ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជនស្ត្រីបឹងកក់​ជា​ជ័យលាភី​ពានរង្វាន់​ Global Partnership​


អ្នក​ស្រី​ទេព វណ្ណនី​
អ្នក​ស្រី​ទេព វណ្ណនី​

រង្វាន់​នេះ​ផ្តល់​ដោយ​ស្ថាប័ន ​Vital Voice Global Partnership​ បង្កើត​ដោយ​ស្រី​ហ៊ីល​ឡារី គ្លីនតុន ​រដ្ឋមន្ដ្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក។​

ភ្នំពេញ៖ នៅពេល​រំឭក​ដល់​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ ​ប្រជា​ពលរដ្ឋ​ក្រុង​ភ្នំពេញ​ភាគច្រើន​គិត​ដល់​ឈ្មោះ​អ្នក​ស្រី​ទេព វណ្ណនី​ ដែល​ជា​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ដែល​បាន​ដឹកនាំ​ការ​តស៊ូ​យ៉ាង​ខ្លាំងក្លា​ប្រកប​ដោយ​វោហា​សព្ទ។​
ជា​ម្តាយ​កូន​ពីរ​នាក់​ អ្នកស្រី​ទេព វ​ណ្ណនី​ស្ថិត​នៅ​ក្នុង​គ្រួសារ​មួយ​ក្នុង​ចំណោម​គ្រួសារ​សរុប​ជាង​៤០០០​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​តំបន់​បឹងកក់​ នៅពេល​ដែល​រដ្ឋាភិបាល​ប្រគល់​តំបន់​បឹង​ស្រូប​ទឹក​ជំនន់​ដ៏​ធំ​កណ្តាល​រាជធានី​នេះ​ ឲ្យ​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន​សម្រាប់​វិនិយោគ​លំនៅដ្ឋាន​ទំនើប​និង​មណ្ឌល​ពាណិជ្ជ​កម្ម។​

នៅ​ពេលនោះ​ស្ត្រីសហគមន៍​ក្រីក្រ​នេះ​មួយ​ក្រុម​បាន​ងើប​ឡើង​តវ៉ា​ដើម្បី​ទាមទារ​សំណង​សមស្រប​ និង​ត្រឹមត្រូវ។ ​ដោយ​សារភាព​ក្លៀវក្លា​របស់​អ្នកស្រី ​អ្នកស្រី​ទេព វ​ណ្ណនី​ត្រូវ​ក្រុម​អ្នក​តវ៉ា​ជ្រើសតាំង​ជា​តំណាង​របស់​ពួកគេ។ អ្នកស្រី​និយាយថា៖

«ដោយសារតែ​ការ​អភិវឌ្ឍ​ដោយ​បង្ខំ​ ការ​អភិវឌ្ឍ​ដោយ​គំរាម​កំហែង​ពី​សំណាក់​ក្រុម​ហ៊ុន ​ប្រសិន​បើ​ពួក​គាត់​នៅតែ​បន្ត​តស៊ូ​យ៉ូរៗ​ទៅ​ ពួក​គាត់​ខ្លាច​ត្រូវ​គេ​បណ្តេញ​ចេញ​ដោយ​គ្មាន​សំណង ​សូម្បី​តែ​មួយ​កាក់​ មួយ​សេន។​ ជាក់ស្តែង​ យើង​ឃើញ​ថា​ ក្រុម​ហ៊ុន​បាន​បូម​ភក់​មក​ចាក់​ពន្លិច​១៨​គ្រួសារ​ ដោយ​គ្មាន​សំណងអ្វី​ទាំងអស់​រហូត​មក​ទល់សព្វ​ថ្ងៃ​ហ្នឹង»។​

សម្លេង​របស់​ស្ត្រី​មួយ​ក្រុម​ត្រូវ​បាន​ដឹង​ឮ​ មិន​ត្រឹមតែ​ក្នុង​ប្រទេស​ទេ​ ប៉ុន្តែ​ការ​តស៊ូ​របស់​ពួកគេ​ដែល​ពោរពេញ​ដោយ​ការ​បង្ក្រាប​ ការ​រារាំង​បាន​ឮ​សុះសាយ​ក្នុង​ពិភព​លោក។​

ក្នុង​រយៈពេល​ជិត​ប្រាំ​ឆ្នាំ​ ស្ត្រី​និង​បុរស​ក្នុង​សហគមន៍​បឹងកក់​ចំនួន​១៥​នាក់​ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ។​
អ្នកស្រី​ទេព វ​ណ្ណនី​ហាក់ដូចជា​ដឹង​ពី​ការ​ប្រឈម​នេះ​ជាមុន​រួច​ជា​ស្រេច។​

«ស្ត្រី​បឹងកក់​នេះ​១៥​នាក់ហើយ​ដែល​ធ្លាប់ជា​ប់ព​ន្ធនាគារ​ រួមទាំង​បុរស​ម្នាក់​ទៀត។​ ឈាន​ជើង​ចូលរួម​ជាមួយ​ប្រជា​ពលរដ្ឋ​តំបន់​បឹងកក់​នេះ​គឺសុទ្ធចិត្ត​លះបង់​ជីវិត​ទៀត​ផង ​មិន​ត្រឹមតែ​មិន​ខ្លាច​ជាប់គុក​ទេគឺ​ហ៊ាន​លះបង់​ជី​វិត​ទៀត​ផង​ ធ្វើ​យ៉ាង​ដូច​ម្តេច​ដើម្បី​បាន​នូវ​ការ​គោរព ​និង​យុត្តិធ៌ម​ មិនមែន​ប្រឆាំង​ទៅ​នឹង​ការ​អភិវឌ្ឍ​របស់រដ្ឋាភិបាល​ទេ»។​

ដោយសារ​ការលះបង់​នៃ​ក្រុម​ស្ត្រី​បឹងកក់​ទាំងនេះ ​ទើប​បាន​ជា​អ្នកស្រី​ទេព វណ្ណនី​ ត្រូវ​បាន​ជ្រើសរើស​ជា​ជ័យលាភី​ពានរង្វាន់​ Global Partnership ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១២​នេះ។ ​រង្វាន់​នេះ​ផ្តល់​ដោយ​ស្ថាប័ន​Vital Voice Global Partnership​ បង្កើត​ដោយ​ស្រី​ហ៊ីល​ឡារី គ្លីនតុន ​រដ្ឋមន្ដ្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក។​

ពានរង្វាន់​ Global Partnership ​ផ្តល់​ជូន​ស្ត្រី​ក្នុង​ពិភពលោក​ជា​រៀងរាល់​ឆ្នាំ​ចំនួន​ប្រាំ​នាក់​សម្រាប់​វីរភាព​លេចធ្លោ​ និង​បង្ហាញ​ពី​ភាព​ដឹកនាំ ​មាន​សេចក្តី​ក្លាយ​ហាន​ក្នុង​ការ​ចេញ​មុខ​តស៊ូ ​និង​ការពារ​សិទ្ធិ​ស្ត្រី។​
ការ​ផ្តល់​រង្វាន់​នេះ​បានធ្វើ​ឲ្យ​អ្នកស្រី​ទេព វណ្ណនីមានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។​

«ខ្ញុំ​មិនដែល​ដឹង​ថា​ ការ​តស៊ូ​ហ្នឹង​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ទទួល​រង្វាន់​អ្វី​នោះ​ទេ ​ហើយ​ការ​តស៊ូ​នេះ​គឺ​មានបំណង​សម្រាប់តែ​ការស្វែងរក​យុត្តិ​ធម៌​សម្រាប់​ប្រជាជន​នៅ​បឹងកក់​តែ​ប៉ុណ្ណោះ។ យើង​មិន​ដឹង​ផង​ថា ​គេ​ជ្រើស​រើស​យើង។​ ខ្ញុំ​មាន​ការ​ភា្ញក់​ផ្អើល ​និង​រំភើប​ដែរ​ និយាយ​ដោយ​ត្រង់​តែម្តង​ទៅ»។​

យ៉ាងណាក្តី ​ស្ត្រី​វ័យ​៣១​ឆ្នាំ​រូប​នេះ​ក៏បាន​ប្រាប់​ដែរ​ថា​ ពាន់​រង្វាន់​មួយ​នេះ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ គឺ​មិនមែន​សម្រាប់តែ​អ្នកស្រី​ម្នាក់​នោះ​ទេ​ ប៉ុន្តែ​សម្រាប់​ស្ត្រី​នៅ​តំបន់​បឹងកក់​ទាំងអស់​តែម្តង​ដែល​បាន​ជំនះ​រាល់​ការ​លំបាក​នានា​ក្នុង​ការ​តស៊ូ​ក្នុង​ជម្លោះដីធ្លី​នៅ​តំបន់​ដែល​ខ្លួន​ធ្លាប់​រស់នៅ។​ លើស​ពីនោះ​ទៅទៀត​អ្នកស្រី​បញ្ជាក់​ថា ​វា​ក៏​ជា​ការ​លើក​ទឹកចិត្ត​មួយ​សម្រាប់​ដល់​ស្ត្រី​ទាំងអស់​នៅ​កម្ពុជា។

អ្នកស្រី​ទេព វណ្ណនី​បាន​ចាក​ចេញពី​ខេត្ត​កំពត​មក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​១៩៩៨​ ហើយ​ប្រាំបី​ឆ្នាំ​ក្រោយមក​ក្រុម​គ្រួសារ​របស់​អ្នកស្រី​បាន​ចូល​មករស់​នៅ​ក្នុង​ភូមិ​២២​នៃ​តំបន់​បឹងកក់​ ​ហើយអ្នកស្រី​បាន​រៀបការនៅទីនេះ។​

ជា​កូន​ទី​ប្រាំ​នៃ​គ្រួសារ​ដ៏​ក្រីក្រ​ដែល​មាន​សមាជិក​ចំនួន​៩​នាក់ ​អ្នកស្រី​ទេព វណ្ណនី​ បាន​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៩​ប៉ុណ្ណោះ។​

ស្វាមី​របស់គាត់​ធ្វើ​ជា​ទាហាន​ផង​និង​ឆ្លៀត​ថត​រូប​លក់​ផង​ដើម្បី​រក​កម្រៃ​ក្រៅពី​ប្រាក់ខែ​រាជការ​ដែល​មិន​អាច​ឲ្យ​គាត់​ទ្រទ្រង់​ជីវភាព​បាន។​

អ្នកស្រី​ប្រាប់​ថា​ ខ្សែ​ជីវិត​របស់​អ្នកស្រី ​និង​ក្រុមគ្រួសារ​បាន​ផ្លាស់ប្តូរ​នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ដី​តំបន់​បឹងកក់​ដែល​មាន​ទំហំ​១៣៣​ហិចតា​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​វិនិយោគ។​

«ពីមុន​ពេល​នៃ​ការ​អភិវឌ្ឍឆ្នាំ​២០០៨ ​ខ្ញុំ​បាន​លក់ដូរ​របស់​បន្តិច​បន្ទួច​ របស់​ញុំ​ គ្រឿង​ទេស​ផ្សេងៗ។​ ប៉ុន្តែ​ក្រោយ​ពេល​ឆ្នាំ​២០១០​នៃ​ការ​អភិវឌ្ឍរួចមក​ យើង​លែង​បាន​លក់ដូរ​អ្វី​ទៀត​ហើយ។ ​ដោយហេតុ​ថា ​ប្រជា​ពលរដ្ឋ​មាន​ការ​ជ្រួលច្របល់​ពី​ការ​ផ្លាស់ប្តូរ​ទៅ​លំនៅ។​ យើង​គិតតែ​បន្ត​ការ​ព្រួយបារម្ភ​នានា​ ពី​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន»។​

ប៉ុន្តែ​ផលវិបាក​មាន​ច្រើន​ជាង​នេះ​ទៀត​ នៅពេល​ដែល​អ្នកស្រី​ទេព វណ្ណនី​ និង​ស្ត្រី​ជាង​ដប់​នាក់​ផ្សេង​ទៀត​នៃ​សហគមន៍​បឹងកក់​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ។​ នៅ​ពេល​នោះ​បន្ទុក​ទាំងអស់​ត្រូវ​ស្ថិត​លើ​ប្តី​របស់​គាត់។​

«ធ្វើ​អត់​សូវ​ដាច់​ដូច​មុន​ទេ​ ពី​ព្រោះ​ថា​ យើង​អត់​សូវ​មាន​ពេលវេលា​ធ្វើ​ដូច​មុន​ទេ​គឺ​រវល់​ក្នុង​ការ​តវ៉ា។ ​

បាត់បង់​តួនាទី​ជា​ម្តាយ​ដ៏​ល្អ ​ភរិយា​ល្អ។ ខ្វះ​ពេលវេលា​សម្រាប់​គ្រួសារ។ ​ខ្ញុំ​ធ្លាប់ជា​ប់ព​ន្ធនា​គារ​ព្រៃ​ស​រយៈ​ពេល​១​ខែ​៣​ថ្ងៃ។​ ដូច​ពេល​...​គេ​ចាប់​យើង​ដោយ​បង្ខំ។​ ពេល​គេ​បិទទ្វារ​ឡាន​អញ្ចឹង​ទៅ​ វា​ធ្វើ​ឲ្យ​យើង​បាក់​មេដៃ។​ យើង​ឈឺ​ចិត្ត​ ទាំង​ផ្លូវកាយ ​និង​ផ្លូវចិត្ត​តែម្តង»។​

ស្វាមី​របស់​អ្នកស្រី​គឺ​លោក​គង់ ជា​ត្រូវ​អង្គភាព​ផ្អាក​ពី​ការងារ​ ដោយសារតែ​សកម្ម​ភាព​តវ៉ា​យ៉ាង​ខ្លាំងក្លា​ដែល​ក្រុម​អាជ្ញាធរ​ចាត់​ទុក​ថា​ ជា​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិ​បាល។ ​ប៉ុន្តែ​វិធានការ​នេះ​មិន​បាន​បំបាក់ស្មារតី​របស់​គាត់ មិន​អាចឲ្យ​គាត់​ឈប់​គាំទ្រ​សកម្មភាព​ប្រពន្ធ​របស់​ខ្លួន​នោះ​ទេ។

លោកនិយាយថា៖
«ខ្ញុំ​មិន​នឹក​ស្មាន​ដល់​ដែរ​ថា ​គាត់​ទទួល​ពាន់រង្វាន់ ​ពីព្រោះ​ប្រពន្ធ​ខ្ញុំ​ហ្នឹង​ កាល​ពីមុន​គ្រាន់​ជា​អ្នក​លក់ដូរ ​និង​ជា​ស្ត្រី​មេផ្ទះ»។​

អ្នកស្រី​ទេព វ​ណ្ណនីនៅតែ​មាន​សុទិដ្ឋិនិយម​ក្នុង​ការ​តស៊ូ​របស់​ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់​ ជាពិសេស​ចំពោះ​ការ​សន្យា​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​ដី​ចំនួន​១២,៤៤​ហិចតា​ពី​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​សម្រាប់​ចែក​ជូន​ជន​រងគ្រោះ​នៃ​ការ​បណ្តេញ​ចេញ។​ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​នៅ​មិនទាន់​បែងចែក​ដី​នេះ​ដល់​ប្រជា​ពលរដ្ឋ​ជាង​៧០០​គ្រួសារ​នោះ​គ្រប់​ចំនួន​នៅ​ឡើយ​ ហើយ​ជាពិសេស​ប្រធាន​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ទទួល​បាន​ចំណែក​ដី​ក្នុង​នោះ​ដែរ ​ដែល​ជា​ប្រការ​មិន​ប្រក្រតី។​

មាន​សម្បុរ​ខ្មៅ​ស្រអែម ​អ្នកស្រី​ទេព វណ្ណនី​នឹងត្រូវ​ធ្វើដំណើរ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​នៅ​ខែ​មិនា​ឆ្នាំ​២០១៣​ដើម្បី​ទទួល​ពាន​រង្វាន់ ​Global Partnership​ ហើយ​អ្នកស្រី​នឹង​បន្ត​ស្នាក់នៅ​ទីនោះ​រហូត​ដល់​ខែ​មេសា។​

ដោយសារ​ស្នាដៃ​តស៊ូ​ជាមួយ​នឹង​ស្ត្រី​សហគមន៍​បឹងកក់​ជាច្រើន​ទៀត​ អ្នកស្រី​ទេព វណ្ណនីត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ចែក​រំលែក​បទ​ពិសោធន៍​របស់ខ្លួន​នៅ​ប្រទេស​ថៃ​និង​សឹង្ហបូរី ​ក៏​ប៉ុន្តែ​អ្នកស្រី​ខកខាន​មិន​បាន​ទៅ​ទីក្រុង​ហុងកុង​ទេ​ក្នុង​កំឡុង​ពេល​ដែល​អ្នក​ស្រី​ជាប់ឃុំ​ឃាំង។​
យ៉ាងណាក៏ដោយ​ ការ​តស៊ូ​ជាច្រើន​របស់​ស្ត្រី​សហគមន៍​បឹងកក់​ត្រូវ​ថត​បញ្ចូល​ក្នុង​ខ្សែ​ភាពយន្ត​មួយ​ក្នុង​ International Movie That Matter។ ​អ្នកស្រី​គឺជា​តួអង្គ​សំខាន់​ម្នាក់​ក្នុង​រឿង​នេះ​ ហើយ​អ្នកស្រី​នឹង​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ​នៅ​ទីក្រុង​អាម​ស្ទើ​ដាំ​ ប្រទេស​ហូ​ឡង់ ​នៅ​ឆ្នាំ​ក្រោយ​នេះ។
អ្នកស្រី​ទេព វណ្ណនី​ពោល​ជា​ចុង​ក្រោយ​ថា៖
«ក្តី​ប្រាថ្នា​របស់ខ្ញុំ​នោះ​គឺ​ចង់​ឲ្យ​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់​បាន​បញ្ចប់​ដោយ​យុត្តិធម៌»៕​
XS
SM
MD
LG