រាជធានីភ្នំពេញ៖ សាលាឧទ្ទរណ៍បានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងដ៏ចម្រូងចម្រាសមួយពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកជា វិជ្ជាមេដឹកនាំសហជីពសេរីកម្មករដ៏ល្បីល្បាញនៃព្រះរាជាណាចក្រកម្ពុជាដោយគ្មានកាលកំណត់។
សាលាឧទ្ធរណ៍កាលពីថ្ងៃទី៧ខែវិច្ឆិកាបានបើកសវនាការបណ្តឹងឧទ្ធរណ៍តាមសាលដីកាបង្គាប់របស់តុលាការកំពូលឱ្យពិនិត្យសើរើសំណុំរឿងលោក ប៊ន សំណាងនិងលោកសុខ សំអឿនឡើងវិញពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកជា វិជ្ជាហើយគ្រោងនឹងប្រកាសសាលក្រមនៅថ្ងៃច័ន្ទទី២៦ខែវិច្ឆិកានេះក៏ប៉ុន្តែត្រូវបានលើកពេល។
លោកជួន ស៊ុនឡេងប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍បាននិយាយថាមូលហេតុនៃការពន្យាពេលប្រកាសសាលក្រមនេះដោយសារតែតុលាការកំពុងពិចារណាទៅលើសំណុំរឿងនេះនៅឡើយ។
«នេះជាអំណាចរបស់តុលាការគេមើលទៅថាមិនទាន់មានការពិចារណាឱ្យអស់លទ្ធភាពគេមិនទាន់ប្រកាសបាន»។
លោកជា មុន្នីប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោកជា វិជ្ជាបានហៅការសម្រេចលើកពេលប្រកាសសាលក្រមរបស់សាលាឧទ្ធរណ៍ថាមានហេតុផលនយោបាយ។
លោកបាននិយាយថាលោកប៊ន សំណាងនិងលោកសុខ សំអឿនមិនមែនជាឃាតករសម្លាប់លោកជា វិជ្ជាទេហើយតុលាការគួរតែបញ្ចប់មន្ទិលសង្ស័យទាំងនេះនិងគួរតែស្វែងរកឃាតករពិតប្រាកដមកផ្តន្ទាទោស។
«វាមានសម្ពាធនយោបាយហើយបានជាតុលាការសាលាឧទ្ធរណ៍ពិបាកនិងធ្វើការសម្រេចទៅលើទោសកំហុសរបស់អ្នកទាំងពីរដែលអ្នកទាំងពីរហ្នឹងបើខ្ញុំមើលទៅឃើញថាមិនមានភស្តុតាងដាក់បន្ទុកណាមួយទៅលើអ្នកទាំងពីរទេ»។
លោក កៅ ទីមេធាវីការពារក្តីភរិយាលោក ជា វិជ្ជាបាននិយាយថាលោកមានការសោកស្តាយដោយកូនក្តីរបស់លោកបានរង់ចាំយុត្តិធម៌ជាយូរមកហើយតែនៅមិនទទួលបានយុត្តិធម៌នៅឡើយ។
«ការទន្ទឹងរង់ចាំរបស់កូនក្តីខ្ញុំបាទវាយូរឆ្នាំណាស់មកហើយអញ្ចឹងគាត់ទន្ទឹងរង់ចាំថ្ងៃហ្នឹងដើម្បីឱ្យតុលាការរកឃាតករសម្លាប់ប្តីគាត់ពិតប្រាកដ»។
លោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានឃាតករបាញ់
សម្លាប់ទាំងព្រឹកព្រលឹមកាលពីថ្ងៃទី២២ ខែមករាឆ្នាំ២០០៤នៅពេលដែលលោកកំពុងអង្គុយអាន កាសែត ជាមួយមិត្តភក្តិនៅតូបលក់កាសែតខាងលិចវត្តលង្កា។មិនយូរប៉ុន្មានក្រោយពីការ
បាញ់សម្លាប់នោះប៉ូលិស បាន ចាប់ជនសង្ស័យពីររូប គឺឈ្មោះប៊ន សំណាង និងសុខ សំអឿនដោយចោទថាពួកគេគឺជាឃាតករហើយត្រូវតុលាការកាត់ឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗម្ភៃឆ្នាំ។ ប៉ុន្តែ
អ្នកទាំងពីរត្រូវបានមជ្ឈដ្ឋានទូទៅនិងអង្គការសង្គមស៊ីវិលចាត់ថាជាឃាតករសិប្បនិមិត្ត។
លោកប៊ន សំណាងនិងលោកសុខ សំអឿនត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីខែមករាឆ្នាំ២០០៩បន្ទាប់ពីជាប់ឃុំឃាំងអស់ជិតប្រាំឆ្នាំហើយតុលាការកំពូលបានបង្គាប់ឱ្យសាលាឧទ្ធរណ៍បើកសវនាការពិនិត្យករណីនេះសារជាថ្មី៕