កម្ពុជា​ផ្តល់​ម៉ាស​២​លាន​និង​បរិក្ខារ​វេជ្ជសាស្រ្ត​ផ្សេង​ទៀត​ដល់​ប្រទេស​នេប៉ាល់

កម្ពុជាបរិច្ចាគ​​ម៉ាស​ជាង​២​លាន​ និង​បរិក្ខារ​វេជ្ជសាស្រ្ត​មួយ​ចំនួន​​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ​ដល់​​​រដ្ឋាភិបាល​នេប៉ាល់។ (រូបថត​ពី​ Facebook​ ផ្លូវការ ​Samdech Hun Sen, Cambodian Prime Minister)

កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​បរិច្ចាគម៉ាស​ជាង​២​លាន​ និង​បរិក្ខារ​វេជ្ជសាស្រ្ត​មួយ​ចំនួន​ទៀត​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ​ដល់​រដ្ឋាភិបាល​នេប៉ាល់។ ​នេប៉ាល់​ជា​ប្រទេស​ទី​បួន​ហើយ ដែ​លកម្ពុជាបាន​ផ្តល់​អំណោយជា​ម៉ាសនិង​បរិក្ខារពេទ្យ​ទាំង​នេះ ​បន្ទាប់​ពីឡាវ មីយ៉ាន់ម៉ា និង​ទីម័រ​ខាង​កើត។

ពិធី​ប្រគល់ និង​ទទួល​បរិក្ខារ​វេជ្ជសាស្រ្ត​ចុងក្រោយ​នេះ ធ្វើ​ឡើង​នៅ​ព្រលាន​យន្ត​ហោះ​នេប៉ាល់ ​ក្រោម​អធិបតី​ភាព លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី ដែល​តំណាង​កម្ពុជា និង​រដ្ឋមន្រ្តី​សុខាភិបាល​របស់​ប្រទេស​នេប៉ាល់ តំណាង​ឲ្យ​ថ្នាក់​ដឹកនាំ​ប្រទេស​នេះ។

សម្ភារៈ​ទាំង​នោះ​រួម​មាន​ម៉ាស​ចំ​នួន​២​លាន ម៉ាស​ក្រណាត់​១០​ម៉ឺន ម៉ាស​N95ចំនួន​២​ម៉ឺន វ៉ែនតា​សុវត្ថិភាព​ចំនួន​២ម៉ឺន សម្លៀក​បំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល​ចំនួន​២​ម៉ឺន​ឈុត ម៉ាស៊ីន​វាស់​កម្តៅ​ចំនួន​៥០០ របាំង​មុខ​ចំនួន​២​ម៉ឺន​ជាដើម។

លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ថា​អំណោយ​ទាំង​នេះ គឺ​ជា​«សក្ខីភាព នៃ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ និង​សាមគ្គី​មិត្តភាព​ស្និទ្ធ​ស្នាល​»រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​នេប៉ាល់ ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នៃ​វិបត្តិ​សុខភាព​ពិភពលោក។

គួរ​បញ្ជាក់​ថា​ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០​មក កម្ពុជា​បាន​ផ្តល់​ម៉ាស​សរុប​ជាង​៧​លាន​ដល់​ប្រទេស​ទាំង​៤។

អ្នក​តាម​ដាន​នយោបាយ​នៅ​កម្ពុជា កន្លង​មក​លើក​ឡើង​ថា​ការ​បរិច្ចាគ​នេះ​បង្ហាញ​«កាយ​វិការ​មនុស្ស​ធម៌»និង​«យុទ្ធសាស្ត្រ​កិច្ចការ​បរទេស»​របស់​កម្ពុជា៕​