ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិនិយោគ​បរទេស​ជួយ​គាំទ្រ​ការ​លូត​លាស់​សេដ្ឋកិច្ច​កម្ពុជា


បុរស​កម្ពុជា​ម្នាក់​ដើរ​នៅ​ជិត​រូបថត​រូបិយវត្ថុ​ផ្សេងៗ ក្នុង​អំឡុង​ពិធី​​បើក​សម្ពោធទី​ស្នាក់ការ​ផ្សារ​មូលប័ត្រ​កម្ពុជា​ (Cambodia Securities Exchange) ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០១១។
បុរស​កម្ពុជា​ម្នាក់​ដើរ​នៅ​ជិត​រូបថត​រូបិយវត្ថុ​ផ្សេងៗ ក្នុង​អំឡុង​ពិធី​​បើក​សម្ពោធទី​ស្នាក់ការ​ផ្សារ​មូលប័ត្រ​កម្ពុជា​ (Cambodia Securities Exchange) ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០១១។

មន្រ្តី​កម្ពុជា​និយាយ​ថា​ អត្រា​លូត​លាស់​សេដ្ឋកិច្ច​ជាតិ​ នឹង​ឡើង​លើស​ប្រាំពីរ​ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​នេះ។​ ក្រុម​អ្នក​វិភាគ​ហិរញ្ញវត្ថុ​និយាយ​ថា​ ទោះ​បី​ជា​សេដ្ឋកិច្ច​ពិភពលោក​មាន​ដំណើរ​យឺតៗ​ក៏​ដោយ​ ក៏​ប្រទេស​កម្ពុជា​បាន​ប្រុង​ប្រៀប​ជា​ស្រេច​ហើយ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ មួយ​ភាគ​គឺ​ដោយ​មក​ពី​មាន​វិនិយោគ​ដ៏​ខ្លាំង​ពី​បរទេស។​ ក៏​ប៉ុន្តែ​ ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ដែល​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​ដែរ​ ចំពោះ​ផល​ប៉ះ​ពាល់​នយោបាយ​និង​សង្គមកិច្ច​ពី​គម្រោង​អភិវឌ្ឃន៍​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ។

ប្រទេស​កម្ពុជា​បាន​ទទួល​ការ​លូត​លាស់​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ក្នុង​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ចាប់​តាំង​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ​ ២០០៨។​ វិនិយោគ​បរទេស​ ឧស្សាហកម្ម​ទេសចរ​ដែល​រីក​ចម្រើន​ និង​វិស័យ​កសិកម្ម​ដ៏​ខ្លាំង​មួយ​ ជា​កត្តា​គន្លឹះ​នៃ​ការ​លូតលាស់​នេះ។

វិស័យ​សម្លៀក​បំពាក់​និង​វាយនភណ្ឌ​ក៏​មាន​ការ​រីក​ចម្រើន​ល្អ​ដែរ​ ដោយ​ការ​នាំ​ចេញ​នឹង​ត្រូវ​ឡើង​ដល់​ ៤០​ ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក​ ស្ទីវ​ ហ៊ីកហ្គិនស៍​ (Stephen​ Higgins)​ ជា​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ANZ​ រ៉ូយ៉ាល់​ នៅ​ទី​ក្រុង​ភ្នំពេញ។

«សេដ្ឋកិច្ច​កម្ពុជា​ប្រហែល​ជា​មាន​ភាព​រឹង​មាំ​ជាង​ពេល​ណាៗ​ទាំង​អស់​ គឺ​ឥត​មាន​ការ​ប៉ះ​ពាល់​ពី​អ្វីៗ​ដែល​កំពុង​កើត​មាន​ឡើង​នៅ​កន្លែង​ដទៃ​ទៀត​ទេ​នៃ​ពិភពលោក។​ ការ​លូត​លាស់​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​នេះ​ យើង​គិត​ថា​នឹង​មាន​អត្រា​ពី​ ប្រាំ​ពីរ​ទៅ​ប្រាំ​បី​ភាគ​រយ​ ហើយ​នៅ​ក្នុង​បរិយាកាស​ធម្មតា​នៃ​ពិភពលោក​ យើង​រំពឹង​ថា​នឹង​មាន​អត្រា​ពី​ ប្រាំ​បី​ទៅ​ដប់​ភាគ​រយ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត»។

ក៏​ប៉ុន្តែ​ លោក​ Higgins​ ថ្លែង​ថា​ អតិផរណា​ ត្រូវ​គ្រប់​គ្រង​ឲ្យ​បាន​ ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​បញ្ហា​ម្ហូប​អាហារ​ឡើង​ថ្លៃ។

ទោះ​បី​ជា​មាន​ភាព​មិន​ទៀង​ទាត់​នៅ​ក្នុង​ទ្វីប​ អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ក៏​ដោយ​ ក៏​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB​ បាន​កាក់​ស្មាន​ថា​ការ​លូត​លាស់​ក្នុង​ឆ្នាំ​នេះ​នឹង​មាន​ចំនួន​ ប្រាំ​មួយ​កណ្តក់​សញ្ញា​ប្រាំ​បី​ភាគ​រយ​ ហើយ​រំពឹង​ថា​អត្រា​នឹង​ចុះ​ទាប​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​នៅ​ឆ្នាំ​ក្រោយ​មួយ​ទៀត។

ក្រុម​អ្នក​វិភាគ​ និយាយ​ថា​អ្នក​វិនិយោគ​បរទេស​ពី​ប្រទេស​ជប៉ុន​ កំពុង​ស្វែង​រក​ជម្រើស​ផ្សេង​ពី​ប្រទេស​ចិន​និង​ថៃ។​ អ្នក​វិនិយោគ​ជប៉ុន​កំពុង​ចូល​រួម​ជា​មួយ​អ្នក​វិនិយោគ​ជា​យូរ​មក​ហើយ​ ដូច​ជា​ប្រទេស​វៀតណាម​និង​កូរ៉េ​ខាង​ត្បូង។

ក៏​ប៉ុន្តែ​ប្រទេស​ចិន​នៅ​ជា​អ្នក​វិនិយោគ​ធំ​ជាង​គេ។​ បណ្តាញ​ព័ត៌មាន​រដ្ឋ​ចិន​រាយការណ៍​ថា​ក្រុម​អ្នក​វិនិយោគ​បាន​ចំណាយ​ប្រាក់​ ប្រាំ​ពាន់​ប្រាំ​រយ​លាន​ដុល្លារ​ ក្នុង​ពេល​ប្រាំ​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ។

ក្នុង​ចំណោម​ការ​វិនិយោគ​ មាន​គម្រោង​អភិវឌ្ឍន៍​ទ្រព្យ​ដ៏​ប្រណិត​មួយ​ដែល​មាន​តម្លៃ​ បី​ពាន់​លាន​ដុល្លារ។​ ប្រទេស​ចិន​ក៏​បាន​ផ្តល់​ប្រាក់​សម្រាប់​សំណង់​វារី​អគ្គិសនី​និង​ផ្លូវ​ថ្នល់​ដែរ។​ ហើយ​ធនាគារ​ចិន​ធំៗ​ពីរ​ គឺ​ធនាគារ​ពាណិជ្ជ​និង​ឧស្សាហកម្ម​ចិន​ (Industrial​ and​ Commercial​ Bank​ of​ China)​និង​ ធនាគារ​ចិន​ (Bank​ of​ China)​ បាន​បើក​សាខា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក​ ភីធើរ​ ប៊្រិមប៊ិល​ (Peter​ Brimble)​ សេដ្ឋវិទូ​នៃ​ធនាគារ​ ADB​ និយាយ​ថា​ នៅ​ពេល​ដែល​ថវិកា​មក​ពី​ប្រទេស​ចិន​បាន​ទទួល​ការ​ស្វាគមន៍​ ជំនួយ​របស់​ចិន​អាច​មាន​លក្ខខណ្ឌ​ច្រើន។

«ជំនួយ​របស់​ចិន​មាន​ចំណង​ច្រើន។​ គ្មាន​ការ​ដេញ​ថ្លៃ​ទេ។​ ជា​ពិសស​នៅ​ក្នុង​ករណី​ប្រាក់​កម្ចី​ជាជាង​ប្រាក់​អំណោយ​ លោក​អ្នក​អាច​បង់​ថ្លៃ​ច្រើន​ជាង​វត្ថុ​ដែល​បាន​ទទួល​ ពីព្រោះ​ចិន​មិន​មាន​ជំនឿ​លើ​ការ​ដេញ​ថ្លៃ​ទេ។​ ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​ដឹង​អំពី​រឿង​នេះ»។

ពួក​អ្នក​រិះ​គន់​និយាយ​ថា​ ឥទ្ធពល​សេដ្ឋកិច្ច​របស់​ចិន​ មាន​ជាប់​ទៅ​នឹង​សេចក្តី​ព្រួយ​បារម្ភ​ខាង​ផ្នែក​នយោបាយ។​ ពួក​គេ​ចង្អុល​ទៅ​រក​ឧប្បត្តិហេតុ​ក្នុង​ឆ្នាំ​ ២០០៩​ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​បញ្ជូន​ជន​ជាតិ​ វីហ្គួរ​អ៊ីស្លាម​ ២០​នាក់​ ដែល​បាន​សុំ​សិទ្ធិ​ជ្រក​កោន​ ក្រោយ​ពី​បាន​រត់​គេច​ពី​អំពើ​ហិង្សា​នៅ​ប្រទេស​ចិន។​ មិន​យូរ​ក្រោយ​ការ​ចេញ​ដំណើរ​របស់​ជន​ទាំង​នេះ​ មន្រ្តី​ជាន់​ខ្ពស់​ចិន​ម្នាក់​បាន​ទៅ​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ ១៤​ ដែល​មាន​តម្លៃ​ ៨៥០​ លាន​ដុល្លារ។

លោក​ ដេវីត​ ការទ័រ​ (David​ Carter)​ ប្រធាន​សមាគម​ពាណិជ្ជកម្ម​អូស្រ្តាលី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ថ្លែង​ថា​ កម្ពុជា​ បាន​ទទួល​ស្វាគមន៍​វិនិយោគ​ពី​ប្រទេស​ចិន។

«ចិន​ពិត​ជា​មាន​ឥទ្ធពល​ខ្លាំង​នៅ​ទី​នេះ។​ ស្ពាន​និង​ផ្លូវ​ថ្នល់​កំពុង​មាន​សង់។​ ដូច្នេះ​ គេ​មាន​អារម្មណ៍​ថា​ មាន​លុយ​ចិន​ច្រើន​នៅ​ទី​នេះ។​ ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ មនុស្ស​ភាគ​ច្រើន​ដឹង​ថា​ មាន​ចំណង​នៅ​ក្នុង​នោះ។​ ដូច្នេះ​ នេះ​ជា​ការ​ល្អ​ហើយ​ តែ​លោក​អ្នក​ត្រូវ​បង់​ប្រាក់​សំណង​នៅ​ថ្ងៃ​ណា​មួយ»។

រូបថត​ដែល​ថត​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កក្កដាឆ្នាំ​២០១១​នេះ បង្ហាញទិដ្ឋភាពទូទៅ​នៃ​តំបន់​បឹងកក់ដែល​កំពុង​ត្រូវ​លុប​បំពេញ។
រូបថត​ដែល​ថត​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កក្កដាឆ្នាំ​២០១១​នេះ បង្ហាញទិដ្ឋភាពទូទៅ​នៃ​តំបន់​បឹងកក់ដែល​កំពុង​ត្រូវ​លុប​បំពេញ។

គម្រោង​អភិវឌ្ឍន៍​ពី​ប្រាក់​វិនិយោគ​ទាំង​នោះ​អាច​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​អាស៊ី​អាគ្នេយ៍​ដ៏​ក្រ​បំផុត​មួយ​នេះ។​ នៅ​ពេល​ដែល​មន្រ្តី​រដ្ឋាភិបាល​បាន​សម្តែង​ការស្វាគមន៍​ដល់​វិនិយោគ​ទាំង​នេះ​ដើម្បី​តម្លើង​គុណភាព​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​កម្ពុជា​ ក៏​មាន​ការ​បណ្តេញ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ចេញ​ពី​លំនៅដ្ឋាន​ ដើម្បី​ជម្រះ​ទី​កន្លែង​សម្រាប់​គម្រោង​ថ្មីៗ​ផង​ដែរ។​ ក្នុង​ឆ្នាំ​ ២០១០​ អង្គការ​សិទ្ធិ​មនុស្ស​ កាក់​ស្មាន​ថា​ មាន​មនុស្ស​ ៣​ ម៉ឺន​នាក់​បាន​ត្រូវ​អាជ្ញាធរ​បង្ខំ​ឲ្យ​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួក​គេ​ ដោយ​សារ​គម្រោង​រ៉ែ​ កសិកម្ម​ និង​ វារី​អគ្គិសនី។

អង្គការ​សិទ្ធិ​មនុស្ស​ ឈ្មោះ​ ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ ដែល​បាន​និយាយ​រិះគន់​នយោបាយ​តាំង​ទី​លំនៅ​ថ្មី​របស់​រដ្ឋាភិបាល​ បាន​និយាយ​ថា​ មាន​មនុស្ស​ដល់​ទៅ​ ១៥​ម៉ឺន​នាក់​ដែល​អាច​ត្រូវ​បង្ខំ​ឲ្យ​ចេញ​ពី​លំនៅដ្ឋាន​របស់​គេ​ នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។​ អង្គការ​នេះ​និយាយ​ថា​ មាន​មនុស្ស​យ៉ាង​តិច​ ចំនួន​ ៨​ម៉ឺន​នាក់​ នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​រាជធានី​ភ្នំពេញ​តែ​មួយ។

លោក​ ហង្ស​ ឆាយ៉ា​ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិតេយ្យ​ ថ្លែង​ថា​ អ្នក​វិនិយោគ​បរទេស​ ត្រូវ​គោរព​សិទ្ធិ​មនុស្ស​ ដើម្បី​រក្សា​ទំនាក់​ទំនង​ឲ្យ​បាន​យូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

«ទំនាក់​ទំនង​ណា​មួយ​ជា​មួយ​ប្រទេស​ចិន​ត្រូវ​តែ​ធ្វើ​ ដោយ​យោង​ទៅ​តាម​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិតេយ្យ​នៅ​ក្នុង​ប្រទេស។​ ហើយ​នេះ​ជា​ករណី​ដែល​មិន​មាន​ធ្វើ​ទេ​នៅ​ក្នុង​ជម្រើស​របស់​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ការ​ទាក់​ទង​ជា​មួយ​ប្រទេស​ចិន»។

សមិទ្ធិ​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​លេច​ឃើញ​ច្បាស់​នៅ​ក្នុង​ឆ្នាំ​ ២០១២​ នៅ​ពេល​ដែល​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ជា​អ្នក​ទទួល​ភ្ញៀវ​នៃ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ក្នុង​តំបន់​ របស់​សមាគម​ប្រទេស​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​អាស៊ាន​(ASEAN)។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ អនាគត​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​ការ​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​ភ័ព្វ​វាសនា​នៃ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ ដូច​ជា​ ថៃ​ វៀតណាម​ ឡាវ​ និង​ ប្រទេស​ជិត​ខាង​នៅ​ឆ្ងាយ​ទៅ​ខាង​ជើង​ គឺ​ប្រទេស​ចិន៕

ប្រែ​សម្រួល​ដោយ​ កែរ យ៉ាន

XS
SM
MD
LG