កម្ពុជា​ប្រារព្ធ​ទិវា​សារព័ត៌មាន ខណៈ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​សេរីភាព​សារព័ត៌មាន

រូបឯសារ៖ អ្នក​កាសែត ​នាំ​គ្នា​រង់ចាំ​យក​ព័ត៌មាន​នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​ក្រុង​តាខ្មៅ​ មុន​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ទីនោះ ខេត្ត​កណ្ដាល ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០១៨។

រដ្ឋាភិបាល​កម្ពុជា​ បាន​ចូលរួម​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​៣ឧសភា ដោយ​ចាត់​ទុក​អ្នក សារព័ត៌មាន គឺ​ជា​ចលករ​មួយ​មិនអាច​ខ្វះ​បាន​នៅ​ក្នុងដំណើរការ​ដឹកនាំ​រដ្ឋ។ ​នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន។ ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សិទ្ធិ​មនុស្ស​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​ឲ្យ​បាន​សេរីភាព​របស់​អ្នក​សារព័ត៌មាន​ក្នុង​ការ​បំពេញ​ការងារ ដោយ​ពុំ​មាន​ការ​បំភិត​បំភ័យ។

ក្នុង​សារ​៤​ទំព័រ​សម្រាប់​អបអរទិវាសេរីភាព​សារព័ត៌មាន​សកល​លោក​លើក​ទី​៣០ ក្រោមប្រធាន​បទ​ «ផល​ប្រយោជន៍​នៃ​ព័ត៌មាន​ចំពោះ​សាធារណជន​» លោក ហ៊ុន សែន​ បាន​លើកឡើងថា​ ស្ថិតក្នុង​កាលៈទេសៈដែល​ប្រទេស​កំពុងប្រឈម​នឹង​ជំងឺកូវីដ១៩​ដែល​ជា​ជំងឺ ឆ្លង​រាតត្បាត​កាច​សាហាវនេះ«វិស័យ​ព័ត៌មាន​កាន់​តែ​មាន​សារសំខាន់​ថែមទៀត​ ក្នុង​ការ​បម្រើ​ផល​ប្រយោជន៍​សាធារណជន​ និងការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ជា​មួយ​ប្រជាពលរដ្ឋ​»។

លោក​ថា​ការ​ធ្វើ​ដូេច្នះ​ជា«មធ្យោបាយ​ដ៏មាន​ប្រសិទ្ធភាព​ក្នុង​ការ​នាំយក​ព័ត៌មាន​ពីរដ្ឋាភិបាល​ទៅកាន់​ប្រជាពល​រដ្ឋ​ ព្រមទាំង​នាំ​យក​ព័ត៌មាន​ និង​សេចក្តី​ត្រូវ​ការ​ពីប្រជាពលរដ្ឋ​មកកាន់​រដ្ឋាភិបាល​វិញ​ដើម្បី​ដោះស្រាយ​បញ្ហា​បាន​ទាន់​សភាព​ការណ៍​ដែល​បង្ហាញ​ឲ្យ​ឃើញថា​ស្ថាប័ន​សារព័ត៌មាន​គឺ​ជា​ដៃគូ​ដែល​មិន​អាច​ខ្វះបាន​របស់រដ្ឋា​ភិបាល»។

យ៉ាង​ណា​ក៏​ដោយ​ លោក ហ៊ុន​ សែន​បាន​ដាស់​តឿន​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ដែល​កំពុង​ប្រកប​អាជីព​សារព័ត៌មាន​នៅ​កម្ពុជា​ ក៏​ដូចជា​នៅ​ទូទាំង​សកល​លោក​«សូម​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ក្រម​សីលធម៌​ វិជ្ជាជីវៈ​ជៀស​វាង​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ហើយ​បំពាន​ទៅ​លើ​សិទ្ធិ​បុគ្គល​ឯកជន​ដោយ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ព័ត៌មាន​ក្លែងក្លាយ​ ញុះញង់​ធ្វើ​ឲ្យ​ប៉ះពាល់​សេចក្តី​ថ្លៃថ្នូរ​ និង​កើត​មាន​ភាព​វឹកវរ​ចលាចល​នៅ​ក្នុង​សង្គម»។


លោក ណុប វី​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​(ខេមបូចា)ប្រាប់​វីអូអេនៅ​ថ្ងៃ​ចន្ទ​នេះ​ថា​អាជ្ញាធរ​កម្ពុជា​គួរ​ផ្តល់​កិច្ច​គាំពារសុវត្ថិភាព​អ្នក​សារព័ត៌មាន​បន្ថែម​ទៀត​ ក្នុង​ពេល​បំពេញ​ការងារ​ និង​សម្រួល​លក្ខខណ្ឌ​មិន​ចាំបាច់​មួយ​ចំនួន​ដូចជា​ការ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​អំពី​ការ​ចុះ​យក​ព័ត៌មាន​របស់​អ្នក​កាសែត។

«កាល​ណា​យើង​គ្រាន់​តែ​ថា​ អ្នក​សារព័ត៌មាន​និង​រដ្ឋាភិបាល​ជា​ដៃ​គូល្អ​ ប៉ុន្តែ​ដៃ​គូម្ខាង​ទៀត​ មិន​ទទួល​បាន​ឱកាស​ មិន​ទទួល​បាន​មធ្យោបាយ​ មិន​ទទួល​បាន​កិច្ច​គាំពារ​ ដើម្បី​ធ្វើ​កិច្ច​ការងារ​សម្រាប់​ជាតិ​ទេ​ អ៊ីចឹង​វាមាន​ការ​ពិបាក​ ហើយ​ដែល​គោល​នយោបាយ​ ឬ​មួយ​ក៏​ការ​សម្រេច​យក​អ្នក​សារព័ត៌មាន​ជា​ដៃ​គូ​ល្អ​ហ្នឹង​ ក៏មិន​អាច​ទទួលបាន​ជោគជ័យ​ដែរ»។ ​

នៅ​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​រង​សម្ពាធ​ខ្លាំង​ពីជំងឺកូវីដ១៩​ អ្នកការពារសិទ្ធិអ្នកកាសែត​រូបនេះ​កត់​សម្គាល់​នូវ​ចំណុចវិជ្ជមាន​មួយ​ចំនួន រួមមានការ​អនុញ្ញាត​ឲ្យអ្នកសារព័ត៌មាន​មានឱកាស​ចេញ​ទៅ​បំពេញ​ការងារ​ និង​មិន​រឹតត្បិត​លើ​ប្រតិបត្តិការ​របស់​វិទ្យុ​បរទេស​មួយចំនួន​នៅ​ក្នុង​ប្រទេស​ដូច​ជា​សំឡេង​សហ​រដ្ឋ​អាមេរិក(វីអូអេ) ការ​ចុះ​អនុញ្ញាត​ឲ្យ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​បាន​ដំណើរ​ការ ហើយ​ចំនួន​នៃ​សមាគម​សារព័ត៌មាន​ក៏បាន​កើន​ពី​ចំនួន​៤៣​ក្នុង​ឆ្នាំ​២០២០មក​ជាង​៥០​នៅ​ឆ្នាំ​នេះ។

លោក ​ណុប​ វី បន្ថែម​ថា ដើម្បី​ធ្វើ​ឲ្យ​លម្ហ​សេរីភាព​សារព័ត៌មាន​កាន់​តែ​ប្រសើរ​ឡើង​នោះ​ អាជ្ញាធរ​គួរបញ្ឈប់​ការ​ប្រើ​វិធានការ​ច្បាប់ប្រឆាំង​នឹង​អ្នកកាសែត​ណា​ដែល​ហ៊ាន​ធ្វើ​សេចក្តី​រាយការណ៍​រស៊ើប​ពាក់​ព័ន្ធ​នឹង​បញ្ហាសង្គម​ និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ និង​បទ​ចោទ​ប្រកាន់​របស់​តុលាការ​មក​លើអ្នក​កាសែត​មួយ​ចំនួន​គួរ​ត្រូវ​បាន​ទម្លាក់​ចោល។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​លោក ​អំ​ សំអាត​ យល់​ថា​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​អ្នក​សារព័ត៌មាន​ ទាំង​អំពើ​ឃាតកម្ម​ និង​ការ​រឹតត្បិត​សិទ្ធិ​បាន​បន្ត​កើត​មាន​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ និង​មិនទាន់​រក​ឃើញ​ជន​ដែល​បង្ក​ហិង្សា​ ឬ​ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន​ទេ។

លោក​កត់​សម្គាល់ការបង្ក្រាប​យ៉ាង​ទូលំ​ទូលាយ​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន​កាល​ពី​ឆ្នាំ​២០១៧​ គឺ​មុន​ពេល​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​យល់​ថា​ ក្នុង​ស្ថានភាព​បច្ចុប្បន្ននេះ​ ប្រសិន​បើ​រដ្ឋាភិបាល​ចាត់​ទុក​អ្នក​សារ​ព័ត៌មាន​ជាដៃគូមិន​អាច​ខ្វះ​បាន​នោះ​ ​ស្ថាប័នរដ្ឋ​នីមួយៗ​គួរ​មាន​ភាព​សកម្ម​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដែល​ជា​តម្រូវការ​សម្រាប់​ធ្វើ​សេចក្តី​រាយការណ៍​របស់​អ្នក​យក​ព័ត៌មាន។

«សារព័ត៌មាន​ជាដៃ​គូ​មិន​អាច​ខ្វះ​បាន វា​ទាល់​តែ​យើង ធ្វើ​ម៉េច​ឲ្យ​ផ្តល់​សេរីភាព​ពេញ​លេញ​ទៅ​ដល់​អ្នក​សារព័ត៌​មាន​ដែល​ជា​អ្នកសារព័ត៌មាន​ឯករាជ្យ និង​អ្នកសារព័ត៌មាន​ទាំង​ឡាយនូវ​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួនឲ្យ​បាន​ពេញ​លេញ​ កុំ​ឲ្យ​មាន​ការរឹតត្បិត​ដូច​ជា​ការផ្តល់​ព័ត៌មាន​សម្រាប់​អ្នកសារព័ត៌មាន​ឲ្យបាន​ពេញ​លេញពី​ក្រសួង​ស្ថាប័ន​ ឬក៏​សេរីភាព​របស់​អ្នក​សារព័ត៌មាន​ហ្នឹង​ គាត់​អាច​បំពេញ​តួនាទី​របស់​ខ្លួនដោយ​សេរីក្នុង​នាម​ក្រប​ខណ្ឌ»។

ក្នុង​អំឡុង​ពេលនៃ​វិបត្តិជំងឺកូវីដ​១៩នេះ​ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​អ្នក​កាសែត​មួយចំនួនឲ្យ​ប្រឈម​មុខនឹង​ការ​ដាក់ទោស​ទណ្ឌ​តាម​ផ្លូវ​ច្បាប់​ ចំពោះ​ការ​ធ្វើ​សេចក្តី​រាយការណ៍​ ឬ​បញ្ចេញ​មតិ​របស់​ខ្លួន​ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​បង្ហាញ​ពី​ផល​ប៉ះ​ពាល់​នៃជំងឺកូវីដ​១៩​មក​លើ​ជីវភាព​របស់​ពលរដ្ឋ។ អាជ្ញាបណ្ណ​របស់​អ្នកប្រកប​អាជីព​ក្នុង​វិស័យ​ព័ត៌មាន​មួយ​ចំនួន ក៏​ត្រូវ​បាន​ដក​ហូត​ ចំពោះ​ការ​អធិប្បាយ​លើ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​ក្នុងការ​ដោះ​ស្រាយ​ផលវិបាក​ផ្សេង​ៗ​ក្នុង​ពេល​មាន​ការ​ឆ្លង​រាត​ត្បាត​ជំងឺកូវីដ​១៩​នេះ។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស​ សុភ័ណ្ឌ​ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​លើ​សារ​សំខាន់​នៃ​តួនាទី​របស់​អ្នក​សារព័ត៌មាន​ក្នុង​ពេល​ប្រទេស​កំពុង​រង​ការ​វាយ​ប្រហារ​ពី​ជំងឺ​ឆ្លង​កូវីដ១៩​ ដោយ​អាជ្ញាធរ​ព័ត៌មាន​បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​អាច​ចុះ​យក​ព័ត៌មាន​ និង​បាន​ផ្តល់​វ៉ាក់សាំង​ជូន​អ្នក​សារ​ព័ត៌មាន។

ទាក់ទិន​ការ​ចោទ​ប្រកាន់​ថា​ អាជ្ញាធរធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នកកាសែត​ដោយ​ការ​ប្តឹង​ផ្តល់​ទៅ​តុលាការនោះ​ អ្នក​នាំ​ពាក្យ​រូប​នោះ​បក​ស្រាយ​ថា​វិធានការ​ច្បាប់​បាន​ធ្វើ​តែ​ទៅ​លើ​បុគ្គល​មួយ​ចំនួន​តូច​ដែល​លោក​ថា​បាន​បំពាន​ច្បាប់​តែ​ប៉ុណ្ណោះ។

«ការ​អនុវត្ត​ច្បាប់​កន្លង​មក​នេះ គឺ​យើង​អនុវត្ត​តែ​ទៅ​លើ​អ្នក​សារព័ត៌មាន​ មួយ​ចំនួន​តូច​តែប៉ុណ្ណោះ​ដែល​គាត់​អាច​អនុវត្ត​ខុស​ពីក្រម​សីលធម៌​វិជ្ជាជីវៈ ពី​ផ្លូវ​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​មានជា​ធរមាន។ ដូច្នេះ​យើង​មិន​អាច​និយាយ​បាន​ទេ​ថា​ ការ​អនុវត្តន៍​ច្បាប់​ទៅ​លើ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​គឺជា​ការ​បំបិទ​ ឬក៏​ជា​ការគំរាម​កំហែង​នោះ»។

ដោយឡែក​ ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិមនុស្ស​ លោកស្រី Michelle Bachelet បាន​អធិប្បាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​សារព័ត៌មាន​សេរី​ គ្មាន​ការរឹតត្បិត​ និង​ឯករាជ្យ​គឺ​ជា​គ្រឹះ​នៃ​សង្គម​ប្រជាធិបតេយ្យ។

លោក​ស្រី​សង្កត់​ធ្ងន់​ថា៖«វិបត្តិ​ជំងឺកូវីដ​១៩​ បាន​ស្តែង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា​ ការ​ធ្វើ​របាយការណ៍​រិះគន់​លើ​គោល​នយោបាយ​ រដ្ឋាភិបាល​ ឬ​ឥស្សរជន​សាធារណៈ​ ជារឿយ​ៗ​ តែង​ត្រូវ​បាន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​។ ច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​ ឬ​អនុវត្ត​ដើម្បី​រឹតត្បិត​ និង​ដាក់​ទោស​ព្រហ្ម​ទណ្ឌ​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាត​ត្បាត​ក៏​ត្រូវ​បាន​ប្រើប្រាស់​ដោយ​រដ្ឋ​ផ្សេងៗ​ផងដែរ​ ដើម្បី​កំណត់​គោលដៅ​ទៅ​លើ​អ្នក​សារព័ត៌មាន»។

លោកស្រី​បាន​អបអរសាទរ​យ៉ាងពេញ​លេញនូវ​សេចក្តី​ក្លាហាន​របស់​អ្នក​សារព័ត៌មាន​ ក្នុង​ការ​ប្តេជ្ញាចិត្ត​របស់​ពួក​គេ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​សាធារណជន​ ហើយ​ទាមទារ​ឲ្យសិទ្ធិ​របស់​ពួកគេ ត្រូវ​បាន​គោរព ការពារ និង​បំពេញ។

នៅឆ្នាំ​២០២១​នេះ​ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​(Reporters Without Borders)​បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​១៤៤​ក្នុង​ចំណោម​ប្រទេស​១៨០​សម្រាប់​សេរីភាព​សារព័ត៌មាន​និង​ការ​បញ្ចេញ​មតិ។ ចំណាត់​ថ្នាក់​នេះ​មិន​ខុស​ពី​ការ​កត់ត្រា​របស់​អង្គ​ការ​អ្នក​កាសែត​គ្មាន​ព្រំដែន កាល​ពី​ឆ្នាំ​២០​២០ ដែល​មាន​ន័យ​ថា​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់។

អង្គការ​ការពារ​សិទ្ធិ​អ្នក​កាសែត​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង​ បាន​វាយ​តម្លៃ​ថា​ រដ្ឋា​ភិបាល​កម្ពុជា​បាន​បង្កើត​ច្បាប់​រឹត​ត្បិត​ខ្លាំងលើ​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរី​ភាព​ពលរដ្ឋ​ ឬ​ការ​បង្កើត​ឯកសារ​ផ្លូវ​ច្បាប់​ផ្សេងៗ​ជា​បន្ត​បន្ទាប់​នៅ​ឆ្នាំ​២០​២០ និង​ការណ៍​ដែល​ធ្វើ​ឲ្យ​មាន​ជា​បទ​ឧក្រិដ្ឋ​ចំពោះ​ការ​រិះ​គន់​សកម្មភាព​រដ្ឋាភិបាល ​ហើយ​ក្នុង​ករណី​ខ្លះ​ ធ្វើ​ឲ្យ​ការ​បោះ​ពុម្ព​ផ្សាយ​ ឬ​ការ​ផ្សព្វផ្សាយ​តាម​រលក​ធាតុ​អាកាស​ ក្លាយ​ជា​ព័ត៌មាន​ក្លែង​ក្លាយ​ដែល​អាច​ត្រូវ​ដាក់​ទោស​ទណ្ឌ​ឲ្យ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ៕