តុលាការ​កម្ពុជា​ចោទ​ប្រកាន់​សមាជិក​សភា​ជាប់​ឆ្នោត​គណបក្សប្រឆាំង​៥​នាក់​​

  • Robert Carmichael

ប៉ូលីស បិទ​ផ្លូវ​ពេល​ដែល​បាតុករ ​ទាម​ទារ​ឲ្យ​ដោះលែង​​សមាជិក​សភា​គណបក្ស​ប្រឆាំង​៥​នាក់ ថ្ងៃទី១៦ ខែកក្កដា ​ឆ្នាំ២០១៤។

ព្រះរាជអាជ្ញា​កម្ពុជា​បាន​ចោទ​ប្រកាន់​សមាជិក​សភា​ជាប់​ឆ្នោត៥​នាក់​របស់​គណបក្ស​ប្រឆាំងពី​ការ​បះបោរហើយ​នឹង​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​មួយ​ថ្ងៃ​បន្ទាប់​ពីការ​តវ៉ា​ប្រឆាំងក្នុង​រាជធានី​បាន​ក្លាយជា​អំពើ​ហិង្សា។​ ​ការ​ប៉ះ​ទង្គិច​កាល​ពី​ថ្ងៃ​អង្គារ​បាន​ចាប់​ផ្តើម ​បន្ទាប់​ពី​សមាជិក​សភា​ជាប់​ឆ្នោត​មួយ​ក្រុមរបស់​គណបក្ស​ប្រឆាំងនិង​ពួក​អ្នក​គាំទ្រ​របស់​ខ្លួន ​បាន​ព្យាយាមចូល​ទីលាន​សាធារណៈ​ក្នុង​រាជធានីដែល​ពួក​អាជ្ញាធរ​បានបិទ​ខ្ទប់​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។​

ពួក​សកម្ម​ជន​សិទ្ធិ​មនុស្សនិង​អ្នក​កាសែត​ ​ដែល​មាន​វត្តមាននៅ​កន្លែង​តវ៉ា​ប្រឆាំង​កាល​ពី​ថ្ងៃ​អង្គារ ​និយាយ​ថា ​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង ​បន្ទាប់​ពី​ពួក​ឆ្មាំ​ការពារ​សន្តិសុខខណ្ឌ​បាន​ព្យាយាម​បំបែកដោយប្រើហិង្សា​ប្រឆាំង​ពួក​អ្នក​គាំទ្រ​របស់​គណ​បក្សប្រឆាំងរាប់​រយ​នាក់​នៅ​ខាងក្រៅ​ទីលាន​ប្រជា​ធិបតេយ្យកណ្តាល​រាជ​ធានី​ភ្នំពេញ។​

បន្ទាប់​មក​ អំពើ​ហិង្សា​បាន​រីក​កាន់តែ​ធំ​ឡើង​ បន្ទាប់​ពី​ពួក​បាតុករ​បាន​វាយ​បក​ប្រឆាំងពួក​កង​សន្តិសុខ​វិញ​ ​ដោយ​ដេញ​តាម​ ហើយ​បាន​វាយ​តប់​ពួកគេ​ជា​ច្រើន​នាក់។​

រូបភាព​កាសែត​វីដេអូ​ពី​ការ​ប៉ះ​ទង្គិច​គ្នា​បាន​បង្ហាញ​ថា ​អំពើ​ហិង្សា​ដ៏​ព្រៃផ្សៃ​បាន​ប្រព្រឹត្ត​ធ្វើ​ទៅ​លើ​កង​សន្តិសុខ​ខ្លះ។ ​កងសន្តិសុខ​យ៉ាងហោច​ណាស់​ក៏​ម្នាក់​ដែរ ​បាន​ត្រូវ​វាយ​ចំក្បាល​ ​ដោយដុំ​ថ្ម​ កង​សន្តិសុខ​ផ្សេង​ទៀត​បាន​ត្រូវ​វាយ​នឹង​ដំបងរបស់​ខ្លួនឯង។ ​មនុស្សជាង៥​០​នាក់ ​បាន​រង​របួស ​ភាគ​ច្រើន ​ជា​កង​ការ​ពារ​សន្តិ​សុខ​ខ័ណ្ឌ។​

រដ្ឋាភិបាល ស្តី​បន្ទោស​ពួក​គណបក្ស​ប្រឆាំងចំពោះ​អំពើ​ហិង្សា​នេះ។ នៅឯ​សន្និសិទ​កាសែត​កាល​ពី​ថ្ងៃ​ពុធ ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល កែវ ​រ៉ាមី ​បាន​អះអាង​ថា តាម​រូប​ភាព​ដែល​បាន​ចុះ​ផ្សាយ​ក្នុងបណ្តាញ​សង្គមFacebookបាន​បង្ហាញ​ថា ​សកម្ម​ជន​របស់​គណបក្ស​ប្រឆាំង បាន​រៀប​ចំ​ផែនការ​ប្រើ​អំពើ​ហិង្សា​ជា​មុន។

​សំឡេង​ដែល​អស់​លោក ​អ្នក ​អាច​ឮ​ ​ជាអ្នក​បកប្រែ​របស់​រដ្ឋាភិបាល។

«ប្រសិនបើ ​អស់​លោក ​អ្នក មើល​លក្ខណៈ​នៃ​អំពើ​ហិង្សា ​វា​ព្រៃ​ផ្សៃ​បំផុត ​វា អមនុស្សធម៌​បំផុត។ ​គណបក្ស​សង្គ្រោះ​ជាតិ​ ចោទ​ប្រកាន់​រាជ​រដ្ឋាភិបាលពី​ការ​ចាប់​ផ្តើម​អំពើ​ហិង្សា ក៏ប៉ុន្តែ ​នេះជាការ​បំផ្លើស​ពិតប្រាកដ។ ​ប្រសិនបើ​ ​នេះជាការ​ពិត ​ដូច្នេះ ​យើង ​អាច​ឃើញ​ការ​ពិត​ជាក់​ស្តែង​ថា ​ពួក​រដ្ឋ​អំណាច កង​សន្តិសុខ​ខ័ណ្ឌ ​មាន​អ្នក​រង​របួស​ជា​ច្រើន ​ហើយ​ខាង​សកម្មជន​គណបក្សសង្គ្រោះ​ជាតិ ពួក​គេ​ ​គ្មានអ្នក​របួស​ទាល់​តែ​សោះ​ ​ដូច្នេះ ​យើង ​អាច​មើល​ឃើញ ​ថា​តើនរណា ​បាន​ចាប់​ផ្តើម​អំពើ​ហិង្សា​នេះ»។

លោក កែវ រ៉េមី ​បាន​និយាយ​បន្ត​ទៀត​ថា ​រដ្ឋាភិបាល ​នឹង​កាត់​ទោស​អ្នក​ដែល​ទទួល​ខុសត្រូវ​អំពើ​ហិង្សា​ទាំង​នោះ។

«​យើង ​ធានា​អះអាង​ថា ​យើង ​នឹង​ខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាពដើម្បីនាំ​យក​ពួក​មេដឹកនាំ​ ​ជន​ប្រព្រឹត្តបទល្មើសទាំង​នោះ ​ឲ្យ​ទទួល​ខុសត្រូវ​នៅ​មុខ​ច្បាប់»។ កាល​ពី​ថ្ងៃ​អង្គារ ​ពួក​អាជ្ញាធរ ​បាន​ចាប់​ខ្លួនសមាជិក​សភា​ជាប់​ឆ្នោត​៤​នាក់​របស់​គណបក្ស​ប្រឆាំងនៅទីលាន​ប្រជា​ធិបតេយ្យ​ហើយ​ ​បាន​ឃុំ​ខ្លួន​ពួកគេ​អស់​រយៈ​ពេល​មួយ​យប់។ ​កាល​ពី​យប់​ថ្ងៃ​ពុធ ​សមាជិកសភា​ជាប់​ឆ្នោត​ទាំង​៤​នាក់​នោះ និង​សមាជិក​សភាជាប់​ឆ្នោត​ម្នាក់​ទៀត​ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​និង​បុគ្គលិក​គណបក្ស​ប្រឆាំង​ម្នាក់​ទៀត ​បាន​រង​ការ​ចោទ​ប្រកាន់ពី​ការ​បះបោរ​និង​ការ​ញុះ​ញង់​ឲ្យ​មាន​អំពើ​ហិង្សា។​ ឥឡូវនេះ ​មនុស្ស​៦​នាក់ ប្រឈម​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​៣០​ឆ្នាំ។

​អង្គការសិទ្ធិ​មនុស្ស LICADHO ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​អ្នក​ទាំង​៦​នាក់​នោះ ​នឹង​ត្រូវ​ឃុំ​ខ្លួន​មុនពេល​កាត់​ទោស​នៅ​ក្នុង​គុក​ព្រៃ​ស​ខាង​ក្រៅ​រដ្ឋ​ធានី ​ដែល​ពោរពេញ​ទៅ​ដោយ​ពួក​អ្នក​ទោស។

​លោក យឹម សុវណ្ណ ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រឆាំង ​បាន​ថ្កោល​ទោស​ការ​ចោទ​ប្រកាន់​នេះ​ ​ហើយ​បាន​ស្តីបន្ទោសគណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​ជា​គណបក្សកាន់​អំណាច ​ចំពោះ​ការ​បណ្តែត​បណ្តោយឲ្យ​កងសន្តិសុខ​របស់​ខ្លួនវាយ​ប្រហារ​លើ​ពួក​បាតុករ ​ដែល​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។

«ទី​២ ​ពួកគេ ចាប់​ខ្លួន​សមា​ជិក​សភា​ជាប់​ឆ្នោត​ដែល​មាន​អភ័យឯក​សិទ្ធ​ ​វា ​ជា​ការ​ប្រឆាំង​រដ្ឋធម្មនុញ្ញ។​វា ជា​ការ​ប្រឆាំង​នឹង​ច្បាប់។ដូច្នេះ ​យើង ​ទាម​ទារឲ្យដោះ​លែង​សហការី​របស់​យើងដែល​ជា​សមាជិក​សភា​ជាប់​ឆ្នោតដោយ​គ្មាន​លក្ខខណ្ឌ ​ពី​ព្រោះ​ ពួកគេ ​មិន​បាន​ធ្វើ​អ្វីខុសទេ»។

ភាព​មិន​ចាញ់​មិន​ឈ្នះ​រវាងរដ្ឋាភិបាល​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណ​បក្ស​ប្រឆាំង ​មាន​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ។ ​វា ​បាន​ចាប់​ផ្តើម​បន្ទាប់​ពីការ​បោះ​ឆ្នោតទូទៅ​កាល​ពី​ខែ​កក្ក​ដាឆ្នាំ​ទៅ​ ​ដែល​បាន​ឃើញ​ថា ​គណបក្ស​ប្រឆាំង ​បាន​កើន​ឡើង​នូវ​សន្លឹកឆ្នោត​យ៉ាង​សម្បើម ​ដោយ​ឈ្នះ​បាន​អាសនៈ​សភា​ចំនួន​៥៥​នៃ​អាសនៈ​សភាទាំងអស់​ចំនួន​១២៣។

​ចាប់​តាំង​ពីពេល​នោះ​មក ​គណបក្ស​ប្រឆាំង បាន​អះអាង​ថា ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ CPP បាន​ធ្វើ​ឲ្យ​ខ្លួន​បាត់​បង់​ជ័យ​ជម្នះ។ ​ថ្វីបើ ​មាន​ការ​ចរចា​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ​គណបក្ស​ទាំង​២ ​មិន​បាន​ឈោង​ដល់​ការ​ព្រម​ព្រៀង ​ដោយ​គណបក្ស​ប្រឆាំង ​បាន​បដិសេធ​ពុំ​ព្រម​ទទួល​អាសនៈ​៥៥​នៅ​ក្នុង​សភា​ជាតិ​ដែលសមាជិក​សភា​ជាប់​ឆ្នោត​របស់​ខ្លួន​ មានសិទ្ធិ​ទទួល​បាន។ ខណៈ​ដែល​ កង​កម្លាំង​សន្តិសុខ​ខ័ណ្ឌ ​បាន​រងគ្រោះច្រើន​កាល​ពី​ថ្ងៃ​អង្គារ ​ការណ៍​នេះ​មួយផ្នែក ​ពី​ព្រោះ​តែ​ប៉ូលីស​ប្រឆាំង​កុប្បកម្ម​ប្រដាប់​ដោយ​អាវុធកម្មស្ថិត​នៅ​ខាង​ក្រោយ​របងលួសបន្លា​ដែល​ឡោម​ព័ទ្ធទីលាន​ប្រ​ជាធិបតេយ្យ ​ភាគ​ច្រើន ​មិន​បាន​ចូល​ជួយ​ពួកគេ​ទេ។

​កាល​ពី​ការ​ប៉ះ​ទង្គិច​មុន​ៗគឺ កងកម្លាំង​សន្តិសុខ​ខ័ណ្ឌ​ ​ដែល​ប្រព្រឹត្ត​ការ​វាយ​ដំ​ដោយ​ដំបង​ឆក់ របារដែក​ ​និង​ដំបងឆក់លើ​ពួក​បាតុករ ​អ្នក​ឈរ​មើលនិងបុគ្គលិក​បណ្តាញ​ផ្សាយ​ព័ត៌មាន។ ​កាល​ពី​ខែ​ឧសភា​ ​ទាំង​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិនិង​ក្លឹប​អ្នក​សារព័ត៌មានបរទេស​នៅកម្ពុជា​បាន​ថ្កោល​ទោសរលក​នៃ​ការ​វាយ​ប្រហារ​លើ​បុគ្គលិក​សារព័ត៌មានដែល​គ្មាន​រក​រឿង​អ្នក​ណា​នោះ។​

ទោះ​ជាយ៉ាង​ណាក៏ដោយ ​ការ​តវ៉ា​ប្រឆាំង​ផ្សេង​ទៀត​ រហូត​មក​ទល់​ពេល​នេះ ​មាន​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង​ឡើង។ ​មនុស្ស​យ៉ាង​ហោចណាស់​ក៏​៨​នាក់​ដែរ​ជា​កម្មករ​រោង​ចក្រ​ និង​អ្នក​ឈរ​មើល​បាន​ត្រូវ​កង​អាវុធហត្ថ​ជាតិ​បាញ់​សម្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ក្នុង​រយៈ​ពេល១​ឆ្នាំ​កន្លង​មក​នេះ។ ​ថ្វីបើ​ក្រសួង​មហាផ្ទៃ​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​កំពុង​ស៊ើប​អង្កេត​រឿង​ក្តី​ទាំង​នោះ ​ខ្លួន​មិន​ទាន់​បាន​ចេញផ្សាយការ​រក​ឃើញ​ ឬ​ការ​ចោទ​ប្រកាន់​ណាមួយ​របស់​ខ្លួន​លើ​អ្នក​ដែល​បាន​សម្លាប់​នោះ​ទេ៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន