សាលា​ឧទ្ធរណ៍​តម្កល់​សាលក្រម​​ឃុំខ្លួន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​កាន់​បដា​រូបថត​​សមាជិក​ព្រឹទ្ធសភា លោក​ ហុង សុខហួរ​ ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៥។

លោក​ ហុង សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ដែល​កាន់​សញ្ជាតិ​បារាំង​ខ្មែរ ​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​លោក​កាល​ពី​ថ្ងៃ​ទី​១៦​​ ខែ​សីហា​ឆ្នាំ​២០១៥។​

សាលា​ឧទ្ធរណ៍​ កាល​ពី​ថ្ងៃពុធ​ម្សិលមិញ​នេះ​ បាន​តម្កល់​ទុក​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​បាន​ឃុំ​ខ្លួន​លោក ​ហុង សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​សម រង្ស៊ី​ ក្រោមការ​ចោទ​ប្រកាន់​ពី​បទ​«ក្លែង​បន្លំ​ឯក​សារ​សា​ធារណៈ​ ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ ​និង​ញុះញង់»។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេធាវី​ដែល​ការពារ​ក្តី​ឲ្យ​សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ ​និង​ការ​បញ្ជាក់​ពីសកម្ម​ជន​សិទ្ធិ​មនុស្ស។​

លោក​ ហុង សុខហួរ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្តាល​ខែ​សីហា​ ​ក្រោយ​ពី​មាន​បទ​បញ្ជា​ពី​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ដែល​បាន​ចោទ​ថា សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ទាក់​ទង​នឹង​ការ​បង្ហោះ​ និង​ពន្យល់​ពី​សន្ធិ​សញ្ញា​មួយ​ដែល​ប្រទេស​កម្ពុជា​និង​វៀតណាម​បាន​ចុះ​ហត្ថលេខា​នៅ​ខែ​កុម្ភៈ​ឆ្នាំ​១៩៧៩។ ​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធ​សភា​ទាំង​មាន​អភ័យ​ឯកសិទ្ធិ​ជាប់​នឹង​ខ្លួន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ការ​ប្រកាស​នូវ​បទ​បញ្ជា​ដោយ​លោក​នាយករដ្ឋមន្ត្រី។​

លោក​ជួង​ ជូងី​ មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​បី​រូប​ដែល​ការពារ​ក្តី​ឲ្យ​លោក​ហុង សុខហួរ​ ​បាន​មាន​ប្រសាសន៍ប្រាប់​ VOA ​ថា​ លោក​ ឃុន លាងម៉េង ​ប្រធាន​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ ​បាន​ច្រាន​ចោទ​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​របស់​លោក​ប្រឆាំងនឹង​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ។ តុលាការ​សាលា​ឧទ្ធរណ៍​សំអាងថា​ ខ្លួនមិន​ចង់​ឃើញ​លោក​ហុង សុខហួរ​ប្រព្រឹត្ត​ខុស​សារ​ជាថ្មី​ទៀត។​

«គេ​បាន​សម្រេច​ច្រាន​ចោល​បណ្តឹង​ឧទ្ធរណ៍​របស់​ខ្ញុំ​ចោល​ ហើយ​តម្កល់​សម្រេច​ដីការ​សម្រាប់​ឃុំ​ខ្លួន​ទុក​ជា​បាន​ការ​ដដែល​ ដោយ​សាលា​ឧទ្ធរណ៍​យល់​ឃើញ​ថា​ ដើម្បី​បញ្ចប់​បទល្មើស​ កុំ​ឲ្យ​បទល្មើស​ កើត​ជា​ថ្មី​ និង​រក្សាជន​ត្រូវ​ចោទ​ ទុក​ជូន​តុលាការ​ចាត់​ការ​តាម​នីតិ​វិធី​ និង​ដើម្បី​រារាំង​កុំឲ្យ​មាន​ភាព​វឹក​វរ​ដល់​សង្គម»។​

លោក​មេធាវី​បញ្ជាក់​បន្ថែម​ថា ​លោក​មិន​អាច​ទទួល​យក​ការ​សម្រេច​របស់​តុលាការ​សាលា​ឧទ្ធរណ៍​នេះ​បាន​ទេ​ ហើយ​ថា ​លោក​នឹង​ប្តឹង​ទៅ​តុលាការ​កំពូល​ទៀត។​

លោក​ ហុង សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ដែល​កាន់​សញ្ជាតិ​បារាំង​ខ្មែរ ​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​លោក​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា​ឆ្នាំ​២០១៥។​

លោក​ណៃ វ៉ង់ដា​ អនុប្រធាន​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​ និង​ច្បាប់​នៃ​សមាគម​អាដហុក​ បាន​មើល​ឃើញថា​ ការ​សម្រេច​របស់​តុលាការ​សាលា​ឧទ្ធរណ៍​នេះ​គឺ​ស្ថិត​នៅ​ក្រោម​កំសួល​នយោបាយ​ដែល​កំពុង​កើន​ឡើង​សារ​ជា​ថ្មី​ទាក់​ទិន​នឹង​បញ្ហា​បូរណភាព​ទឹកដី។​ លោក​និយាយ​ថា​ វា​ជា​រឿង​ចម្លែក​ទៅវិញ​ទេ​ ប្រសិន​បើ​តុលាការ​សាលា​ឧទ្ធរណ៍​ព្រម​ធ្វើ​តាម​ពាក្យ​បណ្តឹង​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ហុង សុខហួរ​នោះ។

ថ្លែង​នៅក្នុង​ពិធី​បើក​សន្និបាត​តំណាង​សមាគម​អតីត​យុទ្ធជន​ទូទាំង​ប្រទេស​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ក៏​បាន​ចំអកឲ្យ​មេដឹក​នាំ​គណបក្ស​ប្រឆាំង ដោយ​និយាយ​ថា លោកកុហក​អ្នក​គាំទ្រ​របស់​ខ្លួនអំពី​ការ​ដោះ​លែង​មន្ត្រី​ និង​សកម្ម​ជន​របស់​ខ្លួន​នេះ។​

«ឥឡូវ​ដោះទៅ!​ លោក​ឯង​ស្រែក​ថា​ ខែ​៨។​ ឥឡូវ​ចូល​ខែ​៩​ដោះ​អត់​ចេញ​ផង។​ លោក​ឯង​ភូត​ស្អីទៀត​ ​ភូត​ថ្លុក​ភូត​ត្រពាំង ​កុំ​ភូត​ណា៎។​ ​ចុះ​មក​ដល់​ សុទ្ធតែ​ថា ​«អូ!ខែ​៨​ដោះ​ចេញ»។​ ឥឡូវ​ខែ​៩​ដោះ​អត់​ចេញ ​ លោក​ឯង​ថា​ម៉េច?​ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​គាំទ្រ​លោក​ឯង​ តើ​និយាយ​ថា​ម៉េច​ ឥឡូវ​ហ្នឹង។​ បើ​គេ​ប្រកាស​ក្តែងៗ​ថា ​ខែ​៨​ដោះ​រួច​ហើយ​ឥឡូវ​ខែ​៩ ​ដោះ​មិន​ទាន់​រួច​ ឥឡូវ​ធ្វើ​ម៉េច?»​

លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា៖ ​«បើជ្រុល​ភូត​ ភូត​សមុទ្រ​អាត្លង់ទិក​ ប៉ាស៊ីហ្វិក​ឯណោះ កុំ​ភូត​ត្រឹម​ឈូង​សមុទ្រ​ថៃ​ស្អីៗ​នេះ​ ហោចណាស់​ ភូត​ប៉ុន​សមុទ្រ​ចិន​ខាង​ត្បូង​ទៅ​ វា​ធំ​ជាង​បន្តិច»។​

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ លោក​គង់ គាំ​ ប្រធាន​គណបក្ស​សម រង្ស៊ី ឲ្យ​ដឹង​ថា ​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​បានដាក់​លិខិត​ទៅ​ប្រមុខ​រដ្ឋ​ស្តីទី​គឺ​លោក​សាយ ឈុំ​ ប្រធាន​ព្រឹទ្ធ​សភា​ ដើម្បី​ស្នើសុំឲ្យអង្គតុលាការ​ និង​អង្គនីតិ​ប្រតិបត្តិ​ទម្លាក់ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ហុង សុខហួរ។​ លោក​អះអាង​ថា​ លោក​ហុង សុខហួរ​នៅ​មានអភ័យ​ឯកសិទ្ធិ​ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធ​សភា​នៅ​ឡើយ។​

ប៉ុន្តែ​លោក​អ៊ុំ សារិទ្ធ អ្នក​នាំ​ពាក្យ​នៃ​ព្រឹទ្ធ​សភា​និង​ជា​អគ្គលេខាធិការ​ព្រឹទ្ធសភា បាន​ថ្លែង​ថា ​សំឡេង​ភាគ​ច្រើន​នៃ​សមាជិក​ព្រឹទ្ធ​សភា​បាន​សម្រេច​រួច​ហើយ​កាល​ពី​ខែ​សីហា​ ថា​ មិន​ឲ្យ​តុលាការ​ផ្អាក​ដំណើរ​ការ​ក្តីក្តាំ​នេះ​ទេ។​ លោក​ថា ​បញ្ហា​អភ័យ​ឯកសិទ្ធិ​គឺ​ជា​រឿង​មួយ​ដាច់​ដោយ​ឡែក។

លោក​ហុង សុខ​ហួរ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​អន្តរាគមន៍​ពិសេស​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​បាន​ដាក់​ឲ្យ​លោកស្ថិត​ក្នុង​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន​ ក្រោយពី​លោក​បាន​បង្ហោះ​កិច្ច​ព្រមព្រៀង​នា​ឆ្នាំ​១៩៧៩​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ដែល​ក្នុង​នោះ​លោក​បង្ហាញ​ថា​ ​វៀតណាម​ចូល​ក្នុង​ទឹកដី​កម្ពុជា​ច្រើន​ជាង​កម្ពុជា​ចូល​ទៅ​វៀតណាម៕