន្ទ​នេះ ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ និង​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​គោល​នយោបាយ​ និង​ការ​អនុវត្ត​នា​នា​សម្រាប់​ជន​ពិការ។

របាយការណ៍​មួយ​របស់​ គ.ជ.ប​ បង្ហាញ​ថា​ មាន​ជន​ពិការ​កម្ពុជា​ចំនួន​ជាង​៨ពាន់​៥រយ​នាក់​ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត។ ចំនួន​នេះ​រាប់​បញ្ចូល​តែ​អ្នក​ដែល​ពិការ​ដៃ​ម្ខាង ឬ​ទាំង​សងខាង​ប៉ុណ្ណោះ។​ រីឯ​ អង្គការ​ជន​ពិការ​កម្ពុជា​ រក​ឃើញ​ថា​ ជន​ពិការ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ជាង​១ម៉ឺន​នាក់​ឯណោះ។

លោក​ ងិន សៅរ័ត្ន បញ្ជាក់​បន្ថែម​ថា​ គណបក្ស​នយោបាយ​កម្ពុជា​ គួរ​ឱ្យ​តម្លៃ​សន្លឹកឆ្នោត​របស់​ជន​ពិការ​ផង​ដែរ ព្រោះ​ថា​វា​ក៏​មាន​តម្លៃ​ស្មើ​នឹង​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការ​ជ្រើសរើស​អ្នក​ដឹក​នាំ​ថ្នាក់​មូលដ្ឋាន​ដែរ។​ យ៉ាងណា​ក៏​ដោយ​ លោក​បន្ថែម​ថា​ តម្រូវការ​របស់​ជន​ពិការ​ហាក់​ត្រូវ​បាន​គេ​មើល​រំលង​បើ​ធៀប​នឹង​ក្រុម​ដទៃ​ទៀត។

«ហើយ​មេឃុំ​ដឹងខ្លួន​ឯង​ថា​ នែ​ អញ​បាន​ជាប់​សន្លឹក​ឆ្នោត​ ដោយសារ​ជន​ពិការ​ដែរ។ អញ្ចឹង​នៅ​ពេល​ដែល​គាត់​ក្លាយ​ជា​មេឃុំ​ ចៅ​សង្កាត់​ គាត់​ចាប់ផ្ដើម​គិតគូរ​ជន​ពិការ។ ទី១​ ទាក់ទង​នឹង​សេវាកម្ម និង​ទី២​ ទាក់ទង​នឹង​ការចូលរួម​របស់​គាត់។ ទី៣​ ទាក់ទង​នឹង​ការ​គិតគូរ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ បង្គន់​អនាម័យ​ និង​ផ្លូវ​ចេញ​ចូល»។

បើ​តាម​លោក​ ​ងិន សៅរ័ត្ន​ ទោះជា​កន្លង​មក​ គ.ជ.ប ​បាន​ជួយ​សម្រប​សម្រួល​ដល់​ជន​ពិការ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ចូលរួម​ការ​បោះឆ្នោត​ក៏​ដោយ​ ក៏​ជន​ពិការ​នៅតែ​ប្រឈម​នឹង​ការ​លំបាក​ច្រើន​ទៀត​ មាន​ជាអាទិ៍​ ជម្រាល​នៅ​តាម​ការិយាល័យ​បោះឆ្នោត​មិនទាន់​គ្រប់គ្រាន់​ ហិប​ឆ្នោត​ការិយាល័យ​ខ្លះ​នៅ​ខ្ពស់​ពេក​ ច្រក​ចូល​បន្ទប់​សម្ងាត់​តូច​ចង្អៀត​ ការ​ផ្សព្វផ្សាយ​ និង​អប់រំ​ដល់​មន្ត្រី​បោះឆ្នោត​អំពី​ពិការភាព​នៅ​មាន​កម្រិត​ និង​ជន​ពិការ​គ​ថ្លង់​ មិន​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​ការ​បោះឆ្នោត​ជាដើម។​

អ្នកស្រី​ តែ ម៉ានីរ៉ុង​ សមាជិកា​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ គ.ជ.ប នៅក្នុង​សិក្ខាសាលា​ស្តី​ពីគោលការណ៍​ណែនាំ​ សម្រាប់​ស្វែងរក​មតិគាំទ្រ​ ដើម្បី​សិទ្ធិ​ជនពិការ​ ក្នុងរាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
អ្នកស្រី​ តែ ម៉ានីរ៉ុង​ សមាជិកា​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ គ.ជ.ប នៅក្នុង​សិក្ខាសាលា​ស្តី​ពីគោលការណ៍​ណែនាំ​ សម្រាប់​ស្វែងរក​មតិគាំទ្រ​ ដើម្បី​សិទ្ធិ​ជនពិការ​ ក្នុងរាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ អ្នកស្រី​ តែ ម៉ានីរ៉ុង​ សមាជិកា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លើក​ឡើង​ថា​ គ.ជ.ប បាន​រៀបចំ​ឲ្យ​មាន​ការ​អន្តរាគមន៍​ និង​ជួយ​សម្រួល​ដល់​ជន​ពិការ​នា​ថ្ងៃ​បោះ​ឆ្នោត​ខ្លះ​ដែរ​ ក៏ប៉ុន្តែ​ ការ​អនុវត្ត​ការងារ​របស់​គ.ជ.ប គឺ​ត្រូវ​ធ្វើ​តាម​ដែន​កំណត់​នៃ​ច្បាប់ និង​លទ្ធភាព​របស់​គ.ជ.ប។

អ្នកស្រី តែ ម៉ានីរ៉ុង ថ្លែង​រៀបរាប់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​សិក្ខាសាលា​នា​ថ្ងៃ​ចន្ទ​យ៉ាង​ដូច្នេះ​ថា៖

«នៅ​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​ គ.ជ.ប ​បាន​រៀបចំ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នូវ​ជម្រាល​មួយ​ចំនួន​ដល់​បងប្អូន​ពិការ​នៅ​ថ្ងៃ​បោះឆ្នោត​ដើម្បី​រុញ​រទេះ​ឡើង។ ទី២​ ជន​ពិការ​អាច​ស្នើ​សុំ​នរណា​ម្នាក់​ឲ្យ​ជួយ​បី ឬ​ជួយ​បន្ទាប​ហិបឆ្នោត​ជូន​គាត់។ ​គ.ជ.ប ចង់​ឲ្យ​ជន​ពិការ​បាន​ចូល​រួម​ពេញ​លេញ​ក្នុង​ការ​បោះឆ្នោត។ សន្លឹក​ឆ្នោត​មួយ​សន្លឹក​របស់​ជន​ពិការ គឺ​ស្មើ​នឹង​សន្លឹក​ឆ្នោត​មួយ​សន្លឹក»។

អ្នកស្រី​ តែ ម៉ានីរ៉ុង​ គាំទ្រ​ឲ្យ​គណបក្ស​នយោបាយ​ពិចារណា​ដាក់​បេក្ខភាព​ជា​ជន​ពិការ​ដែល​មាន​សមត្ថភាព​ឲ្យ​ឈរ​ឈ្មោះ​បោះឆ្នោត។

ដោយ​ឡែក​ ​លោក​ យឿង សុធារ៉ា​ មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​ Comfrel បាន​ប្រាប់ VOA ថា​ ការ​បង្កើត​គោល​នយោបាយ​ឃុំ​សង្កាត់​ គឺ​មាន​ដែល​កំណត់​តូច​ចង្អៀត​ ដោយ​ផ្អែក​ទៅ​លើ​តម្រូវការ​ជាក់​ស្តែង​នៅ​តាម​មូលដ្ឋាន​នីមួយៗ។ លោក​ថា ការ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ គួរ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​គោល​នយោបាយ​ថ្នាក់​ជាតិ​ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រច្រើន​ជាង។

«បើ​សិន​ជា​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ គណបក្ស​នយោបាយ​នីមួយៗ​ ត្រូវ​តែ​គិតគូរ​ហើយ។​ បើ​គណបក្ស​នយោបាយ​មិន​បាន​គិតគូរ​ដល់​សិទ្ធិ​ជន​ពិការ​ ខ្ញុំ​គិត​ថា​វា​ជា​ការ​ធ្វេស​ប្រហែស​របស់​គណ​បក្ស ​ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង​ហើយ។ ប៉ុន្តែ​សម្រាប់​ឃុំ​សង្កាត់​ គោល​នយោបាយ​របស់​ឃុំ​សង្កាត់​វា​មាន​ដែន​កំណត់»។

ការ​បកប្រែ​ភាសា​កាយវិការដល់​ជន​ពិការ​គថ្លង់​ នៅក្នុង​សិក្ខាសាលា​ស្តី​ពីគោលការណ៍​ណែនាំ​ សម្រាប់​ស្វែងរក​មតិគាំទ្រ​ ដើម្បី​សិទ្ធិ​ជនពិការ​ ក្នុងរាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
ការ​បកប្រែ​ភាសា​កាយវិការដល់​ជន​ពិការ​គថ្លង់​ នៅក្នុង​សិក្ខាសាលា​ស្តី​ពីគោលការណ៍​ណែនាំ​ សម្រាប់​ស្វែងរក​មតិគាំទ្រ​ ដើម្បី​សិទ្ធិ​ជនពិការ​ ក្នុងរាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ទិន្នន័យ​របស់​ក្រសួង​សង្គមកិច្ច​ឲ្យ​ដឹង​ថា ​ជន​ពិការ​នៅ​កម្ពុជា​មាន​ជាង​៥០ម៉ឺន​នាក់​ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៥។ រីឯ ​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​ឲ្យ​ដឹង​ថា ជន​ពិការ​នៅ​ប្រទេស​កម្ពុជា​រាប់​ទាំង​ជនពិការ​កាយសម្បទា​ និង​ពិការ​ផ្នែក​ស្មារតី ​មាន​ប្រមាណ​១០​ទៅ​១៥​ ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប។

លោក​ សុខ ឥសាន្ត​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លើកឡើង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​ដឹក​នាំ​ប្រទេស​ តែង​តែ​យកចិត្ត​ទុកដាក់​ចំពោះ​ជន​ពិការ​ជានិច្ច។

«អ៊ីចឹង​ទេ​បាន​ជានិច្ចកាល​ សម្ដេច​តេជោ​ ហ៊ុន សែន តែង​តែ​ផ្តាំ​ផ្ញើ​ក្រសួង​គ្រប់​ខេត្ត​ក្រុង​យក​ចិត្ត​ទុកដាក់ ​ជួយ​ឲ្យ​បងប្អូន​ជន​ពិការ​មាន​ការងារ​ធ្វើ​សមរម្យ​ ​ស្របតាម​លទ្ធភាព​ សមត្ថភាព​ និង​កាយសម្បទា​របស់​ខ្លួន»។

​ស្រដៀង​គ្នា​នោះ​ដែរ ​លោក​ អេង ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ ទាំង​គោលនយោបាយ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ ​និង​ថ្នាក់​ជាតិ។

លោក​បន្ត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​មាន​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​មួយ​ចំនួន​តូច​ដែល​ជា​ជន​ពិការ​ផង​ដែរ។

«យើង​មាន​មូលនិធិ​ឃុំ​មួយ​សម្រាប់​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​ រួម​ទាំង​ជន​ពិការ​ ​និង​ជន​ក្រីក្រ​ជាដើម។ ដោយ​ឡែក ​គោល​នយោបាយ​ថ្នាក់​ជាតិ​ ក៏​យើង​មាន​ក្នុង​សង្គមកិច្ច»។

គណបក្ស​នយោបាយ​នៅ​កម្ពុជា បាន​ចាប់ផ្ដើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ឃុំ-សង្កាត់​កាល​ពី​ថ្ងៃ​សៅរ៍។ ការ​ឃោសនា​ស្វែង​រក​សំឡេង​ឆ្នោត​ដែល​មាន​រយៈពេល​២​សប្ដាហ៍​នេះ​ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២​ ខែ​មិថុនា​ ហើយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា។

យ៉ាងណា​ក៏​ដោយ ក្រុម​ជន​ពិការ​កម្ពុជា​សង្ឃឹម​ថា ​គណបក្ស​នយោបាយ​នានា​ក្នុង​ប្រទេស​កម្ពុជា​នឹង​យក​ចិត្ត​ទុក​ដាក់​ដល់​ពួកគាត់​បន្ថែម​ទៀត​ នៅ​មុន​និង​ក្រោយ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ៕

XS
SM
MD
LG