ភ្នំពេញ៖ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានស្នើសុំដីកាចាប់ខ្លួនម្ចាស់បុរីវិមានសុភមង្គលដោយ
សង្ស័យថាបានធ្វើទារុណកម្មលើរាងកាយយ៉ាងធ្ងន់ធ្ងរលើក្មេងស្រីបម្រើនៅក្នុងផ្ទពីរនាក់។
ក្មេងស្រីពីរនាក់មានអាយុ១៧ឆ្នាំ ដូចគ្នាដែលម្នាក់មានស្រុកកំណើតនៅខេត្តបាត់ដំបង និងម្នាក់ទៀតនៅខេត្តតាកែវបានរត់គេចខ្លួនចេញពីផ្ទះរបស់ម្ចាស់បុរីវិមានសុភមង្គលកាលពីថ្ងៃ២២ ខែកុម្ភៈនេះ បន្ទាប់ពីពួកគេទាំងពីរនាក់មិនអាចទ្រាំនឹងការវាយធ្វើបាបអស់រយៈពេលជិត១០ឆ្នាំពីសំណាក់ម្ចាស់ផ្ទះដែលត្រូវបានគេស្គាល់ថា មានងារជាឧកញ៉ាវ៉េង លីតិចឡា និងប្រពន្ធឈ្មោះលី ពៅ ដែលជាម្ចាស់បុរីវិមានសុភមង្គល។
ក្មេងស្រីទាំងពីរនោះត្រូវបានអង្គការស៊ើបអង្កេតអាស៊ីអាគ្នេយ៍ដើម្បីសកម្មភាពសង្គម និង មនុស្សធម៌ហៅកាត់ថា ស៊ីសា ទទួលពួកគេក្រោយពីបានរត់គេចទៅដល់បាត់ដំបង។ រូបភាពដែលត្រូវបានធ្វើការផ្សព្វផ្សាយចេញបង្ហាញថាក្មេងស្រីរងគ្រោះមានស្នាមរបួសពេញខ្នង ចំហៀង និងជើង។
កាលពីថ្ងៃព្រហស្បតិ៍ទី២៨ ខែកុម្ភៈសមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានចុះទៅដល់ផ្ទះដែលក្មេងស្រីពីរនាក់នោះស្នាក់នៅក៏ប៉ុន្តែម្ចាស់ផ្ទះដែលទទួលរងការចោទប្រកាន់ថា បានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃនោះបានរត់គេចខ្លួនចេញពីផ្ទះបាត់រួចទៅហើយ។
លោកខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅពេលនេះសមត្ថកិច្ចបានស្នើសុំឲ្យតុលាការចេញដីកាចាប់ខ្លួនម្ចាស់ផ្ទះនោះបន្ទាប់ពីមានដីកាបង្គាប់ចូលខ្លួនឲ្យមកបំភ្លឺ ក៏ប៉ុន្តែជនសង្ស័យគេចបាត់ទៅវិញ។
លោកបានឲ្យដឹងបន្ថែមថា នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការអង្កេតលើករណីនេះ យ៉ាងហ្មត់ចត់ ហើយរហូតមកដល់ពេលនេះនៅមិនទាន់អាចធ្វើការសនិ្នដ្ឋានដូចម្តេចឡើយ។
«យើងស្នើសុំដីកាស្វែងរកចាប់ខ្លួន។ ដីកាបង្គាប់ឲ្យចូលខ្លួន គាត់រត់បាត់។ យើងមិនទាន់អាចសន្និដ្ឋានបានថា ដូចម្តេចទេ។ ក៏ប៉ុន្តែខ្ញុំយល់ថា បើគាត់ត្រឹមត្រូវ គាត់គួរតែចូលខ្លួនមកបំភ្លឺ ចំពោះមុខច្បាប់។ ឃើញក្មេងមានសេចក្តីក្លាហាននិងរាយការណ៍ក៏ប៉ុន្តែចំពោះពិតឬមិនពិតយើង មិនដឹងទេ រងចាំការស៊ើបអង្កេតដែរហ្នឹង។ លុះត្រាមានអ្នកមកបំភ្លឺទើបយើងដឹង មិនមែនអ្នកប្តឹងមុនត្រូវទាំងអស់នោះទេ។ ជួនកាលវាមានបញ្ហាអីក្រោយពីហ្នឹទៀតក៏មិនដឹង»។
នៅក្នុងអំឡុងពេលនេះក្មេងស្រីដែលទទួលរងការវាយធ្វើបាបពីសំណាក់ម្ចាស់ផ្ទះកំពុងស្ថិតនៅក្រោមការការពារសុវត្ថិភាពរបស់សមត្ថកិច្ច។
លោកជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោកព្រះរាជអាជ្ញារង សុខ រឿន
មិនអាចធ្វើការទាក់ទងដើម្បីបំភ្លឺបន្ថែមជុំវិញបញ្ហាទាំងនេះបានទេ។
ក្មេងស្រីដែលអះអាងថា ម្ចាស់ផ្ទះបានធ្វើទារុណកម្មនោះត្រូវបានគេស្រង់សម្តីថា បានមករស់នៅក្នុងផ្ទះនេះអស់រយៈពេលជិត១០ឆ្នាំមកហើយ ដោយម្ចាស់ផ្ទះនោះបានសុំនាងពីម្តាយមីងដើម្បីយកមកធ្វើជាកូនធម៌។ ក៏ប៉ុន្តែជាក់ស្តែងនាងរស់នៅក្នុងស្ថានភាពជាអ្នកបម្រើធ្វើការងារផ្ទះដូចជាបោកគួកខោអាវ បោសសម្អាតផ្ទះនិងមើលថែឆ្កែ១៩ក្បាលជាដើម។
ក្មេងស្រីរងគ្រោះ នោះបានឲ្យដឹងបន្ថែមនាងតែងតែទទួលរងការធ្វើទារុណកម្មដូចជា វាយធ្វើបាបដោយខ្សែភ្លើងវេញ និង ដង្កាប់គៀបភ្លៅជាដើម។
ករណីវាយធ្វើបាបពីសំណាក់ម្ចាស់ផ្ទះនេះកំពុងមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អង្គការ និងមហាជននានាដែលបានចាត់ទុកថា ជាអំពើដ៏សាហាវបំផុត។
លោក ហង្ស សាយ័ន្ត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការស៊ើបអង្កេតអាស៊ីអាគ្នេយ៍ដើម្បីសកម្មភាពសង្គមនិងមនុស្សធម៌ហៅកាត់ថា ស៊ីសាបានដែលជាអង្គការធ្វើសកម្មភាព ប្រឆាំងការជួញដូរនិង ពលកម្មកុមារបានឲ្យដឹងថា អង្គការស៊ីសាកំពុងធ្វើការស៊ើបអង្កេតលើករណីនេះដើម្បី រកយុត្តិ ធម៌ឲ្យជនរងគ្រោះ។
«ផ្តល់សេវាពិគ្រោះយោបល់ផ្នែកផ្លូវចិត្តដល់គាត់ ពីព្រោះជួបភ្លាមៗគាត់មានការតត់ស្លុតខ្លាំងហើយមានការក្តុកត្តួល ហើយអញ្ចឹងយើងធ្វើដូចម្តេចឲ្យគាត់មានអារម្មណ៍ថាកក់ក្តៅ និងព្យាយាមស្វែងរកកន្លែងដែលមានសុវត្ថិភាពសម្រាប់ពួកគាត់។ ម្យ៉ាងវិញទៀតគឺយើងមានសេវាផ្នែកច្បាប់សម្រាប់ផ្តល់ជូនពួកគាត់ដោយឥតគិតថ្លៃ នៅពេលដែលគាត់ចង់បន្តនិតិវិធីនៅតុលាការបន្តទៀត។ខ្ញុំបន្តការសាកសួរនិងការសហការជាមួយនឹងអាជ្ញាធរ ហើយបើសិនជាករណីជាការពិតដែលទទួលរងការរំលោភបំពានមែនវាជារឿងមួយធ្ងន់ធ្ងរហើយវាជាបទល្មើស»។
ជាមួយគ្នានេះដែរលោក សៅ សេនី អ្នកឃ្លាំមើលការរំលោភសិទ្ធិកុមារនៃអង្គការសិទ្ធមនុស្សលីកាដូបានឲ្យដឹងដែរថា អង្គការលីកាដូជាមធ្យមក្នុង១ឆ្នាំទទួលបាន១០ករណីអំពីការការរំលោភវាយធ្វើបាបលើរាងកាយ ការរំលោភផ្លូវភេទ និងការបៀតបៀនកេរ្តិ៍ខ្មាស់ជាដើម ពីសំណាក់ម្ចាស់ផ្ទះមកលើអ្នកបម្រើនៅតាមផ្ទះ។ លោកបានឲ្យដឹងបន្ថែមថា ករណីបែបនេះមានកើតឡើងច្រើនជាងការទទួលបានពាក្យបណ្តឹងដោយសារនៅកម្ពុជាពុំទាន់មានវិធានការណាដែលអាចការពារដល់សិទ្ធសេរីភាពអ្នកបម្រើនៅតាមផ្ទះនៅឡើយ។
«ដូចជាការងារលាក់កំបាំងមួយដែរការងារអ្នកបម្រើការងារនៅតាមផ្ទះ គឺការចូលមកធ្វើ
ការងារនៅក្នុងផ្ទះ ហ្នឹងគឺអត់មានកិច្ចសន្យាត្រឹមត្រូវឬអាជ្ញាធរដឹងឮនោះទេ។ ការដែរយើងទទួល បានគឺតិចជាងករណីជាក់ស្តែងដែលបានកើតឡើង អញ្ចឹងខ្ញុំគិតថា នៅមានករណីកើតឡើងទៀត
ដែលយើងមិនដឹងរហូតដល់បែកធ្លាយដោយសារក្មេងរត់ចេញឬដោយសារអ្នកជិតខាងប្រាប់មក ទើបយើងដឹងដោយសារនៅក្នុងផ្ទះគេ គេចង់ធ្វើអីក៏បាន អ្នកក្រៅមិនដឹងទេ។ រឿងនេះយើងនឹង អន្តរាគមន៍ទៅតុលាការ ដើម្បីឲ្យតុលាការចាត់ការរឿងនេះឲ្យបានតឹងតែងបំផុត»។
នៅកម្ពុជាជាពិសេសនៅក្នុងទីក្រុង និងទីប្រជុំជន ភាគច្រើនគ្រួសារដែលមាន ជីវភាពធូរធារតែងតែមានអ្នកបម្រើនៅតាមផ្ទះយ៉ាងហោចណាស់ក៏ម្នាក់ដែរ។ ចំនួនអ្នកបម្រើនៅតាមផ្ទះក្នុងប្រទេសកម្ពុជាពុំទាន់មានតួលេខនិងការគ្រប់គ្រងច្បាស់លាស់នៅឡើយទេ ដែលជាហេតុធ្វើឲ្យអ្នកបម្រើការងារនៅតាមផ្ទះពុំទាន់ទទួលបានការការពារសុវត្ថិភាពនោះដែរ។
កាលពីឆ្នាំ២០០៩មានករណីគ្រួសារគ្រូបង្រៀនមួយបានទិញកូនគេមកចិញ្ជឹមជាកូនធម៌ក៏ប៉ុន្តែជាក់ស្តែងគ្រួសារនោះបានយកកុមារនោះមកវាយធ្វើទារុណកម្មតាំងពីអាយុ៨ឆ្នាំរហូតដល់១១ឆ្នាំ។ក្នុងករណីនេះស្ត្រីដែលជាជនដៃដល់ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក១៥ឆ្នាំ ចំណែកឯប្តីជាប់គុកប្រាំឆ្នាំ។ រីឯស្ត្រីដែលបានលក់កូននេះឲ្យមកគ្រួសារគ្រូបង្រៀននោះជាប់គុកប្រាំឆ្នាំផងដែរ៕