រដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យដឹងអំពីជំហររបស់ខ្លួនជាថ្មីទៅនឹងការវិវឌ្ឍនានាចុងក្រោយនៅកោះតៃវ៉ាន់ថា ដែនកោះមួយនេះជាផ្នែកមួយនៃប្រទេសចិន ដោយប្រកែកមិនបាន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ការបញ្ជាក់ជំហរជាថ្មីរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញលើបញ្ហាកោះតៃវ៉ាន់ កើតឡើង បន្ទាប់ពីមានការចោទសួរពីអ្នកកាសែតស្តីពីការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ ទីដែលទើបតែមានការផ្លាស់ប្តូរមេដឹកនាំរបស់ដែនកោះដ៏ចម្រូងចម្រាសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកឡើងថា «ជំហរកម្ពុជាចំពោះបញ្ហាតៃវ៉ាន់គឺមានសង្គតិភាព»។
អ្នកនាំពាក្យក្រសួងបរទេសកម្ពុជាបានសង្កត់ធ្ងន់ថា៖ «កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ ដោយទទួលស្គាល់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីរបស់ចិន»។
បើតាមសេចក្តីថ្លែងការណ៍នេះ កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ និងគាំទ្រយ៉ាងមុតមាំរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់កោះតៃវ៉ាន់ លោក Lai Ching-te បានស្បថចូលកាន់់តំណែង ដោយបានធ្វើឱ្យគណបក្សប្រជាធិបតេយ្យចម្រើននិយម (Democratic Progressive Party (DPP) ដែលគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់កាន់អំណាចនៅអាណត្តិទី ៣ ជាបន្តទៀត។
នៅក្នុងសុន្ទរកថាស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទកន្លងទៅនោះ លោក Lai បានបញ្ជាក់ថា រដ្ឋបាលរបស់លោកនឹងបន្តប្រើប្រាស់ភាពក្លៀវក្លានៃប្រជាធិបតេយ្យរបស់តៃវ៉ាន់ជាកម្លាំងនិរន្តរ៍ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់រូបនេះក៏បានអំពាវនាវឱ្យរដ្ឋាភិបាលចិនបញ្ឈប់ការគំរាមកំហែងផ្នែកនយោបាយ និងយោធាលើតៃវ៉ាន់ និងធ្វើការជាមួយតៃវ៉ាន់ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
ការផ្លាស់ប្តូរមេដឹកនាំនៅកោះតៃវ៉ាន់កើតឡើងមួយខែក្រោយការមកបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបទេសចិនលោក វ៉ាង យី (Wang Yi) នៅកម្ពុជា។
អំឡុងពេលលោកវ៉ាងមានវត្តមាននៅទីក្រុងភ្នំពេញ កម្ពុជានិងចិនបានប្តេជ្ញាជួយគ្នាទៅវិញទៅមកដើម្បីរឹតចំណងមិត្តភាពដែកថែប និងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពជ្រាលជ្រៅនិងជាក់ស្តែង។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លោក សេង វណ្ណលី ប្រាប់វីអូអេថា ក្នុងនាមជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានទំនាក់ទំនងជិតដិតទាំងវិស័យសេដ្ឋកិច្ច និងការពារជាតិជាមួយចិន កម្ពុជាជារឿយៗបង្ហាញការគាំទ្រជំហររបស់ចិន។
លោកថ្លែងថា៖ «រដ្ឋាភិបាលកម្ពុជាចង់បង្ហាញថា ខ្លួនពិតជាមិត្តស្មោះស្ម័គ្រឬក៏មិត្ត ដែកថែប ដើម្បីបង្ហាញឱ្យចិនដឹងថា កម្ពុជានៅតែប្រកាន់ខ្ជាប់ម៉ឺងម៉ាត់ទៅលើគោលការណ៍ចិនតែមួយ ហើយមិនគាំទ្រឱ្យមានការបំបែក ឬក៏ការប្រកាសឯករាជ្យរបស់តៃវ៉ាន់»។
ក្នុងបញ្ហាកោះតៃវ៉ាន់នេះ រដ្ឋាភិបាលទីក្រុងប៉េកាំងរបស់លោកប្រធានាធិបតី Xi Jinping ធ្លាប់គំរាមប្រើយោធាដណ្តើមយកដែនកោះដែលមានរដ្ឋបាលគ្រប់គ្រងខ្លួនឯងនេះ ក្នុងករណីចាំបាច់ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ចិន។ បន្ថែមទៅនឹងការគំរាមកំហែងដែលបង្កឡើងដោយការបង្កើនសកម្មភាពយោធារបស់ចិន អ្នកជំនាញផ្នែកសន្តិសុខមួយចំនួនបាននិយាយថា តៃវ៉ាន់គួរតែប្រុងប្រយ័ត្នផងដែរចំពោះកិច្ចប្រឹងប្រែងរបស់ចិនក្នុងការបង្កើតឱ្យមានការបែកបាក់នយោបាយនៅតៃវ៉ាន់។
លោក សេង វណ្ណលី លើកឡើងទៀតថា ប្រធានាធិបតីតៃវ៉ាន់ថ្មីបានប្រើប្រាស់ពាក្យសម្តីធ្ងន់ៗក្នុងពេលស្បថចូលកាន់តំណែង ដោយបានប្រាប់ទៅទីក្រុងប៉េកាំងឱ្យឈប់បង្កការគំរាមកំហែងនានាមកលើតៃវ៉ាន់។
លោកបន្ថែមថា៖ «នៅក្នុងការប្រកាសចូលកាន់តំណែង លោកបាននិយាយធ្ងន់ៗមកកាន់ភាគីចិន ហើយស្នើឱ្យចិនបញ្ឈប់រាល់ការគំរាមកំហែងផ្នែកនយោបាយ គំរាមកំហែងការទូត ឬក៏បញ្ឈប់ការគំរាមកំហែងដោយប្រើប្រាស់កម្លាំងដើម្បីទៅក្តោបក្តាប់តៃវ៉ាន់»។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានគំរាមម្ដងហើយម្ដងទៀតថា ខ្លួននឹងប្រើកម្លាំងដើម្បីធ្វើយ៉ាងណាឱ្យខ្លួនអាចបង្រួបបង្រួមឡើងវិញជាមួយនឹងតៃវ៉ាន់។ រដ្ឋាភិបាលចិនយល់ឃើញថា លោក Lai គឺជាអ្នកដែលតស៊ូមតិទាមទារឯករាជ្យភាពរបស់តៃវ៉ាន់៕