មេទ័ព​កម្ពុជា​​ប្ដឹង​លោក​សម រង្ស៊ី​ ​ចំពោះ​ការ​អំពាវ​នាវ​ឱ្យ​កងទ័ព​ឈប់​ស្ដាប់​បញ្ជា​ថ្នាក់​ដឹក​នាំ ខ្លួន

រូបឯកសារ៖ លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​

លោក​ សម រង្ស៊ី​បាន​ថ្លែង​ថា​ កង​ទ័ព​ មិន​ត្រូវ​ស្ដាប់​តាម​បទបញ្ជា​​លោក​ ហ៊ុន សែន​ និង​មេទ័ព​កំពូល​ផ្សេង​ទៀត​ រួមមាន​នាយ​ឧត្ដមសេនីយ៍​ គន់​ គីម​ អគ្គ​មេ​បញ្ជា​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​នាយ​ឧត្ដមសេនីយ៍​ ទៀ បាញ់​រដ្ឋមន្ត្រី​​ក្រសួង​ការពារ​ជាតិ។

កងទ័ព​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​លោក​ ​សម រង្ស៊ី​ ​ចំពោះ​ការ​អធិប្បាយ​របស់​អតីត​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ ​ដែល​បាន​ថ្លែង​អំពាវនាវ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី៥ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​ ថា​ ​កុំ​ឲ្យ​កងទ័ព​ស្តាប់​បញ្ជា​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន និង​មេទ័ពឲ្យ​សម្លាប់​រាស្ត្រ​ស្លូតត្រង់។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មេធាវី​តំណាង​កងទ័ព​កម្ពុជា។​

ការ​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលត្រូវ​បាន​រំលាយ​ចោល​ដោយ​អំណាច​តុលាការ​កំពូល​កម្ពុជា​ ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​លោក​ហ៊ុន សែន​ ប្រតិកម្ម​ខ្លាំងៗ​នឹង​សម្ដី​របស់​លោក​ ​សម រង្ស៊ី​ ​អំពី​ការ​អំពាវនាវ​ឲ្យ​កងទ័ព​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក។​

​មេធាវី​ការពារ​ក្ដី​ឲ្យ​កង​ទ័ព​កម្ពុជា​ លោក​ វង្ស ភក្តី​ បាន​ប្រាប់​ ​VOA​ ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ពាក្យ​បណ្ដឹង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​លោក​ ​សម រង្ស៊ី​ ​ត្រូវ​បាន​ដាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​តើ​លោក​ សម រង្ស៊ី នឹង​អាច​ត្រូវ​បាន​ចោទប្រកាន់​ទៅតាម​មាត្រា​ជាក់​លាក់​ណាមួយ​នៃ​ក្រមព្រហ្មទណ្ឌ​ប្រទេស​កម្ពុជា​នោះ​ឡើយ។​

«ខ្ញុំ​ប្តឹង​ជា​អង្គហេតុ​ ​ពាក់​ព័ន្ធ​នឹង​ការ​បរិយាយ​របស់​គាត់​នៅ​ប៉ារីស​ ថ្ងៃ​ទី​២ ខែ​ធ្នូ​ហ្នឹង​ ពាក់​ព័ន្ធ​នឹង​ការ​បរិយាយ​របស់​គាត់​ ពាក់​ព័ន្ធ​នឹង​ការ​ញុះញង់​ ទៅ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ មិន​ឲ្យ​ស្ដាប់​ថ្នាក់​ដឹកនាំ​ ពាក់​ព័ន្ធ​នឹង​ការ​បរិហារ​ផ្សេងៗ​ ហើយ​យើង​ប្ដឹង​ជា​អង្គហេតុ​ទេ​ ខ្ញុំ​អត់​បាន​ប្ដឹង​កំណត់​ថា​បទល្មើស​ណា​មួយ​ទេ​ ប៉ុន្តែ​វា​មាន​បទល្មើស​ដែល​មាន​ចែង​នៅក្នុង​ក្រម​ព្រហ្មទណ្ឌ​ដែល​គេ​អនុវត្ត។ អីចឹង​ហើយ​ ខ្ញុំ​ទុក​ឱកាស​ឲ្យ​ខាង​តុលាការ​ ធ្វើ​ការ​ស៊ើប​អង្កេត​ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​ ទៅ​តាម​នីតិវិធី​ច្បាប់»។​

កាល​ពី​ថ្ងៃ​ទី៥​ ខែ​ធ្នូ​ កន្លង​ទៅ​ ​លោក​ សម រង្ស៊ី​ ​បាន​បង្ហោះ​ឃ្លីប​វីដេអូ​ដែល​មាន​រយៈពេល​ជាង ៤​ នាទី។ ក្នុង​វីដេអូ​ដែល​បាន​ថត​ទុក​តាំង​ពី​ថ្ងៃ​ទី២​ ខែ​ធ្នូ​នោះ​ លោក​ សម រង្ស៊ី​ ដែល​បាន​រស់​នៅ​និរទេស​ខ្លួន​ក្នុង​ទីក្រុង​ប៉ារីស​ ​ប្រទេស​បារាំង​ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​តាម​បណ្ដឹង​ព្រហ្មទណ្ឌ​ ដែល​មាន​ស្រាប់​ជាច្រើន​នោះ​ ​បាន​ថ្លែង​វាយប្រហារ​ ដល់​មេទ័ព​កម្ពុជា​មួយ​ចំនួន​ ដែល​លោក​បាន​អះអាង​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​កសាង​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ និង​កេងប្រវ័ញ្ច​ផល​ប្រយោជន៍​ពី​កូន​ទាហាន។

លោក​ សម រង្ស៊ី​បាន​ថ្លែង​ថា​ កង​ទ័ព​ មិន​ត្រូវ​ស្ដាប់​តាម​បទបញ្ជាលោក​ ហ៊ុន សែន​ និង​មេទ័ព​កំពូល​ផ្សេង​ទៀត​ រួមមាន​នាយ​ឧត្ដមសេនីយ៍​ គន់​ គីម​ អគ្គ​មេ​បញ្ជា​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​នាយ​ឧត្ដមសេនីយ៍​ ទៀ បាញ់​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ។​

លោក​ ​សម រង្ស៊ី​ ​ថ្លែង​យ៉ាង​ដូច្នេះ៖​

«ពេល​ណាមានការ​ផ្លាស់ប្ដូរ ​យើង​យក​ទ្រព្យ​សម្បត្តិ​អា​មេទ័ព​ហ្នឹង​ ​យក​ទៅ​ចែក​កូន​ទាហានវិញ។ ធានា​ឲ្យ​កូន​ទាហាន​បាន​ប្រាក់​ខែ​ច្រើន​ជាង​មុន​ ហើយ​ជា​ពិសេស​ កូនទាហាន​ហ្នឹង​ ខំ​យាម​ដី​ឲ្យ​គេ​ កាប់​ឈើ​អី​ ដឹកជញ្ជូន​អី​ បម្រើ​អា​មេទ័ព​ពុក​រលួយ​ហ្នឹង។ យើង​នឹង​រឹបអូស​អា​ទ្រព្យ​សម្បត្តិ​អា​មេទ័ព​ពុក​រលួយ​ហ្នឹង​ យក​មក​ចែក​កូន​ទាហាន​វិញ។ អីចឹង​ធ្វើ​ម៉េច​ឲ្យ​កូន​ទាហាន​ហ្នឹង​មាន​ទឹកចិត្ត​ ថា​ពេល​ណា​មួយ​កុំ​ស្ដាប់​បញ្ជា​ ហ៊ុន សែន​ កុំ​ស្ដាប់​បញ្ជា​មេទ័ព​ ឲ្យ​មក​សម្លាប់​ប្រជារាស្ត្រ​ ហើយ​បើ​យើង​គ្រាន់​តែ​មិន​ស្ដាប់​បញ្ជា​វា​ អា​អត់​សម្លាប់​ប្រជា​រាស្ត្រ​ទេ​ អត់​ធ្វើ​តាម​ទេ​ ពេល​ហ្នឹង​ឈ្នះ​ហើយ»។​

អតីត​មេ​បក្ស​ប្រឆាំង​ដែល​ហ៊ុមព័ទ្ធ​ដោយ​បណ្ដឹង​ពី​ក្រុម​មេដឹកនាំ​កម្ពុជា​នេះ​ បាន​រំឭក​ដល់​បដិវត្តន៍​នៅ​ប្រទេស​អេហ្ស៊ីប​ ដែល​កងទ័ព​ប្រទេស​នោះ​ នៅ​នាទី​ចុងក្រោយ​មិន​ស្ដាប់​បញ្ជា​លោក​ប្រធានាធិបតី​ Hosni Mubarak ឲ្យសម្លាប់​អ្នក​តវ៉ា​ ដើម្បី​រក្សា​អំណាច​ដែល​លោក​បានកាន់បី​ទសវត្សរ៍​មក​ហើយ​នោះ។

ការ​ថ្លែង​របស់​លោក​ សម​ រង្ស៊ី​ បាន​ធ្វើ​ឲ្យ​បុរស​ខ្លាំង​កម្ពុជា​ ​គឺ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​សប្បាយ​ចិត្ត​នោះ​ទេ។​ ​ក្នុង​ពិធី​ជួបជុំ​ជា​មួយ​កម្មករ​ ដែល​ធ្វើ​ឡើង​នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា​ ​ឆ្នាំ​ ២០១៧​ លោក​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​បី​ទសវត្សរ៍ បាន​ប្រាប់​ក្រុម​កម្មករ​ថា ​មេទ័ព​កំពូល​កម្ពុជា​ និង​នាយទាហាន​ដទៃ​ទៀត​ បាន​ត្រៀម​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ការ​អធិប្បាយ​របស់លោក​ សម រង្ស៊ី។​ ​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​ ហ៊ុន សែន​បាន​ចាត់​ទុក​ថា​ ​ការ​អធិប្បាយ​របស់​អតីត​មេដឹកនាំ​គណបក្ស​ជំទាស់​រូបនេះ​ មាន​ទម្ងន់​ស្មើនឹង​អំពើ​ក្បត់​ជាតិ។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ថ្លែង​ថា៖​

«ហើយ​ថ្ងៃ​នេះ​ ខ្ញុំ​ដឹង​ថា​ កងទ័ព​កម្ពុជា​ កងយោធពលខេមរភូមិន្ទ​ រួម​នឹង​នាយទាហាន​ដទៃ​ទៀត​ នឹង​ដាក់​ពាក្យ​បណ្ដឹង​ ទៅកាន់​តុលាការ​ ព្រោះ​នេះ​ជា​បទ​ល្មើស​ក្បត់​ជាតិ​ ជា​បទល្មើស​ញុះញង់​ ឲ្យ​កង​ទ័ព​មិន​គោរព​បទ​បញ្ជា»។​

លោក​ ​ហ៊ុន សែន​ ​ក៏​បាន​ប្រកាស​ឲ្យ​លោក​ ​សម រង្ស៊ី ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ​មក​បញ្ជាក់​ឲ្យ​ដឹង​ពី​កងទ័ព​ណា​ដែល​ចង់​បះបោរ​ ហើយ​ប្រាប់​លោក​ឲ្យ​ដឹង​ផង​ថា​តើ​លោក​ សម រង្ស៊ី​ មាន​ជំនួយ​ពី​អន្តរ​ជាតិ​អ្វីខ្លះ​ ដើម្បី​តតាំង​នឹង​លោក។​

យ៉ាង​ណា​ក៏​ដោយ​ លោក​ ហ៊ុន សែន​ អះអាង​ថា​ បើ​មាន​វត្តមាន​លោក​ក្នុង​ប្រទេស​កម្ពុជា​ សង្គ្រាម​នឹង​មិនកើត​មាន​ឡើង​នោះ​ឡើយ។​

ភ្លាមៗ​ក្រោយ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​យ៉ាង​ដូច្នេះ​ នាយ​ឧត្ដមសេនីយ៍​ ប៉ុល សារឿន​ ​អគ្គមេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​ ​បាន​ធ្វើ​សន្និសីទ​ព័ត៌មាន​ ​នៅ​អគ្គ​បញ្ជា​ការដ្ឋាន​នៃ​កងយោធពលខេមរភូមិន្ទ ដោយ​បាន​លើក​ឡើង​ថា​ កង​ទ័ព​មាន​វិន័យ​ ហើយ​ត្រូវ​ស្ដាប់​បទ​បញ្ជា។​

លោក​ប្រាប់​អ្នកកាសែត​ថា​ ការ​អំពាវនាវ​ឲ្យ​កងទ័ព​មិន​ស្ដាប់​បទ​បញ្ជា​ ជា​ទង្វើ​រំលោភ​រដ្ឋ​ធម្មនុញ្ញ ហើយ​ថា​លោក​ សម រង្ស៊ី​ គឺ​ជា ​ជន​ក្បត់​ជាតិ។ ​មេទ័ព​កំពូល​រូប​នេះ​ អះអាង​ថា​ កង​ទ័ព​បច្ចុប្បន្ន​ មាន​ការ​អប់រំ​គ្រប់​គ្រាន់ ដូច្នេះ​កងទ័ព​នឹង​មិន​ស្ដាប់ការ​ញុះញង់​របស់​បុគ្គល​ណាមួយ​នោះ​ឡើយ។​

«ខ្ញុំ​គិត​ថា​ ទ័ព​មាន​វិន័យ​ ទ័ព​មាន​សាលា​ហ្វឹកហ្វឺន​ ទ័ព​បាន​រៀន​សូត្រ​ ទ័ពមាន​សមត្ថភាព​ ហើយ​គេ​ ក៏​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​ហ្វេសប៊ុក​ ដូច​យើង​អីចឹង​ដែរ។ ទ័ព​បច្ចុប្បន្ន​ គឺ​មាន​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​ អនុបណ្ឌិត។ កូនទាហាន​ នាយទាហាន​រង​ និង​នាយ​ទាហាន​ភាគច្រើន​ គឺ​ថា ​ស្ទើរ​តែ​១០០​ភាគរយ​ គេ​មាន​សមត្ថភាព​ គេ​ចេះ​ដឹង​ គេ​មិន​ល្ងង់​ទេ»។​

លោក​ សម រង្ស៊ី​ មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ VOA ​តាម​រយៈ​សារ​អេឡិចត្រូនិក​ ឬ​ email នោះ​ទេ​ មក​ទល់​នឹង​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។

​ក៏ប៉ុន្តែ​ លោក​ ​សម រង្ស៊ី​ ​បាន​វាយ​បក​នឹង​ការ​គំរាម​ប្ដឹង​របស់​លោក​ ​ហ៊ុន សែន​ ​និង​កងទ័ព​ តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោកកាល​ពី​ថ្ងៃ​ពុធ​ថា​ លោកស្វាគមន៍ពាក្យ​បណ្ដឹង​ទាំង​ឡាយ​ ហើយ​ជំរុញថែមទៀត​ ឲ្យ​លោក​ហ៊ុន ​សែន​ ប្ដឹង​លោក​ ពី​ការ​ចោទប្រកាន់​ថា​ «ក្បត់ជាតិ»។​

​លោក​ ​សម រង្ស៊ី​ ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ក្នុង​ន័យ​ដើម​ថា៖​

«កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភព​លោក​ បាន​បដិសេធ​ មិន​ស្ដាប់​បញ្ជា​ ពី​មេ​ដឹក​នាំ​ផ្ដាច់ការ​ ដែល​បញ្ជា​ឲ្យ​បាញ់​ប្រហារ​ និង​សម្លាប់​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ប្រឆាំង​របប​ផ្ដាច់​ការ»។

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ បាន​ឲ្យ​ដឹង​បន្ថែម​ថា​ រាល់​ពាក្យ​បណ្ដឹង​របស់​លោក​ ហ៊ុន សែន ឈរ​លើ​ការចោទប្រកាន់​បែប​នេះ ធ្វើ​ឲ្យ​សាធារណមតិ មើល​ឃើញ​កាន់តែ​ច្បាស់​ថែម​ទៀត​ថា លោក ​ហ៊ុន សែន​ ជា​ជន​ផ្ដាច់​ការ ហើយ​ជា​មនុស្ស​ល្ងង់ខ្លៅ។​

នៅ​មុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​លោក​ សម រង្ស៊ី​ និង​លោក​ ​កឹម សុខា​ជា​ស្ថាបនិក​នេះ​ ​មេទ័ព​កំពូលៗ​ រួមទាំង​នាយ​ឧត្ដមសេនីយ៍​ ប៉ុល សារឿន​ បាន​ក្រើន​រម្លឹក និង​ព្រមាន​ឆ្លើយ​តប​ដោយ​កម្លាំង​ជា​បន្ត​បន្ទាប់​ ​ប្រសិន​បើ​ជន​ណា​ហ៊ាន​ក្រោក​តវ៉ា​ ​បង្ក​អសន្តិសុខ​សង្គម។​

កង​ទ័ព​កម្ពុជា​ក៏​បាន​ព្រមាន​វាយ​កម្ទេច​ចោល​អង្គការ​ចាត់​តាំង​ ​ក្រុម​ឬ​បុគ្គល​ណា​ក៏​ដោយ​ ​ដែល​ធ្វើ​សកម្ម​ភាព​ ​បំផុស​បំផុល​ឲ្យ​មាន​ចលនា​បដិវត្តន៍​ពណ៌​ផង​ដែរ​ ​ដែល​បាន​បង្ក​ការ​ខូចខាត​ និង​សម្លាប់​ជីវិត​មនុស្ស​នៅ​ក្នុង​ប្រទេស​ជា​ច្រើន។​

តែ​អ្នកវិភាគ​ធ្លាប់​បាន​លើក​ឡើង​ថា​ ​ស្ថានភាព​សង្គម​ ​និង​សេដ្ឋកិច្ច​កម្ពុជា​សព្វថ្ងៃ​នេះ​ មិន​តម្រូវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោកឈរ​ធ្វើ​បដិវត្តន៍​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ទេ​ ​ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​បាន​នោះ​គឺ​ ការ​ដឹកនាំ​ប្រកប​ដោយ​ការ​ទទួល​ខុស​ដោយ​ត្រូវ​មាន​តម្លាភាព​ ​និង​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជាដើម៕