សំណុំរឿង​០០៣​និង០០៤​មាន​អ្នក​ដាក់​ពាក្យ​ប្តឹង​តិចជាង​សំណុំរឿង​០០២​

គិត​មក​ត្រឹម​ថ្ងៃ​ទី​៤ខែ​មករា​ មាន​ជនរងគ្រោះ​ជាង​មួយ​ពាន់​នាក់​ បានដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​ជនជាប់​សង្ស័យ​ក្នុង​សំណុំ​រឿង​បន្ថែម​០០៣​និង​សំណុំ​រឿង​០០៤។​

​ភ្នំពេញ​៖ ក្រុមមន្ដ្រី​សង្គម​ស៊ីវិល​ស្តី​បន្ទោស​ថា ​សាលាក្តី​ខ្មែរក្រហម​ខកខាន​ មិន​បាន​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ដំណឹង​ដល់​ជនរងគ្រោះ​ដើម្បី​ជួយ​ដល់​ពួកគេ​ក្នុងការ​ដាក់​ពាក្យ​បណ្តឹង​សុំ​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ឲ្យ​បាន​ទូលំទូលាយ​សម្រាប់​ក្នុង​សំណុំរឿង​បន្ថែម​ដ៏​ចម្រូង​ចម្រាស់​គឺ​០០៣និង​០០៤។

សំណុំ​រឿង​ទាំងនេះ​ដែល​មាន​ជនជាប់​សង្ស័យ​ចំនួន​ប្រាំ​នាក់​ ប៉ុន្តែ​ពុំមាន​ជន​សង្ស័យ​ណា​ម្នាក់​ត្រូវគេ​ដឹង​អត្ត​សញ្ញាណ​ជា​ផ្លូវការ​នោះ​ទេ។​

យោងតាម​វិធាន​នៃ​សាលាក្តី​ខ្មែរក្រហម​ ការដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​ជន​ជាប់​សង្ស័យ​ឬ​ជន​ជាប់ចោទ​ ឬ​ប្តឹង​សុំ​តាំង​ខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​តម្រូវ​ឲ្យ​ប្តឹង​សំដៅ​ចំ​ឈ្មោះ​ជន​ជាប់ចោទ​ ឬ​ជនជាប់​សង្ស័យ​នោះ​ ហើយ​ម្ចាស់​បណ្តឹង​ត្រូវ​ស្ថិត​នៅក្នុង​ដែន​នៃ​តំបន់​ស៊ើប​អង្កេត​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត។​

យោង​តាម​លោក អ៊ឹម សុភា​ អ្នក​សម្របសម្រួល​កម្ម​វិធី​ផ្សព្វផ្សាយ​នៃ​ផ្នែក​គាំពារ​ជន​រងគ្រោះ​របស់​សាលាក្តី​ខ្មែរក្រហម ​បាន​ឲ្យ​ដឹង​ថា​ គិត​មក​ត្រឹម​ថ្ងៃ​ទី​៤ខែ​មករា​ មាន​ជនរងគ្រោះ​ជាង​មួយ​ពាន់​នាក់​ បានដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​ជនជាប់​សង្ស័យ​ក្នុង​សំណុំ​រឿង​បន្ថែម​០០៣​និង​សំណុំ​រឿង​០០៤ ​ក្នុង​នោះបណ្តឹង​ចំនួន​៣២១​សុំ​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង០០៣​និង​បណ្តឹង​ចំនួន​៨៤៧​សុំ​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​០០៤។​

បើ​ធៀប​ទៅនឹង​តួលេខ​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​កាលពី​ពាក់​កណ្តាល​ខែធ្នូ​មិនមាន​ចំនួន​កើនឡើង​ទេ។​ ហើយ​ចំនួន​នេះ​បាន​ស្ថិតនៅ​ឆ្ងាយ​បើ​ធៀប​នឹង​ចំនួន​ជនរងគ្រោះ​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០២។ ​សំណុំ​រឿងនេះ​មាន​ជនជាប់​ចោទ​៤​នាក់​គឺ​តិចជាង​ជន​សង្ស័យ​ក្នុង​សំណុំរឿង​០០៣​និង​០០៤​ចំនួន​មួយ​នាក់​ ប៉ុន្តែ​មាន​ជនរងគ្រោះ​ដាក់​ពាក្យ​បណ្តឹង​សុំ​តាំង​ខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​រហូត​ដល់​ជាង​៣៨០០​នាក់​ក្នុង​សំណុំ​រឿង០០២។​

លោ​កឡាត់ គី ​អ្នក​សម្របសម្រួល​កម្ម​វិធី​សាលាក្តី​ខ្មែរក្រហម​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ មាន​ប្រសាសន៍​ថា​ កង្វះ​ការ​ផ្សព្វផ្សាយ​ទូលំ​ទូលាយ​របស់​សាលាក្តី​ខ្មែរក្រហម​ធ្វើ​ឲ្យ​ជនរង​គ្រោះ​មិន​បាន​ដាក់ពាក្យ​បណ្តឹង​ឲ្យ​បាន​ច្រើន។​

«ពួកគាត់​មានការ​ចាប់អារម្មណ៍​នៅក្នុង​ការចង់​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ ប៉ុន្តែ​ពួកគាត់​បាន​ទាមទារ​ដោយ​ត្រង់​ថា​ គាត់​ចង់​ដឹង​ព័ត៌មាន​ជាក់​លាក់អំពី​ជន​សង្ស័យ។​ ជា​ការណ៍​ពិត​ សាលាក្តី​ឥត​ដែល​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​នូវ​ឈ្មោះ​របស់​ជន​សង្ស័យ​នៅ​ក្នុង​សំណុំ​រឿង​នេះ​ទេ»។​

អង្គការ​អាដហុក​ ដែល​ធ្លាប់បាន​ជួយ​សម្រួល​ក្នុង​ការ​ដាក់ពាក្យ​បណ្តឹង​របស់​ជន​រងគ្រោះ​សម្រាប់​សំណុំ​រឿង​០០១​និង​០០២​ បច្ចុប្បន្ន​បាន​ដកខ្លួន​ពី​នីតិវិធី​នេះ។​ លោ​កឡាត់ គី​លើក​ឡើង​ថា​ អង្គភាព​គាំពារ​ជន​រងគ្រោះ​ត្រូវ​ទទួល​បន្ទុក​កិច្ចការ​នេះ​ដោយ​ផ្ទាល់។​ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ ជន​រងគ្រោះ​មិនបាន​ទទួល​ព័ត៌មាន​ច្រើន​អំពី​សំណុំ​រឿង​០០៣​និង​០០៤​នោះ​ទេ។​

សំណុំ​រឿង​ទាំងពីរ​នេះ​បាន​ស្ថិត​ក្នុង​ការ​ប្រទាញប្រទង់​យ៉ាងខ្លាំង​រវាង​ភាគី​កម្ពុជា ​និង​ភាគី​អង្គការ​សហ​ប្រជាជាតិ​ក្នុង​សាលាក្តី​ខ្មែរក្រហម​ដោយ​សារតែ​ភាគី​កម្ពុជា​មិន​ចង់​រុញ​សំណុំ​រឿង​ទាំង​ពីរ​នេះ​ចូល​ក្នុង​របៀប​វារៈ​នៃ​ការ​កាត់ទោស​នោះ​ទេ។​

រហូតមកទល់​ពេលនេះ​ គេ​គ្រាន់តែ​អាច​ដឹង​និង​ស្គាល់​ឈ្មោះ​ជន​សង្ស័យ​ទាំង​ប្រាំ​នាក់​ក្នុង​សំណុំ​រឿង​ទាំងពីរ​ក្រៅ​ផ្លូវការ​តែ​ប៉ុណ្ណោះ ​ថ្វីបើ​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​ប្រកាស​ថា ​ការ​ទទួល​បណ្តឹង​សំណុំ​រឿង​០០៣​ត្រូវ​បាន​បិទ​បញ្ចប់​ហើយ។​ ហើយ​កាលពី​ថ្ងៃទី​១៩​ខែ​ធ្នូ ​ ឆ្នាំ​២០១២​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បាន​បង្ហាញ​ទីតាំង​ស៊ើប​អង្កេត​បន្ថែម​នៅក្នុង​ខេត្ត​ចំនួន​ប្រាំ​គឺ​ពោធិ៍សាត់ ​បាត់ដំបង ​តាកែវ​ កំពង់ចាម​ និង​ខេត្ត​កំពង់ធំ។​

លោក​ឡុង បញ្ញាវុធ ​ប្រធាន​គម្រោង​នៃ​អង្គការ​គម្រោង​យុត្តិធម៌​សង្គម​សេរី​នៅ​កម្ពុជា​ ដែលជា​ផ្នែក​មួយ​របស់​អង្គការ​OSJI​ បាន​កត់​សម្គាល់​ថា ​សហ​ចៅក្រម​ស៊ើប​អង្កេត​ខកខាន​ក្នុង​ការ​ដាក់​បញ្ជា​ឲ្យ​ផ្នែក​គាំពារ​ជន​រងគ្រោះ​ធ្វើ​ការ​ផ្សព្វផ្សាយ​ដើម្បី​លើក​ទឹកចិត្ត​ដល់​ជន​រងគ្រោះ​ឲ្យ​ចូលរួម​ក្នុង​ដំណើរការ​ក្តី​ក្នុង​សំណុំ​រឿង​បន្ថែម​ទាំង​ពីរ។​

សម្រាប់​លោក​លោក​ឡុង ​បញ្ញាវុធ​កង្វះខាត​នេះ​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​យុត្តិធម៌សម្រាប់​ជន​រងគ្រោះ។​

«ដំណើរការ​មួយ​អាច​មាន​យុត្តិធម៌​បាន​គឺ​បាន​ន័យ​ថា​ យុត្តិធម៌​ត្រូវបាន​គេ​មើល​ឃើញ​ថា​ ផ្នែក​ពាក់ព័ន្ធ​នៃ​សាលាក្តី​ខ្មែរក្រហម​ត្រូវតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ទៀង​ទាត់។ ​ដរាបណា​ជន​រងគ្រោះ​មិន​ទទួលបាន​ព័ត៌មាន​ទេ​ អញ្ចឹង​យុត្តិធម៌​គឺមាន​នៅក្នុង​ចំណោម​សមាជិក​សាលាក្តី​តែ​ប៉ុណ្ណឹង​ទេ»។​

លោក​នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បកស្រាយ​ថា​ សាលាក្តី​ខ្មែរក្រហម​បាន​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​អំពី​សំណុំ​រឿង​ទាំង​នេះ។​

«កន្លង​មក​នេះ​ យើង​បានធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​តាម​រយៈ​ផ្នែក​កិច្ចការ​សាធារណៈ​ ក៏​ដូចជា​អង្គភាព​គាំពារ​ជន​រងគ្រោះ​និងអង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ​ដើ​ម្ប​ជូន​ដំណឹង​ដល់​ពួក​គាត់​អំពី​ការដាក់​ពាក្យ​បណ្តឹង។​ ហើយ​ការដាក់​ពាក្យ​បណ្តឹង​នេះ​គឺ​យើង​បានធ្វើ​ការងារ​យ៉ាង​ហ្មត់ចត់ ​ស្អិត​រមួត​ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដូចជា​ យើង​បាន​ចុះ​ទៅ​តាម​ភូមិ​ឃុំ​នានា​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ពួក​គាត់​ដែរ»។​

ដោយឡែក​លោក អ៊ឹម សុភា​ អ្នក​សម្រប​សម្រួល​កម្ម​វិធី​ផ្សព្វផ្សាយ​នៃ​ផ្នែក​គាំពារ​ជន​រងគ្រោះ​ មាន​ប្រសាសន៍​ថា ​វា​ពិបាក​នឹងធ្វើ​ការ​បកស្រាយ​អំពី​និន្នាការ​នៃ​ការ​ចូលរួម​របស់​ជន​រងគ្រោះ​ក្នុង​ការ​ដាក់ពាក្យ​បណ្តឹង។​ តែ​ទោះជា​យ៉ាងណា​ លោក​នៅតែ​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ដាក់​ពាក្យ​បណ្តឹង​បន្ថែម​ទៀត​សម្រាប់​សំណុំ​រឿង​០០៤​ នៅពេល​ដែល​សំណុំ​រឿង​០០៣​បាន​បិទ​បញ្ចប់​ការ​ទទួល​ពាក្យ​បណ្តឹង​រួចទៅ​ហើយ។ ​

បន្ថែម​ពីនេះ​ ជន​រងគ្រោះ​អាច​ស្វែងរក​ដាក់​ពាក្យ​បណ្តឹង​ដោយ​ផ្ទាល់​ទៅ​កាន់​ការិយាល័យ​គាំពារ​ជន​រងគ្រោះ​ ឬ​តាមរយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន៕​