ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​ករណី​ឆ្លង​កើនឡើង លោក ហ៊ុន​​ សែន​ អំពាវនាវ​ឲ្យ​មាន​ការ​ចែក​រំលែក​«​វ៉ាក់សាំង​ពហុភាគី​និយម»ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​កូវីដ​១៩


រូប​ឯកសារ​៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅ​ក្នុង​​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះ​នរា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី ២៦ ខែតុលា ឆ្នាំ២០២០។
រូប​ឯកសារ​៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅ​ក្នុង​​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះ​នរា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី ២៦ ខែតុលា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​អំពាវនាវ​ឱ្យ​មាន​ការ​ចែក​រំលែក​វ៉ាក់សាំង​ដោយ​ប្រកាន់​យក​គោលការណ៍​«វ៉ាក់សាំង​ពហុភាគី​និយម» ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​កើនឡើង​ករណី​ឆ្លង​និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩។

លោក ហ៊ុន សែន​ បាន​ថ្លែង​បែប​នេះ​ក្នុង​កិច្ច​ប្រជុំ​កំពូល​តាម​ប្រព័ន្ធ​វីដេអូ​កាល​ពី​ថ្ងៃ​អង្គារ​រវាង​គណបក្ស​នយោបាយ​នានា​លើ​ពិភពលោក​រួម​ទាំង​បក្ស​កម្មុយនីស្ត​ចិន​ផងដែរ។

ការ​លើក​ឡើង​នេះ កើត​ឡើង​ចំ​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​បញ្ជូន​វ៉ាក់សាំង​ផលិត​នៅ​សហរដ្ឋ​អាមេរិក​ទៅ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​ចំនួន​រួម​ទាំង​កម្ពុជា​ផង នេះ​បើ​ផ្អែក​តាម​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters បន្ទាប់​ពី​ប្រទេស​ចិន បាន​លក់​និង​ផ្តល់​ជា​អំណោយ​នូវ​វ៉ាក់​សាំង​របស់​ខ្លួន​ដល់​កម្ពុជា​ជាច្រើន​លាន​ដូស​រួច​ទៅ​ហើយ។

នៅ​ត្រឹម​ខែ​សីហា ​ឆ្នាំ​២០២១​នេះ កម្ពុជា​គ្រោង​នឹង​ទទួល​បាន​វ៉ាក់​សាំង​សរុប​២០​លាន​ដូស សម្រាប់​ចាក់​ពលរដ្ឋ​ចំនួន​១០​លាន​នាក់។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន។

គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ កម្ពុជា​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​សរុប​ជាង​៥​ម៉ឺន​៧​ពាន់​នាក់​រួម​ទាំង​ករណី​ឆ្លង​ថ្មីចំនួន​៩៨១​នាក់​ផង និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​សរុប​ជិត​៨០០​នាក់​រួម​ទាំង​ករណី​ស្លាប់ចុង​ក្រោយ​១៩​នាក់​ផង​ដែរ៕

XS
SM
MD
LG