មន្រ្តី​កម្ពុជា​នឹង​ទៅ​កោះ​ណូរូ​ដើម្បី​ជួប​ជន​ភៀស​ខ្លួន​ដែល​ធ្វើ​បាតុកម្ម​មិន​ចង់​មក​កម្ពុជា

រូបថត​ដែល​ផ្តល់​ឲ្យ​ដោយ​ក្រសួង​អន្តោប្រវេសន៍​និង​សញ្ជាតិ​អូស្រ្តាលី​នេះ បង្ហាញ​បុគ្គលិក​ពន្លត់​អគ្គីភ័យ ក្រោយពី​អ្នកស្វែង​រក​សិទ្ធិ​ជ្រកកោន​១២៥​នាក់ បាន​ធ្វើ​កូដកម្ម​នៅ​លើ​កោះ​ណូរូ​ នៅ​ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៣។

មន្រ្តី​ជាន់​ខ្ពស់​កម្ពុជាបាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ក្រុម​អ្នក​ជំនាញនៃ​ក្រសួង​ការ​បរទេស​និង​ក្រ​សួង​មហា​ផ្ទៃ​កម្ពុជា ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ណូរូ​ដើម្បី​ជួប​ជាមួយ​ជន​ភៀស​ខ្លួន​ បើ​ទោះ​បី​ជា​ជន​ទាំង​នេះ​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​កិច្ច​ព្រម​ព្រៀង​បញ្ជូន​ពួក​គេ​មក​ឲ្យ​តាំង​លំនៅ​នៅ​ប្រទេស​កម្ពុជា​ក៏ដោយ។​

លោក​ឧត្តម​សេនីយ៍​ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​មាន​ប្រសាសន៍​ថា​ ក្រុម​មន្ត្រី​នៃ​ក្រសួង​ទាំង​ពីរ ​បាន​រៀប​ចំ​ធ្វើ​ដំណើរ​ទៅ​កាន់​កោះក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នេះ​នៅ​ក្នុង​ខែ​តុលា​នេះ​ដើម្បី​ជួប​ជាមួយ​ជន​ភៀស​ខ្លួន​និង​ជូន​ព័ត៌មាន​ដល់​ពួក​គេ​អំពី​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ក៏ប៉ុន្តែ​ មន្ត្រី​អ្នក​នាំពាក្យ​ដដែល​មិន​បាន​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​ពិត​ប្រាកដ​នោះ​ទេ។​

«ក្នុង​ខែ​នេះ​យើង​ទៅ​ ប៉ុន្តែ​មិនមែន​ទៅ​ឃោសនា​រក​ទេសចរ​មក​ទស្សនា​ស្រុក​ខ្មែរ​ទេ»។​ ​

​ប្រទេស​កម្ពុជា និង​ប្រទេស​អូស្ត្រាលីចុះ​ហត្ថលេខា​កាល​ពី​សប្តាហ៍​មុន​លើ​អនុស្សរណៈ​យោគ​យល់​ស្តី​ពី​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី​មក​ឲ្យ​រស់​នៅ​ប្រទេស​កម្ពុជា។​

កិច្ច​ព្រមព្រៀង​នេះ​ទទួល​រង​ការរិះ​គន់​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាច្រើន។​

​យោងតាម​កិច្ច​ព្រម​ព្រៀង​នេះ​ មន្ត្រី​កម្ពុជា​នឹង​ត្រូវ​ទៅជួប​ជន​ភៀស​ខ្លួនទាំង​នេះ​ដោយ​ផ្ទាល់​នៅ​ជំរំដែល​ពួក​គេ​កំពុង​ស្នាក់​នៅ។ ​ហើយ​បង្ហាញ​ដល់​ពួក​គេ​អំពី​ស្ថាន​ភាព​រស់​នៅ​នៅ​កម្ពុជា​ បូកជា​មួយ​នឹង​ការ​ធ្វើ​កិច្ច​សម្ភាសន៍​ដោយ​ផ្ទាល់​នៅ​ទីនោះ​ មុននឹង​ផ្តល់​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​ដល់​ពួក​គេ​ដោយ​មាន​កិច្ច​សហការ​ជាមួយ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន។​

ជន​ភៀស​ខ្លួន​ជាង​១០០​០​នាក់​បាន​ស្វែង​រក​សិទ្ធិជ្រក​កោន​នៅ​ប្រទេស​អូស្តា្រលី ​ប៉ុន្តែ​ពួក​គេ​ត្រូវ​យក​ទៅ​ដាក់​ឲ្យ​ស្នាក់​នៅ​កោះ​ណូរូ ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៤៥០០​គីឡូម៉ែត្រ​ពី​ប្រទេស​អូស្ត្រាលី។ ​ហើយ​ពួក​គេ​នឹង​ត្រូវបញ្ជូនមក​កាន់​ប្រទេសកម្ពុជា​សម្រាប់​ការតាំង​លំនៅ​ជាជន​ភៀស​ខ្លួន​ស្រប​ច្បាប់។​

ដោយ​ផ្ទុយ​ពី​ទិសដៅ​ដែល​ពួកគេ​ប៉ុនប៉ង​ ជន​ស្វែងរក​ទី​ជម្រក​ទាំងនេះបាន​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់​ប្រឆាំង​ទៅ​នឹង​កិច្ច​ព្រម​ព្រៀងក្នុង​ការ​បញ្ជូន​ពួក​គេ​មក​កម្ពុជា។​ បាតុករ​ខ្លះ​បាន​ធ្វើ​ទារុណ​កម្ម​លើ​ខ្លួន​ឯង​ និង​បង្អត់​អាហារ​ផង​ដែរ។​

លោក​ឧត្តម​សេនីយ៍ខៀវ សុភ័គ​បញ្ជាក់​ថា ​បើ​ទោះ​ជា​ក្រុម​ជន​ភៀស​ខ្លួន​ធ្វើ​ការ​តវ៉ា​ក្តី ​កម្ពុជា​នៅ​តែ​បន្ត​នីតិវិធី​សម្រាប់​ទទួល​ពួក​គេ។​ ហើយ​កម្ពុជា​នៅ​តែ​រក្សា​គោល​ការ​ទទួល​យក​ពួក​គេ​ដែល​ចង់​មក​តាំង​លំនៅ​ដោយ​ស្ម័គ្រ​ចិត្ត​ ដូច​បាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​ជាមួយ​ប្រទេស​អូស្ត្រាលី។​

«វា​អាស្រ័យ​លើ​ការ​ស្ម័គ្រចិត្ត​ជា​លាយ​លក្ខណ៍​អក្សរ។ ​ពួក​គេ​ត្រូវ​ចុះ​ហត្ថលេខា​យល់​ព្រម​មក​ស្នាក់​នៅ។​ ចំពោះ​ការ​ធ្វើ​បាតុកម្ម​របស់​គាត់​គឺ​ជា​សិទ្ធិ​របស់​គាត់។​ បើ​គាត់​មិន​ចង់មក ​យើង​មិន​អាច​បង្ខំ​គាត់​ឲ្យ​មក​បាន​ទេ»។​

លោក​សួន ប៊ុនសក្តិ​ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ យល់​ថា​ ប្រទេស​កម្ពុជា​ និង​អូស្ត្រាលី​គួរតែ​ពិចារណា​លើ​លក្ខខណ្ឌ​សម្រាប់​ជន​ភៀស​ខ្លួននេះ​ឡើងវិញ​ នៅ​ពេល​ដែល​មាន​ការ​តវ៉ា​បែប​នេះ។​

«បើ​មាន​ជន​ភៀស​ខ្លួន​តវ៉ា​ ផឹក​ទឹក​សាប៊ូ ​មិន​ចង់​មក​កម្ពុជា​ហើយគឺ​កម្ពុជា​មិន​គួរ​ទទួល​ហើយ​អូស្ត្រាលី​មិន​គួរ​បញ្ជូន​ជន​ភៀស​ខ្លួន​ចេញ​ទេ។​ ហើយ​បើ​ហ៊ាន​បញ្ជូន​ពួក​គេ​ចេញ​ នេះ​ជា​ការ​រំលោភ​យ៉ាង​ច្បាស់​លាស់។​ ប្រទេស​ទាំង​ពីរ​ត្រូវ​ពិចារណា​ឡើង​វិញ​ ហើយ​ទុក​អនុស្សរណៈ​នៃ​ការ​យោគ​យល់​នៅ​ដោយ​ឡែក​សិន»។​

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​បំភ្លឺពី​លោក​កុយ គួង ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា តែមិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។​

យោង​តាម​ប្រភព​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ឲ្យដឹង​ថា​ ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ដែល​នឹង​ត្រូវ​បញ្ជូន​មក​ឲ្យ​រស់​នៅ​កម្ពុជា​ គេអាច​ដឹង​ថា ​មាន​ជនជាតិ​មួយ​ចំនួន​ ដូចជា​ជនជាតិ​ឥណ្ឌូណេស៊ី ​ជនជាតិ​អ៊ីរ៉ាក់​និង​ជនជាតិ​វៀតណាម​ផង​ដែរ៕​