ការបិទខ្ទប់រាជធានីភ្នំពេញនិងការបិទផ្សារបន្លែជាបន្តបន្ទាប់ ដើម្បីទប់ទល់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ ដូចជារអាក់រអួលដល់ចរន្តផ្គត់ផ្គង់ស្បៀងអាហារ ជាបន្លែ អាហារត្រីសាច់ដល់ប្រជាជនជាង ២ លាននាក់ ដែលកំពុងកំហិតខ្លួននៅផ្ទះ។
ចាប់តាំងពីថ្ងៃទី ១៥ ខែមេសាមក រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ស្ថិតក្រោមការបិទខ្ទប់ ដែលជាវិធានការរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឆ្លើយតបនឹងកំណើនការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ដែលកើនឡើងខ្លាំងក្នុងខែមេសានេះ។
អាជ្ញាធរមូលដ្ឋានក៏បានសម្រេចបិទផ្សារជាបន្តបន្ទាប់ ខណៈរកឃើញការឆ្លងវីរុសទៅលើបណ្ដាអាជីវករនិងអតិថិជន។ មកទល់នឹងថ្ងៃទី ២៣ ខែមេសានេះ មានផ្សារយ៉ាងតិច ២៥ ទីតាំងហើយដែលត្រូវបានបិទ ដើម្បីបញ្ចៀសមនុស្សកកកុញ។
អ្នកស្រី ស៊ី រ៉ាស៊ី អាជីវករបោះដុំបន្លែនៅផ្សារដើមគ និងស្វាមី ព្រមទាំងអាជីវករផ្សេងទៀតនៅផ្សារនេះ ត្រូវបានតម្រូវឱ្យផ្អាកអាជីវកម្មទាំងស្រុង តាំងពីសប្ដាហ៍មុន ដើម្បីធ្វើតេស្ដរកមេរោគកូវីដ១៩ បន្ទាប់ពីមានការឆ្លងរាលដាលក្នុងចំណោមអាជីវករក្នុងផ្សារដ៏ធំមួយនេះ។
អាជីវករវ័យ ២២ ឆ្នាំរូបនេះ និងស្វាមី ទទួលបានលទ្ធផលតេស្ដអវិជ្ជមាន ប៉ុន្តែតម្រូវឱ្យធ្វើចត្តាឡីស័ក។
អ្នកស្រីបានលើកឡើងថា ការផ្អាកអាជីវកម្មទាំងស្រុងនៅផ្សារដើមគ និងផ្សារផ្សេងទៀតក្នុងរាជធានីភ្នំពេញ បានប៉ះពាល់ដល់ការផ្គត់ផ្គង់អាហារ ដ្បិតអ្នកផ្គត់ផ្គង់ដឹកជញ្ជូនមកលក់ឱ្យអ្នកស្រី ក៏ពិបាកចូលមកភ្នំពេញ ហើយចូលមក ក៏មិនដឹងទៅលក់នៅកន្លែងណា។
អ្នកស្រីប្រាប់វីអូអេថា៖ «អាច បងអាច ព្រោះសូម្បីតែពួកខ្ញុំ ពេលខ្លះសឹងតែអត់មានសាច់ញ៉ាំនៅផ្ទះ រាល់ថ្ងៃហូបតែបន្លែ»។
អ្នកស្រី រ៉ាស៊ី បន្ថែមថា អ្នកស្រីនៅសល់បន្លែខ្លះ ដែលអាចធ្វើជាអាហារបរិភោគជាបណ្ដោះអាសន្ន ខណៈមានការលំបាកចេញក្រៅផ្ទះ។
អាជីវករបន្លែរូបនោះក៏បានស្នើដែរថា ក្រុមអាជីវករដែលទទួលបានតេស្ដអវិជ្ជមានគួរត្រូវបានអនុញ្ញាតឱ្យចេញមកលក់ខ្លះៗវិញ ដោយគោរពតាមវិធានការអនាម័យ ដើម្បីធានាការផ្គត់ផ្គង់ស្បៀងក្នុងក្រុង។
អ្នកស្រីបន្ថែមថា៖ «បើបានជម្រើសហ្នឹងក៏ល្អដែរ ព្រោះអីមួយរយៈហ្នឹងពួកយើងនៅផ្ទះអ៊ីចឹង ខ្វះខាតពួកយើងអត់សូវមានលុយគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ជីវភាព ព្រោះនៅផ្ទះបង ក៏ដឹងស្រាប់ហើយ អត់មានចំណូលអ្វីត្រូវចូលទេ»។
លោក យ៉ង សាំងកុមារ អ្នកជំនាញខាងកសិកម្មនិងជាសហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានជំរុញឲ្យរដ្ឋាភិបាលគួរពិចារណាឡើងវិញលើជម្រើសបិទផ្សារទាំងស្រុង ខណៈការផ្គត់ផ្គង់ចែកចាយស្បៀងអាហារនៅក្នុងទីក្រុងជួបបញ្ហារអាក់រអួល។
លោកមានប្រសាសន៍ថា៖ «យើងគួររៀបវាឡើងវិញ អ្នកដែលគាត់អត់មានផ្ទុកមេរោគ ឱ្យគាត់លក់តទៀតទៅ អ្នកដែលគាត់មានផ្ទុកមេរោគយកគាត់ទៅព្យាបាលទៅ ហើយយើងឧស្សាហ៍ធ្វើតេស្ដពួកគាត់ តែដូចខ្ញុំបញ្ជាក់អ៊ីចឹងគឺយើងត្រូវឱ្យគាត់អនុវត្តឱ្យបានត្រឹមត្រូវ»។
អ្នកជំនាញខាងកសិកម្មរូបនោះ បានឲ្យជាយោបល់ថា រដ្ឋាភិបាលគួរបញ្ឈប់អាជីវកម្មមិនចាំបាច់ក្នុងផ្សារ ដើម្បីទុកកន្លែងឱ្យអាជីវករលក់ម្ហូបអាហារត្រីសាច់ និងរក្សាគម្លាតសុវត្ថិភាព។
វីអូអេ មិនទាន់អាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ដើម្បីសុំការបំភ្លឺបាននៅឡើយទេ។
យ៉ាងណាក៏ដោយ ទាក់ទិននឹងរឿងបិទផ្សារនិងការផ្គត់ផ្គង់អាហារនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់វិទ្យុបារាំងអន្តរជាតិផ្នែកខេមរភាសា កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរកំពុងសម្រួលដឹកជញ្ជូនបន្លែត្រីសាច់ តាមរថយន្តក្រុងទៅលក់តាមទីតាំងនានាក្នុងរាជធានីភ្នំពេញ ហើយអាជ្ញាធរក៏មិនបានហាមឃាត់ការដឹកបញ្ជាទិញតាមអនឡាញនោះដែរ។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែវាពិតជាលំបាកជាងកាល ដែលយើងមិនទាន់បិទខ្ទប់ វាពិតជាលំបាកហើយ តែការលំបាករបស់យើងនេះ ចៀសមិនផុត នៅរយៈពេលខ្លី ប្រសើរជាងលំបាករយៈពេលវែង ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញនិងរាជរដ្ឋាភិបាល កំពុងរិះរកមធ្យោបាយ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកាន់តែមានភាពធូរស្រាលឡើង»។
លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងប្រចាំប្រទេសកម្ពុជានៃអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា រដ្ឋនានាត្រូវគិតគូរថ្លឹងថ្លែងវិធានការរដ្ឋបាលក្នុងការបិទផ្សារ ឬបិទទីតាំងនានាជាមួយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងសង្គមបណ្ដាលពីការបិទនោះ។
លោកស្រីបញ្ជាក់ថា ការបន្តឱ្យផ្សារបើក អាចធ្វើបានតាមរយៈការអនុវត្តវិធានការអនាម័យ ពិនិត្យកម្តៅរបស់អាជីវករនិងកម្មករក្នុងផ្សារ រក្សាគម្លាតពីតូបមួយទៅតូបមួយ ផ្ដល់ទឹកលាងដៃរក្សាអនាម័យនិងកំណត់ចំនួនមនុស្សក្នុងផ្សារ។
ព័ត៌មានទាក់ទង៖ ពលរដ្ឋមួយចំនួនបារម្ភកង្វះស្បៀងអាហារ ខណៈការបិទខ្ទប់ទីក្រុងភ្នំពេញកាន់តែតឹងរ៉ឹង
យ៉ាងណាក៏ដោយ ក្រុមអ្នកដាំដុះនិងដឹកជញ្ជូនបន្លែវិញ បានលើកឡើងផងដែរអំពីបញ្ហានៃការធ្វើដំណើរពិបាកនិងស្មុគស្មាញក្នុងការដឹកស្បៀងឱ្យមកដល់ភ្នំពេញ។
អ្នកស្រី ញ៉ែម សុវណ្ណារី កសិករដាំបន្លែនៅស្រុកត្រាំកក់ខេត្តតាកែវ លើកឡើងថា ការផ្គត់ផ្គង់កសិផលរបស់អ្នកស្រីនិងសមាជិកសហគមន៍កសិកម្មមកភ្នំពេញ ជួបឧបសគ្គ ដោយអ្នកដឹកជញ្ជូនមានកាន់តែតិចទៅ ប្រឈមមុខនឹងរនាំងរបស់សមត្ថកិច្ចជាច្រើនកន្លែង ទម្រាំមកដល់ភ្នំពេញ។
អ្នកស្រីប្រាប់វីអូអេថា៖ «បានផ្ញើទៅបន្តិចៗដែរអូន តែវាពិបាករឿងនាំចូល បើឡានគាត់ត្អូញពិបាកប្រាប់បងថា ពេលយកទៅមានរនាំងច្រើនកន្លែងដែលគាត់ហាម ហើយរនាំងមួយៗហ្នឹងពូឡានហ្នឹងគាត់សុំអនុញ្ញាតខាងអ្នកដែលយាមផ្លូវហ្នឹង លើកដៃសំពះថា បន្លែរបស់កសិករទេនាំយកទៅផ្សារ»។
ចំណែកអ្នកស្រី គីម ង៉ិច ជាកសិករដាំស្ពៃសាឡាដនៅក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល បានលើកឡើងថា ការបិទផ្សារនិងបិទខ្ទប់បានប៉ះពាល់ដល់ការប្រមូលទិញបន្លែនៅក្នុងមូលដ្ឋានអ្នកស្រី ហើយអ្នកស្រីបារម្ភថាស្ពៃសាលាដដែលត្រូវប្រមូលផលនៅចុងសប្ដាហ៍នេះ អាចនឹងគ្មានទីផ្សារ ខណៈការបិទទីក្រុងត្រូវបានកំណត់បញ្ចប់នៅថ្ងៃទី ២៨ ខែមេសា ប៉ុន្តែគេមិនទាន់ដឹងនៅឡើយថា តើរដ្ឋាភិបាលនឹងបន្តអូសបន្លាយការបិទខ្ទប់នេះទៀត ឬយ៉ាងណា៕