អ្នកតំណាងប្រជាពលរដ្ឋចំនួន១៥គ្រួសាររស់នៅប្លុកបុរីកីឡា ដែលមិនទាន់បានទទួលសំណងនៅឡើយ បានដាក់ញត្តិជូនអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ផ្ទាល់ ដើម្បីសុំឲ្យការិយាល័យអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ជួយរកដំណោះស្រាយបញ្ហាផ្ទះសម្បែងឲ្យពួកគេ។
ការដាក់ញត្តិនេះ ធ្វើឡើងខណៈដែលតំណាងពិសេសរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សរូបនេះ កំពុងធ្វើទស្សនកិច្ចរយៈពេល១០ថ្ងៃ ដើម្បីវាយតម្លៃការគោរពសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិជនជាតិដើមភាគតិចនៅកម្ពុជា។
អ្នកស្រី ភោគ សុភី តំណាងប្រជាជនបុរីកីឡាទាំងចំនួន១៥គ្រួសារនេះបាននិយាយថា អ្នកស្រីមានសង្ឃឹម ព្រោះអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនេះ បានស្ដាប់និងសួរដេញដោលយ៉ាងយកចិត្តទុកដាក់នៅពេលចេញមកទទួលញត្តិពីអ្នកស្រី។
«ខ្ញុំសប្បាយរីករាយថា ខ្ញុំនឹងទទួលបានដំណោះដោះស្រាយក្នុងពេលឆាប់ៗនេះ។ ខ្ញុំសប្បាយចិត្តដែលគាត់មកទទួលញត្តិ ហើយគាត់សួរព័ត៌មានពីខ្ញុំ រកឫស រកគល់ អញ្ចេះមួយៗ រកហេតុផល»។
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃច័ន្ទ បានប្រាប់អ្នកតំណាងប្រជាជនចំនួន១៥គ្រួសារថា អ្នកស្រីនឹងពិភាក្សាជាមួយលោក សូរិយា ប្រាសាទ សូប៊េឌី ដែលកាន់តំណែងមុនអ្នកស្រី ព្រោះរឿងនេះកើតតាំងពីក្នុងអាណត្តិរបស់លោក។ អ្នកស្រីបានបន្ថែមថា អុ្នកស្រីនឹងពិនិត្យឯកសារនេះឲ្យបានហ្មត់ចត់ជាមុនសិន ទើបអ្នកសម្រេចចិត្តថា ត្រូវធ្វើយ៉ាងណា។
«អ្វីដែលខ្ញុំអាចធ្វើបានគឺយកព័ត៌មានដែលគាត់ផ្តល់មកឲ្យខ្ញុំនេះ ហើយខ្ញុំក៏នឹងធ្វើការស្រាវជ្រាវបន្ថែម ហើយបន្ទាប់មកខ្ញុំអាចនិយាយជាមួយអាជ្ញាធរនានាក្នុងរដ្ឋាភិបាល»។
ក្រៅពីនេះ អ្នកតំណាងអង្គការសហប្រជាជាតិខាងសិទ្ធិមនុស្សបានប្រាប់ VOA ថា អ្នកស្រី ក៏ត្រូវប្រឹក្សាជាមួយបុគ្គលិកការិយាល័យនេះដែរ។
«ខ្ញុំនឹងអានឯកសារគាត់ឲ្យខ្ញុំ ហើយស្រាវជ្រាវបន្ថែម និងពិភាក្សាជាមួយបុគ្គលិកសិទ្ធិមនុស្សអង្គការសហប្រជាជាតិអំពីបញ្ហានេះ»។
តំណាងពលរដ្ឋបុរីកីឡា អ្នកស្រី ភោគ សុភី បានថ្លែងថា យ៉ាងណាក៏ដោយ មន្ត្រីអង្គការសហប្រជាជាតិខុសពីមន្ត្រីសាលាក្រុងភ្នំពេញដែលមិនបានចេញមកទទួលញត្តិពួកគាត់ទេ ទោះជាពួកគាត់ បានស្រែកអំពាវនាវឲ្យមន្ត្រីសាលាក្រុងចេញមកទទួលញត្តិក៏ដោយ។
ទោះជាយ៉ាងណាក្តី លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ VOA តាមទូរស័ព្ទថា រឿងនេះជារឿងចាស់ ហើយសាលាក្រុងបានដឹងព័ត៌មាន និងបានធ្វើការដោះស្រាយ ដោយផ្ដល់គោលនយោបាយ គឺសំណងជាផ្ទះ ជាថវិកា និងជាដីដល់គ្រួសារទាំងអស់ លើកលែងប្រជាជន១៥គ្រួសារនេះ ដែលមិនបានបំពេញបែបបទទទួលគោលនយោបាយសំណងនោះ។ លោកថា ហេតុនេះហើយបានជាគ្រួសារទាំងនេះមិនទាន់ទទួលសំណង។
«អត់មានអីស្រមេមស្រមាមទេ។ ចប់សព្វគ្រប់អស់ហើយ ដោះស្រាយផលប៉ះពាល់សឹងតែទាំងអស់ទៅហើយ សល់តែប៉ុន្មានគ្រួសារទៀតទេដែលគាត់មិនទទួលការដោះស្រាយរបស់យើង»។
លោកបន្តថា ក្រុមការងាររបស់សាលាក្រុង កំពុងរកដំណោះស្រាយដោយពន្យល់ប្រជាពលរដ្ឋ១៥គ្រួសារនេះឲ្យទទួលយកគោលនយោបាយដែលក្រុមការងាររកដំណោះស្រាយបានកំណត់។
ប្រជាជន១៥គ្រួសារដែលបន្តការតវ៉ានេះនិយាយថា គោលនយោបាយសំណង ដែលសាលាក្រុងបានកំណត់នោះ គឺជាសំណងមានតម្លៃទាប មិនយុត្តិធម៌ ដែលពួកគាត់មិនអាចទទួលយកបាន។
អ្នកស្រី គឹម អេង អាយុ ៧៥ ដែលរស់ក្នុងតង់កៅស៊ូនៅបុរីកីឡាក្រោយពីផ្ទះរបស់អ្នកស្រីត្រូវរុះរើកាលពីជាង៥ឆ្នាំមុន បានប្រាប់ VOA ថា អ្នកស្រីសុំតែសំណងដែលសមស្រប យុត្តិធម៌ ហើយដែលគ្រួសាររបស់អ្នកស្រីអាចរស់នៅបានប៉ុណ្ណោះ គឺអ្នកស្រីមិនលោភលន់ទេ។
«សូមឲ្យតែសាលាក្រុងជួយដោះស្រាយរឿងផ្ទះសម្បែងរបស់ខ្ញុំទេ។ ខ្ញុំអត់ចង់បានអីទាំងអស់ បានតែផ្ទះ ព្រោះផ្ទះខ្ញុំគាត់ឈូសឆាយអស់រយៈ៥ឆ្នាំហើយ»។
គោលនយោបាយសំណងសម្រាប់ទំនាស់ដីធ្លី និងផ្ទះសម្បែងរបស់ប្រជាសហគមន៍បុរីកីឡាគឺ៣.០០០ដុល្លារ ៥.០០០ដុល្លារ ឬផ្ទះល្វែងតូចមួយនៅភូមិអណ្តូង ភ្នំបាត និងសំបុកចាប ជាយរាជធានីភ្នំពេញ។
គ្រួសារខ្លះចាប់ឆ្នោតបានផ្ទះល្វែងនៅបុរីកីឡា ដោយតម្រូវតាមចំនួនបន្ទប់ដែលនៅសល់នៅអគារទី៨ ហើយនៅជាន់លើគេ។
ក្រុមហ៊ុន ផាន អ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន បានសង់អាគារតែ៨អគារប៉ុណ្ណោះសម្រាប់ជាសំណងគឺមិនបានសង់១០អគារដូចបានយល់ព្រមក្នុងកិច្ចសន្យាទេ។
សំណងនេះមានលក្ខណៈខុសគ្នា ទាក់ទងនឹងលក្ខខណ្ឌជាច្រើន ដូចជាទំហំផ្ទះ ទំហំគ្រួសារ ទីតាំងផ្ទះចាស់ ឯកសារ និងរយៈពេលនៃការរស់នៅរបស់គ្រួសារនៅក្នុងបុរីកីឡា។
ក្នុងចំណោមប្រជាពលរដ្ឋសហគមន៍បុរីកីឡាចំនួន១៥៤គ្រួសារ មានតែ៣៦គ្រួសារប៉ុណ្ណោះបានទទួលបានផ្ទះនៅបុរីកីឡា។ នេះបើយោងតាមញត្តិរបស់អ្នកតវ៉ា។
នៅពេលការបណ្ដេញចេញ បានចាប់ផ្ដើមកាលពីចុងឆ្នាំ២០១១ និងដើមឆ្នាំ២០១២ គ្រួសារខ្លះទៀតត្រូវបង្ខំចិត្តទៅរស់នៅនៅភូមិអណ្ដូង ភ្នំបាត និងសំបុកចាប ដែលនៅឆ្ងាយពីសេវាសាធារណៈ ដូចជាមន្ទីរពេទ្យ សាលារៀន និងទីផ្សារជាដើម៕