នៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី ២ ខែមីនា កម្ពុជាបានចូលរួមបង្ហាញសំឡេងរបស់ខ្លួន ដោយអនុម័តនូវសេចក្តីសម្រេចជាដំណោះស្រាយ ដែលទាមទារឲ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ុយក្រែន និងដកកងកម្លាំងយោធារបស់ខ្លួន។
សេចក្តីសម្រេចខាងលើដែលផ្តល់ធានាលើអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពរបស់ប្រទេសអ៊ុយក្រែន ត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសជាសមាជិក អ.ស.ប ចំនួន ៩០ ប្រទេស និងត្រូវការសំឡេងភាគច្រើនចំនួនពីរភាគបី ដើម្បីអនុម័តចូលជាធរមាន។
ប្រទេសសមាជិក អ.ស.ប សរុបចំនួន ១៤១ បានបោះឆ្នោតគាំទ្រ ប្រទេសចំនួន ៥ បានបោះឆ្នោតប្រឆាំង និងប្រទេសចំនួន ៣៥ ទៀតបានបោះឆ្នោតអនុប្បវាទ ឬមានន័យថា ជាប្រទេសនៅស្ងៀមជាកណ្តាល។
កម្ពុជាស្ថិតនៅក្នុងចំណោមបណ្តាប្រទេសចំនួន ១៤១ ដែលបោះឆ្នោតគាំទ្រសេចក្តីសម្រេចជាដំណោះស្រាយរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ បណ្តាប្រទេសដែលបានបោះឆ្នោតប្រឆាំងរួមមាន បេឡារុស កូរ៉េខាងជើង អេរីទ្រេ (Eritrea) រុស្ស៊ី និងស៊ីរី។
ហើយនៅក្នុងចំណោមប្រទេសចំនួន ៣៥ ដែលបានបោះឆ្នោតអនុប្បវាទ គេឃើញមានប្រទេសចិន និងសមាជិកអាស៊ានពីរប្រទេស គឺឡាវ និងវៀតណាម។
មុនការបោះឆ្នោតនៅមហាសន្និបាតអង្គការសហប្រជាជាតិ មានជំនួបមួយរវាងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក ហ្សាក់ ប៉ឺឡេ និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជាលោក គ្រីស្យង់ ប៊ែរហ្សេ ជាមួយអ្នកស្រី សឿង រ័ត្នចាវី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១ ខែមីនា ដោយមន្រ្តីការទូតជាន់ខ្ពស់ទាំងពីររូប បានស្នើឲ្យកម្ពុជាមិនត្រឹមតែបោះឆ្នោតគាំទ្រដំណោះស្រាយមួយដែលបានដាក់ជូនអង្គប្រជុំវិសាមញ្ញបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែធ្វើជាប្រទេសផ្ចុងផ្តើមដំណោះស្រាយនេះជាមួយប្រទេសផ្សេងទៀតផងដែរ។ នេះបើតាមសារនៅលើហ្វេសប៊ុករបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា។
វីអូអេមិនអាចទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បាននៅឡើយទេនៅថ្ងៃព្រហស្បតិ៍នេះ។
កាលពីសប្តាហ៍មុន អាស៊ានបានចេញសេចក្តីថ្លែងការណ៍ស្តីពីអ៊ុយក្រែនដែលបានទប់មិនពណ៌នាអំពីចំណាត់ការរបស់រុស្ស៊ីថាជា «ការឈ្លានពាន»។ សេចក្តីថ្លែងការណ៍ដែលជាការសម្រេចតាមគោលការណ៍កុងសង់ស៊ីសបញ្ជាក់ថា អាស៊ានមានជំនឿថា «មិនទាន់អស់ឱកាសទេសម្រាប់ការសន្ទនាដោយសន្តិវិធី»។
កាលពីពេលថ្មីៗនេះ ប្រទេសសិង្ហបុរីដែលជាសមាជិកអាស៊ានបានប្រកាសថា នឹងដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយចំណាត់ការនេះ គឺឯករាជ្យពីជំហររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលខ្លួនជាសមាជិក។
ចំណែកនៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ ៣ ដែលជាជំនួយរបស់ប្រទេសចិន នៅខេត្តកំពត កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់សាជាថ្មីថា កម្ពុជាមិនលើកទឹកចិត្តចំពោះការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសណាមួយឡើយ ហើយបន្តជំរុញឲ្យមានការចរចាដោយសន្តិវិធី។
លោកថ្លែងថា៖ «គោលជំហររបស់យើងតាំងពីដើមរហូតដល់ចប់ គឺមិនគាំទ្រការប្រើប្រាស់កម្លាំងឬការគំរាមកំហែងកម្លាំងពីភាគីមួយប្រឆាំងនឹងភាគីមួយទៀត។ នេះគឺជាគោលជំហរផ្លូវការរបស់យើង»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងថា លោកមិនលើកទឹកចិត្តឲ្យផ្តល់អាវុធទៅក្នុងប្រទេសណាមួយក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនឡើយ ដោយលោកហៅថា សង្រ្គាមនេះឈានទៅដល់«អឺរ៉ុបនីយកម្ម» ដែលពាក់ព័ន្ធនឹងប្រទេសផ្សេងទៀត។
មិនមែនប្រទេសទាំងអស់នៅទ្វីបអាស៊ី សុទ្ធតែប្រឆាំងនឹងប្រទេសរុស្ស៊ីនោះទេ។ ចិននិងកូរ៉េខាងជើងបានការពាររុស្ស៊ី ដោយនិយាយថាមូលហេតុនៃជម្លោះនោះ គឺដោយសារសហរដ្ឋអាមេរិក។
ការសម្រេចបោះឆ្នោតគាំទ្ររបស់កម្ពុជា ដូចប្រទេសភាគច្រើននៅពេលនេះ ត្រូវបានគេមើលឃើញថាជាជម្រើសល្អមួយ ដើម្បីបង្ហាញទៅពិភពលោក។
អ្នកវិភាគនយោបាយលោក សេង សារី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលកម្ពុជាមាន «ភាពឆ្លាតវៃ» នៅក្នុងការសម្រេចចិត្តគាំទ្រសេចក្តីសម្រេចជាដំណោះស្រាយរបស់ អ.ស.ប ខណៈកម្ពុជាដែលជាប្រធានអាស៊ានប្តូរវេន កំពុងប្រឈមនឹងការរិះគន់ពីមជ្ឈដ្ឋានមួយចំនួនពាក់ព័ន្ធនឹងបញ្ហាដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
លោកថ្លែងថា៖ «ហើយណាមួយកម្ពុជាជាប្រធានអាស៊ានផង។ បើសិនជាកម្ពុជាអនុប្បវាទ ឬក៏គាំទ្រប្រទេសរុស្ស៊ី នៅក្នុងការឈ្លានពានហ្នឹង។ នោះកម្ពុជាពិបាកប្រឈមនឹងការរិះគន់ ការប្រមាថ មាក់ងាយជាប្រធានអាស៊ាន។ ហើយណាមួយ ថ្មីៗនេះ បទពិសោធន៍កម្ពុជាជាមួយនឹងភូមាហ្នឹង ក៏ទទួលបានការបរាជ័យខ្លាំង។ ដូច្នេះកម្ពុជាហាក់ដូចជា មានភាពបត់បែនច្រើននៅក្នុងដំណាក់កាលចុងក្រោយ»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គិន ភា លើកឡើងថា ការបោះឆ្នោតគាំទ្ររបស់កម្ពុជាជាជំហរការទូតត្រឹមត្រូវមួយ ដើម្បីបញ្ជាក់ពី «ស្មារតីសន្តិភាពនិយម» របស់កម្ពុជាដែលរួមមានការគោរពគោលការណ៍ច្បាប់អន្តរជាតិ និងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។
លោកថ្លែងថា៖ «ខ្ញុំគិតថា ទីមួយ ជំហររបស់កម្ពុជាគឺចង់ឃើញការដោះស្រាយដោយសន្តិវិធី ដោយមធ្យោបាយនៃការចរចា ឲ្យតែដំណោះស្រាយទាំងឡាយណា ដែលស្របទៅនឹងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាការដោះស្រាយដោយសន្តិវិធី អាហ្នឹងខ្ញុំគិតថា កម្ពុជានឹងគាំទ្រទីមួយ។ ទីពីរ ដំណោះស្រាយដែលមិនប៉ះពាល់ទៅដល់ផលប្រយោជន៍របស់កម្ពុជា នៅក្នុងការសម្រេចចិត្តខាងនយោបាយ»។
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) លោក ឈាង វណ្ណារិទ្ធ និយាយថា ការសម្រេចចិត្តបោះឆ្នោតគាំទ្ររបស់កម្ពុជាសម្តែងចេញពីគោលជំហររបស់កម្ពុជា ដែលមិនគាំទ្រការប្រើប្រាស់អាវុធ ឬការឈ្លានពានដោយកងទ័ព និងការបំបែករដ្ឋ ក៏ដូចជាការគោរពតាមគោលការណ៍ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
លោកថ្លែងថា៖ «នេះជាបញ្ហាសាកលនិងជាកង្វល់របស់សហគមន៍អន្តរជាតិ អ៊ីចឹងកម្ពុជាដែលជាសមាជិកអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិហ្នឹង ក៏ត្រូវមានកាតព្វកិច្ចដើម្បីការពារសន្តិភាពសន្តិសុខពិភពលោកហ្នឹងដែរ។ ដូច្នេះ ការគាំទ្ររបស់កម្ពុជាទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិហ្នឹង វាអាស្រ័យទៅលើគោលការណ៍របស់កម្ពុជាហ្នឹងហើយ»។
គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធរវាងយោធាអ៊ុយក្រែន និងរុស្ស៊ី បានឈានចូលថ្ងៃទី ៧ ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដោយជម្លោះនេះបានផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ នៅពេលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសធ្វើ «ប្រតិបតិ្តការយោធាពិសេស» មកលើប្រទេសអ៊ុយក្រែន។
អង្គការសហប្រជាជាតិនិយាយថា ជនស៊ីវិលចំនួន ២២៧ នាក់ត្រូវបានសម្លាប់ និង ៥២៥ នាក់ទៀតបានរងរបួសក្នុងសង្រ្គាមនៅអ៊ុយក្រែន រវាងថ្ងៃទី ២៤ ខែកុម្ភៈ នៅពេលដែលការលុកលុយដោយរុស្ស៊ីបានចាប់ផ្តើម និងថ្ងៃទី ១ ខែមីនា ប៉ុន្តែបានកត់សម្គាល់ថា ចំនួននេះទំនងមានទាបជាងស្ថានភាពពិត។ នេះបើយោងតាមរបាយការណ៍ព័ត៌មានរបស់សារព័ត៌មាន New York Time ចេញកាលពីថ្ងៃទី ២ ខែមីនា៕