ប៉ូលិស​កម្ពុជា​បញ្ជូន​ជនជាតិចិន៦១នាក់ ​ទៅ​ប្រទេសចិន​ដោយ​សង្ស័យ​ពីបទ​ជម្រិតទារប្រាក់​តាមអ៊ីនធឺណិត

ជនជាតិ​ចិន​ត្រូវ​បាន​ចាប់​ខ្លួន​ពី​ការ​បោកប្រាស់​តាម​អ៊ិនធឺណិត។

ប៉ូលិស​កម្ពុជា​ឲ្យដឹងថា ពួកគេបាន​បញ្ជូនជនជាតិចិន៦១នាក់​ដែល​ប្រទេសចិន​តាមចាប់​ខ្លួន ​ដោយ​សង្ស័យថា ជម្រិតទារប្រាក់​តាមបណ្តាញ​អ៊ីនធឺណិត និងតាម​ទូរស័ព្ទ​ ប៉ុន្តែ​កោះ​តៃវ៉ាន់និយាយថា ក្នុងចំណោមនោះ​មាន១៩នាក់​មកពីកោះ​តៃវ៉ាន់។

ជនសង្ស័យថា ជា​ជន​ល្មើស​តាម​បណ្តាញ​ច្រើនរយនាក់​ត្រូវចាប់ខ្លួននៅ​ប្រទេស​កម្ពុជា​ ដែល​ក្លាយជា​កន្លែង​រកមុខរបរទុច្ចរិត​សំខាន់ធ្វើ​ឲ្យជនរងគ្រោះ​ខាត​បង់ថវិកា​ច្រើន​ពាន់​លាន​ដុល្លារ។ រូបភាព​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​ទទួលបាន​បង្ហាញ​ជនសង្ស័យ​ពាក់​អាវ​ពណ៌​ក្រហម ដែ​ទាំង​ពីរជាប់​ខ្នោះ មុនពេក​ពួកគេ​ត្រូវ​បញ្ជូន​ចេញ។ លោកអ៊ុក ហៃសិលា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍និយាយថា ប៉ូលិសចិន​បាន​មក​យក​ពួក​គេ។

លោក​ឲ្យដឹងថា នាយករដ្ឋាន​អន្តោប្រវេសន៍​បាន​បញ្ជូនជនសង្ស័យ៦១នាក់​ រួមមាន​ស្ត្រី​១៣​នាក់ ដែលជាប់ទាក់ទង​នឹង​ការជម្រិតទារ​ប្រាក់​តាម​អ៊ីនធឺណិត។ លោក​បន្តថា ពួក​គេ​ត្រូវឃាត់ខ្លួន​តាំងពី​តាំងពី​ពេល​ឆែកឆេរកាលពី​ថ្ងៃទី១៧ និងថ្ងៃទី២១ នៅភ្នំពេញ នៅ​ខេត្ត​កណ្តាល និង​ខេត្តព្រះសីហនុ។

មន្ត្រី​រដ្ឋាភិបាល​តៃវ៉ាន់​និយាយ​ថា ​ក្នុង​ចំណោម​ពួក​គេម​ាន​១៩នាក់​មក​ពី​កោះ​តៃវ៉ាន់ ហើយ​ថា តៃវ៉ាន់​បាន​ធ្វើ​ការតវ៉ា​ខ្លាំងក្លា​ប្រឆាំង​ចិន​ទាក់ទង​នឹង​ការ​បញ្ជូន​ពួកគេ​នេះ។ កោះ​តៃវ៉ាន់​មិន​សប្បាយ​ចិត្ត​យូរ​ហើយ ដែល​ថា ជន​ជាតិ​ចិន​តៃវ៉ាន់​ដែល​សង្ស័យ​ជាអ្នក​ជម្រិត​ទារប្រាក់​ត្រូវបានបញ្ជូន​ទៅ​ប្រទេសចិន ហើយ​រដ្ឋាភិបាល​កោះតៃវ៉ាន់​បាន​ចោទ​រដ្ឋាភិបាល​ក្រុងភ្នំពេញថា ធ្វើ​តាម​បញ្ជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​ប្រទេស​ចិនដៃ​គោក​ចាត់ទុក​ថា កោះតៃវ៉ាន់​ដែល​គ្រប់គ្រង​ខ្លួនឯង​គឺជា​ដែន​អធិបតេយ្យរបស់ចិន ហើយ​កម្ពុជា​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​មួយ​របស់​ចិន​នៅអាស៊ី​អាគ្នេយ៍៕