កម្ពុជា​សាទរ​ទំនាក់ទំនង​អាមេរិក​អាស៊ាន​ទោះ​មាន​បញ្ហា​ប្រឈម​ក្នុង​តំបន់

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ថតរូបរួមគ្នា នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២។

អ្នកការទូត​កម្ពុជា​សម្តែង​សុទិដ្ឋិនិយម​ចំពោះ​សមិទ្ធផល​ដែល​អាស៊ានសម្រេច​បាន​កន្លង​មកនេះ​ក្រោម​ការដឹកនាំ​របស់កម្ពុជាជា​ពិសេស​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​លោក​ក៏​បាន​ទទួលស្គាល់​ពី​បញ្ហា​ប្រឈម​ក្នុង​តំបន់​ជា​ពិសេស​វិបត្តិ​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ​

នៅ​ក្នុង​វេទិកា​ពិភាក្សា​មួយ​ដែល​បាន​រៀបចំ​កាលពី​ថ្ងៃពុធ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដោយ​ផ្តោត​លើ​កិច្ចប្រជុំ​កំពូល​របស់​អាស៊ាន​និង​អាស៊ីបូព៌ា​ក្នុង​ពេល​ខាងមុខ​ លោក​ កែវ ឈា​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា៖ «ឆ្នាំ​នេះ​តាម​រយៈ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អាមេរិក​និង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​ យើង​សប្បាយ​រីករាយ​ក្នុង​ការប្រកាស​កម្រិត​ថ្មី​នៃ​ដៃគូ​ជា​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​អាស៊ាន​និង​សហរដ្ឋ​អាមេរិក។ ​ក្រោយពី​ការដំឡើង​កម្រិត​នៃ​ភាព​ជាដៃគូនេះ​ហើយ​យើង​កំពុង​សំឡឹង​មើល​ការបង្កើត​ផែនការ​សកម្មភាព​អំពី​វិធី​ត្រូវ​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​រវាង​អាស៊ាន​និង​ស្ថាប័ន​នានា​របស់​សហរដ្ឋ​អាមេរិក»។

ប្រទេស​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​នៅ​រាជធានី​ភ្នំពេញ​ពី​ថ្ងៃទី១០​ដល់​១៣ខែ​វិច្ឆិកា។

​លោក​ កែវ ឈា ​បានបញ្ជាក់ប្រាប់​ក្រុម​អ្នកចូលរួម​កិច្ចពិភាក្សា​តុ​មូល​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ CSIS ​ដែល​មាន​អ្នកស្រាវជ្រាវ​គោល​នយោបាយ​នានា​និង​អ្នកការទូត​អាមេរិកាំង​ពី​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ប្រកាន់​យក​អព្យាក្រឹតភាព​ដោយ​សហការ​និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្រប់​ភាគី​ទាំងអស់។

លោក​បាន​បន្ថែម​ថា៖ «ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខិតខំ​បញ្ជូន​សារ​ដល់​សហរដ្ឋ​អាមេរិក​ថា​កុំ​ផ្តល់​ឲ្យ​យើង​តែ​ការរិះគន់​ពេក​ សូម​ធ្វើ​ការងារ​អ្វី​ផ្សេង​ខ្លះ។ សូម​សហការ​គ្នា​ដោយ​ជាក់លាក់​ ហើយ​ពួកគេ​ទទួល​បាន​សារ​នេះ​ហើយ។ ខ្ញុំ​រីករាយ​ដែល​ក្នុង​រដ្ឋបាល​នេះ​យើង​បាន​ធ្វើការ​ចម្រើន​ទៅមុខ​ក្នុង​ការ​ធ្វើការ​ជាក់​លាក់​មួយ​ចំនួន​នៅ​ក្នុង​កិច្ចសហ​ប្រតិបត្តិការ​របស់​យើង»។

លោក កែវ ឈា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​វេទិកា​តុមូល​ស្តីពី​ស្ថាបត្យកម្ម​អាស៊ាន នៅមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រនិង​ការ​សិក្សាអន្តរជាតិ (Center for Strategic and International Studies)​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២។

លោក​ឯកអគ្គរាជទូត​កម្ពុជាបាន​ថ្លែង​យោង​ដល់​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​សភា​អាមេរិក​ចំនួន​៣​ក្នុង​ឆ្នាំ​នេះ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​សិក្សា​ស្វែងយល់​ការពិត។ លោក​សង្ឃឹម​ថា​នៅ​ឆ្នាំ​ក្រោយ​នឹង​មាន​ប្រតិភូ​សភា​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​បន្ត​ទៀត។

លោក ​កែវ ឈា​ បាន​បន្ត​ទៀត​ថា៖ «ដូច្នេះ​ពួកគេ​អាច​ធ្វើ​ដំណើរ​ទៅ​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​យ៉ាង​ពិតប្រាកដ​ជាជាង​ឮ​តែ​ព័ត៌មាន​តាម​បណ្តាញ​សារព័ត៌មាន​និង​ប្រភព​ផ្សេងៗ»។

ការ​កាន់​តំណែង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ដោយ​កម្ពុជា​កើត​ឡើង​ខណៈ​ពេល​ដែល​ពិភពលោក​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ក្នុង​នោះ​មានសង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សង្វាក់​ផ្គត់​ផ្គត់ស្បៀង​និង​ប្រេង​នៅ​លើពិភពលោក វិបត្តិ​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ជំងឺ​កូវីដ១៩ ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ចិន​មាន​ទំនាស់​ជាមួយ​នឹង​សមាជិក​អាស៊ាន​មួយ​ចំនួន ​និង​ការ​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ។

លោក​ កែវ​ ឈា​ បានថ្លែង​បន្ថែម​ថា​វា​ជា​រឿង​«ចៃដន្យ​មិន​ល្អ»​ដែល​វិបត្តិ​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​កើត​មាន​ឡើង​នៅ​មុន​ពេល​ដែល​កម្ពុជា​មក​កាន់​តំណែង​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​ហើយ​ត្រូវ​បន្តមក​ដល់កម្ពុជា។

លោក​បាន​បន្ថែម​ថា៖ «យើង​ទទួល​មរតក​បញ្ហា​ទាំង​នោះ​ ហើយ​យើង​ត្រូវ​តែ​ដោះស្រាយ»។​


វិបត្តិ​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ាបាន​កើត​ឡើង​តាំងពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​មុន​ក្រោយ​ពី​ក្រុម​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី Aung San Suu Kyi (អោង​ សានស៊ូជី)។ កម្ពុជា​បាន​រង​ការរិះគន់​ពី​អ្នកសង្កេតការណ៍​ក្នុង​តំបន់​ នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ដោយ​ផ្ទាល់​នៅ​ទីក្រុង​ណៃពិដោ។ ​

លោក ​កែវ ឈា ​ក៏​បាន​យក​វេទិកា​នេះ​ដើម្បី​ការពារ​ដំណើរ​ទស្សនកិច្ច​របស់មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ៖ «លោក​នាយក​រដ្ឋមន្ត្រី​របស់​យើងបាន​ជម្នះ​នឹង​ការរិះគន់​ចំពោះ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ាក្នុង​គោល​បំណង​មិនមែន​ទៅ​ផ្តល់​ភាព​ស្របច្បាប់​ដល់​របប​នោះ​ដូច​អ្នកខ្លះ​បាន​រិះគន់​ទេ»។​

លោក​ កែវ ឈា​ បាន​ប្រៀបធៀប​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន សែន ​ទៅ​មីយ៉ាន់ម៉ា​ទៅ​នឹងករណី​ចំណាប់​ខ្មាំង​មួយ​ដែល​ប៉ូលិស​ត្រូវ​ចរចា​ជាមួយ​នឹង​អ្នក​ចាប់​ចំណាប់ខ្មាំង​ ហើយ​ការ​ធ្វើ​ដូច្នេះ​គឺ​មិនមែន​ជា​ការផ្តល់​ភាព​ស្របច្បាប់ដល់​ជនល្មើស​ទេ។ ប៉ុន្តែ​លោក​ក៏​បង្ហាញ​ជា​សាធារណៈ​ជា​លើក​ដំបូង​ពី​ការ​ខកចិត្ត​របស់​ប្រធាន​អាស៊ាន​ចំពោះ​ការណ៍​ដែល​របប​យោធា​មីយ៉ាន់ម៉ា​មិន​គោរព​តាម​ការសន្យា​លើ​បទ​ឈប់​បាញ់​គ្នា​ដែល​មាន​នៅ​ក្នុង​កិច្ចព្រមព្រៀង​៥​ចំណុច​របស់​អាស៊ាន។

លោក​បាន​បន្ថែម​ថា៖ «ជា​ការ​ខកចិត្ត​របស់​យើង​នៅ​ពេល​នាយក​រដ្ឋមន្ត្រី​របស់​យើង​ប្រឹងប្រែង​យ៉ាង​អស់​សមត្ថភាព​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​យោធា​ ​នៅ​ពេល​ដែល​យើង​ត្រឡប់​មក​វិញ​មិន​ទាន់​ទាំង​បាន​ចុះ​យន្តហោះ​ដល់​ដី​ផង​ ពួកគេ​បាន​ទម្លាក់​គ្រាប់​បែក​ដាក់​ជន​ស៊ីវិល។ វា​ហាក់​ដូច​ជា​ទះ​កំផ្លៀង​យើង។ ប៉ុន្តែ​យើង​បាន​ខិតខំ​រក្សា​ភាព​អត់ធ្មត់»។

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) អញ្ជើញ​ត្រួតពល​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា លោក Wunna Maung Lwin (ស្ដាំ) នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ណៃពិដោ ក្នុង​ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។

ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​មីយ៉ាន់ម៉ា​បន្ត​កើត​ឡើង​យ៉ាង​ទូលំទូលាយ​ដែល​ប្រព្រឹត្ត​ដោយ​របប​យោធា។ ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​គឺ​មាន​សកម្មជនចំនួន​ជិត​២.៤០០​នាក់​ត្រូវ​បាន​សម្លាប់​និង​ចំនួន​ជិត​១៣.០០០​នាក់​នៅ​កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ។​ នេះ​បើ​តាម​គេហទំព័រ​ Assistance Association for Political Prisoners (Burma) ​ដែល​តាម​ដាន​សកម្មភាព​នយោបាយ​នៅ​មីយ៉ាន់ម៉ា។

រូប​ឯកសារ៖ នៅ​ក្នុង​រូបថតកាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ ​នេះ បាតុករ​ម្នាក់​កាន់​បដា​រូប​លោកស្រី Aung San Suu Kyi ក្នុង​អំឡុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​មុខ​ធនាគារ​កណ្តាល​មីយ៉ាន់ម៉ា​នៅ​ក្រុង​រ៉ង់ហ្គូន។

អ្នកជំនាញ​យល់​ថា​រដ្ឋបាល​លោក​ Joe Biden ​នៃ​សហរដ្ឋ​អាមេរិក​បាន​យកចិត្ត​ទុក​ដាក់​លើ​តំបន់​អាស៊ាន​ជាង​រដ្ឋបាល​មុនៗ។​ ការណ៍​នេះ​បាន​រួម​ចំណែក​ដល់​ការប្រកួត​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​ចិន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ផងដែរ។​

អ្នកស្រី Lynn Kuok ​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វេទិកា​ពិភាក្សា​ Shangri-La​ របស់​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រយល់​ថា៖ «ខ្ញុំ​គិត​ថា​ប្រសិនបើ​អាស៊ាន​មិន​អាច​បង្ហាញ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​ការប្រកួត​ប្រជែង​របស់​មហា​អំណាច​ទេ​ នោះ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​តម្រង់​ទិស​ដៅ​នៃ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​នឹង​មាន​តិចតួច។​ ដូច្នេះ​នឹង​ក្លាយ​ជា​អ្នក​ឈរមើល​នៅ​ក្នុង​តំបន់​របស់​ខ្លួន»។​

ទន្ទឹម​នឹង​នោះ​ក៏​នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​អាស៊ាន​ត្រូវ​ធ្វើ​ដោយ​សេចក្តី​ក្លាហាន​ដូចជា​ឈោង​ដៃ​ពង្រឹង​មិត្តភាព​ការងារ​ជាមួយ​នឹង​តំបន់​អឺរ៉ុប​ ហើយ​គេ​មិន​គួរ​វាស់វែង​ភាព​ជឿជាក់​និង​មជ្ឈភាព​អាស៊ាន​នៅត្រឹម​បញ្ហា​មីយ៉ាន់ម៉ា​ ឬ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទេ។

អ្នកស្រី​ Lynn Kuok​ បាន​បន្ថែម​ថា៖​ «ប៉ុន្តែ​ប្រហែល​ជា​យើង​ត្រូវការ​វិធីសាស្រ្ត​រួម​បន្ថែម​ទៀត​ដើម្បី​មើល​ថា​តើ​អាស៊ាន​អាច​បម្រើ​ផល​ប្រយោជន៍​រួម​របស់​សមាជិក​ និង​ដៃគូ​បាន​ល្អ​បំផុត​ឬ​ទេ​ ហើយ​ខ្ញុំ​គិត​ថា​នោះ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើការ​ក្នុង​ដំណាក់កាលខាងមុខ»។

អ្នកជំនាញ​យល់​ថា​តំបន់​អាស៊ាន​មាន​សារៈសំខាន់​ទាំង​ខាង​ផ្នែក​យុទ្ធសាស្ត្រ​និង​ពាណិជ្ជកម្ម​សម្រាប់​សហរដ្ឋ​អាមេរិក​ហើយ​មិន​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​ត្រូវ​ចំណាយ​ទុន​ធំ​ក្នុង​ការ​រក្សា​លំនឹង​នៅ​ទីនោះ​ទេ។​ ​ ទន្ទឹម​នឹង​នេះ​វា​ក៏​ជា​របៀប​ដែល​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ចង់​បាន​ដែរ។

លោក Satu Limaye​ អនុប្រធាន​មជ្ឈមណ្ឌល ​East-West Center បាន​បញ្ជាក់​ថា៖​ «ដរាបណា​តំបន់​អាស៊ាន​ធ្វើ​សមាហរណកម្ម​កាន់តែ​ខ្លាំង​ដោយ​រួម​ទាំង​តំបន់​ប៉ាស៊ីហ្វិក​ផង​គឺ​ល្អ​សម្រាប់​តម្លៃ​ដោះដូរ​ពាណិជ្ជកម្ម​និង​ច្បាប់​នានា»។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ឱ្យ​ដឹង​ថា​តាំងពី​ឆ្នាំ​២០០២​មក ​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ថវិកា​ចំនួន​១២,១​ពាន់​លាន​ដុល្លារ​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​និង​ដៃគូ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សន្តិសុខនិង​សុខាភិបាល។ កាលពី​ពាក់​កណ្តាល​ខែ​ឧសភា​ រដ្ឋបាល​លោក ​Joe Biden ក៏​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​អាស៊ាន​និង​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ផង​ដែរ ដើម្បី​បញ្ជាក់​ឡើងវិញ​នូវ​ការតាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​អាស៊ីអាគ្នេយ៍ និង​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក និង អាស៊ាន ក្នុង​វិស័យ​ផ្សេងៗ ដែល​រួមមាន​ការ​គោរព​សិទ្ធិមនុស្ស​ផងដែរ៕