ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រំពឹង​ការ​ពង្រឹង​ចំណង​ទាក់ទង​និង​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងត្បូង​បន្ថែម​ទៀត


នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​ភរិយា​លោកស្រី ពេជ ចន្ទមុន្នី ត្រូវបាន​ស្វាគមន៍​នៅពេល​ធ្វើ​ដំណើរ​ទៅដល់​អាកាសយានដ្ឋានសេអ៊ូល ក្នុងក្រុង Seongnam ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​ភរិយា​លោកស្រី ពេជ ចន្ទមុន្នី ត្រូវបាន​ស្វាគមន៍​នៅពេល​ធ្វើ​ដំណើរ​ទៅដល់​អាកាសយានដ្ឋានសេអ៊ូល ក្នុងក្រុង Seongnam ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ក្តី​រំពឹង​អំពី​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បន្ថែម​ទៀត​ ខណៈ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ចាក​ចេញ​ពី​កម្ពុជា​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ​លោក ​ហ៊ុន ម៉ាណែត ​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​សាធារណ​រដ្ឋ​កូរ៉េ ​ចាប់​ពី​ថ្ងៃ​ទី​១៥​ ដល់​ទី​១៨​ ខែ​ឧសភា ​ឆ្នាំ​២០២៤ ​តប​តាម​ការ​អញ្ជើញ​របស់​លោក​ យួន សក​យ៉ល ​(Yoon Suk Yeol)​ ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ​កូរ៉េ​ខាងត្បូង។​

នេះ​គឺ​ជា​ដំណើរ​លើកទី ​១ ​របស់​លោក​ ហ៊ុន ម៉ាណែត ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ក្រោយ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​បាន​ប្រមាណ ​១០ ​ខែ។​

អ្នក​នាំពាក្យ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក ​មាស សុភ័ណ្ឌ ​ប្រាប់​អ្នក​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​ ១៥ ​ខែ​ឧសភា​ ឆ្នាំ ​២០២៤ ​ថា៖​« នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​សម្តេច​ធិបតី​នា​ឱកាស​នេះ​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ឯកឧត្តម​ប្រធានាធិបតី​ យួន សកយ៉ល ​ដើម្បី​ពិភាក្សា​ស៊ី​ជម្រៅ​នូវភាព​ជាដៃគូ​និង​ពង្រីក​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​លើ​ពហុ​វិស័យ ​ដើម្បី​ជំរុញ​នូវ​ការ​លើក​កម្ពស់​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​ឈាន​ដល់​កម្រិត​ថ្មី»។​

បើ​តាម​អ្នកនាំ​ពាក្យ​រូប​នេះ ​លោក ​ហ៊ុន ម៉ាណែត ​នឹង​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​នាក់​ទៀត​ ជា​ពិសេស​ជួប​ជាមួយ​អ្នក​វិនិយោគ​សំខាន់ៗ​ ដែល​ពួកគេ​ទាំង​នោះ​មក​ពី​វិស័យ​ឧស្សាហ​កម្ម​គ្រឿង​យន្ត​ គ្រឿង​បង្គុំ​អេឡិច​ត្រូនិច ​និង​ហិរញ្ញ​វត្ថុ​និង​ធនាគារ​ជា​ដើម។​

កាលពី​ពេល​ថ្មីៗ​នេះ ​លោក​ ហ៊ុន ម៉ាណែត ​លើក​ឡើង​ថា​ ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នៅ​ប្រទេស​កូរ៉េ​ លោក​នឹង​ព្យាយាម​ផ្សព្វផ្សាយ​ពី​សក្ដា​នុពល​និង​កាលានុវត្ត​ភាព​វិនិយោគ​របស់​កម្ពុជា​ទៅ​កាន់​វិនិយោគិន​កូរ៉េ ​ដើម្បី​ទាក់​ទាញ​ពួក​គេ​ចូល​មក​បណ្ដាក់​ទុន​វិនិយោគ​បន្ថែម​ទៀត។​

បើ​តាម​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា ​កាល​ពី​ថ្ងៃទី​ ១៣​ ខែ​ឧសភា​ ឆ្នាំ​ ២០២៤​ នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កូរ៉េ​ លោក​ Cheong Inkyo ​ នៅ​ទីក្រុង​សេអ៊ូល​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​ អ្នកស្រី​ ចម និម្មល ​បាន​លើក​ឡើង​ពី​លទ្ធផល​វិជ្ជមាន​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ពាណិជ្ជ​កម្ម​ជារួម​រវាង​ប្រទេស​ទាំង​ពីរ ​ក៏​ដូច​ជា​លទ្ធផល​ដ៏គួរ​កត់​សម្គាល់​ពី​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី ​ឬ​ CKFTA​ ខណៈ​បង្ហាញ​សុទិដ្ឋិ​និយម​ថា កិច្ចព្រម​ព្រៀង​ ពាណិជ្ជ​កម្ម​សេរី​រវាង​ប្រទេស​ទាំង​២​នឹង​ក្លាយ​ជា​យន្តការ​មួយ​ដ៏​មាន​សារៈ​សំខាន់ ​ដើម្បី​បន្ត​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​ពាណិជ្ជ​កម្ម ​និង​វិនិយោគ​បន្ថែម​ទៀត។​

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក ​Yu Jeoung Yeol​ ប្រធាន​និង​នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជ​កម្ម ​និង​វិនិយោគ​កូរ៉េ​ ដោយ​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​ធ្វើ​ឱ្យ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត ​ជា​ពិសេស​ការ​ជំរុញ​វិនិយោគិន​កូរ៉េ​ឱ្យ​ស្វែង​រក​ឱកាស​ធុរកិច្ច ​និង​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា ​ដោយ​ពិនិត្យ​មើល​វិស័យ​ដែល​ផ្តល់​តម្លៃ​បន្ថែម​ខ្ពស់​ដល់​ផលិត​កម្ម ​ដូចជា​វិស័យ​បច្ចេក​វិទ្យា​ឌីជីថល ​ការ​ផលិត​គ្រឿង​បង្គុំ​អេឡិច​ត្រូនិក ​និង​យានយន្ត ​វិស័យ​កែ​ច្នៃ​កសិផល​និង​ការ​កែ​ច្នៃ​ម្ហូប​អាហារ។ ​នេះ​បើ​តាម​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា។​

បើ​តាម​អគ្គ​នាយកដ្ឋាន​និង​រដ្ឋាករ​កម្ពុជាការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ឆ្នាំ​ ២០២៣ ​មាន​ទំហំ​ថវិកា​សរុប​ប្រមាណ​ ៧៥១​ លាន​ដុល្លារ ​ដោយ​ក្នុង​នោះ ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កូរ៉េ​ខាង​ត្បូង​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​ ២៨១​ លាន​ដុល្លារ ​និង​ការ​នាំ​ចូល​ពី​កូរ៉េ​ខាង​ត្បូង​មាន​ចំនួន​ ៤៧០ ​លាន​ដុល្លារ​អាមេរិក។​

ឱនភាព​ពាណិជ្ជ​កម្ម​របស់​កម្ពុជា​ជាមួយ​កូរ៉េ​សម្រាប់​ឆ្នាំ ២​០២៣ ​មាន​ប្រមាណ​ ១៩០​ លាន​ដុល្លារ​អាមេរិក។​

ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កូរ៉េ​ រួមមាន​ឧបករណ៍​អគ្គិសនី ​ស្បែក​ជើង ​សម្លៀក​បំពាក់​ និង​គ្រឿង​បន្ទាប់​បន្សំ​ វត្ថុ​ធ្វើ​អំពី​ស្បែក ​ប្រដាប់​ប្រដា​ក្មេង​លេង​ វត្ថុ​ចាំបាច់​សម្រាប់​កីឡា ​ផលិត​ផល​ឱសថ​ ប្លាស្ទិក​ ក្រដាស​និង​ក្រដាស​កាតុង​ កៅស៊ូ ​និង​ផ្លែ​ឈើ​ជា​ដើម។​

ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំ​ចូល​ពី​កូរ៉េ ​ រួមមាន​យាន​ជំនិះ​ ម៉ាស៊ីន​ ភេសជ្ជៈ​ ស្រា ​និង​ទឹក​ខ្មេះ ​ស្បែក​ឆៅ​(ក្រៅពី​ស្បែក​ជាប់​រោម) ​ស្បែក​សម្លាប់ ​ប្លាស្ទិក ​ផលិត​ផល​ឱសថ ​វត្ថុ​វាយ​នភណ្ឌ​កែច្នៃ​រួច​ផ្សេង​ទៀត ​និង​កៅស៊ូ​ជាដើម។​

កម្ពុជា​និង​កូរ៉េ​ខាង​ត្បូង​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេ​ភាគី ​កាល​ពី​ខែ​តុលា ​ឆ្នាំ​ ២០២១ ​ហើយ​កិច្ច​ព្រម​ព្រៀង​នេះ​បាន​ចូល​ជា​ធរមាន​ជា​ផ្លូវ​ការ​ កាល​ពីឆ្នាំ​ ២០២២។​ បើ​តាម​ក្រសួង​ពាណិជ្ជ​កម្ម​ កិច្ច​ព្រមព្រៀង​នេះ​ជំរុញ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​កូរ៉េ​បន្ថែម​ទៀត​ ដូច​ជាផលិត​ផល​សម្លៀក​បំពាក់ ​និង​វាយ​នភណ្ឌ ​ស្បែក​ជើង​ កាបូប គ្រឿង​បន្លាស់ ​ឧបករណ៍​អេឡិច​ត្រូនិក ​កៅស៊ូ ​និង​ផលិតផល​កសិកម្ម​ជាដើម។​

កូរ៉េ​ខាង​ត្បូង​ក៏​ជា​ប្រទេស​នៃ​កម្លាំង​ពលកម្ម​ខ្មែរ​ផង​ដែរ។ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០២៣ ​ពលករ​ខ្មែរ ​៥០.៩៧០​ នាក់ ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ១២.៥៣៨ ​នាក់។ ​ពលករ​ទាំង​នោះ​ធ្វើការងារ​ផ្នែក​ឧស្សាហ​កម្ម ​កសិកម្ម​ និង ​កសិឧស្សាហ​កម្ម។ ​នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ​លោក កត្តា អ៊ន។​

លោក ​កត្តា ​អ៊ន​ ប្រាប់​វីអូអេ​ថា​ កម្ពុជា​និង​កូរ៉េ​មាន​ចំណង​ការ​ទូត​ល្អ ​ដែល​នាំ​ឱ្យ​ប្រជាជន​កូរ៉េ​និង​កម្ពុជា​ក្លាយ​ជា​«បង​ប្អូន​នឹង​គ្នា»​ និង​ថា​ អ្នក​វិនិយោគ​របស់​កូរ៉េ​ជា​ច្រើន​បាន​មក​បណ្តាក់​ទុក​នៅ​កម្ពុជា​ ដោយ​បង្កើត​ការងារ​ជាច្រើន​ដល់​យុវជន​កម្ពុជា​ ជាពិសេស​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល​ទៅ​ក្រៅ​ប្រទេស។​

លោក​ថ្លែង​ថា៖​ «យើង​ឃើញ​ថា​ បើ​និយាយ​ជា​រួម​ កម្ពុជា​យើង​បាន​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស​ជាង ​១លាន ​៣​សែន​នាក់​ បើ​យើង​គិត​ពី​ចំណូល​ដែល​បង​ប្អូន​ផ្ញើ​មក​ក្នុង​ស្រុក​វិញ​ក្នុង​មួយ​ឆ្នាំៗ​ក្នុង​រង្វង់ ​២,៩ ​ពាន់​លាន​ដុល្លារ​ឯណោះ។ នេះគឺ​ជាការ​រួម​ចំណែក​នៅ​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​គ្រួសារ​សម្រាប់​ប្រជាជន​កម្ពុជា ​ក៏ដូច​ជា​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ»។​

លោក ​រ៉ឹម សុខវី​ អ្នក​ស្រាវជ្រាវ​មួយ​រូប​ប្រាប់​វីអូអេ​ថា​ កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ខ្លាំង​ជាមួយ​កូរ៉េ​ខាង​ត្បូង ​ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មាន​ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សន​កិច្ច​ជា​បន្ត​បន្ទាប់​ ស្រប​ពេល​មាន​ការ​កើន​ឡើង​នៃ​អ្នក​វិនិយោគ​កូរ៉េ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បញ្ជាក់​ថា៖ ​«ការ​កើន​ឡើង​នៃ​អ្នក​វិនិយោគ​កូរ៉េ​ខាងត្បូង​នៅ​កម្ពុជា​មិន​ត្រឹម​តែ​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​អាច​ឱ្យ​កម្ពុជា​ធ្វើ​ពិពិធកម្ម​ដៃ​គូពាណិជ្ជ​កម្ម​របស់​ខ្លួន ​ជា​ពិសេស​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​របស់​កម្ពុជា​លើ​ប្រទេស​ចិន។ នេះ​អាច​មើល​ឃើញ​ថា​ កូរ៉េ​ខាង​ត្បូង​ជា​ប្រទេស​ទី​ពីរ​បន្ទាប់​ពី​ប្រទេស​ចិន​ដែល​បាន​ចុះ​ហត្ថ​លេខា​លើ ​FTA​ (Free Trade Agreement ឬ​ពាណិជ្ជ​កម្ម​សេរី)​ជាមួយ​កម្ពុជា»។​

បើ​តាម​អ្នកស្រាវ​ជ្រាវ​រូប​នេះ ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​នា​ពេល​ខាង​មុខ​ លោក​ផ្តល់​យោបល់​ថា​ ប្រទេស​ទាំង​ពីរ​គួរ​តែ​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ​ការ​ក្លែង​បន្លំ​តាម​អ៊ីនធឺណិត ​និង​អំពើ​ភេរវ​កម្ម ​ខណៈ​បញ្ហា​នេះ​កំពុង​ក្លាយ​ជា​រឿង​សំខាន់​បន្ទាប់​ពី​ការ​ប៉ុនប៉ង​របស់​កូរ៉េ​ខាងជើង​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​មក​លើ​មន្ត្រី​ការទូត​កូរ៉េ​ខាង​ត្បូង​នៅ​កម្ពុជា។​

លោក​បន្ថែម​ថា៖​ «ខណៈ​ដែល​លោក ​ហ៊ុន ម៉ាណែត ​នឹង​មាន​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ក្នុង​សប្តាហ៍​នេះ ​ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​បង្ហាញ​ពី​ឆន្ទៈ​ល្អ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​កូរ៉េ​ខាងត្បូង​ក្នុង​បញ្ហា​នេះ ​ជាពិសេស​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធានា​សុវត្ថិ​ភាព​របស់​អ្នក​ការទូត​កូរ៉េ​ខាងត្បូង​នៅ​កម្ពុជា»។​

ចំណែក​អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​អន្តរ​ជាតិ​ លោក​ សេង វណ្ណលី​ ប្រាប់​វីអូអេ​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក ​ហ៊ុន ម៉ាណែត​ ទៅ​កាន់​កូរ៉េ​ខាង​ត្បូង​គឺ​ជា​ផ្នែក​នៃ​ការទូត​ពិពិធកម្ម​សេដ្ឋកិច្ច​និង​ការ​វិនិយោគ​ និង​ថាកូរ៉េ​ខាង​ត្បូង​គឺ​ជា​ប្រទេស​មាន​សារៈ​សំខាន់​ខ្លាំង​ខាង​ផ្នែក​សេដ្ឋកិច្ច ​ជាពិសេស​កូរ៉េ​ខាងត្បូង​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ហើយ​ដំណើរ​ទស្សន​កិច្ច​នេះខ្ញុំ​គិត​ថា ​វា​ជា​ដំណើរ​ទស្សន​កិច្ច​មួយ​ដែល​វា​មាន​សារៈ​សំខាន់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក៏ដូច​ជា​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​នានា​រវាង​កម្ពុជា​ជាមួយ​នឹង​កូរ៉េ​ខាងត្បូង​ ហើយ​ក៏​ស្វែង​រក​នូវ​សក្តានុពល​ កាលានុវត្តន៍​ភាព​ថ្មីៗ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​បន្ថែម​ទៀត»។​

បើ​តាម​លោក ​សេង វណ្ណលី​ កិច្ច​សហការ​ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​កម្លាំង​ពលកម្ម​កម្ពុជា​ទៅ​កូរ៉េ​ ក៏​ដើរ​តួនាទី​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​ ខណៈ​កូរ៉េ​ក៏​ខ្វះ​កម្លាំង​ពលកម្ម​ដែល​គ្មាន​ជំនាញ។​

គួរ​បញ្ជាក់​ថា​ នៅ​គ្រា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​នឹង​មាន​វត្តមាន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ប្រជា​ពលរដ្ឋខ្មែរ​នៅ​ទីនោះ​ក៏​ត្រៀម​ធ្វើ​បាតុ​កម្ម​ទ្រង់​ទ្រាយ​ធំ​ប្រឆាំង​នឹង​វត្តមាន​របស់​មេ​ដឹកនាំ​កម្ពុជា​ផង​ដែរ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG