ភ្នំពេញ៖ សវនាការលើសំណុំរឿងលោកម៉ម សូណង់ដូ នាយកស្ថានីយវិទ្យុសម្បុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រធាធិបតេយ្យ បានបិទបញ្ចប់ហើយនៅថ្ងៃពុធនេះ។ ក្រុមអ្នកវិភាគនិងមេធាវីការពារក្តី រំពឹងទុកថា ជនជាប់ចោទអាចនឹងរួចផុតពីការចោទប្រកាន់ទាំងស្រុងពីបទបង្កើតតំបន់អបគមន៍ខុសច្បាប់ប្រឆាំងនឹងរដ្ឋាភិបាល។
នៅពេលដល់នាទីសន្និដ្ឋានជាស្ថាពរ លោក ហ៊ាន រិទ្ឋ តំណាងអយ្យការរបស់សាលាឧទ្ធរណ៍បានទម្លាក់ចោលការចោទប្រកាន់បទល្មើសឧក្រិដ្ឋពីរធំៗប្រឆាំងនឹងលោកម៉ម សូណង់ដូ ដែលបទល្មើសទាំងពីរនេះជាដើមចមដែលសាលាដំបូងក្រុងភ្នំពេញបានកាត់ទោសឲ្យលោកជាប់ពន្ឋនាគាររយៈពេល២០ឆ្នាំ។
លោក ហ៊ាន រិទ្ឋ បានប្រាប់តុលាកាថា ការចោទប្រកាន់របស់សាលាដំបូងក្រុងភ្នំពេញមិនមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ចំពោះបទល្មើសកុប្បកម្មនិងញុះញង់ប្រឆាំងនឹងរាជការសាធារណៈដែលគប្បីតុលាការមិនចាំបាច់យកមកចោទប្រកាន់ទៀតទេ។ ក៏ប៉ុន្តែលោកបានបន្ថែមបទចោទលោកម៉ម សូណង់ដូ ជាថ្មីមួយទៀតគឺបទល្មើសព្រៃឈើនិងនៅរក្សាបទចោទជ្រៀតជ្រែកមុខងារសារធារណៈឲ្យនៅដដែល។
លោក ម៉ម សុណង់ដូ ដែលមានអាយុ៧១ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ចំនួនបួនចំណុចធំដែលពាក់ព័ន្ឋនឹងការ ញុះញង់ប្រជាពលរដ្ឋឲ្យប្រើប្រាស់អាវុធខុសច្បាប់។ ការចោទនេះ ជាប់ពាក់ព័ន្ឋនឹងការប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ និងការផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ បន្ទាប់ពីរដ្ឋាភិបាលបានបង្ក្រាបយ៉ាងហិង្សាលើជម្លោះដីធ្លីមួយ ក្នុងខេត្តក្រចេះកាលពីខែឧសភា ឆ្នាំ២០១២ ដែលក្នុងការបង្ក្រាបនោះ ក្រុមសមត្ថកិច្ចរដ្ឋាភិបាលបានបាញ់សម្លាប់ក្មេងស្រីម្នាក់ឈ្មោះហេង ចាន់ថា អាយុ ១៤ឆ្នាំ។
លោកមេធាវីការពារក្តីលោកម៉ម សូណង់ដូ គឺលោកស សូវ៉ានមិនជំទាស់នឹងការទម្លាក់ចោលបទចោទប្រកាន់ទាំងពីរនេះទេ ក៏ប៉ុន្តែលោកបានជំទាស់ការចោទពីបទពាក់ព័ន្ធនឹងច្បាប់ព្រៃឈើ។
លោកបាននិយាយថា ដីនៅភូមិប្រម៉ា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាធ្វើសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន កាស៊ូទីនរួចហើយ ដូច្នេះមិនមានព្រៃឈើដែលត្រូវកាប់បំផ្លាញទេ។
«លោកអគ្គព្រះរាជអាជ្ញាមកចោទនៅក្នុងសវនាការនេះមិនត្រឹមត្រូវទេ។ ត្រូវចោទតាំងពីរសាលាដំបូងមកដើម្បីឲ្យខ្ញុំមានលទ្ឋភាពការពារ។ ដូច្នេះនីតិវិធីហ្នឹងគេត្រូវលុបចោលហើយ។ បើកាលណាមិនលុបគឺខុសច្បាប់ហើយខ្ញុំសង្ឃឹមថា គេលុបអារឿងព្រៃឈើហ្នឹងហើយ»។
ពាក់អាវពណ៌ពងមាន់ដៃខ្លីនិងមានពាក់ក្រវ៉ាត់ក លោកម៉ម សូណង់ដូ បានថ្លែងអំណរគុណដល់លោកអគ្គព្រះរាជអាជ្ញារបស់សាលាឧទ្ធរណ៍ដែលបានទម្លាក់ចោលបទចោទប្រកាន់ធំៗទាំងពីរនេះ។
លោកបាននិយាយប្រាប់តុលាការថា លោកមានការសប្បាយចិត្តដែលបានរកយុត្តិធម៌មួយភាគធំដល់ខ្ញុំ។ ក៏ប៉ុន្តែលោកមិនសប្បាយចិត្តទេដោយសាលាដំបូងក្រុងភ្នំពេញបានកាត់ទោសឲ្យលោកជាប់ពន្ឋនាគាររយៈពេល២០ឆ្នាំ។ លោកបាននិយាយថា លោកជាប់ពន្ឋនាគាររយៈពេលមួយខែប្រៀបបីដូចជាមួយឆ្នាំ។
មានប្រសាសន៍ប្រាប់វីអូអេបន្ទាប់ពីបញ្ចប់សវនាការ។ លោកម៉ម សូណង់ដូ អាយុ៧១ឆ្នាំបាននិយាយថា លោកមិនបានធ្វើអ្វីខុសទេ ហើយលោកសង្ឃឹមថា សាលាឧទ្ធរណ៍នឹងដោះលែងលោកឲ្យមានសេរីភាពឡើងវិញ។
«បាទ ទម្លាក់ចោលការចោទប្រកាន់ពីរករណីហ្នឹង ខ្ញុំអរគុណ ប៉ុន្តែខ្ញុំមិនសប្បាយចិត្តទេពីព្រោះខ្ញុំអត់បានធ្វើអ្វីខុសទាំងអស់។ ត្រូវតែអង្គសវនាការសាលាឧទ្ធរណ៍ហ្នឹងពិចារណាម្តងទៀតនិងលើកលែងទោសខ្ញុំតែម្តង»។
បន្ទាប់ពីបានបិទបញ្ចប់សវនាការចំនួនពីរថ្ងៃ លោកឃុន លាងម៉េង ប្រធានចៅក្រមជំនុំជម្រះបាននិយាយថា សាលក្រមនឹងប្រកាសនៅថ្ងៃទី១៤ខាងមុខនេះ។
លោក ម៉ម សូណង់ដូ ត្រូវបានសាលាដំបូងក្រុងភ្នំពេញកាលពីខែតុលា ឆ្នាំ២០១២ កាត់ទោសឲ្យជាប់ពន្ឋនាគាររយៈពេល២០ឆ្នាំនិងពិន័យជាប្រាក់ចំនួន១០លានរៀលគឺប្រមាណជាង២.៥០០ដុល្លារសហរដ្ឋអាមេរិកបន្ទាប់ ពីតុលាការរកឃើញថា លោកជាប់ពាក់ព័ន្ឋនឹងការបង្កើតតំបន់អបគមន៍ប្រឆាំងនឹងរដ្ឋាភិបាលដែលគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។