អាជ្ញាធរកម្ពុជាបានបង្ក្រាបករណីគ្រឿងញៀនប្រមាណ ៧ពាន់ករណី នៅក្នុងឆ្នាM ២០២៣ ដែលកើនឡើងប្រមាណ ១០% ខណៈគ្រឿងញៀននិងសារធាតុញៀនសរុបជិត ៣តោន ត្រូវបានរឹបអូស ដែលចំនួននេះទាបជាងឆ្នាំ ២០២២ ប្រមាណ ៨០%។ នេះបើតាមលោក មាស វីរិទ្ធ អ្នកនាំពាក្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោក មាស វីរិទ្ធ ប្រាប់វីអូអេនៅថ្ងៃពុធថា ក្នុងការបង្ក្រាបគ្រឿងញៀនប្រមាណ ៧ពាន់ករណីនោះ អាជ្ញាធរបានឃាត់ខ្លួនមនុស្សប្រមាណ ២ម៉ឺននាក់ និងរឹបអូសសារធាតុញៀនបានប្រមាណ ៣តោន។ លោកថា តួលេខនៃករណីបង្ក្រាបគ្រឿងញៀនឆ្នាំ ២០២៣ កើនឡើងជាងឆ្នាំ ២០២២ ប្រមាណ ១០% ដោយក្នុងឆ្នាំ ២០២២ អាជ្ញាធរបង្ក្រាបបានប្រមាណ ៦.៣០០ករណី។ ប៉ុន្តែបរិមាណគ្រឿងញៀនដែលចាប់បានជិត ៣តោន ក្នុងឆ្នាំ២០២៣ ថយចុះ បើធៀបនឹងឆ្នាំ ២០២២ ដែលចាប់បានប្រមាណ ១៤តោន។
លោកថ្លែងថា៖ «បរិមាណសារធាតុញៀន ដែលចាប់យកមានការថយចុះ យើងចាប់យកបានតែជាង ២តោន [គឺ]ជិត៣តោន [ចំនួន]២.៩៨៨គីឡូ ប៉ុណ្ណឹង។ អ៊ីចឹងបើឆ្នាំ២០២២ យើង[រឹបអូសបានសារធាតុញៀន] ប្រមាណ ១៤តោន។ អ៊ីចឹងវា[សារធាតុញៀន] ថយចុះ ប៉ុន្តែចំនួនករណី[បង្ក្រាប] វាកើនឡើងតិចតួច»។
លោក មាស វីរិទ្ធ បន្ថែមថា ការរឹបអូសសារធាតុញៀនក្នុងឆ្នាំ ២០២៣ ថយចុះប្រមាណ ៨០% ដោយសារអាជ្ញាធរបានស៊ើបអង្កេត និងបង្ក្រាបលើករណីបទល្មើសនីមួយៗខុសៗគ្នា ដោយករណីខ្លះរឹបអូសគ្រឿងញៀនបានតិចតួច និងករណីខ្លះរឹបអូសបានច្រើន។
លោកថ្លែងថា៖ «កន្លងមក យើងរកឃើញបទល្មើស ដែលមានទ្រង់ទ្រាយធំ យើងបង្រ្កាបទៅបានបរិមាណច្រើន។ បើយើងរកឃើញបទល្មើសក្នុងកម្រិតទ្រង់ទ្រាយតូច យើងបង្ក្រាបទៅបានបរិមាណតិច»។
អ្នកនាំពាក្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះបន្ថែមថា តាមរយៈការបង្ក្រាបគ្រឿងញៀនកន្លងមក អាជ្ញាធរកត់សម្គាល់ថា កម្ពុជាមិនមានការផលិតគ្រឿងញៀនសំយោគក្នុងប្រទេសច្រើននោះទេ ដោយភាគច្រើន អាជ្ញាធររឹបអូសគ្រឿងញៀនបានតាមរយៈក្រុមឈ្មួញ និងក្រុមឧក្រិដ្ឋជននាំចូលគ្រឿងញៀនពីប្រទេសជិតខាង ដោយដឹកឆ្លងកាត់កម្ពុជា ដើម្បីនាំចេញទៅប្រទេសទីបី។
លោកបញ្ជាក់ថា៖ «ភាគច្រើនគឺឆ្លងកាត់ទៅប្រទេសក្រៅ ឆ្លងកាត់ទៅប្រទេសទីបី។ ទីផ្សារប្រើប្រាស់គ្រឿងញៀននៅកម្ពុជាគឺតូចទេ បច្ចុប្បន្នគឺរួមតូច ដោយសារយើងខិតខំអនុវត្តទៅតាមការណែនាំរបស់គណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់»។
កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៩ ឆ្នាំ ២០២៤។
ក្នុងផែនការនោះ លោក ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការមួយចំនួន ទាំងវិធានការអប់រំ វិធានការរដ្ឋបាល វិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម វិធានការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាឈានទៅសម្រេចតាមការប្តេជ្ញាចិត្តថា៖ «កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។
បើតាមវិធានការអនុវត្តច្បាប់ លោក ហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំសង្កាត់ចាត់វិធានការម៉ឺងម៉ាត់ក្នុងការស្វែងរកឱ្យឃើញ និងទប់ស្កាត់ការលួចលាក់ នាំចូលគ្រឿងញៀនខុសច្បាប់ឆ្លងកាត់ព្រំដែន ចូលក្នុងភូមិសាស្ត្រខេត្ត ឬឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។ លោកក៏ជំរុញអាជ្ញាធរឱ្យស្រាវជ្រាវ បង្ក្រាបមេខ្លោង និងបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែន និងបើកយុទ្ធនាការជាប្រចាំ បោសសម្អាតក្រុមជួញដូរគ្រឿងញៀនជាក្រុមតូចៗឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹងបំផុតដើម្បីផ្តន្ទាទោសតាមច្បាប់។
លោក ហ៊ុន ម៉ាណែត ក៏ណែនាំឱ្យអាជ្ញាធរតាមដាន គ្រប់គ្រង និងបង្ក្រាបឱ្យបានម៉ឺងម៉ាត់ ចំពោះសកម្មភាពកែច្នៃ ផលិតគ្រឿងញៀនសំយោគ ការដាំដុះ ការចម្រាញ់ ការនាំចូលវត្ថុធាតុដើមជាសារធាតុគីមីផ្សំដែលអាចកែច្នៃ ផលិតគ្រឿងញៀនសំយោគ ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថ្លែងថា បញ្ហាគ្រឿងញៀនបានជះឥទ្ធិពល និងបំផ្លាញធនធានមនុស្សជាច្រើន ជាពិសេសយុវជន។ ដូច្នេះ លោកថា ប្រសិនបើគ្រឿងញៀននៅតែញាំញីក្នុងសង្គមកម្ពុជា នោះវានឹងធ្វើឱ្យកម្ពុជាបាត់បង់ធនធានមនុស្សដើម្បីអភិវឌ្ឍប្រទេសជាតិ។
លោកបន្ថែមថា អាជ្ញាធរត្រូវតែបង្កើនការយកចិត្តទុកដាក់ និងបង្ក្រាបគ្រឿងញៀនឱ្យបានម៉ឺងម៉ាត់ ដើម្បីឱ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ លោកបន្តថា មន្ត្រី ឬកងកម្លាំងទាំងអស់ត្រូវតែនៅឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះថា បើមន្ត្រីពាក់ព័ន្ធនឹងគ្រឿងញៀន នោះវានឹងធ្វើឱ្យការបង្ក្រាបគ្រឿងញៀនមិនមានប្រសិទ្ធភាពនោះទេ។
លោកថ្លែងថា៖ «អ៊ីចឹងហើយត្រូវចាត់វិធានការមុនគេ ចំពោះមន្ត្រី ជាកងកម្លាំង ដែលពាក់ព័ន្ធការបង្ក្រាបគ្រឿងញៀនហ្នឹង ទី ១ កុំឱ្យមានអំពើពុករលួយ ទី ២ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ហើយប្រសិនជាមានកើតឡើងត្រូវតែអនុវត្តទៅតាមវិធានការផ្លូវច្បាប់»។
បើតាមលោក អំ សំអាត ជនរងគ្រោះដោយសារបញ្ហាគ្រឿងញៀនមានរាប់ម៉ឺននាក់ ហើយជនជាប់ចោទ ឬជនជាប់ឃុំក្នុងពន្ធនាគារមានជាង ៥០% ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
គួរបញ្ជាក់ថា នៅក្នុងខែមករា ឆ្នាំ ២០២៤ អាជ្ញាធរពាក់ព័ន្ធបានបង្រ្កាបករណីជួញដូរ និងដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀនជាបន្តបន្ទាប់ផងដែរ ដោយក្នុងនោះមានករណីក្រុមឧក្រិដ្ឋជនបានយកគ្រឿងញៀនទម្ងន់ជាង ១តោន (១.០២០គីឡូក្រាម) ទៅផ្លុងចោលនៅខាងមុខវិទ្យាល័យជ័យសែន ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ និងចាប់បានគ្រឿងញៀនជាង ១តោនកន្លះ ដែលគ្រោងដឹកទៅកោះតៃវ៉ាន់តាមដែនទឹកក្នុងខេត្តព្រះសីហនុ៕