ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាស៊ាន​នឹង​ពិភាក្សា​អំពី​ជម្លោះ​ដែន​ដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

  • Irwin Loy​

រដ្ឋមន្ដ្រី​ការបរទេស​ឥណ្ឌូណេស៊ី ម៉ាទី ណាតាឡេហ្កាវ៉ា (Marty Natalegawa)
ភ្នំពេញ៖ មន្ដ្រី​ក្រសួង​ការបរទេស​ម្នាក់​នៃ​សមាគម​អាស៊ាន​ថ្លែង​ថា អ្នក​ដើរតួនាទី​សំខាន់​ក្នុង​ជម្លោះ​នៅសមុទ្រ​ចិន​ភាគ​ខាងត្បូង​ត្រូវ​រក្សា​ឲ្យ​មានមធ្យោបាយ​ផ្លូវការ​បើក​ចំហ​សម្រាប់​ទំនាក់​ទំនងទោះ​បី​ជា​នៅ​ពុំទាន់​មាន​កិច្ចព្រមព្រៀង​គ្នា​សម្រាប់​ដោះស្រាយ​ជម្លោះ​ដែល​គេ​រង់ចាំយូរ​ក៏ដោយ។
រដ្ឋមន្ដ្រី​ការបរទេស​ឥណ្ឌូណេស៊ី ម៉ាទី ណាតាឡេហ្កាវ៉ា (Marty Natalegawa) បាន​ស្នើឲ្យ​សមាគម​អាស៊ាន​ និង​ចិន​រៀបចំ​ឲ្យ​មាន​ ការ​ទាក់ទង​គ្នា​តាម​រយៈ “ខ្សែ​ទូរសព្ទ​ពិសេស” ​ដើម្បី​បន្ធូរ​ស្ថានការ​តានតឹង​ ហើយ​ជៀសវាង​ការ​ប្រឈម​ដាក់​គ្នា​ ថែមទៀត​អំពី​ជម្លោះ​នៅលើ​តំបន់​ សមុទ្រ​ចិនភាគ​ខាងត្បូង។​
លោក​ថ្លែង​ថា​ យន្ដការ​សុវត្ថិភាព​នេះ​ គួរ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ ទោះ​បី​ជា ​អាស៊ាន​និង​ ចិន​ ដែល​ជា​អ្នក​ទាមទារ​មួយ​ផ្នែក​ដ៏ធំ​នៃ​សមុទ្រ​នេះ នៅ​តែ​មិន​ទាន់​មាន​ការ​ព្រមព្រៀង​គ្នា​លើ​ក្រមប្រតិបត្ដិ​អំពី​មធ្យោបាយដោះស្រាយជម្លោះ​ក៏​ដោយ។​
«អ្វី​ដែល​ឥណ្ឌូណេស៊ី​ស្វែង​រក​ ខណៈ​ដែល​យើង​កំពុង​រៀបចំ​ក្រម​ប្រតិបត្ដិ​នោះគឺ​ការ​ប្ដេជ្ញា​មូយ​ពី​សំណាក់​សមាគម​អាស៊ាន​ និងចិន ​ដើម្បី​រៀបចំ​ឲ្យ​មាន​ការ​ទាក់ទង​គ្នា​ជា​ពិសេស ​ដើម្បី​ជៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ពេល​អនាគត ​មុនពេល​ដែល​ក្រម​ប្រតិបត្ដិ​ចេញ​ជា​រូបរាង ។​ យើងអាច​និយាយ​ឆ្លើយឆ្លងគ្នា​ ហើយ​ចរចាគ្នា​ បើ​កាល​ណា​មាន​ជម្លោះ​កើតឡើង»។
សេចក្ដី​ស្នើ​នោះ​ជា​សញ្ញា​បង្ហាញ ​អ្វី​ដែល​ក្រុមអ្នក​សង្កេតការណ៍​បាន​រំពឹង​ទុក​ពី​មុន​រួច​មក​ហើយ​ថា​ចិន​ និង​អាស៊ាន​ នឹង​មិន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​គ្នា​អំពី​មធ្យោបាយ​បញ្ចប់​ជម្លោះ។​
ប្រទេស​បួន​នៃ​សមាជិក​ អាស៊ាន​ដែលរួម​មាន​ ហ្វីលីពីន ម៉ាឡេស៊ី ប្រុយណេ និង​ វៀតណាម បាន​ទាមទារ​មួយផ្នែក​នៃ​សមុទ្រ​ចិន​ភាគ​ខាងត្បូង។ តែ​ការទាមទារ​ធំធេង​របស់​ចិន​ចំពោះ​ផ្លូវទឹក​ជា​ចំណុច​ក្ដៅ​ជា​មួយ​អាស៊ាន។ ប្រទេស​សមាជិក​អាស៊ាន​ទាំង​បួន​បាន​ជំរុញ​ឲ្យ​ចិន​ដោះស្រាយ​ជម្លោះ​ជាមួយ​ប្លុក​អាស៊ាន​ទាំង​មូល តែ​គេ​ជឿ​ថា​ចិន​ចង់ដោះស្រាយ​ជា​មួយ​ប្រទេស​នីមួយៗ។
លោក ណាតាឡេហ្កាវ៉ា ថ្លែង​ថា ទោះបី​ជា​ក្រម​ប្រតិបត្ដិ​អាច​នឹង​មិន​ឈាន​ដល់​ការ​សម្រេច​បាន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះក្តី ​វា​អាច​នឹង​មាន​ការ​រីកចម្រើន​ក្នុង​អំឡុង​ពេលប្រជុំ​មេដឹកនាំ​ អាស៊ាន​ដែល​នឹង​ប្រព្រិត្ដ​ធ្វើ​នៅ​ថ្ងៃ​អាទិត្យនេះ។​
«ខ្ញុំគិត​ថា​ យើង​នឹង​មាន​សង្ឃឹម។ ​ឥណ្ឌូណេស៊ី ​ចង់ឃើញ​ការ​ធានា​ថា ​យើង​មិន​ខកខាន​ទេ។ បើ​យើង​នៅ​នឹង​មួយកន្លែង ​នោះ​មាន​ន័យ​ថា​ យើងដើរ​ថយក្រោយ»។
នៅ​ពេលនេះ​ អាស៊ាន​ហាក់​ដូចជា​មាន​ចលនា​ទៅមុខ​ឆ្ពោះ​ទៅ​រកករណី​ថ្មី​មួយទៀត​ គឺ​ សេចក្ដី​ប្រកាស​ទូទាំង​តំបន់​អំពី​សិទ្ឋិមនុស្ស។ ​មេដឹកនាំ​អាស៊ាន​ត្រូវ​កំណត់​និង​ចុះ​ហត្ថលេខា​លើ​ឯកសារ​នៅ​ថ្ងៃអាទិត្យ។ ​តែ​អង្គការ​ការពារ​សិទ្ធិមនុស្ស​និយាយ​ថា​ សេចក្ដីប្រកាស​នោះ​ មិន​មាន​បទដ្ឋាន​អន្ដរជាតិ​ទេ​ ហើយ​ក្រុមនោះ​បាន​រិះគន់​ភាព​សម្ងាត់​ក្នុងការ​ព្រាង​សេចក្ដីប្រកាស។​
នៅក្នុង​ចំណោម​អ្នក​រិះគន់ រួមមាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ជា​ពិសេស ​គេ​មាន​ការភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​សេចក្ដីព្រាង​នៅ​អតីតកាល ​ថា​ សិទ្ធិ​មនុស្ស​អាស្រ័យ​លើ​បរិបទ​ជាតិ​ និងតំបន់ និង​ភាពខុសគ្នា​ខាង​វប្បធម៌ និង​ប្រវត្តិ​សាសនា។​
តែ​លោក​ រដ្ឋមន្ដ្រី ណាតាលេហ្កាវ៉ា វាយ​តម្លៃទាប​លើ​ការ​ព្រួយបារម្ភ​ដូច្នោះ​កាលពី​ថ្ងៃសៅរ៍។
«បរិបទ​តំបន់​មិនមែន​ជា​ឧបសគ្គ​ទេ។​ វា​វិវត្ត​ជានិច្ច ។ ចូរ​ស្រមៃ​មើល​បរិបទ​ជាតិ​ នៅ​ភូមា​កាលពី​ពីរឆ្នាំមុន។​ វា​មាន​បរិបទ​ជាតិ​ខុសពី​ពេលនេះ។ ​ហេតុដូច្នេះ​ហើយ​ពេល​ដែល​យើង​និយាយ​អំពី​បរិបទ​តំបន់ វាគ្រាន់​តែ​បង្ហាញ​ការ​ពិត​ជាក់​លាក់​ថា​ សេចក្ដី​ប្រកាស​អំពី​សិទ្ធិមនុស្ស​ត្រូវ​យក​ទៅ​អនុវត្ដ​នៅ​ក្នុង​ប្រទេស​ពាក់​ព័ន្ធ។ ​វា​ មិន​មែន​ជា​ការ​ប៉ុនប៉ង​បំបាត់​ចោល​ការប្ដេជ្ញាចិត្ដនោះ​ទេ ដោយ​សារតែ​តំបន់​តែង​តែ​មាន​ការ​វិវត្ត​ប្រែប្រួល»។
មេដឹកនាំ​អាស៊ាន​នឹង​ចាប់ផ្ដើមពិភាក្សា​ទល់មុខ​គ្នា​ក្នុង​កិច្ចប្រជុំនៅ​ថ្ងៃអាទិត្យនេះ។​ ប្រធានាធិបតីសហរដ្ឋ​អាមេរិក​បារាក អូបាម៉ា ​កំណត់​នឹង​ទៅ​ដល់​នៅ​ល្ងាច​ថ្ងៃ​ចន្ទ៕
សរសេរ​សម្រួល​ដោយ​អ៊ូ ធួក​
XS
SM
MD
LG