រដ្ឋាភិបាល​កំណត់​ពេល​១៥​ថ្ងៃ ទប់ទល់​ការឆ្លង​កូវីដ​ក្នុង​សហគមន៍​ដំបូង

រូបឯកសារ៖ មនុស្ស​ម្នា​ពាក់​ម៉ាស់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​ក្នុងទីក្រុង​ភ្នំពេញប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា កំពុង​ផ្ទុះ​ជុំវិញពិភពលោក។ (ទុំ ម្លិះ/វីអូអេ)

នៅ​ចំពោះ​មុខ​ការ​ឆ្លងកូវីដ១៩​ចូល​សហគមន៍​ដំបូង​ចុង​ខែ​វិច្ឆិកា​នេះ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា រយៈ​ពេល​១៥ថ្ងៃ​ខាង​មុខ នឹង​កំណត់​ជោគវាសនា​នៃការ​គ្រប់គ្រង​ជំងឺឆ្លង​នេះ។

សាលា​រៀន​ទូទាំង​ប្រទេស​ត្រូវ​បិទទ្វារ ​ហើយ​នៅ​សៀមរាប​ និង​ភ្នំពេញ​ ការ​ប្រមូល​ផ្ដុំ​មាន​មនុស្ស​លើសពី​២០នាក់​ រួម​មាន​អាពាហ៍ពិពាហ៍​ បុណ្យទាន​ ជា​ដើម ត្រូវ​ហាមឃាត់​រយ:ពេល​ពីរ​សប្ដាហ៍។​

​ក្នុង​ពិធី​បើក​ការដ្ឋាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ខេត្ត​សៀមរាប​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ថ្លែងថា ការ​ឆ្លងកូវីដ១៩​ក្នុង​សហគមន៍​ បាន​កើន​ដល់​១៤នាក់។

ចង្កោម​នៃ​ការ​ឆ្លង​កូវីដ​ក្នុង​សហគមន៍​មិន​ធ្លាប់​មាន​នេះ ត្រូវ​បាន​រកឃើញ​ដំបូង​ក្នុង​គ្រួសារ​លោក ​ឆែម ​សាវុធ​ អគ្គនាយក​ពន្ធនាគារ ​ដែល​មាន​សមាជិក​៧នាក់ ក្នុង​ចំណោម​អ្នកឆ្លង​ចំនួន​១៤នាក់​នេះ។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ម៉ាស ខណៈលោកចូលរួមទទួលព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំេពញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

លោក ​ហ៊ុន សែន ​បាន​ហៅ​ដំណាក់​កាលនេះ​ថា ​ជា​ការ​«សាកល្បង​ធំ​បំផុត»​សម្រាប់​កម្ពុជា ​ក្នុង​ការ​ទប់ស្កាត់​កូវីដ១៩។

លោក ​ហ៊ុន សែន ​មាន​ប្រសាសន៍​ថា៖ «ឥឡូវនេះ យើង​អាច​និយាយ​បាន ថា​យើង​គ្រប់គ្រង​បាន​ ឬ​មិនបាន​ ស្ថិតក្នុង​ពេល១៥ថ្ងៃ​ខាងមុខ។ ហើយ១៥​ថ្ងៃ​ខាងមុខ​ វា​ចំណុះទាំង​ស្រុង​លើការ​ខិតខំ​របស់​យើង​ទាំងរដ្ឋ​និង​ប្រជាជន»។​

លោក​ ហ៊ុន សែន ​បាន​បន្ថែមថា​ នេះថា​ ជា​«ករណី​បាត់ដាន»​ ដ្បិត​«រក​អត់​ទាន់​ឃើញ​ក្បាល​កន្ទុយ»​អំពី​ប្រភព​នៃការ​ឆ្លង។

លោក​ ហ៊ុន សែន ​បាន​បន្ថែម​ថា៖​ «នេះ​ហើយ​ករណី​លំបាក​ដែល​យើង​ចាត់​ទុក​ថា ជា​មហន្តរាយ​មួយ​សម្រាប់​ប្រទេស​របស់យើង​ បើ​យើង​ទប់ស្កាត់​មិន​ទាន់​ពេល​វេលា»។​

ក្រោយ​សមាជិក​៧នាក់​នៃ​ក្រុមគ្រួសារ​លោក​ ឆែម សាវុធ ​ត្រូវ​បាន​រកឃើញ​ថា ​មាន​លទ្ធផល​វិជ្ជមាន​វីរុសកូវីដ១៩ ​អាជ្ញាធរ​ បានចាត់​វិធានការ​ជា​បន្តបន្ទាប់ ​ផ្ដើម​ពី​ល្ងាច​ថ្ងៃសៅរ៍​មក។

នេះ​ជា​ការ​ឆ្លង​ដែល​មាន​ការ​ព្រួយ​បារម្ភ​មួយ​ទៀត ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា​ លើ​ការ​ឆ្លងជាប់​ពាក់​ព័ន្ធ​នឹងរដ្ឋមន្ត្រីការ​បរទេស​ហុងគ្រី ​ដែល​មនុស្ស​៤នាក់​នៅ​កម្ពុជា ​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ឆ្លង​ជំងឺ​នេះ។

ដោយសារ​ការ​ឆ្លង​ក្នុង​សហគមន៍​នេះ​ រដ្ឋាភិបាលបាន​ផ្អាក​ដំណើរ​ការ​ផ្សារទំនើប​អ៊ីអន​សាខាទីមួយ ​សណ្ឋាគារ​ភ្នំពេញ និង​ផ្នែកខ្លះ​នៃ​ក្រសួង​មហាផ្ទៃ ​ហើយ​មនុស្សយ៉ាងតិច​ ចំនួន​ ៣.៣៣២នាក់ ​ត្រូវ​មន្ត្រី​សុខាភិបាល​ ហៅ​មក​ធ្វើ​តេស្ដ។

លោក ​ហ៊ុន សែន ​បង្ហើប​ថា​ មនុស្ស​ប្រមាណ​២ពាន់នាក់​បន្ថែម​ទៀត ​នឹង​ត្រូវ​ធ្វើតេស្ដ​នៅ​ថ្ងៃច័ន្ទ​នេះ។

ក្រសួង​អប់រំបា​ន​ប្រកាស​បិទ​បញ្ចប់​ឆ្នាំសិក្សា​នៅ​សាលា​រដ្ឋ​នៅទូ​ទាំង​ប្រទេស​ រីឯ​សាលា​ឯកជន​ទាំងអស់​ក៏​តម្រូវឱ្យ​ផ្អាក​ដំណើរការ​មួយរយៈ​ដោយ​តម្រូវ​ឱ្យប្ដូរ​ទៅ​ថ្នាក់​រៀន​អនឡាញ។

ក្រសួង​វប្បធម៌ ក៏​បាន​ប្រកាស​នៅថ្ងៃចន្ទ​នេះ បិទ​ដំណើរ​ការ ​សារមន្ទីរ ​រោងកុន ​រោងល្ខោន​ ទូទាំង​ប្រទេស​ពីរ​សប្ដាហ៍។​

សមាជិក​ជាន់ខ្ពស់​នៃគណៈរដ្ឋមន្ត្រី ​រួមមាន​ឧបនាយក​រដ្ឋមន្ត្រី ស​ ខេង រដ្ឋមន្ត្រី​យុត្តិធម៌ ​កើត រិទ្ធ ​រដ្ឋមន្ត្រី​បរិស្ថាន ​សាយ សំអាល់ ​រដ្ឋមន្ត្រី​ទេសចរណ៍ ​ថោង ខុន ត្រូវ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក ​ដោយសារ​តែ​បាន​ចូលរួម​ជួប​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​លោក ​ឆែម សាវុធ។

លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​បាន​ប្រាប់ ​VOA ​ថា ការ​ឆាប់​កំណត់​ដឹង​នូវ​ករណី​ឆ្លង​សហគមន៍​បែប​នេះ ជា​«សញ្ញា​ល្អ»។​

មន្ត្រីអង្គការ ​WHO ​រូបនេះ​ បន្ថែមថា​ ក្រុមការងារ​ជំនាញការ​សុខាភិបាល​កម្ពុជា ​ត្រូវបាន​បំពាក់​បំប៉ន ​ដើម្បី​ត្រៀម​ទប់ស្កាត់​ជាមួយនឹង​ស្ថានភាព​បែប​នេះ។

លោកស្រីបាន​សរសេរ​ក្នុង​សារអេឡិចត្រូនិក​ថា៖ «ការស៊ើបអង្កេត​ករណី​កំពុង​បន្ត ហើយ​យើង​ប្រមើល​មើលថា ​ស្ថានការណ៍​នឹង​វិវឌ្ឍ​នៅ​ក្នុង​ប៉ុន្មានថ្ងៃ​ខាងមុខ​នេះ ​ដែល​មានការ​ធ្វើអន្តរាគមន៍​ចំ​គោលដៅ​ត្រូវបាន​អនុវត្ត​ជាធរមាន។ គោលដៅ​រួម​របស់​យើង គឺ​ទប់ស្កាត់​ការ​ឆ្លង​ក្នុង​សហគមន៍​ទ្រង់​ទ្រាយ​ធំ»។

អ្នកឃ្លាំមើល​សម្ដែង​ការបារម្ភ​អំពី​លទ្ធភាព​នៃ​ការ​ឆ្លង​ក្នុង​ពន្ធនាគារ ​ដែល​មាន​សភាព​ចង្អៀត​ណែន​ ពិបាក​រក្សា​គន្លាត។​

លោក ​ឆែម សាវុធ ​កាល​ពី​ថ្ងៃចន្ទ​សប្ដាហ៍​មុន ​បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​មួយ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទាំងពីរ នៅ​ព្រៃស។ លោក​ត្រូវ​បាន​ឃើញ​ដើរ​ទស្សនា​បរិវេណ​ពន្ធនាគារ​ដោយ​មិន​ពាក់​ម៉ាស់។​

ចំណែក​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្អាក​សវនាការ​ដល់​ថ្ងៃទី១៤ ខែធ្នូ តាម​សំណើ​ពន្ធនាគារ​ព្រៃស «ពាក់​ព័ន្ធ​នឹង​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ ​ដល់​ពន្ធនាគារ​និង​មណ្ឌល​អប់រំ​កែប្រែ»។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ ​អំឡុង​ដំណាក់កាល​កូវីដ១៩​នេះ បាន​អំពាវនាវ​ឱ្យ​មានការ​សម្រួល​ដោះលែង​អ្នកជាប់ឃុំ​មួយចំនួនពី​បណ្ដាពន្ធនាគារ​ដ៏ចង្អៀតណែន​របស់​កម្ពុជា ដែល​មានចំនួន​អ្នកជាប់ឃុំ​និង​ទណ្ឌិត​យ៉ាងហោច​ចំនួន​ ៣៨.៩៩០នាក់​ ត្រឹម​ខែមីនា​ឆ្នាំនេះ។

លោក​ អំ សំអាត ​នាយករង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បារម្ភ​ពី​«ហានិភ័យ​ខ្ពស់»​នៃ​ការ​ឆ្លង​កូវីដ១៩ នៅ​ក្នុង​ពន្ធនាគារ​ដែល​ផ្ទុក​លើស​ចំណុះ​ដែល​អាច​ទទួល​មនុស្ស​តែ ២៦.៥៩៣ នាក់។​

«សំណើ​របស់​យើង​នេះ យើង​បាន​ផ្ដល់​យូរ​ណាស់​មក​ហើយ ទម្រាំ​មក​ដល់​ពេលនេះ វា​ហួស​ពេល​នៅ​ក្នុង​ការ​អនុវត្ត»។​

ប៉ុន្តែ​លោក អំ សំអាត ​ថា រដ្ឋាភិបាល​គួរពិចារណា​សំណើ​ពីខាង​ដើម​ឡើង​វិញ ឆ្លង​តាម​ករណី​ហានិភ័យ​លើក​នេះ។​

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន​ និង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ លោក​ នុត សាវនា ​មិនបាន​ឆ្លើយតប​នឹង​សំណើសុំ​ព័ត៌មាន​របស់​ VOA​ទេ។

លោក​ ហ៊ុន សែន ​បានឱ្យដឹងថា​ គិតត្រឹម​ព្រឹកថ្ងៃចន្ទ​នេះ នៅ​ពន្ធនាគារ​ព្រៃស ​មាន​សំណាក​៣៨២ ត្រូវបានប្រមូលយក​មកធ្វើ​តេស្ដ តែ​លទ្ធផល​យ៉ាងណា​មិនទាន់មាន​ការ​បញ្ជាក់​នោះ​ទេ។

លោកស្រី​វេជ្ជបណ្ឌិត​ Li Ailan ​បាន​លើក​ឡើង​ថា អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​ពិនិត្យ​តាមដាន​ករណី​ជាក់​ស្ដែងនៅ​មូលដ្ឋាននេះ​ផង​ដែរ ដែល​អ្នកស្រី​សំដៅ​ដល់​ករណី​ពន្ធនាគារ៕