ស្ថានភាព​កូវីដ​នៅ​កម្ពុជា​វិវត្ត​ទៅ​រក​កម្រិត​ធ្ងន់ធ្ងរ ទោះ​វិសាលភាព​ចាក់​វ៉ាក់​សាំង​បង្ការ​ពង្រីក​ធំធេង​

រូប​ឯកសារ៖ បុគ្គលិកសុខាភិបាលយកសំណាកពីពលរដ្ឋដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ ពីប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

អស់​រយៈ​ពេល​ជិត​៥​ខែ​នៃ​ការ​ឆ្លង​រាល​ដាលខ្លាំង​ក្លា​នៃ​ជំងឺកូវីដ​១៩​ក្នុង​ប្រទេស ដែលមិន​ធ្លាប់​មាន ស្ថានភាព​អាសន្ន​នៃ​ជំងឺ​រាតត្បាតជា​សាកល​នេះ អាច​នឹង​វិវត្ត​ទៅ​រក​សភាព​អាក្រក់​ជាង​នេះ​នៅ​កម្ពុជា។ នេះ​បើ​តាម​មន្ត្រីអង្គការសុខភាពពិភពលោក (WHO) និង​មន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា។

វេជ្ជបណ្ឌិត Li Ailan តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​សុខភាព​ពិភពលោក បាន​សរសេរក្នុងទំព័រ​Twitter របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ដោយ​បាន​បង្ហាញ​ក្ដី​បារម្ភ​ពីសមត្ថភាពទទួលព្យាបាលរបស់​ប្រព័ន្ធ​សុខាភិបាល​តប​នឹង​កំណើន​ជា​គំហុក​នៃ​ករណី​ឆ្លង​ជំងឹ​កូវីដ​១៩។

អ្នកស្រី​បាន​សរសេរថា៖ «កម្ពុជា​កំពុង​ធ្វើ​ដំណើរ​តម្រង់​ទៅ​រក​ការ​ឆ្លង​រាល​ដាល​ក្នុង​សហគមន៍​ទ្រង់​ទ្រាយ​ធំ​[នៃ​វីរុស​កូវីដ១៩] និង​ការ​ជន់​ជោរ​លើស​លប់​ហួស​កម្រិត​សមត្ថ​ភាព​ទទួល​បាន​នៃសេវា​ថែ​ទាំ​កម្រិត​ធ្ងន់​តាម មន្ទីរពេទ្យ​នានា បើ​សិន​ជា​វិធាន​ការ​បុគ្គល​និង​សង្គម​មិន​ត្រូវ​បាន​អនុវត្ត​ឱ្យ​បាន​ជា​បន្ទាន់ ពោរ​ពេញ​ដោយ​ទំនួល​ខុស​ត្រូវ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ទេ​នោះ»។

វេជ្ជ​បណ្ឌិត Li Ailan បាន​សរសេរ​បន្ត​ទៀត​ថា៖​«គួរឱ្យ​សោក​ស្ដាយ វីរុស​នេះ​នៅ​តែ​បន្ត​ធ្វើ​ដំណើរ​ឆ្លង​រាល​ដាល​យ៉ាង​ធំ​ធេង ហើយ​នឹង​មាន​ការបាត់បង់​ជីវិត​មនុស្ស​ជា​ច្រើន​បន្ថែម​ទៀត»។

មន្ត្រី​អង្គការ​សុខភាព​ពិភព​លោក​រូប​នេះ​បាន​បន្ថែម​ថា៖ «ជា​អកុសល [មក​ទល់​ពេល​នេះ]​មិន​ទាន់​មាន​សោះ​ឡើយ​នូវ​សញ្ញា​វិជ្ជមាន​នៃ​ការ​ដែល​អាច​បង្អង់​ល្បឿន​នៃការ​ចម្លង​រាល​ដាល។ អត្រា​ឆ្លង​ថ្មី​និង​ស្លាប់​ជា​មធ្យម​ប្រចាំ​សប្ដាហ៍​នៅ​តែ​កំពុង​កើន​ឡើង។ វិធាន​ការ​ដែល​កំពុង​ដាក់​ចេញ​ជា​ធរមាន​នា​ពេល​នេះ មិន​ទាន់​គ្រប់​គ្រាន់ ហើយ​អន្តរាគមន៍​ថ្មីៗ​នានា​ពិត​ជា​ចាំបាច់​ត្រូវ​ដាក់​ចេញ»។

វេជ្ជបណ្ឌិត ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ក៏​បាន​សរសេរ​នៅ​លើ​ទំព័រ Twitter របស់​អ្នកស្រី​កាល​ពី​ថ្ងៃ​សៅរ៍​ដែរ​ថា​គ្រោះ​អាសន្ន​កំពុង​តែ​ឈាន​មក​ដល់​នៃ​ស្ថានភាព​កូវីដ​នៅ​កម្ពុជា។

«យើង​កំពុង​មាន​ការ​បារម្ភ​អំពី​ការ​ឆ្លង​ផុត​បន្ទាត់​ក្រហម​ប្រសិន​បើ​ជា​មហាជន​នៅ​តែ​បន្ត​បន្ធូរ​បន្ថយ​នូវ​វិធាន​ការ​បង្ការ​ការពារ​នានា។ យើង​ត្រូវ​តែ​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ឥឡូវ​នេះ​ដើម្បី​កែកុន​ស្ថាន​ការណ៍​ឱ្យ​រក​សភាព​ដើម​វិញ។ ការ​ឆ្លង​ទ្រង់​ទ្រាយ​ធំ​ក្នុង​សហគមន៍​កំពុង​ស្ថិត​នៅ​ចំ​ពី​មុខ​យើង​ហើយ បើ​សិន​ជា​មាន​ការ​ចូល​រួម​តិច​តួច​ពី​បុគ្គល បណ្ដា​ក្រុម​គ្រួសារ និង​វិធាន​ការ​មិន​មែន​សុខាភិបាល​នានា»។

នា​សប្ដាហ៍​កន្លង​ទៅ គឺ​ចាប់​ពី​ថ្ងៃ​ទី​៥​ខែ​កក្កដា ដល់​ថ្ងៃ​ទី​១១​ខែ​កក្កដា ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ការ​ឆ្លង​កូវីដ​១៩​ថ្មី​ចំនួន​៦.៦៨៣ ករណី ក្នុង​នោះ​មាន​១.៥៣៣ ជា​ករណី​នាំ​ចូល​និង​មាន​ការ​ស្លាប់​មនុស្ស​ចំនួន​១៧៧​នាក់។ ជា​មធ្យម​មួយ​ថ្ងៃ​ឆ្លង​ថ្មី​៩៥៤​ករណី និង​ស្លាប់​២៥​នាក់។

ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍ គិត​ពី​ថ្ងៃទី​២៨​ខែ​មិថុនា ដល់​ថ្ងៃ​ទី​៤​ខែ​កក្កដា ក្រសួង​សុខា​ភិបាល​បាន​រក​ឃើញ​ការ​ឆ្លង​កូវីដ​១៩​ថ្មី​ចំនួន​៦.៦៥៥ ករណី ក្នុង​នោះ​មាន​១.០២៩ ជា​ករណី​នាំ​ចូល និង​មាន​ការ​ស្លាប់​មនុស្ស​ចំនួន​១៩២​នាក់។ ជា​មធ្យម​ក្នុង​សប្តាហ៍​នោះ​មួយ​ថ្ងៃ​ឆ្លង​ថ្មី ៩៥០​ករណី និង​ស្លាប់​២៧ នាក់។

អត្រា​ឆ្លង​ជា​មធ្យម​នា​រយៈពេល​ពីរ​សប្ដាហ៍​កន្លង​ទៅ​នេះ មាន​កំណើន​ខ្ពស់​ជាង​អត្រា​ឆ្លង​និង​ស្លាប់​ជា​មធ្យម កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ដែល​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​២០.៦៧៤​នាក់ និង​ស្លាប់​ ៤០៨​នាក់ ដែល​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ៗ មាន​ករណី​ឆ្លង​ថ្មី​៦៨៩​នាក់ និង​ស្លាប់​១៣​នាក់។

រូប​ឯកសារ៖ ភ្នាក់ងារសុខាភិបាលចាត់ចែងបូជាសាកសពអ្នកជំងឺកូវីដ១៩ម្នាក់នៅស្រុកកំពង់ត្រាច ខេត្តកំពត កាល​ពី​ខែមិថុនា ឆ្នាំ២០២១។ (រូបថត៖ ហ្វេសប៊ុក​ស្នងការដ្ឋាននគរបាលខេត្តកំពត)

ដើម្បី​បន្ធូរ​បន្ថយ​បន្ទុក​លើ​មន្ទីរ​សម្រាក​ព្យាបាល​នានា ក្រសួង​សុខាភិបាល​បាន​អនុញ្ញាត​ជា​ផ្លូវ​ការ​ឱ្យ​មាន​ការ​ព្យាបាល​តាម​ផ្ទះ​សម្រាប់​អ្នក​ជំងឺ​កូវីដ​១៩​ដែល​មាន​ស្ថាន​ភាព​ជំងឺ​ស្រាល ​ឬ​គ្មាន​រោគសញ្ញា ដែល​មន្ត្រី​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​មាន​រង្វង់​ពី​៧៥%​ទៅ​៨០%​នៃ​ករណី​សរុប។

នៅ​រាជធានី​ភ្នំពេញ​តែ​មួយ ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ មាន​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​តាម​ផ្ទះ​ចំនួន​១.០៣៣​នាក់។ នេះ​បើ​យោង​តាម​វេជ្ជបណ្ឌិត ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី។

កំណើន​នៃ​ការ​ឆ្លង​នេះ កើត​មាន​ឡើង​ចំ​ពេល​ដែល​ដំណើរ​ការ​ចាក់​ថ្នាំ​បង្ការ​ឬ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​សម្រេច​បាន​ជិត​៥​លាន​នាក់​នៅ​ទូទាំង​ប្រទេស ហើយ​រាជធានី​ភ្នំពេញ​ទើប​បាន​បិទ​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ពេញ​លេញ ដែល​មាន​មនុស្ស​ប្រមាណ​១​លាន​៧​សែន​នាក់​បាន​ទទួល​វ៉ាក់​សាំង។

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន វេជ្ជបណ្ឌិត​យក់ សម្បត្តិ រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល បាន​លើក​ឡើង​ថា​ក្រុម​ជំនាញ​របស់​រដ្ឋ​កំពុង​ពិនិត្យ​សិក្សា​លើ​ប្រសិទ្ធភាព​នៃ​វ៉ាក់​សាំង​ដែល​បាន​ចាក់​ជូន​ពលរដ្ឋ។

អ្នកស្រី​បញ្ជាក់ថា​៖ «ហើយ​ចំពោះ​ប្រសិទ្ធភាព​វ៉ាក់សាំង ដូច​ខ្ញុំ​ធ្លាប់​ជម្រាប​ជូន​ហើយ ថា​វ៉ាក់​សាំង​អាច​ការពារ​យើង​មិន​ឱ្យ​វិវត្ត​ទៅ​រក​សភាព​ធ្ងន់​ធ្ងរ ឬ​ស្លាប់​បាន ប៉ុន្តែ​បើ​សិន​ជា​យើង​មិន​ការពារ​និង​មិន​អនុវត្ត​«៣កុំ​៣ការពារ​»យើង​អាច​ងាយ​នឹង​ចម្លង ទោះ​បី​យើង​ចាក់​វ៉ាក់​សាំង​២​ដូស​ក្ដី»។

ក្នុង​ចំណោម​មនុស្ស​ជិត​៥លាន​នាក់ ដែល​បាន​ទទួល​វ៉ាក់សាំង​គិត​ត្រឹម​ថ្ងៃ​អាទិត្យ​មាន​ប្រមាណ​១លាន​៦​សែន​នាក់ដែល​បាន​ទទួល​វ៉ាក់សាំង BBIBP-CorV ផលិត​ដោយ Sinopharm មាន​ប្រមាណ​៣​លាន​នាក់ បាន​ទទួល​វ៉ាក់សាំង CoronaVac ផលិត​ដោយ​Sinovac។

បណ្ដា​ប្រទេស​ក្នុង​តំបន់ រួម​មាន​ថៃ ឥណ្ឌូណេស៊ី និង​សិង្ហបុរី កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​បាន​សម្ដែង​ការ​បារម្ភ​អំពី​ប្រសិទ្ធ​ភាព​នៃ​វ៉ាក់សាំង CoronaVac របស់​ក្រុមហ៊ុន Sinovac ជា​ពិសេស​ក្នុង​ការ​ប្រយុទ្ធ​នឹង​វីរុស​កូវីដ​ប្រភេទ​បំប្លែង​ថ្មី​ដូច​ជា​ដែលតា (Delta) និង​អាល់ហ្វា​ (Alpha)។

មាន​ការ​កត់ត្រា​និង​ការ​បញ្ជាក់​នា​ពេល​កន្លង​មក ថា​វីរុស​កូវីដ​១៩​បំប្លែង​ថ្មី​ប្រភេទ​អាល់​ហ្វា​(Alpha) ដែល​រក​ឃើញ​ដំបូង​នៅ​ចក្រភព​អង់​គ្លេស មាន​ចំណែក​ភាគ​ច្រើន ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ​១៩ ដែល​បាន​តេស្ដ​វិជ្ជមាន និង​សម្រាក​ព្យាបាល​ក្នុង​«ព្រឹត្តិ​ការណ៍​២០​កុម្ភៈ»​នេះ។

តំណាង​ក្រុមហ៊ុន​Sinovac ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ដក​ស្រង់​សម្ដី​ថា​វ៉ាក់​សាំង​ពីរ​ដូស​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ធ្លាក់​ចុះ​៣​ដង​តប​ទល់​នឹង​វីរុស​កូវីដ​ប្រភេទ​ដែល​តា​តែ​ថា​ការ​ចាក់​ដូស​ទី​បី​នឹង​បង្កើន​ប្រសិទ្ធភាព​ទល់​នឹង​កូវីដ​បំប្លែងថ្មី ទោះ​ក្រុមហ៊ុន​មិន​បាន​ផ្ដល់​ទិន្ន​ន័យ។

កាល​ពី​សប្តាហ៍មុន កម្ពុជាក៏​បាន​ប្រកាស​ថា​ខ្លួន​កំពុង​ពិចារណាចាក់​វ៉ាក់​សាំង​ដូស​ទី​បី​ដល់​ពលរដ្ឋ​ដែល​ទទួល​បាន​វ៉ាក់សាំង​ពីរ​ដូស​រួច​ហើយ​ផង​ដែរ ខណៈ​ការ​ចាក់​ពីរ​ដូស​ដំបូង​កំពុង​ពង្រីក​វិសាល​ភាព​ទៅ​បណ្ដា​ខេត្ត​តាម​ទី​ជនបទ ដែល​អាទិភាព​អាស្រ័យ​លើ​កម្រិត​ហានិភ័យ​លើ​តំបន់​នីមួយៗ។

រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​យក​វ៉ាក់សាំង​ចិន​ជា ​«បង្អែក​យុទ្ធសាស្ត្រ»​ក្នុង​យុទ្ធនាការ​ចាក់​ពង្រាយ​វ៉ាក់សាំង​ដល់​ប្រជា​ជន​គោល​ដៅ​១០​លាន​នាក់។ ក្នុង​ចំណោម​វ៉ាក់​សាំង​ប្រមាណ​១៦​លានដូស​ដែល​កម្ពុជា​បាន​ទទួល​គិត​ត្រឹម​ថ្ងៃ​ចន្ទ មាន​១៥​លាន​៧​សែន​ដូស​បញ្ជូន​ពី​ប្រទេស​ចិន ដែល​ជា​ជំនួយ​ឥត​សំណង​ខ្លះ និង​ការ​បញ្ជា​ទិញ​ភាគ​ច្រើន។

តប​នឹង​សំណួរ​របស់​វីអូអេ កាល​ពី​ថ្ងៃ​សុក្រ វេជ្ជ​បណ្ឌិត Li Ailan ដែល​ជា​អតីត​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Beijing (ប៉េកាំង) និង​ជា​អតីត​មន្ត្រី​ក្រសួង​សុខាភិបាល​ចិន បាន​លើក​ឡើង​ថា​វ៉ាក់សាំង Sinovac នៅ​តែ​មាន​ប្រសិទ្ធភាព​បង្ការ​ការ​ឈឺ​ធ្ងន់ និង​ទទួល​មរណភាព​ដោយ​វីរុស​កូវីដ​១៩។

វេជ្ជបណ្ឌិត​ Li បាន​សរសេរ​ថា៖ «ព្រម​ពេល​ជាមួយ​គ្នា គេ​ក៏​ត្រូវ​ត្រួត​ពិនិត្យ​អង្កេត​លើ​វីរុស​កូវីដ​១៩​បំប្លែងខ្លួន​ថ្មី​និង​ប្រសិទ្ធភាព​នៃ​វ៉ាក់​សាំង​នានា​ផង​ដែរ។ អង្គការ​សុខភាព​ពិភព​លោក​នៅ​តែ​ផ្ដល់​អនុសាសន៍​ឱ្យ​កម្ពុជា​បន្ត​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​ជូន​ពលរដ្ឋ​ឱ្យ​បាន​រហ័ស​បំផុត​តាម​តែ​ដែល​អាច​ធ្វើ​ទៅ​បាន»។

គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ កម្ពុជា​បាន​កត់ត្រា​ករណី​ឆ្លង​កូវីដ​សរុប​ជាង​៦​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន​ករណី​ជា​សះ​ស្បើយ​ជាង​៥៣.០០០​នាក់ និង​ករណី​ស្លាប់​ចំនួន​៩២៥​នាក់៕