អាជ្ញាធរកម្ពុជាច្រានចោលព័ត៌មានដែលនិយាយអាក្រក់អំពីព្រលានយន្តហោះថ្មីខេត្តសៀមរាប

រូបឯកសារ៖ អ្នកធ្វើដំណើរដើរចូល​អាកាសយានដ្ឋានអន្តរជាតិ​សៀមរាប​អង្គរ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រោយ​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ថា​ មន្ត្រី​អន្តោ​ប្រវេសន៍​បាន​យក​លុយ​ពី​អ្នក​ទេសចរ​អន្តរ​ជាតិ​នៅ​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ចេញ​សេចក្តី​ក្តី​បំភ្លឺ​មួយ ​ដោយ​អះអាង​ថា​ ការ​ផ្សព្វ​ផ្សាយ​នោះ​មិន​មាន​ប្រភព​ច្បាស់​លាស់​ និង​ថា​ កាល​បរិច្ឆេទ​របស់​អ្នក​បញ្ចេញ​មតិ​នោះ ​គឺ​នៅ​មុន​ការ​ដាក់​ឲ្យ​ដំណើរ​ការ​នៃ​ព្រលាន​យន្តហោះ​ថ្មី​នេះ។​

កាល​ពី​ថ្ងៃ​ទី​ ៩​ ខែ​មករា​ ឆ្នាំ​ ២០២៣​ ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ ​The CEROC ​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​ ដោយ​ស្រង់​យក​សម្តី​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​រិះគន់​ថា ​ព្រលាន​យន្តហោះ​ថ្មី​នេះ​មាន​អំពើ​ពុក​រលួយ​ សេវា​កម្ម​អត់​ល្អ ​បន្ទប់​ទឹក​មិន​ស្អាត ​និង​ថែម​ទាំង​ផ្តាំ​អ្នក​ដទៃ​មិន​ឱ្យ​ឆ្លង​កាត់​ព្រលាន​នេះ​ថែម​ទៀត​ផង។​

បើ​តាម​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ​អាជ្ញាធរ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ ស្តីពី​អន្តោ​ប្រវេសន៍​យ៉ាង​ម៉ឺង​មាត់​បំផុត ​និង​បាន​ក្រើន​រំឭក​ជា​ញឹក​ញាប់​ដល់​មន្ត្រី​ក្រោម​ឱវាទ​នៅ​ក្នុង​កិច្ច​ប្រជុំ​នានា។​

អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​បញ្ជាក់​ថា៖​ «ជា​ពិសេស​ លើ​ការ​គ្រប់គ្រង​ដំណើរ​ចេញ-ចូល​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ ដែល​ស្ថិត​ក្រោម​សមត្ថ​កិច្ច​របស់​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ​និង​បាន​ណែនាំ​ឱ្យ​ដាក់​ផ្លាក​ជា​ចំហ​អំពី​តម្លៃ​ទិដ្ឋាការ​ នៅ​មុខ​ទីតាំង​ផ្តល់​ទិដ្ឋា​ការ​នៃ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរ​ជាតិ​នានា​ ដោយ​មាន​សរសេរ​ជា​ភាសា​អង់គ្លេស​ ដាក់​នៅ​ចំ​ពី​មុខ​បញ្ជរ​ស្នើ​សុំ​ទិដ្ឋាការ​ ជូន​អ្នក​ដំណើរ​ និង​ភ្ញៀវ​បរទេស​ឱ្យ​បាន​ឃើញ​ច្បាស់​ផង​ដែរ»។​

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ អ្នក​នាំពាក្យ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ លោក ​កែវ វណ្ណថន​ លើក​ឡើង​ថា​ អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​នឹង​ពិនិត្យ​ទៅ​លើ​មន្ត្រី​របស់​ខ្លួន​ និង​ថា ​បើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង​ នោះ​នឹង​មាន​វិធាន​ការ​លើ​ពួកគេ។​

លោក​បញ្ជាក់​ថា៖​ «អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​នឹង​ចុះ​ពិនិត្យ​ជាក់​ស្តែង​ បើ​សិន​ជា​ពាក់​ព័ន្ធ​មន្ត្រី​ណា​ អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​នឹង​ចាត់​វិធាន​ការ​ដាក់​វិន័យ​ទៅ​តាម​បទ​បញ្ជា​ ០០៦​ ដែល​ជា​វិន័យ​របស់​កង​កម្លាំង​នគរបាល​ជាតិ»។​

បើ​តាម​អ្នក​នាំពាក្យ​រូប​នេះ​ ការ​ពិន័យ​នេះ​អាច​ឈាន​រហូត​ដល់​ទម្លាក់​ឋានៈ ​ឬ​ក៏បណ្តេញ​ចេញ​ពីក្រប​ខណ្ឌ​រដ្ឋ​ទៅ​តាម​ទោស​ជាក់​ស្តែង។​

អ្នក​នាំពាក្យ​អាកាសចរណ៍​ស៊ីវិល ​លោក ​ស៊ីន ចាន់សិរី​វត្ថា ​ច្រាន​ចោល​នូវ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ទាំង​នោះ ​ហើយថា​ វា​មិន​ឆ្លុះ​បញ្ចាំង​នូវ​តថភាព​បច្ចុប្បន្ន​ឡើយ។

លោក​បញ្ជាក់​ថា៖​ «រឿង​វា​ពាក់​ព័ន្ធ​នៅ​ពេល​ដែល​យើង​បើក​ដំបូង។ ​វា​នៅ​ក្នុង​ការ​សាង​សង់។​ ប៉ុន្តែ​ឥឡូវ​មិន​មាន​បញ្ហា​មិន​ស្អាត​មិន​អី​នោះ​ទេ។ ​សុទ្ធ​តែ​រឿង​ចាស់​ទាំង​អស់។ ​ វា​អត់​ឆ្លុះ​បញ្ចាំង​អ្វី​ជា​តថភាព​ពិត​បច្ចុប្បន្ន»។​

អាកាស​យានដ្ឋាន​ថ្មី​ក្នុង​ខេត្ត​សៀមរាប​ដែល​មាន​តម្លៃ​ប្រមាណ ​១.១០០​ លាន​ដុល្លារ​អាមេរិក ​ក្រោម​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​របស់​ចិន ​ឬ​ BRI​ ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២៣។​ ព្រលាន​យន្តហោះ​នេះ​ត្រូវ​បាន​វិនិយោគ​ក្នុង​ទម្រង់​«សាង​សង់ ​ប្រតិបត្តិការ​ផ្ទេរ» ​ឬ​ BOT​ ដោយ​ក្រុមហ៊ុន​ចិន​ ដែល​មាន​ន័យ​ថា​ ព្រលាន​យន្តហោះ​នេះ​នឹង​ត្រូវ​ផ្ទេរ​មក​រដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​វិញ ​នៅ​ក្នុង​ឆ្នាំ​ ២០៧៣ ​ក្រោយ​ការ​សាងសង់​រយៈ​ពេល​ប្រមាណ​ ៥ ​ឆ្នាំ​ និង​ប្រតិបត្តិការ​រយៈ​ពេល ៥០ ​ឆ្នាំ៕​