ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចាងហ្វាង​ក្រុម​ហ៊ុន​បោះ​ពុម្ពហុងកុង Gui Minhai ​ត្រូវ​បាន​ដោះ​លែង​តែ​នៅ​បាត់​ខ្លួន


រូបភាពឯកសារ៖ បាតុករ​នាំ​គ្នា​បិទ​រូបថត​របស់​អ្នក​លក់​សៀវភៅ​ដែល​បាត់​ខ្លួន​ អំឡុង​បាតុកម្ម​នៅ​ខាង​ក្រៅ​ការិយាល័យ​ទំនាក់​ទំនង​របស់​ Central People's Government ក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃទី​០៣ មករា ២០១៦។

ការព្រួយ​បារម្ភអំពី​សុវត្ថិភាព​របស់​ចាង​ហ្វាង​បោះ​ពុម្ព​សៀវភៅ​ម្នាក់​នៃ​ក្រុង​ហុងកុង Gui Minhai ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់ខ្លួន​ក្នុង​ប្រទេស​ថៃ​កាល​ពី​២​ឆ្នាំ​មុន កំពុង​កើន​ឡើង បន្ទាប់​ពី​ប្រទេស​ចិន​បាន​អះ​អាង​ថា​លោក​ត្រូវ​បាន​ដោះ​លែង​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៏​មុនរួច​មក។

​ជាង​មួយ​សប្តាហ៏​បាន​កន្លងផុត​ទៅ​ ហើយ​លោក​ Gui ​មិន​បាន​ទាក់​ទង​គ្រួសារ ឬ មិត្ត​ភ័ក្ត​របស់​លោក​ឡើយ ទោះ​ជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អះអាង​ថា លោក​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ក៏​ដោយ នេះ​បើ​តាម​សម្តី​របស់​កូន​ស្រី​លោក ឈ្មោះ ​Angela Gui។

កាល​ពី​ថ្ងៃពុធ​ម្សិលមិញ នាង​ Angela ​បាន​ប្រាប់​ស្ថានីយ​វិទ្យុ​ហុង​កុង​មួយ​ថា បើ​សិន​ជា​ឪពុក​នាង​គ្មាន​សេរីភាព​ដើម្បីធ្វើ​ដំណើរ​ក្នុង​ប្រទេស​ចិន ឬ​នៅ​បរទេស​ទេនោះ លោក​មិន​ត្រូវ​បាន​គេ​ដោះ​លែង ឬ មាន​សេរីភាព​ទេ។

ការអះអាង​អំពី​ការ​ដោះលែង​លោក​ Gui ​កើត​ឡើង​ចំពេល​ដែល​គណបក្ស​កុម្មុយនិស្ត​ចិន​ធ្វើសមាជ​ជាតិ។ ក្នុង​អំឡុង​កិច្ច​ប្រជុំ​ជាន់​ខ្ពស់ និង អំឡុង​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ​នោះ ប្រទេស​ចិន​ព្យាយាម​ក្តោបក្តាប់​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ អាជ្ញាធរ​ថែម​ទាំង​បាន​ចាប់​ខ្លួន​សកម្មជន​រាប់​សិប​នាក់ ដាក់​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​តឹង​រឹង ឬ​មួយ​ក៏​បញ្ជូន​ពួកគេ​ចេញ​ពី​រដ្ឋធានី​ប៉េកាំង ដើម្បី​អ្វី​ដែល​គេ​ហៅ​ថា វិស្សមកាលនោះ៕

XS
SM
MD
LG