មនុស្សរាប់ម៉ឺននាក់ត្រូវបានគេរំពឹងថានឹងមកប្រមូលផ្តុំគ្នានៅម្តុំជ្រោយចង្វា ដែលនៅទល់មុខរាជធានី ហើយបែងចែកទន្លេមេគង្គនិងបឹងទន្លេសាបនោះ ដើម្បីកត់សម្គាល់ការបញ្ចប់សង្គ្រាម។ ពួកគេក៏នឹងសម្ភោធវិមានចងចាំមួយដែលរដ្ឋាភិបាលថ្លែងថា នឹង«ប្រាប់ដល់អ្នកជំនាន់ក្រោយឲ្យដឹងពីប្រវត្តិសាស្ត្រពិតប្រាកដរបស់កម្ពុជា»។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ សង្គ្រាមរយៈពេល៣០ឆ្នាំ របស់កម្ពុជាបានឈានដល់ទីបញ្ចប់ នៅពេលដែលមេដឹកនាំខ្មែរក្រហមគឺ នួន ជា និងខៀវ សំផន បានចុះចូលជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាផ្លូវការនៅគេហដ្ឋានរបស់លោកនៅជាយក្រុងភ្នំពេញ។
លោក ហ៊ុន សែន បានថ្លែងនាពេលថ្មីៗនេះថា៖«គោលនយោបាយឈ្នះ ឈ្នះ អនុញ្ញាតឲ្យកម្ពុជាទទួលបានសន្តិភាព សាមគី្គភាព និងបូរណភាពទឹកដី ហើយថាគោលនយោបាយនេះនាំមកនូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រ ពិសេសក្នុងខណៈពេលដែលប្រជាពលរដ្ឋកម្ពុជាលែងបាត់បង់ជីវិតនៅក្នុងសង្គ្រាមដូចក្នុងអតីតកាលទៀតហើយ»។
សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស
ការចុះចាញ់របស់ពួកខ្មែរក្រហមកើតឡើង៧ឆ្នាំក្រោយសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ១៩៩១ ហើយការបញ្ចប់សង្គ្រាមត្រូវបានប្រកាសឡើង។ ទោះជាយ៉ាងនេះក្តី ការមកដល់របស់ក្រុមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិឬហៅថា UNTAC ក្នុងឆ្នាំ១៩៩២ បរាជ័យក្នុងការដកហូតអាវុធរបស់ពួកខ្មែរក្រហម។
ជាលទ្ធផល ការប្រយុទ្ធគ្នា ការចាប់ជំរិត និងការវាយប្រហារភេរវកម្មបានបន្តកើតមានឡើងរវាងកងទ័ពចំនួន៣នាក់ដែលស្មោះស្ម័គ្រជាមួយនឹងមេដឹកនាំខ្មែរក្រហមគឺប៉ុល ពត និងនាយករដ្ឋមន្ត្រី២នាក់ដែលចែកអំណាចគ្នាគឺលោក ហ៊ុន សែន មកពីគណបក្សប្រជាជនកម្ពុជានិងព្រះបាទនរោត្តមរណឬទ្ធិមកពីគណបក្សហ៊្វុនស៊ិនប៉ិច ដែលប្រឆាំងគ្នាទៅវិញទៅមក។
យោងតាមប្រធានកិត្តិយសរបស់គណបក្សប្រជាជនកម្ពុជាគឺលោក ហេង សំរិន ការផ្លាស់ប្តូរបានកើតឡើងក្នុងឆ្នាំ១៩៩៧ នៅពេលដែលព្រះអង្គម្ចាស់នរោត្តមរណឬទ្ធិចង់ស្វែងរកការព្រមព្រៀងគ្នាជាមួយនឹងពួកខ្មែរក្រហម។ ព្រះអង្គចង់បង្កើតសម្ព័ន្ធមិត្តយោធាមួយដើម្បីប្រយុទ្ធជាមួយនឹងលោក ហ៊ុន សែន ដែលបានវាយបកមកវិញ។
មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ហើយព្រះអង្គម្ចាស់រណឬទ្ធិបានធ្លាក់ចេញពីអំណាច។ ការលើកលែងទោសដល់ពួកខ្មែរក្រហមដែលព្រមចុះចូលជាមួយបានធ្វើឡើង ខណៈដែលកងទ័ពរដ្ឋាភិបាលដែលស្មោះស្ម័គ្រជាមួយនឹងលោក ហ៊ុន សែន វាយកម្ចាត់ពួកខ្មែរក្រហមលើកចុងក្រោយនៅតាមព្រំដែនប្រទេសថៃ ហើយបានបង្ខំឲ្យទ័ពខ្មែរក្រហមដែលនៅសេសសល់ទាំងប៉ុន្មានចុះចូលអស់។
នៅក្នុងសៀវភៅ «ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ» ឬ «The People's Struggle - Cambodia Reborn» ដែលចេញផ្សាយនាពេលថ្មីៗនេះដើម្បីឲ្យស្របពេលជាមួយនឹងការអបអរពីជ័យជំនះនេះ លោក ហេង សំរិន ដែលជាអ្នកនិពន្ធសៀវភៅនេះបាននិយាយសរសើរលោក ហ៊ុន សែន ថាបានបញ្ចប់ជម្លោះដែលចាប់ផ្តើមដោយការវាយប្រយុទ្ធរបស់ពួកខ្មែរក្រហមកាលពីខែសីហា ឆ្នាំ១៩៦៨។
លោកបានសរសេរថា៖«ការពន្លត់ភ្លើងសង្គ្រាមគឺជាអ្វីដែលអង្គការសហប្រជាជាតិមិនអាចសម្រេចបាន។ ពលរដ្ឋកម្ពុជានិងក្រុមអ្នកសង្កេតការណ៍ពីបណ្តាប្រទេសដទៃទៀតបានកោតសរសើរយុទ្ធសាស្ត្ររបស់ក្រុមមេដឹកនាំគណបក្សប្រជាជនកម្ពុជា»។
លោក Peter Starr និពន្ធនាយកសៀវភៅ «កម្ពុជារស់ឡើងវិញ» ជាភាសាអង់គ្លេសនោះ បានថ្លែងថា អង្គការសហប្រជាជាតិ និងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសបានជួយជ្រោមជ្រែងច្រើនដល់ការអភិវឌ្ឍនៅកម្ពុជា។
លោកបានថ្លែងថា៖
«លោក ហេង សំរិន ទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់អង្គការសហប្រជាជាតិដែលបានជួយជនភៀសខ្លួនរាប់ម៉ឺននាក់នៅតាមព្រំប្រទល់ជាមួយប្រទេសថៃឲ្យតាំងទីលំនៅជាថ្មី និងជួយបង្កើតឲ្យមានការបោះឆ្នោតចូលរួមដោយគណបក្សផ្សេងៗក្នុងឆ្នាំ១៩៩៣។ ប៉ុន្តែលោកក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា អង្គការសហប្រជាជាតិមិនបានបញ្ចប់សង្គ្រាមស៊ីវិល ដែលនឹងត្រូវការពេល៥ឆ្នាំទៀតនោះទេ»។
ហើយវាគឺជាការចុះចាញ់ចុងក្រោយដែលអាចឲ្យសាលាក្តីខ្មែរក្រហមចាប់ផ្តើមឡើង ដើម្បីកាត់ទោសនួន ជា និងខៀវ សំផន ពីបទប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ឧបសគ្គជាមួយនឹងសន្តិភាព
សន្តិភាពរយៈពេល២ទសវត្សរ៍របស់កម្ពុជាបានជួបប្រទះបញ្ហាជាច្រើន។
ជម្លោះព្រំដែនជាមួយប្រទេសថៃបានបង្កឲ្យមានជម្លោះផ្ទុះអាវុធក្នុងឆ្នាំ២០០៨ ហើយលោក ហ៊ុន សែនបានចោទប្រកាន់ក្រុមបះបោរផ្សេងៗថាប៉ុនប៉ងផ្តួលរំលំរដ្ឋបាលរបស់លោក រួមបញ្ចូលទាំងក្រុមប្រយុទ្ធដើម្បីសេរីភាពកម្ពុជា ក្រុមសកម្មប្រយុទ្ធឥស្លាម និងក្រុមបដិវត្តន៍ពណ៌នាពេលថ្មីៗនេះ។
អំពើហិង្សានយោបាយមិនមែនជារឿងខុសធម្មតានោះទេ ហើយការត្អូញត្អែរពីការរំលោភយកដីនិងអំពើពុករលួយគឺបញ្ហាចម្បង។ នៅក្នុងការបោះឆ្នោតកាលពីខែកក្កដា កម្ពុជាជាថ្មីម្តងទៀតបានក្លាយខ្លួនជារដ្ឋឯកបក្ស បន្ទាប់ពីលោក ហ៊ុន សែន បានហាមមិនឲ្យគណបក្សប្រឆាំងដ៏ធំបំផុតចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។
ក៏ប៉ុន្តែ សម្រាប់ពលរដ្ឋកម្ពុជា សន្តិសុខដែលនាំមកនូវសន្តិភាពបានបើកចំហប្រទេសនេះទៅកាន់ពិភពខាងក្រៅ បាននាំមកនូវកំណើនសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុននិងកំណើនអាត្រាទារកកើតក្រោយសម័យសង្គ្រាម។
កញ្ញា ឃា ហ៊ាន អាយុ២៤ឆ្នាំ ធ្វើការជាអ្នករត់តុម្នាក់បានថ្លែងថា៖«ក្រោយសង្គ្រាមត្រូវបានបញ្ចប់ អ្វីៗបានដើរទៅមុខយ៉ាងរលូន។ គ្រប់គ្នារស់នៅប្រកបដោយសន្តិភាព។ ប្រទេសមានការអភិវឌ្ឍទៅមុខ។ ក្មេងៗអាចទៅសាលារៀន ហើយមនុស្សម្នាមានការងារធ្វើ»។
យុវជនម្នាក់ឈ្មោះ អៀល រស្មី អាយុ២៤ឆ្នាំដូចគ្នាមានមតិមិនខុសពីកញ្ញា ឃា ហ៊ានទេ។ ប៉ុន្តែ រស្មីជានិស្សិតទើបបញ្ចប់ថ្នាក់មហាវិទ្យាល័យដឹងអំពីបញ្ហាដែលកម្ពុជាបានឆ្លងកាត់នៅ២ទសវត្សរ៍នៃសម័យសន្តិភាពនេះ ពិសេសពាក់ព័ន្ធនឹងអំពើពុករលួយនិងការបោះឆ្នោត។
លោកបានថ្លែងថា៖
«ខ្ញុំសង្ឃឹមថា សន្តិភាពនិងស្ថិរភាពនយោបាយនេះនឹងបន្តមានភាពប្រសើរឡើងចាប់ពីថ្ងៃនេះតទៅ។ សព្វថ្ងៃនេះយើងឃើញថាមានការអភិវឌ្ឍច្រើនជាងមុននៅក្នុងប្រទេសរបស់យើង មានការវិនិយោគពីបរទេសច្រើនជាងមុន ហើយពិសេសយើងឃើញថា វិស័យទេសចរណ៍មានការកើនឡើងយ៉ាងខ្លាំងជារៀងរាល់ឆ្នាំ។ ក៏ប៉ុន្តែ នៅតែមានបញ្ហាមួយចំនួន ដូចជាបញ្ហាពុករលួយ ដែលរដ្ឋាភិបាលគួរតែលុបបំបាត់ទាំងស្រុង»។
រដ្ឋាភិបាលអះអាងថា ការប្រារព្ធពិធី «ឈ្នះ ឈ្នះ» រយៈពេល៣ថ្ងៃមិនមែនជាការប្រងើយកន្តើយចំពោះសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលបានជួយជាទឹកប្រាក់ចំនួន ២ពាន់លានដុល្លារដល់សេដ្ឋកិច្ចដែលមានបញ្ហារបស់កម្ពុជានោះទេ ប៉ុន្តែគ្រាន់តែចង់បង្ហាញថា សង្គ្រាមស៊ីវិលដែលអូសបន្លាយរយៈពេល៣០ឆ្នាំនោះ ទីបំផុតត្រូវបានបញ្ចប់ ដោយលោក ហ៊ុន សែន មិនមែនដោយអង្គការសហប្រជាជាតិនោះទេ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា