អាជ្ញាធរ​ដុតបំផ្លាញ​ខ្ទម​ជនក្រីក្រ​នៅ​ខេត្ត​ពោធិ៍សាត់​និង​ក្រចេះ

ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​ក្រចេះ​និង​ខេត្ត​ពោធិ៍សាត់​បាន​បន្ត​រស់នៅ​ទីតាំង​ចាស់​របស់​ខ្លួន​ដដែល​ក្រោយ​ពី​ការ​ដុត​បំផ្លាញ​របស់​អាជ្ញាធរ។ ដោយ​ឡែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត បាន​ផ្លាស់​ទៅ​ជម្រក​បណ្តោះ​អាសន្ន​នៅ​កន្លែង​ជិត​នោះ។

កាល​ពី​ថ្ងៃ​ពុធ ​មាន​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ប្រហែល​៣០០​ខ្នង​ ក្នុង​នោះ​២០០​ខ្នង​នៅ​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​និង​១០០​ខ្នងទៀតនៅ​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់​ត្រូវ​បាន​អាជ្ញាធរ​ដុត​បំផ្លាញ​ចោល​ទាំង​ស្រុង។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​និង​ប្រជាពលរដ្ឋ​មូលដ្ឋាន។ ដោយ​ឡែក​ក្រុម​អាជ្ញាធរ​បាន​ការពារ​ចំណាត់ការ​របស់​ខ្លួន​ថា​នេះ​ដោយ​សារ​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​រស់​នៅ​ក្នុង​ព្រៃ​អភិរក្ស​របស់​រដ្ឋ។

អ្នកស្រី ស មុំ ​អាយុ​៤៥​ឆ្នាំ ​ជា​ពលរដ្ឋ​ដែល​បាន​រាន​ដី​ព្រៃ​ក្នុង​ស្រុក​ស្នួល​កាល​ពី​ឆ្នាំ​២០១១​រៀបរាប់​ពី​ព្រឹត្តិការណ៍​នៃ​ការ​ដុត​បំផ្លាញ​នេះ។

«គេ​យក​ឡាន​ដំរី​រុញ​ផង​ឈូស​ផង​ខ្ទេច​ខ្ទី។ អត់​មាន​សល់​ទេ​រាប​ដូច​កន្ទេល​អញ្ចឹង ​ហើយ​អ្នក​ខ្លះ​កូន​ខ្ចី ក៏​វា​ដុត​ផ្ទះ​គេ​ដែរ។ អា​គ្នា​កំពុង​កាន់​បាយ​ស៊ី ​ក៏​វា​មិន​ឱ្យ​ស៊ី​វា​កញ្ឆក់​ចាន​បាយ​បោក​ទៅ​ដី ​មិន​ឱ្យ​ស៊ី​ គ្រវែង​ចោល​អស់»។

ក្រុម​ប្រជា​ពលរដ្ឋ​អះអាង​ថា​ពួកគេ​បាន​រាន​ដី​នៅ​ទី​នោះ​ចន្លោះ​ពី​៣​ទៅ​៧​ឆ្នាំ ​ដោយ​សារ​ពួកគេ​គ្មាន​ដី​ធ្វើ​ស្រែ​ចំការ ​ហើយ​មាន​ជីវភាព​ខ្សត់ខ្សោយ​ពេក។
នៅ​ពេល​នេះ ​ពួកគេ​មួយ​ចំនួនបាន​សម្រេច​ចិត្ត​រស់នៅ​ទី​នោះ​បន្ត​ទៀត ​ដោយ​គ្រាន់​តែ​ក្រាល​កន្ទេល​និង​ចង​មុង​កណ្តាល​វាល​លើ​ទី​តាំង​ចាស់ ​ពី​ព្រោះ​ពួកគេ​គ្មាន​គោល​ដៅ​និង​ដី​សង់​លំនៅដ្ឋាន​ជា​របស់​ខ្លួន​ទេ។

លោក គង់ គឹមលី ​អភិបាល​ស្រុក​ស្នួល​ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​នៅ​ទី​នោះ​ឱ្យ​ដឹង​ថា​នេះ​ដោយ​សារ​ប្រជាពលរដ្ឋ​ទាំង​នោះ​ទន្ទ្រាន​ដី​ព្រៃ​ដែល​ជា​ដែន​ជម្រក​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់​ហើយ​កងកម្លាំង​មាន​សមត្ថកិច្ច​បាន​ដុត​បំផ្លាញ​តែ​ជាង​៥០​ខ្ទម​តែ​ប៉ុណ្ណោះ ​ពោល​គឺ​មិន​ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ទេ។ លោក គឹមលី​បន្ថែម​ថា​ខាង​អាជ្ញាធរ​បាន​ជូន​ដំណឹង​ពួកគាត់​ចំនួន​២​ដង​រួច​មក​ហើយ ​ប៉ុន្តែ​ពួកគាត់​នៅ​តែ​មិន​ស្តាប់​ហើយ​ថែម​ទាំង​បន្ត​រាន​ដី​ព្រៃ​យក​បន្ថែម​ទៀត។

«វា​ខុស​ច្បាប់ ​វា​ខុស​នឹង​កន្លែង​ត្រូវ​ការពារ ​តំបន់​អភិរក្ស។ យើង​មិន​អាច​ធ្វើ​តាម​គាត់​ចង់ ​តាម​គាត់​ចង់ គាត់​ចេះ​តែ​កាប់​ទន្ទ្រាន​ពេញ​ទឹក​ពេញ​ដី»។

លោក​គង់ គឹមលី​ស្នើ​ឱ្យ​ពលរដ្ឋ​ទាំង​នោះ​ដាក់​ពាក្យ​សុំដី​សម្បទាន​សង្គមកិច្ច​ទៅ​អាជ្ញាធរ​ខេត្ត ​ព្រោះ​ខាង​អាជ្ញាធរ​ខេត្ត​មាន​ដីសម្បទាន​បម្រុង​ទុក​សម្រាប់​ចែក​ឱ្យ​ពលរដ្ឋ​ក្រីក្រ។ ប៉ុន្តែ​បើ​តាម​អ្នកស្រី ​ស មុំ ​ពួក​អ្នក​ស្រី​បាន​ដាក់​សំណើ​នេះ​ទៅ​អាជ្ញាធរ​ជាង​៣​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​នៅ​តែ​មិន​ទទួល​បាន​ដី​សម្បទាន​តាម​ការ​សន្យា។

លោក ហេង ភារៈ ​មន្ត្រី​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​ក្រចេះ​យល់​ថា​ការ​បណ្តេញ​ចេញ​គួរ​ធ្វើ​ឡើង​ដោយ​សន្តិវិធី ​ហើយ​អាជ្ញាធរ​គួរ​រក​ដី​សម្បទាន​សង្គមកិច្ច​សមរម្យ​ដើម្បី​ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​នោះ ​មុន​ការ​បណ្តេញ​ចេញ។

«ការ​ការពារ​ដី​រដ្ឋ​របស់​សមត្ថកិច្ច ​ជា​ការ​ត្រឹមត្រូវ​ហើយ ​ប៉ុន្តែ​ការ​ការ​ពារ​ដី​រដ្ឋ​នោះ​គួរ​តែ​មាន​វិធី​ទប់​ស្កាត់​មុន​ពេល​ដែល​ប្រជាពលរដ្ឋ​ចូលទៅ​រស់​នៅ ​ហើយ​ពេល​ពលរដ្ឋ​ចូល​ទៅ​នៅ​ហើយ ​ហើយ​បង្ក្រាប​ដោយ​ហិង្សា​ហ្នឹង ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​សង្គម​ធ្ងន់ធ្ងរ»។

ដោយ​ឡែក ​នៅ​ឯ​ខេត្ត​ពោធិ៍សាត់​វិញ ​ក៏​មាន​ការ​បង្ក្រាបក្នុង​ហេតុផល​ដូច​គ្នា​នេះ​ដែរ​ ទៅ​លើ​ប្រជា​ពលរដ្ឋ​ជាង​មួយ​រយ​គ្រួសារ ​ដែល​បាន​រាន​ដី​ព្រៃ​យក​សង់​លំនៅដ្ឋាន​និង​ដាំ​ដំណាំ ​ក្នុង​ស្រុក​វាលវែង​ ចម្ងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់។ ការ​ចុះ​បង្ក្រាប​នេះ​ក៏​បាន​នាំ​ឱ្យ​មាន​ការចាប់​ខ្លួន​មនុស្ស​ម្នាក់​ផង​ដែរ។ ហើយ​នៅ​ថ្ងៃ​នេះ​ពលរដ្ឋ​ប្រហែល​៥០​នាក់​កំពុង​តវ៉ា​ខាង​មុខ​តុលាការ​ខេត្ត​ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ដែល​បាន​ចាប់​ខ្លួន​និង​ទាមទារ​ដំណោះស្រាយ​សម្រាប់​ពួកគេ។ យ៉ាង​ណា​ក៏​ដោយ ​ពួកគេ​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​នៅ​ឡើយ​ទេ។

លោក​ព្រះ​រាជអាជ្ញារង​ ប៉ង់ ចាន់សុធារា​ ជា​អ្នក​ដឹក​នាំ​ការ​ចុះ​បង្ក្រាប​នេះ៖ «នេះ​ជា​ការ​អនុវត្ត​របស់​សមត្ថកិច្ច​ដើម្បី​ទប់​ស្កាត់​ការ​រុករាន​របស់​រដ្ឋ។ រដ្ឋ​បាន​ចាត់ចែង​ឱ្យ​ដី​កន្លែង​ផ្សេង​ដើម្បី​ឱ្យ​គាត់​ចេញ​ពី​ព្រៃ​មក​វិញ ​ប៉ុន្តែ​យក​ដី​ដែល​រដ្ឋ​ប្រគល់​ឱ្យ​ហើយ ​មក​យក​ដី​កន្លែង​ដើម​វិញ»។

អាជ្ញាធរ​នា​ពេល​កន្លង​មក​ធ្លាប់​បាន​ដេញ​ពួកគេ​ចេញ​ពី​ទី​នោះ​ពីរ​ដង​រួច​មក​ហើយ ​ដោយ​បាន​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​កន្លែង​ផ្សេង។ ប៉ុន្តែ​ប្រជាពលរដ្ឋទាំង​នោះ​អះអាង​ថា​ពួកគេ​មិន​អាច​រស់នៅ​លើ​ដី​សម្បទាន​ដែល​ចែក​ឱ្យ​បាន​ទេ ​ដោយ​សារ​ដី​នោះ​គ្មាន​ជីវជាតិ​និង​ទឹកសម្រាប់​ធ្វើ​កសិកម្ម​ដាំ​ដុះ ទើប​ពួកគាត់​បង្ខំ​ចិត្ត​ត្រឡប់​មក​រស់​នៅ​កន្លែង​ដើម​វិញ។

កញ្ញា​ មិត្ត សាមួន ​អ្នក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​ប្រចាំខេត្ត​ពោធិ៍សាត់​ដែល​បាន​ចុះ​ទៅ​អង្កេត​នៅ​កន្លែង​កើត​ហេតុ​យល់​ថា​អាជ្ញាធរ​គួរ​តែ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​កន្លែង​ណា​ដែល​អាច​បង្ក​បង្កើន​ផល​បាន​ដល់​ពលរដ្ឋ​ក្រីក្រ​ទាំង​នោះ ​ជា​ជាង​ការ​បណ្តេញ​ដោយ​ហិង្សា​និង​ទុក​ឱ្យ​ពួកគេ​រស់​នៅ​ដោយ​អាណាថា​បែប​នេះ៕