គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនៅថ្ងៃច័ន្ទនេះបានបើកសិក្ខាសាលាថ្នាក់ជាតិមួយដើម្បីបង្ហាញជូនសាធារណជនអំពី«សេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត» និង«សេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នាតជ្រើសតាំងតំណាងរាស្រ្ត» ក្រោយពីការធ្វើវិសោធនកម្មរួមគ្នាជាច្រើនខែរួចមក។
យោងតាមកិច្ចព្រមព្រៀងក្រោយពីភាពចម្រូងចម្រាស់ក្រោយពីការបោះឆ្នោត គណបក្សជាប់ឆ្នោតទាំងពីរបានឯកភាពថា នឹងធ្វើការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ សិក្ខាសាលាថ្នាក់ជាតិមួយបានធ្វើឡើងដើម្បីបង្ហាញជូនសាធារណជនអំពីលទ្ធផលដែលទទួលបាន។ ក៏ប៉ុន្តែនៅថ្ងៃដដែលនេះដែរ ក្រុមអង្គការសង្គមចំនួនធំ ដែលឃ្លាំមើលកិច្ចការបោះឆ្នោតនៅកម្ពុជាមួយ រួមមាន Comfrel, Adhoc និងអង្គការតម្លាភាពកម្ពុជាជាដើមបានធ្វើពហិការមិនចូលរួមសិក្ខាសាលានេះទេដើម្បីសម្តែងសេចក្តីមិនពេញចិត្តចំពោះសេចក្តីព្រាងវិសោធនកម្មច្បាប់ថ្មីទាំងនេះ។
ថ្លែងទៅកាន់អ្នកចូលរួមសិក្ខាសាលាដែលរៀបចំនៅក្នុងមន្ទីររដ្ឋសភាជាតិ លោក គួយ ប៊ុនរឿន សហប្រធានក្រុមការងារវិសោធនកម្មច្បាប់បោះឆ្នោតមកពីគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ពីរនេះបានធ្វើឡើងស្របតាមការឯកភាពកែទម្រង់ការបោះឆ្នោតនៅកម្ពុជារបស់គណបក្សទាំងពីរនេះដែលមានអាសនៈនៅក្នុងរដ្ឋសភា។
«ច្បាប់នេះមានអនុភាពតម្រូវឲ្យអង្គការរៀបចំការបោះឆ្នោត រៀបចំប្រព័ន្ធគ្រប់គ្រង រចនាសម្ព័ន្ធ យន្តការ និងនីតិវិធីនៃដំណើរការបោះឆ្នោត ដោយអនុវត្តនូវសិទ្ធិពេញលេញក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួន ដោយឯករាជ្យ អព្យាក្រិត្យ ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌»។
លោកបានបន្ថែមថា៖ សេចក្តីស្នើច្បាប់ទាំងពីរនេះនឹងបង្ការការជាប់គាំងខាងនយោបាយនាពេលអនាគត និងធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។
ជាមួយគ្នានេះ លោកស៊ិក ប៊ុនហុក សមាជិកក្រុមការងារវិសោធនកម្មច្បាប់បោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាក៏បានគូសបញ្ជាក់ផងដែរថា ច្បាប់ថ្មីនេះអនុលោមតាមច្បាប់ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងសិទ្ធិនយោយបាយ។
«ចំណុចទីពីរនៃមាត្រានេះទៀត៖ បុគ្គលគ្រប់រូបមានសិទ្ធិទទួលបាននូវការការពារដោយច្បាប់ប្រឆាំងនឹងការជ្រៀតជ្រៀក ឬការប៉ះពាល់ ។ មានសិទ្ធិទទួលបាននូវការការពារដោយច្បាប់ អញ្ចឹងហើយបានមានច្បាប់ហ្នឹងយកមកការពារនោះ ធ្វើតាមអន្តរជាតិ»។
ក្រុមការងារទាំងពីររបស់គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមចរចាគ្នាអំពីការកែទម្រង់ការបោះឆ្នោតចាប់តាំងពីដើមខែធ្នូមក។
សេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មាន៧ជំពូកនិង៦៦មាត្រា។ ច្បាប់នេះរួមមានការដាក់គ.ជ.ប.ឲ្យជាស្ថាប័នឯករាជ្យ ស្របតាមច្បាប់វិសោធនកម្មថ្មីរបស់រដ្ឋធម្មនុញ្ញ និងកំណត់កញ្ចប់ថវិកាដាច់ដោយឡែក។ លើសពីនេះទៀត គណៈកម្មាធិការនេះមានសមាភាព៩រូប ដែលក្នុងនោះមាន ៤រូបជ្រើសតាំងដោយគណបក្សកាន់អំណាច ដែលមានអាសនៈនៅក្នុងសភា ៤រូបផ្សេងទៀតត្រូវជ្រើសតាំងដោយបក្សនយោបាយក្រៅរដ្ឋាភិបាលដែលមានអាសនៈនៅក្នុងរដ្ឋសភា ហើយមួយរូបផ្សេងទៀតត្រូវជ្រើសរើសដោយមានការឯកភាពពីគណបក្សទាំងអស់ដែលមានអាសនៈនៅក្នុងរដ្ឋសភា។ ហើយច្បាប់ដដែលនេះបានតម្រូវឲ្យសមាជិកនៃគណៈកម្មាធិការនេះមានសញ្ជាតិខ្មែរតែមួយគត់។
ដោយឡែក សេចក្តីព្រាងសេចក្តីស្នើច្បាប់ផ្សេងមួយទៀតស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាន១២ជំពូក និង១៧១មាត្រា។ សេចក្តីព្រាងច្បាប់នេះបានបញ្ចូលមាត្រាមួយចំនួន រួមមានការបន្ថែមអាសនៈនៅក្នុងរដ្ឋសភាពី១២៣ដល់ទៅ១២៥ ការបាត់បង់អាសនៈនៅក្នុងរដ្ឋសភា ប្រសិនបើគណបក្សនយោបាយណាមួយធ្វើពហិការមិនចូលរួមសម័យប្រជុំដំបូង និងមិនព្រមធ្វើសច្ចាប្រណិធានចូលកាន់តំណែងបន្ទាប់ពីការប្រកាសលទ្ធផលឆ្នោតរួច។
លើសពីនេះទៀត មាត្រាទី៨៤នៃច្បាប់នេះហាក់ដូចជាដាក់កំហិតទៅលើការបញ្ចេញមតិរបស់អង្គការក្រៅរដ្ឋាភិបាល ដោយចែងថា៖«អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងសមាគម ឬអង្គការអន្តរជាតិ ដែលបំពេញការងារក្នុងព្រះរាជាណាចក្រកម្ពុជា ឬជនបរទេស ត្រូវប្រកាន់ជំហរអព្យាក្រិត្យឥតលម្អៀងនៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ»។
មាត្រាដដែលក៏បានបញ្ជាក់ផងដែរថា មិនឲ្យអង្គការមិនមែនរដ្ឋាភិបាលធ្វើសកម្មភាព រួមមាន៖ការបញ្ចុះបញ្ចូលប្រជាជនឲ្យដង្ហែឃោសនា ផ្សព្វផ្សាយគោលនយោបាយ ការចូលរួមជាសមាជិកគណបក្សនយោបាយ ការស្ទង់មតិក្នុងគោលបំណងបម្រើគណបក្សនយោបាយណាមួយ ការសរសេរ ឬផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយដើម្បីគណបក្សនយោបាយណាមួយ។ អ្នកដែល ប្រព្រឹត្តខុសទៅនឹងមាត្រានេះអាចត្រូវផាកពិន័យពី១០ទៅ២០លានរៀល។
ថ្លែងទៅកាន់អង្គសិក្ខាសាលានាពេលនោះតាមរយៈអ្នកបកប្រែផ្ទាល់ខ្លួន លោក Jean-Francois Cautain ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងពីការព្រួយបារម្ភរបស់លោក និងអង្គការសង្គមស៊ីវិលចំពោះសេចក្តីស្នើច្បាប់នេះ ជាពិសេសមាត្រាទី៨៤របស់ច្បាប់បោះឆ្នោតនេះ ព្រោះវាផ្ទុយពីមាត្រាទី៤១នៃច្បាប់ធម្មនុញ្ញរបស់សហភាពអឺរ៉ុប និងកតិកាសញ្ញាស្តីពីសិទ្ធិស៊ីវិលនិងសិទ្ធិនយោយបាយដែលប្រទេសកម្ពុជាជាហត្ថលេខី។
«សំណួរជាក់លាក់របស់ខ្ញុំគឺថា តើក្រុមការងារទាំងពីរអាចយកមកពិចារណាបានទេទាក់ទងនឹងការព្រួយបារម្ភរបស់សង្គមស៊ីវិលទាក់ទងនឹងមាត្រាទី៨៤នេះ?»
កាលពីសប្តាហ៍មុន ក្រុមអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលកិច្ចការបោះឆ្នោតនៅកម្ពុជា បានធ្វើការរិះគន់ចំៗថា សេចក្តីព្រាងច្បាប់ថ្មីនេះអាចមានផលអាក្រក់និងបំបិទសិទ្ធិរិះគន់របស់អង្គការទាំងនេះនៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតនាពេលខាងមុខ។
លោកគល់ បញ្ញា នាយកប្រតិបត្តិរបស់អង្គការគណៈកម្មាធិការដើម្បីបោះឆ្នោតដោយសេរី និងយុត្តិធ៌មនៅកម្ពុជា ហៅកាត់ថា Comfrel មានប្រសាសន៍ថា អង្គការរបស់លោកនិងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ដែលហៅកាត់ថា (ERA) និងអង្គការផ្សេងៗទៀតជិត៦០អង្គការ បានទាមទារឲ្យមានការជជែកគ្នាឲ្យបានផុសផុល និងស្នើសុំឲ្យគណបក្សទាំងពីរនេះលុបចោលមាត្រាទី៨៤នៃច្បាប់បោះឆ្នោតថ្មីនេះ។
«យើងទាមទារឲ្យមានការពិគ្រោះយោបល់មួយឲ្យបានត្រឹមត្រូវទៅលើច្បាប់ពីរនេះ និងសូមឲ្យគាត់ដកមាត្រាមួយចំនួនដែលទាក់ទងនឹងការបិទសិទ្ធិនយោបាយរបស់អង្គការសង្គមស៊ីវិលចេញពីច្បាប់បោះឆ្នោតហ្នឹង ដែលបិទសិទ្ធិយើងឲ្យក្លាយទៅបទល្មើស។ វាមិនត្រឹមត្រូវទេ ព្រោះអី វាខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ»។
គួរបញ្ជាក់ផងដែរ គណបក្សកាន់អំណាចនិងគណបក្សសង្គ្រោះជាតិបានចុះកិច្ចព្រមព្រៀងនៅចុងខែកក្កដាឆ្នាំកន្លងទៅដើម្បីធ្វើការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា បន្ទាប់ពីមានការជាប់គាំងខាងនយោបាយជិតមួយឆ្នាំ ក្រោយពីការបោះឆ្នោតនាខែកក្កដា២០១៣មក។ គណបក្សសង្គ្រោះជាតិបានចោទប្រកាន់ពីភាពមិនប្រកតីនៅក្នុងស្ថាប័នគ.ជ.ប. និងភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោតជាច្រើន៕