សៀមរាប៖ កម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ បានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេញអង្គលើកទី១២ នៃវេទិការទេសចរណ៍អន្តរតំបន់អាស៊ីបូព៌ា (EATOF) រយៈពេលពីរថ្ងៃនៅខេត្តសៀមរាបដែលជារមណីដ្ឋានបេតិកភណ្ឌពិភពលោក និងជាទីក្រុងវប្បធម៌នៃអាស៊ីបូព៌ា។
មានប្រទេសចំនួន១២ដែលជាសមាជិកបានចូលរួមដូចជាកម្ពុជា ហ្វីលីពីន ថៃ សាធារណៈរដ្ឋកូរ៉េ ចិន ឡាវ រុស្ស៊ី វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជប៉ុន និងម៉ុងហ្គោលី ដើម្បីពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍ជំរុញការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់ នេះឲ្យកាន់តែមានភាពរីកលូតលាស់ទៅមុខទៀតក្នុងពេលអនាគត។ អាស៊ីបូព៌ាធ្វើឲ្យ មានសុទិដ្ឋិនិយមចំពោះទេសចរណ៍បៃតងប្រកបដោយចិរភាព គឺជាប្រធានបទសំខាន់នៃ វេទិកាទេសចរណ៍អន្តរតំបន់អាស៊ីបព៌ាលើកទី១២នេះ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅក្នុងឱកាសបើកវេទិកានេះបានថ្លែងថា ប្រធានបទសម្រាប់ពិភាក្សានិងការជ្រើសរើសខេត្តសៀមរាបជាកន្លែងសម្រាប់កិច្ចប្រជុំនេះគឺពិតជាសក្តិសមណាស់ ព្រោះសៀមរាបជាទីក្រុងដែល ឡោមព័ទ្ធដោយធម្មជាតិបរិស្ថានដែលគ្មានការបំពុល និងជារមណីដ្ឋានបេតិកភណ្ឌវប្បធម៌ ដ៏មានតម្លៃជាប្រវត្តិសាស្ត្រ។ លោកបានមានប្រសាសន៍ថា កម្ពុជាមានអំណោយផលធម្មជាតិដ៏សម្បូរបែបដែលជាប្រភព នៃការទាក់ទាញនិងបរិស្ថានធម្មជាតិដ៏ស្រស់ត្រកាលរួមមានព្រៃ ស្ទឹងទន្លេ បឹងបួរ ឆ្នេរ សមុទ្រខ្នាតអន្តរជាតិ កោះ និងសត្វព្រៃ ពិសេសសត្វផ្សោតមេគង្គដ៏កម្រ។
«ប្រទេសយើងមានប្រវត្តិយូរអង្វែងប្រកបដោយវប្បធម៌ និងអរិយធម៌ដ៏មហស្ចារ្យ។ បុព្វបុរសខ្មែរបានបន្សល់ទុកអោយយើងនូវបេតិកភណ្ឌរូបីយនិងអរូបីយ ជាអាទិ៍ប្រាង្គប្រាសាទ សិល្បៈ និងរបាំបុរាណ។ សម្បត្តិទាំងនេះកម្ពុជាមានឧត្តមភាពប្រៀបធៀបដ៏ខ្លាំងក្លាក្នុងវិស័យទេសចរណ៍ ដែលបន្តរីកត្រសុំត្រសាយ និងរួមចំណែកដល់កិច្ចអភិវឌ្ឍន៍នៃឧស្សាហកម្ម និងសេវាកម្ម»។
វេទិកាទេសចរណ៍តំបន់អាស៊ីបូព៌ាតាមអោយដឹង គឺត្រូវបានបង្កើតកាលពី១២ឆ្នាំមុន ហើយគឺជាវេទិការមួយដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការតំបន់ និងជំរុញឲ្យមានការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងវិស័យជាច្រើន ពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គម និងទេសចរណ៍ ដែលក្នុងនោះវិស័យទេសចរណ៍បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការ នាំមកនូវទំនាក់ទំនងពលរដ្ឋពីផ្នែកផ្សេងៗគ្នានៃពិភពលោក។ កម្ពុជាក្លាយជាសមាជិកនៃវេ ទិកានេះក្នុងឆ្នាំ២០០៩។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានថ្លែងទៀតថា វេទិកានេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ប្រទេសដែលចូលរួមក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចិរភាពនៃទេសចរណ៍បៃតង និងបង្កើតយុទ្ធសាស្ត្រដ៏សមរ្យមួយដើម្បីជម្នះបញ្ហាប្រឈមនានាក្នុងវិស័យទេសចរណ៍រៀងៗខ្លួនក្នុងទីផ្សារទេសចរណ៍ប្រកបដោយការប្រកួតប្រជែង។
លោកបានបញ្ជាក់ថា ដោយមានយុទ្ធសាស្ត្រជាច្រើនពាក់ព័ន្ធ និងវិស័យទេសចរណ៍កម្ពុជាបានទទួលនូវកំណើនភ្ញៀវទេសចរណ៍ជាប្រចាំក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបានឲ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១២នេះកម្ពុជាទទួលបានភ្ញៀវទេស ចរណ៍២,៨លាននាក់ កើន២៣,៧ភាគរយធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១១ ហើយរំពឹង ថានឹងបានចំនួន៣,៣លាននាក់នៅឆ្នាំ២០១២នេះ។
លោកឧបនាយករដ្ឋមន្ត្រីសុខ អាន បានបញ្ជាក់ថា ជាមួយនឹងបេតិកភណ្ឌវប្បធម៌ធម្មជាតិ សម្បូរបែប អរិយធម៌រុងរឿង ស្ថិរភាពនយោបាយ កម្ពុជារំពឹងថានឹងទទួលបាន ទេសចរណ៍អន្តរជាតិប្រមាណ៤,៥លាននាក់នៅឆ្នាំ២០១៥ និងប្រមាណ៧លាននាក់នៅឆ្នាំ ២០២០។
បើទោះបីជាមានកំណើនទេសចរណ៍ និងប្រាក់ចំណូលច្រើនពីវិស័យទេសចរណ៍ក៏ដោយក៏កម្ពុជាជានិច្ចកាលត្រូវបានដឹងថា បានរងការរិះគន់ ដោយសារតែប្រាក់ចំណូល ទាំងនោះមិនបានបម្រើប្រយោជន៍របស់ប្រជាពលរដ្ឋខ្លួន។
គួរបញ្ជាក់ថា វេទិកាទេសចរណ៍អន្តរតំបន់អាស៊ីបូព៌ាក៏នឹងពិភាក្សាផងដែរលើប្រធានបទមួយចំនួនទៀតដូចជាការសិក្សាស្រាវជ្រាវទេសចរណ៍ពាណិជ្ជកម្ម និងវិនិយោគ៕