នាថ្ងៃព្រហស្បតិ៍នេះ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានវិស័យការពារជាតិ ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន The Korea Times។
មេដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជានិងកូរ៉េខាងត្បូង ក្រោយជំនួបនៅវិមានប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងថ្ងៃទី ២ នៃដំណើរទស្សនកិច្ចរបស់ លោក ហ៊ុន ម៉ាណែត។
សេចក្តីថ្លែងការណ៍នេះអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការខាងកិច្ចការការពារជាតិនិងសន្តិសុខ រួមទាំងតាមរយៈការសំចតរបស់នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងនៅកម្ពុជានៅចុងឆ្នាំ ២០២៤ នេះ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងប្រតិបត្តិការរក្សាសន្តិភាព ក៏ដូចជាការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាដើម។
ក្រោមភាពជាដៃគូយុទ្ធសាស្ត្រនេះ ប្រទេសទាំងពីរក៏នឹងបង្កើនកិច្ចសហប្រតិបត្តិការខាងហិរញ្ញវត្ថុនិងសេដ្ឋកិច្ច រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងបង្កើនកិច្ចសហការលើកិច្ចការសង្គម វប្បធម៌ និងអភិវឌ្ឍន៍ផងដែរ។
ឱនភាពពាណិជ្ជកម្មរបស់កម្ពុជាជាមួយកូរ៉េសម្រាប់ឆ្នាំ ២០២៣ មានប្រមាណ ១៩០ លានដុល្លារអាមេរិក។
ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកូរ៉េ រួមមានឧបករណ៍អគ្គិសនី ស្បែកជើង សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ វត្ថុធ្វើអំពីស្បែក ប្រដាប់ប្រដាក្មេងលេង វត្ថុចាំបាច់សម្រាប់កីឡា ផលិតផលឱសថ ប្លាស្ទិក ក្រដាសនិងក្រដាសកាតុង កៅស៊ូ និងផ្លែឈើជាដើម។
ទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីកូរ៉េ រួមមានយានជំនិះ ម៉ាស៊ីន ភេសជ្ជៈ ស្រា និងទឹកខ្មេះ ស្បែកឆៅ(ក្រៅពីស្បែកជាប់រោម) ស្បែកសម្លាប់ ប្លាស្ទិក ផលិតផលឱសថ វត្ថុវាយនភណ្ឌកែច្នៃរួចផ្សេងទៀត និងកៅស៊ូជាដើម។
កម្ពុជានិងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កាលពីខែតុលា ឆ្នាំ ២០២១ ហើយកិច្ចព្រមព្រៀងនេះបានចូលជាធរមានជាផ្លូវការ កាលពីឆ្នាំ ២០២២។ បើតាមក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀងនេះជំរុញការនាំចេញរបស់កម្ពុជាទៅកាន់កូរ៉េបន្ថែមទៀត ដូចជាផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។
កូរ៉េខាងត្បូងក៏ជាប្រទេសនៃកម្លាំងពលកម្មខ្មែរផងដែរ។ គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ពលករខ្មែរ ៥០.៩៧០ នាក់ ធ្វើការនៅប្រទេសកូរ៉េ ក្នុងនោះមានស្ត្រីចំនួន ១២.៥៣៨ នាក់។ ពលករទាំងនោះធ្វើការងារផ្នែកឧស្សាហកម្ម កសិកម្ម និង កសិឧស្សាហកម្ម៕