កម្ពុជា​អាច​គ្មាន​មីន​ត្រឹមឆ្នាំ​២០២៥ បើ​មាន​ជំនួយ​១៧​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​បន្ថែម​លើ​ជំនួយ​បច្ចុប្បន្ន

រូបឯកសារ៖ គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​រកឃើញ​នៅ​តំបន់​សម្អាត​មីន នៅ​ខេត្ត​ប៉ៃលីន កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១។

ចាប់​ពី​ឆ្នាំ​១៩៧៩​មក ផ្ទៃដី​ដែល​មាន​បង្កប់​គ្រាប់​មីន​ចំនួន​៥៥ភាគរយ ដែល​មាន​ទំហំ​ប្រមាណ​៨៨០​គីឡូម៉ែត្រការ៉េ ត្រូវ​បាន​បោស​សម្អាត។ ក្នុង​នោះ​មាន​គ្រាប់​មីន​កប់​ក្នុង​ដី​ប្រមាណ​ជាង​មួយ​លាន​គ្រាប់ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​២លាន​៥​សែន​គ្រាប់​ត្រូវ​បាន​បោស​សម្អាត។

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំមក​ហើយ​ដែល​បញ្ហា​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​តែ​ជា​បញ្ហា​ចម្បង​មួយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល ​បាត់បង់ជីវិត និង​ធ្លាក់​ខ្លួន​ពិកា​ជារឿយៗ។

គ្រាប់​មីន​កប់​ក្នុង​ដី​រាប់​លាន​គ្រាប់​មាន​ប្រភព​មក​ពី​សម័យ​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​កម្ពុជា ហើយ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​លាន​តោន ត្រូវ​បាន​ទម្លាក់​ដោយ​សហរដ្ឋ​អាមេរិក​ក្នុង​សម័យ​សង្គ្រាម​វៀតណាម​ចន្លោះ​ឆ្នាំ​១៩៦៥ ដល់​ឆ្នាំ​១៩៧៣។

ក្នុង​ពេល​ថ្មីៗនេះ ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​កំពុង​ស្វែង​រក​ជំនួយ​បន្ថែម​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ទាំង​នេះ​ឲ្យ​បាន​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធភាព។

លោក Allen Dodgson Tan ប្រធាន​ផ្នែក​បច្ចេកវិទ្យា​អនុវត្ត​នៃ​មូលនិធិ​មនុស្សធម៌​របស់​ហ្គោល​ដេនវេសន៍ និង​លោក Sam Oum អ្នក​ជំនាញ​កម្ចាត់​មីន​សញ្ជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ ព្រម​ទាំង​លោក Adam Jasinski ប្រធាន​អង្គការ HALO Trust (សហរដ្ឋអាមេរិក) បាន​ជួប​ប្រជុំ​ជា​មួយ​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា ដើម្បី​ស្នើ​សុំ​ជំនួយ​បន្ថែម​យក​មក​ដោះស្រាយ​បញ្ហា​មីន​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ទី៣០ ខែ​កញ្ញា​កន្លង​ទៅ​នៅ​វិមាន​សភា​កាពីតូល រដ្ឋធានី Washington។

លោក Allen Dodgson Tan ប្រធាន​ផ្នែក​បច្ចេកវិទ្យា​អនុវត្ត​នៃ​មូលនិធិ​មនុស្សធម៌​របស់​ហ្គោល​ដេនវេសន៍ ប្រាប់ VOA ខេមរ​ភាសា​ថា​ សំណើ​សុំ​ជំនួយ​ក្រុម​របស់​លោក​ទទួល​បាន​ការ​គាំទ្រ​ពី​ការិយាល័យ​របស់​សមាជិក​សភា លោក Alan Lowenthal ដែល​តំណាង​ឲ្យ​សហគមន៍​ខ្មែរ-អាមេរិក​កាំង​ធំ​បំផុត​នៅ​ទីក្រុង Long Beach ភាគ​ខាង​ត្បូង​រដ្ឋកាលីហ័្វរញ៉ា និង​សមាជិក​សភា លោក Steve Chabot ដែល​ជា​សហប្រធាន​នៃ​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ច​ការ​កម្ពុជា។

«ដូច្នេះ​អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​ទីនេះ គឺ​យើង​កំពុងតែ​ស្វែងរក​ការ​គាំទ្រ​ពី​សមាជិកសភា​ដទៃទៀត ដើម្បី​ដាក់​សំណើ​នេះ​ចូល​ទៅក្នុង​គម្រោង​ថវិកា​ឆ្នាំ ២០១៨​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក»។

ផ្នែក​មួយ​នៃ​ការងារ​របស់​លោក Allen នៅក្នុង​មូលនិធិ​មនុស្ស​ធម៌​របស់​ហ្គោល​ដេនវេសន៍​ក្នុង​ប្រទេស​កម្ពុជា គឺ​ការ​បង្កើត​ឧបករណ៍​កម្ចាត់​មីន​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​តាម​បែប​3D។ ឧបករណ៍​កម្ចាត់​មីន​នេះ បង្កើត​ឡើង​ដោយ​ក្រុម​ការងារ​របស់​លោក​ផ្ទាល់​នៅ​កម្ពុជា ហើយ​ឧបករណ៍​នេះ​គឺ​ប្រើ​សម្រាប់​បណ្ដុះ​បណ្ដាល​មនុស្ស​ជុំ​វិញ​ពិភពលោក​ក្នុង​ការ​បោស​សម្អាត​មីន។ ឧបករណ៍​នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​កងទ័ព​អាមេរិកកាំង និង​អង់គ្លេស ព្រម​ទាំង​ឈ្នះ​រង្វាន់​ពី​កម្មវិធី​«ការ​ច្នៃ​បង្កើត​ថ្មី​ផលិតផល​អេឡិចត្រូនិក» CES ឆ្នាំ​២០១៦​ទៀត​ផង។

ចាប់​ពី​ឆ្នាំ​១៩៧៩​មក ផ្ទៃដី​ដែល​មាន​បង្កប់​គ្រាប់​មីន​ចំនួន​៥៥ភាគរយ ដែល​មាន​ទំហំ​ប្រមាណ​៨៨០​គីឡូម៉ែត្រការ៉េ ត្រូវ​បាន​បោស​សម្អាត។ ក្នុង​នោះ​មាន​គ្រាប់​មីន​កប់​ក្នុង​ដី​ប្រមាណ​ជាង​មួយ​លាន​គ្រាប់ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​២លាន​៥​សែន​គ្រាប់​ត្រូវ​បាន​បោស​សម្អាត។ នេះ​បើ​តាម​សម្ដី​របស់​លោក Allen។

ទោះ​បី​ជា​ស្ថាន​ភាព​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​នេះ​ក្ដី ករណី​រង​គ្រោះ​ដោយ​សារ​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នេះ​នៅ​តែ​បន្ត​កើត​ឡើង​ចំពោះ​ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​រៀង​រាល់​សប្ដាហ៍។ មិន​តែ​ប៉ុណ្ណោះ បញ្ហា​នេះ​ក៏​បាន​បង្អាក់​ប្រជាជន​ មិន​ឲ្យ​ប្រើ​ប្រាស់​ដី​ធ្លី​មួយ​ចំនួន ដើម្បី​ធ្វើ​កសិកម្ម ចិញ្ចឹម​គ្រួសារ​ផង​ដែរ។

គ្រាប់​មីន​កប់​ក្នុង​ដី​នៅ​កម្ពុជា​ត្រូវ​បាន​អ្នក​ជំនាញ​ប៉ាន់ស្មាន​ថា មាន​ចំនួន​រាប់​លាន​គ្រាប់ និង​មាន​ប្រភព​មក​ពី​សម័យ​សង្គ្រាម​ ហើយ​គ្រាប់​មិន​ទាន់​ផ្ទុះ ចំនួន​២លាន​៧​សែន​តោន ត្រូវ​បាន​ទម្លាក់​ដោយ​សហរដ្ឋ​អាមេរិក​ក្នុង​សម័យ​សង្គ្រាម​វៀតណាម​ចន្លោះ​ឆ្នាំ​១៩៦៥​ដល់​ឆ្នាំ​១៩៧៣។

លោក Allen Dodgson Tan នាយក​គម្រោង​បច្ចេកវិទ្យា​អនុវត្ត​នៃ​មូលនិធិ​សប្បុរសធម៌ Golden West ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA ក្រោយ​ពេល​ដែល​លោក​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​តំណាង Congressional Cambodia Caucus នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​សុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០១៦។

លោក Allen បាន​និយាយ​ថា៖

«នៅ​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា បញ្ហា​នៃ​គ្រាប់​មិន​ទាន់​ផ្ទុះ​នេះ​គឺ​បណ្ដាល​មក​ពី​សម័យ​សង្គ្រាម​វៀតណាម សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​ចង្កោម ឬ​គ្រាប់​បែក​តូចៗ ដែល​ចេញ​ពី​គ្រាប់​ធំៗ​ បន្ទាប់​មក​គ្រាប់​បែក​ទាំង​នោះ​ខ្លះ​កប់​ចូល​ក្នុង​ដី ហើយ​បាន​ក្លាយ​ខ្លួន​ជា​មីន»។

បច្ចុប្បន្ន​នេះ​ជំនួយ​កម្ចាត់​មីន​នៅ​កម្ពុជា​មាន​ពី​ចន្លោះ​២៥​ទៅ​៣០​លានដុល្លារ។ ជំនួយ​ទាំង​នេះ​បាន​មក​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ជប៉ុន អង់គ្លេស​ និង​ប្រទេស​ផ្សេងៗ​ទៀត។ យ៉ាងណា​ក៏ដោយ ជំនួយ​ទាំង​នេះ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​សម្រាប់​កម្ពុជា​ក្នុងការ​បោស​សម្អាត​មីន​ឲ្យ​បាន​ចាប់​រហ័ស និង​មាន​ប្រសិទ្ធភាព។ ហើយ​ទៅ​ថ្ងៃមុខ​កម្ពុជា​ត្រូវការ​ទឹក​ប្រាក់​ប្រមាណ​១៧​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​បន្ថែម​លើ​ជំនួយ​បច្ចុប្បន្ន ដើម្បី​បោស​សំអាត​មីន​កប់​ក្នុង​ដី​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥។

ការ​កំណត់​បោស​សម្អាត​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥​នេះ​ត្រូវបាន​លោក Allen ពន្យល់​ថា៖

«ហេតុផល​ដែល​យើង​កំណត់​គោលដៅ​ត្រឹម​ឆ្នាំ​២០២៥ ដោយ​សារ​កម្ពុជា​មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់ កម្ពុជា​ជា​ហត្ថលេខី​ទៅ​នឹង​អ្វី​ដែល​ហោ​ថា សន្ធិសញ្ញា​ស្ដីពី​ការ​ហាមឃាត់​គ្រាប់​មីន​ប្រឆាំង​មនុស្ស ហើយ​ផែន​ការ​សកម្មភាព និង​ផែនការ​ថ្នាក់​ជាតិ​ទាំងអស់​កំណត់​ត្រឹម​ឆ្នាំ​២០២៥​នោះ»។

លោក Allen បន្ថែម ការ​ស្នើ​សុំ​ជំនួយ​នេះ​ដែរ លោក​មិន​រំពឹង​ថា អាមេរិក​នឹង​ផ្ដល់​បន្ថែម​១៧​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នោះ​ដែរ ប៉ុន្តែ​ទោះ​បី​ជា​ក្រុម​របស់​លោក​មិន​អាច​សុំ​ជំនួយ​បន្ថែម​ពី​រដ្ឋាភិបាល​អាមេរិក​បាន​យ៉ាង​ហោច​ណាស់​ក៏​អាច​ធានា​ឲ្យ​បាន​ថា​ចំនួន​ប៉ុន្មាន​ដែល​អាមេរិក​នឹង​ផ្ដល់​ឲ្យ​កម្ពុជា ដូច​ដែល​អាមេរិក​ផ្ដល់​ឲ្យ​ប្រទេស​ឡាវ និង​វៀតណាម។

គួរ​បញ្ជាក់​ថា ជំនួយ​របស់​រដ្ឋាភិបាល​អាមេរិក គឺ​គ្រប់គ្រង​ដោយ​ក្រសួង​ការ​បរទេស​អាមេរិក ផ្ដល់​ឲ្យ​កម្ពុជា​តាម​រយៈ​អង្គការ​មិន​មែន​រដ្ឋាភិបាល ឬ​អង្គការ​មនុស្សធម៌​ផ្សេងៗ ដើម្បី​បោស​សំអាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ មិន​មែន​ផ្ដល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឡើយ៕