ប្រធាន​សមាគម​កសិករ លោក ថេង សាវឿន និង​សហការី​ពីរ​នាក់ ត្រូវ​បានឃាត់​ខ្លួន

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)។ (Facebook/Theng Savoeun)

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) និង​សហការី​របស់​លោក​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ ក្រោម​ការ​បញ្ជា​របស់​ស្នង​ការ​នគរបាល​ខេត្ត​រតនគិរី។

ការ​ឃាត់​ខ្លួន​នេះ ​ធ្វើ​ឡើង ខណៈ​លោក​និង​ក្រុម​ការងារ​កំពុង​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ​វិញ កាត់​តាម​ខេត្ត​ក្រចេះ កាល​ពី​ម៉ោង​ប្រមាណ​ ១១ព្រឹក​ ថ្ងៃ​ពុធ ក្រោយ​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល និង​ការ​ដើរ​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​រតនគិរី។ នេះ​បើ​តាម​ភរិយា​របស់​លោក ថេង សាវឿន គឺ​អ្នកស្រី ញូង សុខហៀង និង​មន្ត្រី​សិទ្ធិ​មនុស្ស។

​អ្នកស្រី ញូង សុខហៀង អាយុ ​៣៣ ឆ្នាំ ប្រាប់​វីអូអេ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ថា ​កាល​ពី​ថ្ងៃ​ទី​ ១៣ ដល់ ១៤ ខែឧសភា ឆ្នាំ​ ២០២៣ ស្វាមី​របស់​អ្នកស្រី​បាន​នាំ​គ្នា​ប្រជុំ ដើម្បី​ពង្រឹង ក៏​ដូច​ជា​កសាងសមត្ថភាព​របស់​បុគ្គលិក និងវិភាគ​អភិ​ក្រម​សិទ្ធិ​ជា​មូលដ្ឋាន ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​រតនគិរី។

​អ្នកស្រី ញូង សុខហៀង ដែល​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ជាមួយ​ស្វាមី​ដែរ បន្ត​ថា​ អាជ្ញាធរ​ខេត្ត​ក្រចេះ​មិន​បាន​បញ្ជាក់​ហេតុ​ផល​នៃ​ការ​ឃាត់​ខ្លួន​ឡើយ ខណៈ​ពួក​គេ​កំពុង​នៅ​តាម​ផ្លូវ​ពី​ខេត្ត​រតនគិរី​មក​កាន់​រាជ​ធានីភ្នំ​ពេញ​វិញ។

បើ​តាម​ភរិយា គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ស្វាមី​របស់​អ្នក​ស្រី និង​មិត្តរួម​ការងារ​ពីរ​នាក់​ទៀត​ រួមមាន​ លោក ញិល ភាព មន្ត្រី​ជាន់​ខ្ពស់​ចងក្រង​និង​តស៊ូ​មតិ​ និង​លោក ថាន់ ហាច មន្ត្រី​ចង​ក្រង ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​រតនគិរី។

អ្នកស្រីចាត់​ទុក​ការ​ឃាត់​ខ្លួន​ស្វាមីថា​ជា​រឿងមិន​សម​ហេតុផល។

អ្នកស្រី​បញ្ជាក់​ថា៖ «ចំពោះ​ខ្ញុំ​ជា​គ្រួសារ​គិត​ថា​ជា​រឿ​ងមួយដែល​អត់​ស័ក្តិ​សម​ ដោយ​សារ​ថា​ ពួក​ខ្ញុំ​បាន​ធ្វើ​កម្មវិធី​នៅ​រតនគិរី ហើយ​នឹង​ដើរ​លេង​ខេត្ត​រតនគិរី រយៈ​ពេល ​៤ ​ថ្ងៃ​ហើយ ប៉ុន្តែ​ហេតុ​អ្វី​ពេល​ពួក​ខ្ញុំ​បាន​ចេញ​ដំណើរ​មក​វិញ បាន​កាក់​ឡាន​ពួក​ខ្ញុំ។ ហើយ​តាម​ពិត ពួក​ខ្ញុំ​គ្រាន់​តែ​ទៅ ​Training ​(បណ្តុះ​បណ្តាល​) ធ្វើ​ការ​ងារ ក្រុម​គ្រួសារ​ដើរលេង​អី​ផង​ទេ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ លោក អ៊ូ សុបុណ្ណា ស្នង​ការ​នគរបាល​ខេត្ត​ក្រចេះ និង​លោក អ៊ុង​ សុភាព ស្នង​ការ​នគរបាល​ខេត្ត​រតនគិរី​បាន​នៅ​ឡើយ​ទេ។

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិ​ប្បាយ​ពី ​លោក ឆាយ គឹមខឿន អ្នក​នាំ​ពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​បាន​ដែរ។

អ្នកនាំពាក្យសមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា ដែល​កំពុង​តាម​ដាន​ករណី​ឃាត់​ខ្លួន​នេះ ប្រាប់​វីអូអេ​ថា​ សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​បញ្ជាក់​មូល​ហេតុ​នៃ​ការ​ចាប់​ខ្លួន​ពួក​គេ​នោះ​ទេ ខណៈ​អាជ្ញាធរ​ក៏​មិន​អនុញ្ញាត​ឱ្យ​លោក​និង​អ្នក​ឃ្លាំ​មើល​ផ្សេង​ទៀត​ចូល​ជួប​ លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង​ពីរ​នាក់។

បើ​តាម​អ្នក​នាំពាក្យ​រូប​នេះ អាជ្ញាធរ​គួរ​ផ្តល់សិទ្ធិ​សេរីភាព​ពេញ​លេញដល់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​បំពេញ​បេសក​កម្មរបស់​ពួកគេ ដោយ​ហេតុ​ថា​ កម្ពុជា​គឺ​ជា​ប្រទេស​ប្រជាធិបតេយ្យ។

លោក​បញ្ជាក់ថា​៖ «អ៊ីចឹង​ក្នុងករណី​នេះ​ ខ្ញុំ​យល់​ថា​ ដើម្បី​ឱ្យ​មាន​លម្ហ​នៃ​សេរីភាព​ខាង​សង្គម​ស៊ីវិល​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង សមត្ថកិច្ច​គួរ​តែ​មាន​ការ​បើក​ចិត្ត​ឱ្យ​ទូលំ​ទូលាយ​ក្នុងការ​ផ្តល់​ឱកាស​និង​លទ្ធភាព និងផ្តល់​សិទ្ធិសេរីភាព​ពេញ​លេញ​ទៅ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ធ្វើ​កិច្ច​ការងារ​របស់​ខ្លួន​ក្នុង​ការ​បំពេញ​បេសក​កម្ម​ដើម្បី​បម្រើ​ទៅ​ដល់​ប្រជា​កសិករ​ ក៏ដូច​ជា​សង្គម​ជាតិ​យើង​ហ្នឹង»។

អ្នកនាំ​ពាក្យ​រូបនេះ​អះអាង​ថា ​ការ​ធ្វើ​វគ្គ​បណ្តុះ​បណ្តាល ​ដើម្បី​ពង្រឹង​សមត្ថភាព​បុគ្គលិក​របស់​ខ្លួន​ជា​រឿង​ធម្មតា​នៃ​ក្រុម​អង្គការ​សង្គម​ស៊ីវិល។

អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លើក​ឡើង​ថា​ ការ​ឃាត់​ខ្លួន​មេដឹកនាំ​សង្គម​ស៊ីវិល និង​សហការី ជា​សកម្ម​ភាព​ធ្វើ​ទុក្ខបុក​ម្នេញ និង​គាប​សង្កត់​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​ចង​ក្រង​សហគមន៍​នៅ​តាម​តំបន់​មូលដ្ឋាន។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «នេះ​ជា​ការ​បំពាន​សេរី​ភាព​មូលដ្ឋាន រាប់​ទាំង​សេរីភាព​ការ​ជួបជុំ​ដោយ​សន្តិវិធី ហើយ​និង​សេរីភាព​ខាង​សមាគម​ផង​ដែរ ហើយ​ការ​បន្ដ​ធ្វើ​បែប​នេះ​បង្ហាញ​ពី​ការ​មិន​ត្រឹម​តែ​ជា​ការ​បំពាន​ទេ តែ​ជា​ការ​ធ្វើទុក្ខ​បុក​ម្នេញ​មក​ដល់​អង្គការ​សង្គម​ស៊ីវិល ដូច​ដែល​យើង​ដឹង​ហើយ​ថា​ កម្ពុជា​យើង​នឹង​ធ្វើ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ។ អ៊ីចឹង​បរិយាកាស​ទាំង​អស់​នេះ​ វា​ប៉ះ​ពាល់​ដល់​លម្ហ​សង្គម​ស៊ីវិល​ ដែល​ជា​កត្តា​មួយ​សំខាន់​ក្នុង​ការ​កំណត់​ថា​ ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ដោយ​សេរី និង​យុត្តិធម៌​ផង​ដែរ។

កាលពី​ដើមឆ្នាំ​ ២០១៤​ លោក ថេង សាវឿន ធ្លាប់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួនក្នុង​ពន្ធនាគារ នៅ​ក្នុង​ករណីបង្ក្រាប​បាតុកម្ម​របស់​កម្មករ​រោងចក្រ នៅ​ជាយ​រាជធានី​ភ្នំពេញ៕