ក្រោយពីបានចូលកាន់កាប់មុខតំណែងជាប្រធានគណៈកម្មការទី១ ឬក៏គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភាភ្លាម អ្នកតំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាបានអង្គុយរួមគ្នាដើម្បីរកដំណោះស្រាយជម្លោះដីធ្លីដ៏រាំរៃមួយនៅក្នុងខេត្តកំពង់ឆ្នាំង។
ជម្លោះដីធ្លីនៅភូមិឡពាង ខេត្តកំពង់ឆ្នាំងបានកើតមានអស់រយះពេលជិត១០ឆ្នាំមកហើយរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនខេឌីស៊ីរបស់លោកស្រីជា ខេង ភរិយារបស់លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
បន្ទាប់ពីបានទទួលពាក្យបណ្តឹង គណៈកម្មការទី១បានកោះហៅតំណាងក្រុមហ៊ុន តំណាងអង្គការសិទ្ធិមនុស្សធំៗចំនួនពីរគឺសមាគមសិទ្ធិមនុស្សអាដហុកនិង លីកាដូ មកអង្គុយតុចរចារួមគ្នាដើម្បីទម្លុះទម្លាយភាពទាល់ច្រកក្នុងរឿងជម្លោះដីធ្លីនេះ។
លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ មានប្រសាសន៍ថា នេះជាលើកដំបូង ហើយដែលគណៈកម្មការជំនាញរបស់រដ្ឋសភាបានកោះហៅតំណាងក្រុមហ៊ុន និងអង្គការសង្គមស៊ីវិលមកជជែកគ្នាដើម្បីរកដំណោះស្រាយ។ ក៏ប៉ុន្តែការជជែកលើកនេះមិនមានតំណាងប្រជាពលរដ្ឋណាម្នាក់បានចូលរួមទេ។
លោកមានប្រសាសន៍ថា ជំនួបលើកនេះ បើទោះបីជាមិនបានលទ្ធផលជាវិជ្ជមានក៏ដោយ ក៏នេះបានបង្ហាញឲ្យឃើញថា គណបក្សជាប់ឆ្នោតទាំងពីរនឹងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លី។
លោកនិយាយថា៖ «យើងបានយល់គ្នាថា ដើម្បីបញ្ចប់វិវាទទាំងអស់ហ្នឹងគឺទាល់តែភាគីទាំងពីរធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក»។
លោកមានប្រសាសន៍ថា បន្ទាប់ពីលោកចូលកាន់មុខតំណែង លោកបានទទួលពាក្យបណ្តឹងក្នុងរឿងជម្លោះដីធ្លីមកពីខេត្តកំពង់ឆ្នាំង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ហើយលោកនឹងពិនិត្យមើលសំណុំរឿងណាដែលមានភាពស្មុគស្មាញ មានភាពរ៉ាំរ៉ៃ លោកនិងយកមកពិនិត្យមុខគេ និងធ្វើអន្តរាគមន៍ទៅតាមសមត្ថកិច្ចរបស់គណៈកម្មការជំនាញរបស់រដ្ឋសភា។
ជំនួបគ្នានេះបានធ្វើឡើងនៅមន្ទីររដ្ឋសភា ដែលជាជំនួបលើកដំបូងដែលមិនធ្លាប់មានពីមុនមក។
លោកនី ចរិយា ប្រធានក្រុមស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុកដែលបានចូលរួមក្នុងជំនួបទល់មុខគ្នានោះ បានបញ្ជាក់ថា លោកបានដាក់របាយការណ៍ជូនគណៈកម្មការទី១អំពីជម្លោះដីធ្លីនៅភូមិឡពាង។
លោកបញ្ជាក់ថា «ខ្ញុំយល់ថា យ៉ាងហោច វាគ្រាន់បើជាងអាណត្តិមុនៗ ដែលយើងគ្រាន់តែសុំដាក់ញាត្តិក៏គេមិនទទួល។ ប៉ុន្តែពេលនេះ វាបែរទៅជាគណៈកម្មការរបស់រដ្ឋសភា បើកឱកាសឲ្យយើងពន្យល់ បើកឱកាសឲ្យយើងបង្ហាញឯកសារ ហើយបើកឱកាសឲ្យយើងបង្ហាញជាមតិយោបល់របស់យើង»។
អាជ្ញាធរខេត្តកំពង់ឆ្នាំងបានកោះហៅអ្នកភូមិឡពាងចំនួន៥នាក់ឲ្យចូលបំភ្លឺនៅសាលាខេត្ត ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុនខេឌីស៊ី។
លោកអំ សំអាត ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការលីកាដូ មានប្រសាសន៍ថា ជំនួបដំបូងនេះមិនទាន់បានលទ្ធផលទេ អាស្រ័យលើគណៈកម្មការទីមួយរបស់រដ្ឋសភាកំណត់យន្តការដើម្បីដោះស្រាយបន្តទៀត។
លោកនិយាយថា៖ «អានេះយើងគ្រាន់តែជជែកគ្នាដំបូង។ ដល់អញ្ចឹងទៅចាំមើលកំណត់យន្តការ យើងនឹងមានការផ្តល់អនុសាសន៍ឲ្យគ្នាទៅវិញទៅមក ក្នុងការកំណត់យន្តការដោះស្រាយ»។
ពលរដ្ឋប្រមាណ៨២គ្រួសារនៅភូមិឡពាង ភូមិបឹងកក់ និងភូមិសំរោងស្ថិតក្នុង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានតវ៉ា ទាមទារដីទំហំ១៨២ហិកតាអស់រយៈពេលជិត១០ឆ្នាំមកហើយ ពីក្រុមហ៊ុនខេ.ឌី.ស៊ី ក៏ប៉ុន្តែមិនទាន់បានរកច្រកចេញនៅឡើយ៕