សមាគម​អាស៊ាន​ចង់​ជៀស​វាង​ការ​គាំង​ដំណើរ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​

លោក​សូរិន្ធពិទ​សុវណ្ណ ​អគ្គលេខាធិការ​នៃ​សមាគម​អាស៊ាន

វិមាន​សន្តិភាព ​ភ្នំពេញ៖ ខណៈ​ដែល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​ អាស៊ាន​ជួប​ប្រជុំ​ថ្នាក់​ រដ្ឋមន្ត្រី​ការ​បរទេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​សប្តាហ៍​នេះ​ មាន​ការ​ព្រួយ​បារម្មណ៍​ជាថ្មី​ម្តង​ទៀត​អំពី​ការ​គាំង​ដំណើរ​នៅ​ក្នុង​ដំណោះ​ស្រាយ​រឿង​ សមុទ្រ​ចិន​ខាងត្បូង ​ដូចកាល​ពី​ខែ​កក្កដា​ទៀត។​

លោក​សូរិន្ធពិទ​សុវណ្ណ ​អគ្គលេខាធិការ​នៃ​សមាគម​អាស៊ាន ​ថ្លែង​ប្រាប់​វីអូអេ​ តាម​រយៈ​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​iPhone​ថា​ សមាគម​អាស៊ាន​នឹង​ព្យាយាម​ បំពេញ​កិច្ចការ​គ្រប់​បែប​យ៉ាង​ទាំងអស់​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បញ្ចៀស​នូវ​អ្វី ​ដែល​គេ​ហៅ​ថា ​ជាការ​បន្ទុច​បង្អាក់​កាលពី​ខែ​កក្កដា​ នៅពេល​ដែល​ សមាគម​អាស៊ាន​បរាជ័យ​មិនបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ នៅ​ក្រោយ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​

«ខ្ញុំគិត​ថា​ ភាគី​ទំាងអស់​ភាគីទាំង​សងខាង​ ដឹង​អំពី​ការ​ដែល​ថា​ យើង​ត្រូវតែ​បោះ​ជំហាន​ទៅមុខ​ដើម្បី​យ៉ាង​ហោចណាស់ ​ក៏យើង​អាច​លុប​ចោល​ ​នូវ​ការ​ព្រួយ​បារម្មណ៍​មួយ​ចំនួន ​ដើម្បី​អនុញ្ញាត​ឲ្យ​យើង​ងាក​ទៅរក​របៀប​វារៈ​ផ្សេង​ទៀត​ ដែល​ប្រកប​ទៅដោយ​ការ​ស្ថាបនា​ជាង​នេះ»។​

សមាគម​អាស៊ាន​នឹង​ព្យាយាម​ បំពេញ​កិច្ចការ​គ្រប់​បែប​យ៉ាង​ទាំងអស់​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បញ្ចៀស​នូវ​អ្វី ​ដែល​គេ​ហៅ​ថា ​ជាការ​បន្ទុច​បង្អាក់​កាលពី​ខែ​កក្កដា


រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ហៅ​ការ​ខកខាន​មិនបាន​ចេញ​សេចក្តី​ប្រកាស​រួម​ នោះ​ ថា​ ជា​ការ​មិនចុះ​សម្រុង​គ្នា​ក្នុង​បណ្តា​សមាជិក​អាស៊ាន​ ប៉ុន្តែ​ក្រុម​អ្នកវិភាគគិត​ថា ​ កម្ពុជា​ស្ថិត​នៅក្រោម​ឥទ្ធិពល​របស់​ប្រទេស​ចិន។

បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នាំឲ្យ​មាន​ភាព​តានតឹង​រវាង​ប្រទេស​ចិន​និង​ប្រទេស​ អាស៊ាន​មួយ​ចំនួន ​រហូត​ដល់​មាន​ការ​ប្រឈម​មុខ​ដាក់គ្នា​ ខាង​វិស័យ​យោធា​ផង។​

គេរំពឹង​ថា​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​រវាង​អាស៊ាន​និង​ចិន​ ដែល​និង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ក្រុម​មេ​ដឹកនាំ​និង​ពិភាក្សា​អំពី​ក្រម​ប្រតិបត្តិ​ ស្តីពី​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាងត្បូង។​

នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃសៅរ៍​នេះ​ លោក​កៅ គឹមហួន ​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជាថ្លែង​ថា​ ពុំ​មាន​ពេល​កំណត់​អ្វី​ជាក់លាក់​ទេ​ ក្នុង​ការ​ពិភាក្សា​អំពី​ក្រម​ប្រតិបត្តិ។​

«នេះ​ជា​កិច្ចការ​មួយ​ដែល​អាស៊ាន​និង​ប្រទេស​ចិន​ត្រូវ​ធ្វើការ​ជាមួយ​គ្នា​ ដោយ​ប្រើប្រាស់​យន្តការ ​ដែល​មាន​ស្រាប់ ​ដូច្នេះ​ពុំមាន​ពេល​កំណត់​អ្វី​ជាក់លាក់​ទេ»។​
លោក​អគ្គលេខាធិការ​អាស៊ាន​ រំពឹង​ថា​ សមាគម​អាស៊ាន​នឹង​មាន​ទម្លាប់​ថ្មីមួយ​គឺការ​ធ្វើ​ការ​តាម​បែប​សម្រប​សម្រួល​គ្នា​ ដោយមិន​ចាំបាច់​មានការ​ប្រឈមមុខ​ដាក់​គ្នា​ទេ៕​