អនុប្រធានអតីតគណបក្សប្រឆាំងអ្នកស្រី មូរ សុខហួរ ដែលត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទឧក្រិដ្ឋធ្ងន់ធ្ងរថ្មីពីរបន្ថែមទៀត កាលពីសប្តាហ៍មុននោះ បានប្រតិកម្មទៅនឹងប្រព័ន្ធយុត្តិធម៌កម្ពុជាថាជាឧបករណ៍នយោបាយ ដែលអ្នកមានអំណាចបញ្ជាឲ្យមកសម្លុត និងគំរាមក្រុមអ្នកជំទាស់។
កាលពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២១ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់អ្នកស្រីមូរ សុខហួរ អតីតមេដឹកនាំគណបក្សជំទាស់លោក សម រង្ស៊ី លោក អ៊េង ឆៃអ៊ាង ជាអនុប្រធានគណបក្សមួយរូបទៀត និងលោក ហូរ វ៉ាន់ អតីតតំណាងរាស្ត្រ ពីបទរួមគំនិតក្បត់ ចំពោះសេចក្តីអំពាវនាវតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកសម រង្ស៊ី ដែលកាលពីថ្ងៃទី៥ខែតុលាដែលបានស្នើឲ្យពលរដ្ឋ និងកម្លាំងប្រដាប់អាវុធផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។
បន្ថែមលើបទរួមគំនិតក្បត់នោះ ក្រុមថ្នាក់ដឹកនាំនិងមន្ត្រីគណបក្សជំទាស់ទាំងបួនរូបនោះ ក៏ត្រូវបានចោទប្រកាន់ពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ ប្រាប់វីអូអេ ក្រោយពីរថ្ងៃនៃការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញថា បទចោទប្រកាន់ថ្មីទាំងពីរបន្ថែមទៀតនេះ មិនបង្កការព្រួយបារម្ភដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនោះទេ ក្រោមហេតុផលថាតុលាការធ្វើតាមតែបញ្ជារបស់អ្នកមានអំណាច។
អ្នកស្រីបន្ថែមថា ចេតនារបស់តុលាការប្រទេសកម្ពុជា គឺបំភិតបំភ័យ ក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកំពុងនៅក្រៅប្រទេសឲ្យបន្ថយសកម្មភាពប្រមូលសម្ពាធពីសហគមន៍អន្តរជាតិមកជំរុញឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញងាកមកដើរតាមវិថីប្រជាធិបតេយ្យពិតប្រាកដ ដែលនឹងបើកផ្លូវឲ្យពលរដ្ឋកម្ពុជាមានជម្រើសច្រើនក្នុងការរើសមេដឹកនាំប្រទេសដោយសន្តិវិធី។
អ្នកស្រីថ្លែងថា៖«ដូច្នេះការចោទប្រកាន់នេះ គ្មានអ្វីលើសពីចោទប្រកាន់ ដើម្បីគំរាមកំហែងឲ្យយើងបន្ថយនៅក្នុងការដាក់សម្ពាធលើឆាកអន្តរជាតិទេ»។
អ្នកស្រីបន្ថែមថា ការចោទប្រកាន់ថ្មីចុងក្រោយរបស់តុលាការក្រុងភ្នំពេញនេះនឹងមិនអាចបញ្ឈប់ថ្នាក់ដឹកនាំបក្សក្នុងការស្វះស្វែងការគាំទ្រអន្តរជាតិបន្ថែមទៀតនោះទេ ព្រោះអ្នកស្រីនៅជឿថា ប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានតួនាទីសំខាន់ក្នុងការស្រោចស្រង់ប្រជាធិបតេយ្យនៅកម្ពុជា។
ការចោទប្រកាន់បទឧក្រិដ្ឋជាថ្មីទៀតរបស់តុលាការទីក្រុងភ្នំពេញមកលើថ្នាក់ដឹកនាំគណបក្សជំទាស់ដែលកំពុងស្ថិតនៅក្រៅប្រទេស កើតឡើងយ៉ាងប្រញាប់ប្រញាល់បន្ទាប់ពីមេដឹកនាំបក្សជំទាស់លោកសម រង្ស៊ី បានចោទថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាជនដែលគ្មានភក្តីភាពចំពោះជាតិព្រោះលោកបានទិញសញ្ជាតិនិងលិខិតឆ្លងដែនពីប្រទេសអឺរ៉ុបមួយឈ្មោះស៊ីបឬសាយប្រឹស(Cyprus)។
លោក សម រង្ស៊ី បានផ្អែកលើការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួន ក្នុងនោះគឺកាសែតThe Guardian របស់ចក្រភពអង់គ្លេស ដែលគ្រាដំបូងផ្សាយថា លោកហ៊ុន សែនកាន់លិខិតឆ្លងដែនសញ្ជាតិស៊ីប។ ក៏ប៉ុន្តែក្រោយមកកាសែតល្បីឈ្មោះអន្តរជាតិមួយនេះ កែតម្រូវថា លោក ហ៊ុន សែនគ្មានលិខិតឆ្លងដែនរបស់ប្រទេសដែលជាទឹកដីដែនកោះនៅទ្វីបអឺរ៉ុបមួយនោះទេ ពោលគឺមានតែ«បណ្ដាជនដែលនៅក្នុងរង្វង់អ្នកស្និទ្ធបំផុត»នឹងលោកនាយករដ្ឋមន្ត្រី។
លោក ហ៊ុន សែន ប្រធានគណបក្សគ្រប់គ្រងប្រទេសបានច្រានចោលភ្លាមៗការចោទប្រកាន់នេះ ហើយក៏ចាត់ឲ្យរដ្ឋមន្ត្រីយុត្តិធម៌លោកកើត រិទ្ធ រៀបចំសេចក្តីស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បី កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ការឡើងកាន់តំណែងសំខាន់ៗបួន គឺ«ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ»។ លោកនាយករដ្ឋមន្ត្រីថា នេះជាការបង្ហាញនូវការស្មោះស្ម័គ្រចំពោះប្រទេសជាតិ និងបញ្ចៀសការលូកដៃពីខាងក្រៅ។
អ្នកស្រី មូរ សុខហួរ ដែលមានសញ្ជាតិអាមេរិកាំងផងនោះ មិនផ្តល់ការអធិប្បាយលើសំណួរពាក់ព័ន្ធនឹងការកំណត់សញ្ជាតិនេះទេ។ប៉ុន្តែអ្នកស្រីមានប្រសាសន៍ថា ថ្នាក់ដឹកនាំគណបក្សជំទាស់ស្វាគមន៍ការចោទប្រកាន់បន្ថែមថ្មីៗទៀត។
អ្នកស្រីបានបញ្ជាក់បន្ថែមតាមប្រព័ន្ធទំនាក់ទំនងសង្គមមួយបន្ថែមទៀតថា គណបក្សជំទាស់គ្មានចេតនាផ្តួលរំលំ រដ្ឋាភិបាលរបស់លោកហ៊ុន សែនតាមកម្លាំងយោធាទេ គឺមានតែហិបដាក់សន្លឹកឆ្នោតប៉ុណ្ណោះ។ អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារីរូបនេះថ្លែងថា៖
«ដូច្នេះ នៅក្នុងការចោទប្រកាន់ទាំងអស់នេះ យើងស្វាគមន៍ឲ្យចោទប្រកាន់បន្តទៅទៀតចុះ តែអ្វីដែលយើងត្រូវតែបំពេញ ជាកាតព្វកិច្ចរបស់យើង គឺយើងត្រូវតែធានាថា ពលរដ្ឋខ្មែរ មានសិទ្ធិ មានសេរីភាព មានឱកាសគ្រប់គ្រាន់តាមលទ្ធិប្រជាធិបតេយ្យ នៅក្នុងការជ្រើសរើសអ្នកតំណាង ដែលជាអ្នកតំណាងចេញមកពីពលរដ្ឋ មិនមែនជាអ្នកតំណាង ដែលចេញមកពីការបោះឆ្នោតក្លែងក្លាយ ដូចជាឆ្នាំ២០១៨ទេ»។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោកប្លង់ សុផល បដិសេធផ្តល់ការអធិប្បាយ ដោយថា ការសម្រេចរបស់អយ្យការ គឺមានក្នុងសេចក្តីប្រកាសព័ត៌មានរួចរាល់ហើយ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ស្តីបន្ទោសលើសារនយោបាយលោកសម រង្ស៊ី ដែលមានចរិតញុះញង់ថា ជាដើមចមនៃការចោទប្រកាន់បន្ថែមមកលើអ្នកស្រី មូរ សុខហួរ និងថ្នាក់ដឹកនាំផ្សេងទៀត។ លោកស្នើឲ្យអ្នកស្រីមូរ សុខហួរ «កុំបន្ទោស»តុលាការ។
លោកថ្លែងថា៖ «ហើយទៅពិនិត្យមើលសារលោកប្រធានគាត់ឡើងវិញ តើជាសារដែលធម្មតា ឬមួយក៏សារដែលមានចរិតញុះញង់បំផុសបំផុលឲ្យប្រជាពលរដ្ឋបះបោរ ផ្តួលរំលំរាជរដ្ឋាភិបាល? ដោយសារ ការបញ្ចេញសារជាចំហរ ដែលមានលក្ខណៈហិង្សា ហើយមានការផ្តួលរំលំរដ្ឋាភិបាលទើបជាមានការចោទប្រកាន់»។
លោកបន្ថែមថា៖ «ឬមួយក៏អាចថា លោកប្រធានគាត់ញៀន ញៀនទៅនឹងការរំលោភបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ សូម្បីព្រះមហាក្សត្រក៏ហ៊ានប្រមាថ ជាចំហរដែរ កុំទៅបន្ទោសតុលាការ នោះវាដោយសារយើងទេ ដោយសារលោកប្រធានគាត់ទេ»។
កាលពីខែមីនា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញសាលក្រមកាត់ទោសកំបាំងមុខលោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ និងភរិយាគឺអ្នកស្រី ជូឡុង សូមូរ៉ាឲ្យជាប់ពន្ធនាគារ រយៈពេល២៥ឆ្នាំក្នុងម្នាក់ៗ។ ចំណែកអ្នកស្រីមូរ សុខហួរ ស្ថិតក្នុងចំណោមអ្នកនយោបាយជាន់ខ្ពស់របស់បក្សជំទាស់នេះ៧នាក់ទៀត ដែលត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចាប់ពី២០ឆ្នាំដល់២៥ឆ្នាំ។
ក្រុមថ្នាក់ដឹកនាំនិងមន្ត្រីបក្ស៩នាក់នេះត្រូវបានចោទប្រកាន់ពីបទ«ប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ» និង«បទឧបឃាត» ក្រោមមាត្រា ២៧ និងមាត្រា ៤៥១ នៃក្រមព្រហ្មទណ្ឌកម្ពុជា ពាក់ព័ន្ធនឹងគម្រោងធ្វើមាតុភូមិនិវត្តន៍មិនជោគជ័យ របស់ពួកគេមកកាន់ប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
ដោយឡែក ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានបន្តឃ្លាំមើលស្ថានការណ៍នយោបាយដែលវិវត្តន៍ចុងក្រោយនៅកម្ពុជា។កាលពីសប្តាហ៍មុន លោកសាស្ត្រាចារ្យ Vitit Muntarbhorn ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា បានស្នើពីទីក្រុងហ្សឺណែវប្រទេសស្វីសឲ្យរដ្ឋាភិបាលលោកហ៊ុន សែន បញ្ឈប់ការតាមរុកកួនអ្នកជំទាស់ និងជំរុញឲ្យមានការផ្សះផ្សាយនយោបាយនៅកម្ពុជា ព្រមទាំងបញ្ចប់ការក្តោបក្តាប់អំណាចផ្តាច់មុខ៕