គណៈកម្មការ​សភា​ហៅ​រដ្ឋមន្ត្រី​អប់រំ​មក​ពន្យល់​ពី​ការ​ប្រឡង​បាក់ឌុប

រូបថត​ឯកសារ៖ មន្ត្រី​​កងរាជ​អាវុធហត្ថ​​ឈរ​យាម​ខណៈ​ដែល​​សិស្ស​ដើរ​ឆ្លង​កាត់​របង​សាលារៀន​មួយ​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០០៣។

គណៈកម្មការ​ជំនាញ​របស់​សភា​ជាតិ​បាន​ស្នើ​សុំ​ឱ្យ​ក្រសួង​អប់រំ​ពង្រឹង​គុណភាព​អប់រំដោយ​ផ្តោត​លើ​គុណភាព​គ្រូបង្រៀននិង​កម្មវិធី​សិក្សា​ដែល​នៅ​អន់​ថយ​បើ​ប្រៀបធៀប​នឹង​ប្រទេស​ក្នុង​តំបន់។

ការ​ធ្វើ​សវនាការ​ដោយ​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំកាល​ពី​ថ្ងៃ​ពុធ​កើត​មាន​ឡើង​ក្រោយ​ពី​ការប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិកាលពី​ដើម​ខែ​សីហាមានសិស្សានុសិស្ស​ប្រឡង​ជាប់​តែ​ជាង​២៥​ភាគរយ​ក្នុង​ចំណោម​បេក្ខ​ជន​ជិត​៩ម៉ឺននាក់ដោយសារ​តែ​មាន​ការ​រឹត​បន្តឹង​យ៉ាង​មធ្យ័ត​ខុស​ពី​រាល់​ដង។​

លោក​យ៉ែម បុញ្ញឫទ្ធិ ​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​ប្រធាន​គណៈកម្មការអប់រំ​ កិច្ចការ​សាសនា ​វប្បធម៌ ​និង​ទេសចរណ៍បាន​បញ្ជាក់​ប្រាប់​វីអូអេថា៖

«ការ​រឹត​បន្តឹង​នៅ​ពេល​ប្រឡង​ជា​ខ្នាត​មួយ​ដើម្បី​វាស់​វែង​គុណភាព​នៃ​ការ​អប់រំ​និង​គុណភាព​របស់​បេក្ខជន​របស់​សិស្ស​យើង។ ឆ្នាំ​មុនៗ​អត្រា​នៃ​អ្នក​ជាប់​មធ្យម​សិក្សា​ទុតិយភូមិ​មាន​រហូត​ដល់​ជាង​៧០​ភាគរយ​ឬ​ជាង​៨០​ភាគរយ​ដល់​ពេល​យើង​រឹតបន្តឹ​ង​នៅឆ្នាំ​សិក្សា​២០១៣​-២០១៤​ហ្នឹង​ស្រាប់​តែ​ធ្លាក់​ចុះ​មក​ដល់​២៥​ភាគរយ​ស​បញ្ជាក់​ថា​យើង​នៅ​មាន​បញ្ហា​នៅ​ក្នុង​វិស័យ​អប់រំ​របស់​យើង​អញ្ចឹង​ហើយ​បាន​ជា​យើង​ស្នើ​សុំ​ឱ្យមាន​កំណែ​ទម្រង់​ជាក់​លាក់​មួយ​ពាក់​ព័ន្ធ​នឹង​កត្តា​ផ្សេងៗ​ទៀត​មិនមែន​រឹត​បន្តឹង​រឿង​ប្រឡង​មួយ​មុខ​ទេ​ពីព្រោះ​មាន​កត្តា​ផ្សេង​ទៀត​ដែល​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ដែរ​ដើម្បី​ឱ្យ​វិស័យ​អប់រំ​របស់​យើង​មាន​គុណភាព​ពិត​ប្រាកដ»។​

កត្តា​ផ្សេងៗ​ដែល​លោក​យ៉ែម បុញ្ញឫទ្ធិ​លើក​ឡើង​នោះ​មាន​ការ​ពង្រឹង​គុណភាព​គ្រូ​បង្រៀន គុណភាព​កម្មវិធី​សិក្សា ​មធ្យោបាយ ​សិស្ស ​និង​សង្គម៖

«ពីព្រោះ​ប្រអប់​ទាំង​ប្រាំ​ហ្នឹង​ហើយ​ដែល​ជួយ​ជំរុញ​វិស័យ​អប់រំ​មាន​ប្រសិទ្ធភាព​និង​មាន​គុណភាព​ល្អ​ទៅ​ថ្ងៃ​អនាគត។ ឧទាហរណ៍​ក្នុង​រឿង​គ្រូបង្រៀន​ដើម្បី​ឱ្យ​គ្រូបង្រៀន​មាន​គុណភាព​ទាល់​តែ​គ្រូបង្រៀន​មាន​ប្រាក់​ខែ​គ្រប់​គ្រាន់​ហើយ​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ដើម្បី​គាត់​អាច​បំពេញការងារ​បាន​ពេញលេញ។ លើស​ពីហ្នឹង​ទៅ​ទៀត​យើង​ក៏​ត្រូវ​ពង្រឹង​សមត្ថភាព​គាត់​បន្ថែម​បូកនឹង​គរុកោសល្យ​ហើយមួយ​ទៀត​សំខាន់​មែន​ទែន​គឺ​ត្រូវ​បំបាត់​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​គ្រូ​តាម​សាលា​នីមួយៗ​ពីព្រោះ​បច្ចុប្បន្ន​នេះ​មាន​អ្នក​ទិញ​ពិន្ទុ​ អ្នក​ទិញ​វត្តមាន​ទោះបី​មិន​បាច់​ទៅរៀន​ក៏​អាច​មាន​ឈ្មោះ​វត្តមាន​ជាដើម។ ទាំង​អស់​ហ្នឹង​ហើយ​ដែល​យើង​យល់​ថា​កំណែទម្រង់​លើ​ប្រអប់​ទាំងប្រាំ​សំខាន់​ណាស់»។

សវនាការ​នោះ​មាន​លក្ខណៈ​ចង្អៀត​ឬ​ហៅថា​សវនាការ​បិទទ្វារ​ហើយ​មាន​ការ​អញ្ជើញ​ឱ្យ​តំណាង​សង្គម​ស៊ីវិល​ចូលរួម​ដែរ​ប៉ុន្តែ​ពួកគេ​មួយ​ចំនួន​បាន​ខកខាន​មិន​អាច​ចូលរួម​ស្តាប់​បាន​ដោយសារតែ​មិន​មាន​ការ​អនុញ្ញាតពី​ប្រធាន​សភាជាតិ។ ​

លោក​រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ​ទេ​បើ​ទោះ​បី​ជា​ត្រូវ​បាន​គណៈកម្មការ​អញ្ជើញ​ឱ្យ​ចូលរួម​ស្តាប់​ក៏ដោយ។

លោក​យល់ថា​ដើម្បី​ពង្រឹងគុណភាព​អប់រំ​គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រាក់​បៀវត្សរ៍​គ្រូ​បង្រៀន​ដែល​មាន​ចំនួន​តិចតួច​ជាមុន​សិន។

«មុនគេ​បង្អស់​នោះ ​គឺ​ប្រាក់​ខែ​គ្រូបង្រៀន​ហ្នឹង​ហើយ ​ហើយ​បើ​សិន​ជា​ប្រាក់​ខែ​គ្រូបង្រៀន​មិន​ត្រូវ​បាន​ដោះស្រាយ​ជូនពួកគាត់​ទេ​ហើយ​បើ​មិន​ដោះស្រាយ​ជូន​ពួកគាត់​ គឺ​ពួកគាត់​មិន​សហការ​ជាមួយ​ពេលហ្នឹង​យើង​មិន​អាច​ទទួល​បាន​ការអប់រំ​ប្រកប​ដោយ​គុណភាព​ដែរ​ពីព្រោះ​ទោះបី​មាន​សម្ភារៈ​សិក្សា​គ្រប់​គ្រាន់​មាន​សាលារៀន​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ក្តី​បើ​ក្រពះ​គ្រូបង្រៀន​មិន​ត្រូវបាន​ដោះស្រាយ​ការអប់រំ​ក៏​មិន​អាច​ទទួលបាន​ការ​អប់រំ​ល្អ​ដែរ»។​

វីអូអេ​មិន​អាច​ទាក់​ទង​ លោក​ រដ្ឋ​មន្ត្រី​ហង់ ជួន​ណារ៉ុន ​បាន​ទេនៅ​ក្រោយ​ពី ​សវនាការ​នោះ បាន​បញ្ចប់​ប៉ុន្តែ​នៅ​ក្នុង​បទសម្ភាស​កន្លង​មក​ជាមួយ​នឹង​វីអូអេ​លោក​បាន​បញ្ជាក់​ថា​លទ្ធផល​នៃការប្រឡង​នេះ​គឺ​ដើម្បី​យក​មក​កែលម្អ​គុណភាព​អប់រំ។​

«ក្រោយ​ប្រឡង​នេះ​យើង​កំណត់​ទិសដៅ​កំណែទម្រង់​កំណត់​ចក្ខុវិស័យ​ជាពិសេស​ត្រូវ​ពង្រឹង​សាលា​តែម្តង​ហៅ​ថា​អភិបាល​កិច្ច​នៅ​តាម​សាលា​ហើយ​ក៏​ដូច​ជា​ពង្រឹង​ការបណ្តុះ​បណ្តាល​គ្រូ​ហើយ​ការ​រៀន​និង​ការ​បង្រៀន​ភាសា​ខ្មែរ​ កំណាន​តាំងពី​ថ្នាក់​ទី​១ ទី២​ ទី៣ ​ហើយ​នឹង​ពង្រឹង​នូវ​វិធីសាស្រ្ត​បង្រៀន​ គរុកោសល្យ​ ការបណ្តុះ​បណ្តាល​គ្រូ​ជាដើម​ក៏​ដូច​ជា​ការ​គ្រប់​គ្រងសាលា​ការ​ចូលរួម​របស់​មាតា​បិតា​សិស្ស​ សហគមន៍​ ការចូលរួម​របស់​ដៃ​គូ​អភិវឌ្ឍន៍​នៅ​ក្នុង​ការ​កែ​លម្អ​សាលារៀន»។

ក្រសួង​អប់រំ​នឹង​រៀបចំ​ការ​ប្រឡង​លើ​ក​ទី​ពីរសម្រាប់​សិស្ស​ដែល​ធ្លាក់នៅ ​ថ្ងៃ​ទី​១៣​និង​១៤​ខែ​តុលា​ខាង​មុខ​នេះ៕