តុលាការ​កាត់ទោស​អ្នកបកប្រែ​«រឿង​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ‍»​ឲ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំ

រូបឯកសារ៖ ​លោក ​រ៉ាត់​ រត្នមុនី​ អ្នកបកប្រែ​ឲ្យ​បណ្តាញ​ព័ត៌មាន​ទូរទស្សន៍​រុស្ស៊ី​ RT​ ឬ ហៅថា​ Russia Today ​ (រូបថត៖ ហ្វេសប៊ុក Rath Rott Mony)

លោក ​មុនី​ វ័យ​ ៤៧ឆ្នាំ ​សកម្មជន​សិទ្ធិ​ពលករ​ និង​ជា​អ្នក​បកប្រែ​ក្នុង​ការ​ផលិត​ភាពយន្ត​ឯក​សារ​ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ របស់​បណ្តាញ​ព័ត៌មាន​ទូរទស្សន៍​ RT ត្រូវបាន​​តុលាការ​ចោទ​ប្រកាន់​​ពី​បទ​ «ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង»​ តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ​។

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃ​ពុធ​នេះ​ បាន​ប្រកាស​សាលក្រម​កាត់​ទោស​លោក​រ៉ាត់​ រត្នមុនី​ អ្នកបកប្រែ​ឲ្យ​បណ្តាញ​ព័ត៌មាន​ទូរទស្សន៍​រុស្ស៊ី​ RT​ (ឬហៅថា​ Russia Today) ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​ និង​ត្រូវបង់​ប្រាក់​ជំងឺចិត្ត​ដល់​ដើមបណ្តឹង​រដ្ឋប្បវេណី​ពីរ​នាក់​ក្នុងម្នាក់​ៗ​ ចំនួន​៣៥​លាន​រៀល (ឬ​ប្រមាណ​ជាង​៨.០០០ដុល្លារ​សហរដ្ឋ​អាមេរិក)​។

លោក ​មុនី​ វ័យ​ ៤៧ឆ្នាំ ​សកម្មជន​សិទ្ធិ​ពលករ​ និង​ជា​អ្នក​បកប្រែ​ក្នុង​ការ​ផលិត​ភាពយន្ត​ឯក​សារ​ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ របស់​បណ្តាញ​ព័ត៌មាន​ទូរទស្សន៍​ RT ត្រូវបានតុលាការ​ចោទ​ប្រកាន់ពី​បទ​ «ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង»​ តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ​។

នៅក្នុង​សាលសវនាការ​នៃសាលាដំបូងរាជធានី​ភ្នំពេញ​ លោក ​កូយ សៅ​ ចៅក្រម​ជំនុំ​ជម្រះ​បាន​ប្រកាស​ថា៖

«​ក្រោយ​ពី​បាន​ចម្លើយ​ជនជាប់​ចោទ​ និងការ​បំភ្លឺ​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី​ ការ​ស្នើសុំ​របស់​តំណាង​អយ្យការ​ មេធាវីរបស់​ជនជាប់​ចោទ​ និង​សម្តី​ចុងក្រោយ​របស់​ជន​ជា​ប់​ចោទ​ និង​ក្រោយ​ពី​បាន​ពិចារណា​តាមផ្លូវច្បាប់​...​ទីមួយ​ ផ្តន្ទាទោសរ៉ាត់ រត្ន​មុនី​ ដាក់​ពន្ធ​នាគារ​២ឆ្នាំ​ ពីបទ​ ញុះញុង​ឲ្យ​មានការ​រើសអើង​ រឿង​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ...ប្រព្រឹត្ត​នៅឆ្នាំ​២០១៨ និង​បង្គាប់ឲ្យសង​សំណង​ខូចខាត​ដល់​ដើមបណ្តឹង​ទេព​ សាលីម​ និង​កែវ ម៉ាឡៃ​ ចំនួន​៣៥លានរៀល​ក្នុងម្នាក់​ៗ​»។

លោក​ចៅក្រម​ បានបញ្ជាក់​ថា​ គូភាគី​រឿងក្តីនេះ អាច​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​ទៅតាម​នីតិវិធី​ច្បាប់​ បន្ទាប់​ពីការ​ប្រកាស​សាលក្រម​នេះ​។

អ្នកស្រី​ កែវ ម៉ាឡៃ​ ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយរូប​ដែល​ជាតួសំដែង​ក្នុងរឿង​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​ សុំ​មិន​ធ្វើការ​អធិប្បាយ​អ្វី​ច្រើន​ទៅលើ​សាលក្រម​ដែល​តុលាការ​បានប្រកាស​នៅថ្ងៃ​ពុធនេះ។​ អ្នកស្រី​ថា​ នឹង​បញ្ចប់ក្តីក្តាំរបស់​កូនស្រី​ និង​អ្នក​ស្រី​ផ្ទាល់ ​នៅ​ត្រឹម​តុលាការ​ជាន់​ទាប​នេះ។​ អ្នកស្រីបន្ថែម​ថា ​អ្នកស្រីមិន​ចង់​បន្ត​រឿងក្តី​នេះ​ទៀត​ ដោយសារ​តែវាបាន​រំខាន​ដល់​ការ​រកស៊ីចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ។

ប៉ុន្តែ ​ឪពុក​លោក​រ៉ាត់ រត្នមុនី​ គឺលោក​ធួក​ ​រ៉ាត់ វ័យ​៦៩​ឆ្នាំ​ បានប្រាប់​ VOA ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​ ការកាត់​ក្តីនេះមិន​យុត្តិធម៌សម្រាប់​កូន​ប្រុស​របស់​លោក។

លោក ធួក រ៉ាត់ ឪពុក​បង្កើត​លោក រ៉ាត់ រត្នមុនី ដើរ​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ ២០១៩។ (ហ៊ុល រស្មី/VOA)

លោក​មាន​ប្រសាសន៍​ថា​៖

«​ដូចអយុត្តិធម៌​ដែរ​អូន​ ព្រោះ​វារឿង​របស់​គេ​»។

កាលពី​ឆ្នាំ​២០១៧​ លោក រ៉ាត់ រត្នមុនី​ ត្រូវ​បាន​បណ្តាញព័ត៌មាន​ RT ​ជួល​ឲ្យ​ជួយ​ធ្វើការ​ផលិត​ភាពយន្ត​ឯកសារ«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​»។

ក្រោយ​ពីវីដេអូ​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ខែកញ្ញា​ ឆ្នាំ​២០១៨​ ​រដ្ឋា​ភិបាល​កម្ពុជា​បាន​រិះគន់​ ហើយ​ចោទ​ថា​ ភាព​យន្ត​ឯកសារ​នោះ​គឺ​ជា​ការ​ប្រតិដ្ឋក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់​កម្ពុជា។ ដោយ​មាន​ការ​ភ័យ​ខ្លាចពីការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជានោះ​ លោក ​រ៉ាត់ រត្នមុនី​ និង​គ្រួសារ​លោក​បាន​គេច​ទៅ​ប្រទេស​ថៃ​ ដើម្បី​ស្វែង​រក​សុំ​សិទ្ធិ​ជ្រកកោន​។

ប៉ុន្តែ​បន្ទាប់​ពី​មាន​ការ​ស្នើសុំ​ពី​រដ្ឋាភិបាល​កម្ពុជា​ រដ្ឋាភិបាល​ថៃ​ក៏​បាន​ចាប់​ខ្លួន​និង​បញ្ជូន​លោក​មក​កម្ពុជា​វិញ​ កាល​ពីខែ​ធ្នូ​ ឆ្នាំ​២០១៨។​

លោក ​យី សុខសាន្ត​ មន្ត្រី​ឃ្លាំមើល​ជាន់ខ្ពស់​របស់​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) ​ដែល​បាន​តាម​ដាន​សំណុំរឿង​លោក​មុនី​ ប្រាប់​ VOA ថា​ លោកមុនីនឹងប្តឹងឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​ប្រកាស​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធនេះ​។

លោក យី សុខសាន្ត មន្ត្រី​ឃ្លាំមើល​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ថ្លែង​ពី​ការកាត់ទោស​អ្នក​បក​ប្រែ​ឲ្យ​បណ្តាញ​ព័ត៌មាន​រដ្ឋរុស្ស៊ី​ RT នៅ​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី​២៦ ខែ​មិថុនា​ ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​ យល់​ថា​ លោកមុនី​បានក្លាយ​ជាជនរងគ្រោះ​ នៃវិជ្ជាជីវៈ​របស់​គាត់​ ដែល​បាន​បំពេញ​តួនាទី​ត្រឹម​តែ​ជាអ្នកសារព័ត៌មាន​ និង​ជា​អ្នកបកប្រែឲ្យ​បណ្តាញ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី ​RT ប៉ុណ្ណោះ។

«តុលាការ​រាជធានី​ភ្នំពេញ​មេត្តា​ ឬមួយក៏ទៅ​ឧទ្ធរណ៍​ មេត្តា​ទម្លាក់​ចោល​ការ​ចោទប្រកាន់​មក​លើ​រូបគាត់​ ពីព្រោះគាត់​ជា​អ្នកសារព័ត៌មាន​ម្នាក់​ដែរ​ អ៊ីចឹង​គាត់​ចង់​បាន​ព័ត៌មាន​ពិត​ ផ្សាយ​ជូន​ប្រជាពលរដ្ឋ​ ដើម្បី​ឲ្យពិចារណា​ ហើយ​អ្វី​ដែល​គាត់​ធ្វើនេះ​ គឺក្នុង​នាម​គាត់​ ជាអាជីព​អ្នក​សារព័ត៌មាន​ ហើយ​គាត់​ជា​អ្នកបកប្រែទេ​។ អ៊ីចឹង​ អាការណ៍​អ្នកបកប្រែ​ បើយើង​និយាយ​ទៅ​គេ ដូច​ ដូច​ស៊ីឈ្នួល​គេបកប្រែ​ គេ​ឲ្យ​ប៉ុន្មាន​ យើង​យក​ប៉ុណ្ណឹងទៅ​ ហើយ​អ៊ីចឹង​ ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​មិន​មែន​គាត់​ទេ​»។

ភ្លាម​ៗ​ ក្រោយ​ការ​ប្រកាស​សាលក្រម​របស់​សាលាដំបូងរាជធានី​ភ្នំពេញ​ ដែល​កាត់​ទោស​លោក​មុនី​ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំគិត​ចាប់តាំង​ពីការ​ឃុំខ្លួនមក​នោះ​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watchដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បានបន្តអំពាវនាវ​ឲ្យ «​លុបចោល​ការ​កាត់​ទោស​លោក​មុនី​ជាបន្ទាន់​ ដើម្បី​ឲ្យលោកមាន​សេរីភាព​ជួប​ជុំ​គ្រួសារ​ និង​កូន​ប្រុស​របស់​លោក»។

លោក​ Phil Robertson នាយករង​អង្គការឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​ បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃពុធនេះ​ តាម​ន័យ​ដើមថា​៖​ «​រ៉ាត់​ រត្នមុនី​ គួរតែ​មិន​ត្រូវបាន​ចាប់​ខ្លួន​តែម្តង​ ដើម្បី​ទទួល​ការ​កាត់ក្តី​ និង​កាត់​ទោស​ ទោះ​តិច​ឬ​ច្រើន ចំពោះ​សកម្មភាពរបស់​លោក​ក្នុងនាម​ជា​អ្នកសម្រប​សម្រួល​យក​ព័ត៌មាន​ និង​បកប្រែឲ្យ​ក្រុមផលិត​ភាព​យន្តឯកសារ​RT។ បទចោទប្រកាន់​ប្រឆាំងនឹង​លោក​ គឺ​ជាការបន្ទាបតម្លៃ​ដល់​សេរីភាព​សារព័ត៌មាន​»។

លោក​បាន​បន្ថែមថា៖

«ហេតុការណ៍​ពិត​នៃបញ្ហានេះ​ គឺកម្ពុជាកំពុង​ព្យាយាម​បិទបាំង​ភាពក្រីក្រ​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ ដែលបាន​បង្ខំ​ឲ្យអ្នករស់​នៅ​ទីក្រុង​ជាច្រើន​នាក់​លើក​ទឹកចិត្ត​កូនស្រី​របស់​ពួកគេ​ឲ្យ​ ចូល​ទៅ​ក្នុង​របរ​រកស៊ីផ្លូវភេទ​ដើម្បី​រស់​ដោយ​ការ​ក្បិត​ក្បៀត​។ ការ​សម្រេច​ដាក់​ពន្ធនាគារ​លោក​មុនី​ គឺ​ជាឧទាហរណ៍​មួយ​របស់​កម្ពុជា​ ដែលកំពុង​ដាក់​ការ​ស្តីបន្ទោស​ដល់អ្នក​ដែល​បាន​ប្រាប់​សហគមន៍​អន្តរជាតិ​អំពី​ការណ៍ពិត​ ដែល​បង្កភាព​មិនស្រណុក​ក្នុងចិត្ត​ និង​ដែល​រដ្ឋាភិបាល​ចង់លាក់​បាំងឧស្សាហកម្ម​ផ្លូវភេទ​នៅកម្ពុជា​ដែលមាន​រាប់​បញ្ចូលកុមារអាយុ​ក្រោម​១៨ឆ្នាំ​ ហើយ​ដែល​រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​ចាត់​វិធានការ​សមស្រប​ដើម្បី​ដោះស្រាយ​បញ្ហានេះ»៕