សង្គមស៊ីវិល​​ស្វាគមន៍​សំណើ​របស់​លោក​ហ៊ុន សែន​ទៅ​មន្ត្រី​អ.ស.ប.

ក្រុម​អ្នក​ឃ្លាំមើល​សភាព​ការណ៍​នយោបាយ​​​រំពឹង​ថា​​សំណើ​​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​​ ដែល​សុំ​ឲ្យ​លោក​សូរីយ៉ា ​ប្រាសាទ​ ស៊ូបេឌី​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អ.ស.ប.​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​​ ធ្វើជា​អ្នក​សម្រប​ចំពោះ​ការ​ជាប់គាំង​នយោបាយ​នោះ​ អាច​ជា​ជំហ៊ាន​ចាប់​ផ្តើម​ថ្មី​ក្នុង​​​ការ​ទម្លុះទម្លាយ​ភាព​ទល់ច្រក​ផ្នែក​នយោបាយ​នេះ។​

ក្រុម​អ្នក​ឃ្លាំមើល​នយោបាយ​កម្ពុជា​បាន​ស្វាគមន៍​សំណើ​របស់​លោក​នាយក​រដ្ឋន្ត្រី​ហ៊ុន សែន​ដែល​សុំ​ឲ្យ​មន្ត្រី​អ.ស.ប.​គឺ​លោក​សូរីយ៉ា ​ស៊ូប៊ែឌី​ (Surya Subedi) ដើរ​តួ​សម្រប​ សម្រួល​ក្នុង​ការ​ជាប់គាំង​នយោបាយ​កម្ពុជា។​ ក្រុម​អ្នក​ឃ្លាំ​មើល​ទាំងនោះ​បាន​និយាយ​ថា​ នេះ​ជា​ជំហ៊ាន​ចាប់ផ្តើម​ថ្មីមួយ ​ក្រោយ​ពេល​ដែល​គណបក្ស​ទាំង​ពីរ​បាន​សាកល្បង​កម្លាំង​គ្នា​ជាច្រើន​ខែ​មក​ហើយ​នោះ។

ក្រុម​អ្នក​ឃ្លាំមើល​សភាព​ការណ៍​នយោបាយ​និង​អ្នក​វិភាគ​ខ្លះ​រំពឹង​ថា ​សំណើរបស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​គណបក្ស​កាន់​អំណាច​ ដែល​សុំ​ឲ្យ​លោក​សូរីយ៉ា ​ប្រាសាទ​ ស៊ូបេឌី​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អ.ស.ប.​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ធ្វើជា​អ្នក​សម្រប​ចំពោះ​ការ​ជាប់គាំង​នយោបាយ​នោះ​ អាច​ជា​ជំហ៊ាន​ចាប់​ផ្តើម​ថ្មី​ក្នុង​ការដោះ​ស្រាយ​បញ្ហា​ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​បរាជ័យ​ជា​ច្រើន​លើក​និង​ជាច្រើន​ខែ​ក្នុង​ការ​ទម្លុះទម្លាយ​ភាព​ទល់ច្រក​ផ្នែក​នយោបាយ​នេះ។​

គណបក្ស​នយោបាយ​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​គណបក្ស​កាន់ ​អំណាច ​និង​គណបក្ស​សង្គ្រោះ​ជាតិដែល​ជា​គណបក្សជំទាស់​ បាន​ធ្វើ​កិច្ច​ចរចា​មិន​បាន​សម្រេច​ជាច្រើន​លើក​ទាក់ទង​នឹង​បញ្ហា​លទ្ធផល​ឆ្នោត​ដែល​គណបក្ស​ជំទាស់​មិន​អាច​ទទួល​យក​បាន​ ដោយ​ចោទ​ថា ​មាន​ការ​គៃ​បន្លំ​និង​មាន​ភាព​មិន​ប្រក្រតី​ដ៏​ធ្ងន់ធ្ងរ​នោះ។ ​គណបក្ស​ទាំង​ពីរ​មិន​អាច​ព្រមព្រៀង​គ្នា​ចំពោះ​លក្ខខណ្ឌ​ទៅ​វិញ​ទៅ​មក​បាន​ទេ​ ក្រោយពី​កិច្ច​ចរចា​រវាង​មេ​ដឹកនាំ​កំពូល​និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ ជាពិសេស​ការ​ស្នើសុំ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​និង​ពហិការ​មិនចូល​ប្រជុំ​សភា​ ដើម្បី​ផ្តល់​ភាព​ស្របច្បាប់​ដល់​សភា ​និង​រដ្ឋាភិបាល​ថ្មី​ដែល​មាន​គណបក្ស​តែ​មួយ​កំពុង​ដឹកនាំ​ដោយ​មាន​សំឡេងតែ​៦៨​លើ​១២៣​អាសនៈ​សភា​នោះ។ ​ភាព​ចម្រូងចម្រាសនេះ​បាន​ធ្វើឲ្យ​គណបក្ស​ទាំង​ពីរ​ងាក​បែរ​ចេញ​ពី​តុ​ចរចា​មក​ជា​ការ​ប្រើ​កម្លាំង ​និង​ផ្លូវ​តុលាការ​ប្តឹង​ផ្តល់​គ្នា​ដើម្បី​ទាមទារ​ និង​ដាក់​សម្ពាធ​ទៅ​វិញ​ទៅ​មក​វិញ។ ​ទោះជា​យ៉ាង​ដូច្នេះ​ក្តី​ ក្រុមអ្នក​ឃ្លាំមើល​សភាព​ការណ៍​នយោបាយ​និង​អ្នក​វិភាគ​ខ្លះ​បាន​អះអាង​ថា លទ្ធផល​វិជ្ជមាន​អាច​កើត​មាន​ នៅពេល​ដែល​ការ​ស្នើ​សុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនទៅកាន់​លោក​សូរីយ៉ា ស៊ូប៊ែឌី ត្រូវ​លោក​សម រង្ស៉ី​ មេដឹកនាំ​ក្រុម​ជំទាស់​យល់​ព្រម​នោះ។​

លោក​ធន សារ៉ាយ​ នាយក​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បង្ហាញ​ពីការ​គាំទ្រ​ប្រសិន​បើ​លោកសូរីយា ស៊ូបេឌី​ទទួល​យក​ចំពោះ​ដំណើការ​នេះ។​ លោក​បន្ថែម​ថា​ យ៉ាង​ហោច​ណាស់​ក៏​ភាគី​ទាំងពីរ​អាច​និយាយ​គ្នា​បាន​ អាច​បង្ហាញ​ចំណុច​ខ្វែង​គ្នា ​ចំណុច​ត្រូវគ្នា​ ចំណុច​សេស​សល់​ និង​ឈាន​ដល់​ចំណុច​កណ្តាល​មួយ​បាន ​តាម​រយៈ​អ្នក​សម្រប​សម្រួល។​

«បើ​តាម​មតិខ្ញុំ​ប្រហែល​ជា​លោកសូរីយ៉ា ស៊ូប៊ែឌី​អាច​ដើរ​តួនាទី​ហ្នឹង​បាន​ដែរ​ ដើម្បី​ជួយ​ជា​អ្នក​កណ្តាល​មួយ​សម្រប​សម្រួល​ទៅ។​ ហើយ​លទ្ធផល​ប្រហែល​ជា​អាច​ល្អ។​ បើតាម​មតិ​ខ្ញុំ ​បើ​សិន​ជា​ទាំង​សង​ខាង​ហាក់​ដូច​ជា​មាន​ការ​ស្វាគមន៍​ ទៅ​វិញ​ទៅ​មក។​ នេះជា​ការ​ចាប់​ចាប់​ផ្តើម​មួយ​ល្អ»។​

តែ​លោក​ទទួល​ស្គាល់​ថា ​វា​ពិត​ជា​មាន​ការ​លំបាក​ នៅពេល​លក្ខខណ្ឌ​នៅ​ឆ្ងាយ​ ពី​គ្នា ​ដោយ​ម្ខាង​ទាមទារ​ឲ្យ​មាន​ការបោះ​ឆ្នោត​ឡើង​វិញ​ និង​ម្ខាង​ទាមទារ​ថា​ ត្រូវ​ ចូល​ប្រជុំ​សភា​សិន​នោះ។

«ជា​រឿង​ធម្មតា​ចរចា​គ្នា​វា​ត្រូវ​តែ​មាន​សម្បទាន​ទៅ​វិញ​ទៅមក​ ហើយ​អ្នក​ដែល​ សម្រប​សម្រួល​ហ្នឹង​ត្រូវ​ចេះ​សម្រប​សម្រួល​ភាគី​ម្ខាងៗ​ផង ​តើវា​ផល​វិបាក​យ៉ាង​ ម៉េច ​មិន​វិបាក​យ៉ាង​ម៉េច ​បើសិន​ជា​មិន​ត្រូវ​គ្នា​ ឬ​មាន​គុណ​សម្បត្តិ​ និង​គុណ​វិបត្តិ​ យ៉ាង​ម៉េច? ហើយ​បើសិន​ជាយើង​ថយ​មួយ​ជំហ៊ាន​ យើង​ផ្តល់​សម្បទាន​ទៅខាង​ ម្ខាង​យ៉ាង​ម៉េច? ​វា​ចំណេញ​ វា​ខាត​យ៉ាងម៉េច? ​ សំខាន់​គឺអ្នក​សម្រប​សម្រួល​អាច​ ពន្យល់​ដែរ​ អាច​ជួយ​បង្ហាញ​ផ្លូវ​ បង្ហាញ​ទិស​ដៅ ​ដែល​អាច​ចំណេញ​យ៉ាង​ម៉េច?​ មិន​ចំណេញ​យ៉ាងម៉េច? ​ទៅ​ដល់​ភាគី​ដែល​គាត់​ជួប​ហ្នឹង»។​

លោក​បាន​អះអាង​ថា​ អ្នក​នយោបាយ​គួរ​ឈប់​សាកល្បង​កម្លាំង​គ្នា​ទៅវិញ​ទៅ​ មក​ ហើយ​វិលមក​រក​តុ​ចរចា​គ្នា​វិញ​ ព្រោះ​ថា​ គេ​បាន​ដឹង​កម្លាំង​គ្នា​រៀងៗ​ខ្លួន​ហើយ។​

«អញ្ចឹង​យើង​ឈប់​ការ​សាកល្បង​កម្លាំង​គ្នា​ទៀត​ទៅ។​ យើង​នាំ​គ្នា​ខិតខំ​រក​ ដំណោះ​ស្រាយ​កណ្តាល​មួយ​ទៅ។​ តែ​បើ​យើង​នៅ​នាំ​គ្នា ​នៅ​សាក​ល្បង​កម្លាំង​ បន្ត​ទៀត ខ្ញុំ​ថា ​វា​អាច​មាន​បញ្ហា​អូសបន្លាយ​យូរ​ត​ទៅ​ទៀត»។​

លោក​បណ្ឌិត​ពុទ្ធា ហង្ស ​នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ និចហ្វិច​ បាន​អះអាង​ថា ​ជា​ការណ៍​ពិត​ បើ​មើល​ពី​លក្ខខណ្ឌ​រវាង​គណបក្ស​ទាំង​ពីរ ​មិន​អាច​ដោះស្រាយ​បានមែន​ តែ​លោក​ជឿ​ថា ​អ្នក​នយោបាយ​នឹង​សម្រប​ សម្រួល​គ្នា​នៅ​ចំពោះ​មុខ​អ្នក​សម្រប​សម្រួល​កណ្តាល​មួយ។​

«ខ្ញុំ​គិត​ថា ​ជា​ចំណុច​វិជ្ជមាន​មួយ​ដែល​យើង​សង្ឃឹម​ថា ​គណបក្ស​ទាំង​ពីរ​មាន​ ឱកាស​ជួប​ជជែក​គ្នា​តាម​រយៈ​លោក​សូរីយ៉ា ស៊ូប៊ែឌី»។​

លោក​ថ្លែង​ថា ​អ្នក​នយោបាយ​អាច​នឹង​មាន​ការ​បន្ទន់​ទៅ​រក​គ្នា ​ក្រោយ​ពេល​មាន​ មេរៀន​ឈឺ​ចាប់​ ដោយ​មាន​មនុស្ស​ស្លាប់​៥​នាក់​ របួស​៤០​នាក់​ និង​ចាប់​ឃុំ​ខ្លួន២៣​ នាក់ ​ដែល​លោក​សំដៅ​ទៅ​លើការ​បង្ក្រាប​ដ៏ឃោរ​ឃៅ​លើ​ហ្វូង​បាតុករ​ជា​កម្មករ​ រោងចក្រ​ ដែល​ទាមទារ​ការ​ដំឡើងប្រាក់ខែ ​គួប​ផ្សំ​នឹង​បាតុកម្ម​របស់​ក្រុម​គណ បក្ស​ជំទាស់​ដែល​ទាម​ទារឲ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញ​ និង​សុំ​ឲ្យ​លោក​នាយក​ រដ្ឋមន្ត្រី​ហ៊ុន សែន​ចុះចេញ​ពីមុខ​តំណែង​កាលពី​ដើម​ខែ​នេះ។​

តែ​លោកគុជ ច័ន្ទលី ​អ្នកវិភាគ​ម្នាក់​នៅ​រដ្ឋម៉ារីលែន​ ស.រ.អា.​បាន​សម្តែង​ការ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ស្វាគន៍​ចំពោះ​ជំហរ​ចុង​ក្រោយ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​សុំឲ្យ​លោកសូរីយ៉ា ​ស៊ូប៊ែឌី​ ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​ដើរតួ​ជាអ្នក​សម្រប​សម្រួល​ ក្រោយ​ពី​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​កាលពី​ថ្ងៃ​ពុធ​នោះ។​ លោក​ថ្លែង​ថា ​លោក​ហ៊ុន សែន​ធ្លាប់​តិះដៀល​ធ្ងន់ៗ​លើ​មន្ត្រី​អ.ស.ប.​ រួមទាំង​លោក​ស៊ូប៊ែឌី​ផង​ដែរ ​នៅពេល​ដែល​មន្ត្រី​អ.ស.ប.​ថ្លែង​ពី​កំណត់​ហេតុ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​ប៉ះ​ទង្គិច​ដល់​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន។​

«ដូច្នេះ​ហើយ​ខ្ញុំ​ពុំ​សូវ​មាន​សង្ឃឹម​ច្រើន​ក្នុង​ដំណោះ​ស្រាយ​តាម​រយៈ​អង្គការ​សហ ប្រជាជាតិ​នេះ​ទេ»។​

លោក​ថ្លែង​ថា​ គេត្រូវ​ពិនិត្យ​មើល​អំពី​កំណត់ហេតុ​ និង​សេចក្តី​រាយ​ការណ៍​របស់​ លោក​ស៊ូប៊ែឌី​មក​កាន់​អ.ស.ប.​ជាមុន​សិន ​ថា​តើ​គេត្រូវ​សម្រេច​យ៉ាង​ណា​ចំពោះ​ បញ្ហា​កម្ពុជា ​ក្រោយ​ពេល​ដែល​មាន​សម្ពាធ​ពី​ប្រទេស​មហា​អំណាច​ជាច្រើន​ ដូច​ ជា​ស.រ.អា.​ អង់គ្លេស​ និង​ប្រទេស​ផ្សេង​ទៀត​នោះ។​

ទោះជា​យ៉ាងនេះ​ក្តី​ លោកសុខ ទូច ​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ ខេមរៈ​ បាន​អះអាង​ថា​ ដំណើរការ​សម្រប​សម្រួល​ដោយ​សន្តិភាព​ គ្មាន​ការ​បង្ហូរ ឈាម​ជា​រឿង​ត្រូវ​តែ​ស្វាគមន៍។​

«យើងគាំទ្រ​ជា​និច្ច​រាល់​នយោបាយ​ផ្សះផ្សា​ជាតិ​នេះ។ ​បើ​លោកសូរិយ៉ា​ ស៊ូប៊ែឌី លោក​អាច​សម្រប​សម្រួល​ក្នុង​នយោបាយ​ហ្នឹង​បាន​ នោះ​វា​ជាកត្តិយស​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​បញ្ចប់ការ​ជាប់គាំង​នយោបាយ​ដោយ​ឈរ​លើ​ការ​ផ្សះផ្សា​ជាតិ»។​

តែ​លោក​ស្តី​បន្ទោស​អ្នក​នយោបាយ​ខ្មែរ​ និង​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​មិន​ប្រើ​ប្រាស់​យន្តការ​ជាតិ​ដោះស្រាយ​ ហើយ​នឹង​ការ​បណ្តោយ​ឲ្យ​មាន​ការ​បង្ហូរ​ ​ឈាម​ដែល​លោក​បាន​សង្កត់​ធ្ងន់​ថា​ ល្មម​ដល់​ពេល​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​នេះ​ហើយ៕​